ហាបាគុក ៣:១-១៩
៣ សេចក្ដីអធិដ្ឋានជាបទទំនួញរបស់ហាបាគុកជាអ្នកប្រកាសទំនាយមានដូចតទៅ៖
២ ឱព្រះយេហូវ៉ាអើយ! ខ្ញុំបានឮដំណឹងអំពីលោក។
ឱព្រះយេហូវ៉ាអើយ! ខ្ញុំកោតស្ងើចចំពោះស្នាដៃរបស់លោក។
ក្នុងអំឡុងឆ្នាំទាំងនោះ* សូមបង្ហាញស្នាដៃលោកម្ដងទៀត។
ក្នុងអំឡុងឆ្នាំទាំងនោះ* សូមឲ្យគេឃើញស្នាដៃរបស់លោក។
សូមលោកកុំភ្លេចបង្ហាញសេចក្ដីមេត្តាករុណានៅគ្រាច្របូកច្របល់។+
៣ ព្រះបានមកពីតំបន់ថេម៉ានព្រះដ៏បរិសុទ្ធបានមកពីភ្នំប៉ារ៉ាន។+ (ស៊ីឡា)*សិរីរុងរឿងរបស់លោកបានគ្របលើស្ថានសួគ៌+សេចក្ដីសរសើររបស់លោកមានពេញផែនដី។
៤ ពន្លឺរបស់លោកដូចរស្មីចាំងចែង។+
មានពន្លឺ*ភ្លឺឆ្វាចចេញពីដៃលោកគឺនៅត្រង់កន្លែងដែលលាក់ទុកកម្លាំងរបស់លោក។
៥ នៅខាងមុខលោកមានរោគរាតត្បាត+នៅខាងក្រោយលោកមានជំងឺគ្រុនក្ដៅខ្លាំង។
៦ លោកបានឈរទ្រឹង ហើយអង្រួនផែនដី។+
ពេលសម្លឹងមើលទៅ លោកធ្វើឲ្យប្រជាជាតិនានាលោតដោយតក់ស្លុត។+
សូម្បីតែបណ្ដាភ្នំពីបុរាណ ក៏បាក់បែកខ្ទេចខ្ទីដែរហើយទីទួលទាំងឡាយដែលមានតាំងពីយូរមកហើយ បានក្រាបចុះ។+
ផ្លូវចាស់បុរាណនានាជារបស់លោក។
៧ ខ្ញុំបានឃើញទុក្ខវេទនានៅក្នុងត្រសាលរបស់ជនជាតិគូសានហើយត្រសាលរបស់ស្រុកម៉ាឌានបានញាប់ញ័រ។+
៨ ឱព្រះយេហូវ៉ាអើយ! តើលោកខឹងនឹងទន្លេឬ?
តើលោកបង្ហាញសេចក្ដីក្រោធទៅលើផ្លូវទឹកទាំងឡាយឬ?
តើលោកបញ្ចេញកំហឹងទៅលើសមុទ្រឬ?+
ព្រោះលោកបានជិះលើខ្នងសេះរបស់លោក+ហើយរទេះចម្បាំងលោកមានជ័យជម្នះ។*+
៩ លោកបានយកធ្នូរបស់លោកចេញ ហើយត្រៀមជាស្រេច។
ដំបង*ក៏បានត្រូវបម្រុងជាស្រេចស្របតាមពាក្យសម្បថ។* (ស៊ីឡា)លោកធ្វើឲ្យផែនដីប្រេះដោយទន្លេនានា។
១០ ភ្នំទាំងឡាយឈឺចុកចាប់ពេលឃើញលោក។+
មានព្យុះភ្លៀងយ៉ាងខ្លាំងបក់កាត់ស្រុក។
ទឹកនៅទីជម្រៅបញ្ចេញសំឡេងយ៉ាងខ្លាំង។+
វាបានផុសឡើងទៅលើយ៉ាងខ្ពស់។
១១ ដួងខែនិងដួងអាទិត្យនៅទ្រឹងត្រង់កន្លែងរបស់វា។+
ព្រួញរបស់លោកបាញ់ចេញទៅដូចជាពន្លឺ។+
ពន្លឺនៃលំពែងរបស់លោកភ្លឺចិញ្ចាចដូចផ្លេកបន្ទោរ។
១២ លោកបានដើរកាត់ផែនដីដោយកំហឹង។
លោកបានជាន់ឈ្លីប្រជាជាតិនានាដោយសេចក្ដីក្រោធ។
១៣ លោកបានចេញទៅដើម្បីសង្គ្រោះរាស្ត្ររបស់លោកគឺអ្នកដែលលោករើសតាំង។
លោកបានបំផ្លាញអ្នកដឹកនាំនៃផ្ទះជនទុច្ចរិត។
ផ្ទះនោះបានត្រូវកម្ទេចចាប់ពីដំបូលរហូតដល់គ្រឹះ។ (ស៊ីឡា)
១៤ លោកបានចាក់ទម្លុះក្បាលពួកទាហានខ្លាំងពូកែដោយអាវុធរបស់ពួកគេពេលពួកគេសម្រុកមកយ៉ាងលឿនដូចព្យុះដើម្បីកម្ចាត់កម្ចាយខ្ញុំ។
ពួកគេសប្បាយរីករាយលេបត្របាក់អ្នកទន់ខ្សោយដោយសម្ងាត់។
១៥ លោកបានជិះសេះកាត់សមុទ្រគឺកាត់ផ្ទៃទឹកដែលកក្រើករំពើក។
១៦ ពេលខ្ញុំបានឮ ខ្ញុំភ័យញាប់ញ័រ បបូរមាត់ខ្ញុំក៏ញ័រទទាក់។
ឆ្អឹងខ្ញុំពុកទៅ+ ជើងខ្ញុំញ័រទទ្រើក។
ប៉ុន្តែ ខ្ញុំរង់ចាំថ្ងៃនៃទុក្ខលំបាកដោយចិត្តអត់ធ្មត់+ព្រោះថ្ងៃនោះនឹងធ្លាក់មកលើពួកអ្នកដែលវាយប្រហារយើងខ្ញុំ។
១៧ ទោះជាដើមល្វាមិនចេញផ្កាដើមទំពាំងបាយជូរមិនចេញផ្លែដើមអូលីវខានមានផល ស្រែចម្ការមិនមានភោគផលហ្វូងចៀមហ្វូងