ហាបាគុក ២:១-២០

  • «​ខ្ញុំ​នឹង​រង់​ចាំ​មើល​ថា​លោក​នឹង​មាន​ប្រសាសន៍​យ៉ាង​ណា​»​ (​)

  • ចម្លើយ​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​អ្នក​ប្រកាស​ទំនាយ (​២​-​២០)

    • ‹ចូរ​បន្ត​រង់​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត› (​)

    • មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​សេចក្ដី​ស្មោះ​ត្រង់​របស់​ខ្លួន (​)

    • សេចក្ដី​វេទនា​ប្រាំ​យ៉ាង​ដល់​ពួក​ខាល់ដេ (​៦​-​២០)

      • ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា (​១៤)

 ខ្ញុំ​នឹង​ឈរ​នៅ​ត្រង់​កន្លែង​ដែល​ខ្ញុំ​ចាំ​យាម+ហើយ​ខ្ញុំ​នឹង​ឈរ​ប្រចាំ​ការ​នៅ​លើ​កំពែង។ ខ្ញុំ​នឹង​រង់​ចាំ​មើល​ថា​លោក​នឹង​មាន​ប្រសាសន៍​យ៉ាង​ណា​តាម​រយៈ​ខ្ញុំហើយ​ខ្ញុំ​នឹង​បន្ត​គិត​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ នៅ​ពេល​ដែល​លោក​ប្រដៅ​តម្រង់​ខ្ញុំ  ២  ក្រោយ​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ​«​ចូរ​កត់​ទុក​អំពី​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត ហើយ​ចារ​ទុក​ឲ្យ​ច្បាស់​នៅ​លើ​បន្ទះ​ថ្ម+ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​អាន​ឮ​ៗ អាច​អាន​យ៉ាង​ស្រួល។*+  ៣  ព្រោះ​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត​នោះ មិន​ទាន់​ដល់​គ្រា​កំណត់​នៅ​ឡើយហើយ​អ្វី​ដែល​អ្នក​ឃើញ​នោះ​នឹង​កើត​ឡើង​យ៉ាង​ឆាប់ គឺ​មិន​កុហក​ឡើយ។ ទោះ​ជា​មើល​ទៅ​ដូច​ជា​ពន្យារ​ពេល​ក្ដី ចូរ​បន្ត​រង់​ចាំ​ដោយ​ចិត្ត​រំភើប​ចុះ!+ ព្រោះ​នឹង​មក​ជា​ពិត ឥត​យឺត​ឡើយ!  ៤  ចូរ​មើល​មនុស្ស​ដែល​មាន​ចិត្ត​ក្រអឺតក្រអោងគាត់​គ្មាន​ចិត្ត​ទៀង​ត្រង់​ឡើយ។ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​រស់​ដោយ​សារ​សេចក្ដី​ស្មោះ​ត្រង់*របស់​ខ្លួន។+  ៥  ស្រា​ជា​គ្រឿង​បញ្ឆោត​ពិត​មែនហេតុ​នេះ​ហើយ​មនុស្ស​អំណួត​នឹង​មិន​សម្រេច​គោល​ដៅ​របស់​ខ្លួន​ទេ។ សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គាត់​ធំ​ដូច​ជា​ផ្នូរ*គាត់​ប្រៀប​ដូច​ជា​សេចក្ដី​ស្លាប់​ដែល​មិន​ចេះ​ស្កប់​ស្កល់​ឡើយ។ គាត់​ចេះ​តែ​ប្រមូល​ប្រជា​ជាតិ​ទាំង​ឡាយនិង​បណ្ដា​ជន​ទាំង​អស់​ទុក​សម្រាប់​ខ្លួន។+  ៦  តើ​ពួក​អ្នក​ទាំង​នោះ​នឹង​មិន​ពោល​ពាក្យ​ជា​សុភាសិត ជា​ប្រស្នា​និង​ជា​ពាក្យ​បញ្ឆិត​បញ្ឆៀង​ដល់​គាត់​ទេ​ឬ?+ ពួក​គេ​នឹង​និយាយ​ថា​៖ ‹វេទនា​ដល់​អ្នក​ដែល​ប្រមូល​យក​អ្វី​ដែល​មិន​មែន​ជា​របស់​ខ្លួនហើយ​វេទនា​ដល់​អ្នក​ដែល​ធ្វើ​ឲ្យ​បំណុល​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើង! តើ​ដល់​កាល​ណា​ទៅ?  ៧  តើ​ម្ចាស់​បំណុល​នឹង​មិន​ក្រោក​ឡើង​ជា​ប្រញាប់​ទេ​ឬ? ពួក​គេ​នឹង​ភ្ញាក់​ឡើង ហើយ​អង្រួន​អ្នក​យ៉ាង​ខ្លាំងពួក​គេ​នឹង​ប្លន់​យក​ទ្រព្យ​របស់​អ្នក។+  ៨  ដោយ​សារ​អ្នក​បាន​ប្លន់​ប្រជា​ជាតិ​ជា​ច្រើននោះ​បណ្ដា​ជន​ទាំង​អស់​ដែល​នៅ​សល់​នឹង​ប្លន់​អ្នក​វិញ។+ នេះ​កើត​ឡើង​ដោយ​សារ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្សជាតិហើយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ផែនដីគឺ​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​បណ្ដា​ក្រុង​និង​អស់​អ្នក​ដែល​រស់​នៅ​ទី​នោះ។+  ៩  វេទនា​ហើយ! អ្នក​ដែល​រក​កម្រៃ​មិន​ទៀង​ត្រង់​សម្រាប់​ក្រុម​គ្រួសារ​ខ្លួន*ដើម្បី​តាំង​លំនៅ​លើ​ទី​ខ្ពស់ ដើម្បី​រួច​ផុត​ពី​សេចក្ដី​វេទនា។ ១០  អ្នក​បាន​រៀប​គម្រោង​ការ​ដ៏​គួរ​ឲ្យ​អាម៉ាស់​ទាស់​នឹង​ក្រុម​គ្រួសារ​ខ្លួន។*ដោយ​សារ​អ្នក​កម្ចាត់​មនុស្ស​ជា​ច្រើន នោះ​អ្នក​ធ្វើ​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ខ្លួន​ឯង​ហើយ។+ ១១  ព្រោះ​ថ្ម​ពី​កំពែង​នឹង​ស្រែក​ឡើងហើយ​ធ្នឹម​ពី​ដំបូល​នឹង​ឆ្លើយ​តប​មក។ ១២  វេទនា​ដល់​អ្នក​ដែល​សង់​ក្រុង​ដោយ​ការ​បង្ហូរ​ឈាមនិង​វេទនា​ដល់​អ្នក​ដែល​តាំង​ក្រុង​ដោយ​អំពើ​មិន​សុចរិត! ១៣  មើល! តើ​មិន​មែន​ព្រះ​យេហូវ៉ា​ទេ​ឬ​ដែល​បណ្ដាល​ឲ្យ​បណ្ដា​ជន​ធ្វើ​ការ​នឿយ​ហត់ ដើម្បី​អ្វី​ដែល​នឹង​ត្រូវ​វិនាស​ក្នុង​ភ្លើង​នោះ? តើ​មិន​មែន​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទេ​ឬ​ដែល​បណ្ដាល​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បង់​កម្លាំង​ឥត​អំពើ​នោះ?+ ១៤  ព្រោះ​ផែនដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​អំពី​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ាដូច​ជា​ទឹក​ពេញ​ពាស​សមុទ្រ​ដែរ។+ ១៥  វេទនា​ហើយ! អស់​អ្នក​ដែល​ឲ្យ​អ្វី​មួយ​ដល់​មិត្ត​ភក្ដិ​របស់​ខ្លួន​ផឹកដោយ​លាយ​ជា​មួយ​កំហឹង​និង​សេចក្ដី​ក្រោធ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ស្រវឹងក្នុង​បំណង​មើល​កេរ្តិ៍​ខ្មាស​របស់​ពួក​គេ។ ១៦  អ្នក​នឹង​រង​ការ​អាប់​ឱន​យ៉ាង​ខ្លាំង ជា​ជាង​ទទួល​កិត្តិយស។ ចូរ​អ្នក​ផឹក​ដែរ​ទៅ រួច​លាត​ត្រដាង​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​មិន​បាន​កាត់​ចុង​ស្បែក។* ពែង​ដែល​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ឯ​អ្នក+ហើយ​សេចក្ដី​អាម៉ាស់​នឹង​គ្រប​លើ​ភាព​រុង​រឿង​របស់​អ្នក។ ១៧  ព្រោះ​អំពើ​ឃោរឃៅ​ដែល​បាន​ធ្វើ​ទៅ​លើ​តំបន់​ភ្នំ​លីបង់​នឹង​គ្រប​ដណ្ដប់​លើ​អ្នក​វិញហើយ​ការ​បំផ្លិច​បំផ្លាញ​ដែល​បំភ័យ​សត្វ​ព្រៃ នឹង​ធ្លាក់​មក​លើ​អ្នក​ដែរ។ នេះ​នឹង​កើត​ឡើង​ដោយ​សារ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្សជាតិហើយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​ផែនដីគឺ​ប្រព្រឹត្ត​យ៉ាង​សាហាវ​ទៅ​លើ​បណ្ដា​ក្រុង​និង​អស់​អ្នក​ដែល​រស់​នៅ​ទី​នោះ។+ ១៨  តើ​រូប​ចម្លាក់​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​អ្នក​ដែល​ឆ្លាក់​វា? តើ​រូប​ព្រះ​ពី​លោហៈ​និង​គ្រូ​នៃ​សេចក្ដី​ភូត​ភរផ្ដល់​ប្រយោជន៍​អ្វី​ដល់​ជាង​ដែល​ទុក​ចិត្ត​វា? តើ​អ្នក​សូន​ធ្វើ​រូប​ព្រះ​ដែល​មិន​ចេះ​និយាយ​និង​ឥត​បាន​ការ​ទាំង​នោះនឹង​បាន​ប្រយោជន៍​អ្វី​ទៅ?+ ១៩  វេទនា​ដល់​អស់​អ្នក​ដែល​និយាយ​ទៅ​ដុំ​ឈើ​ថា​៖ ​«​ភ្ញាក់​ឡើង!​»។ វេទនា​ដល់​អ្នក​ដែល​និយាយ​ទៅ​ដុំ​ថ្ម​ដែល​មិន​ចេះ​ស្រដី​ថា​៖ ​«​ក្រោក​ឡើង! សូម​បង្រៀន​យើង​មក!​»។ មើល! រូប​ទាំង​នោះ​ស្រោប​ដោយ​មាស​និង​ប្រាក់​មែន+តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​រូប​ទាំង​នោះ​ទេ។+ ២០  ចំណែក​ព្រះ​យេហូវ៉ា​វិញ លោក​នៅ​ក្នុង​វិហារ​បរិសុទ្ធ​របស់​លោក។+ ឱ​បណ្ដា​ជន​ទាំង​ឡាយ​នៅ​ផែនដី​អើយ! ចូរ​នៅ​ស្ងៀម​ចំពោះ​លោក›​»។+

កំណត់សម្គាល់

ឬ​«​ស្ទាត់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជំនឿ​»​
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ឬ​«​ប្រជា​ជាតិ​ខ្លួន​»​
ឬ​«​ប្រជា​ជាតិ​ខ្លួន​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រួច​ដើរ​ទ្រេត​ទ្រោត​»​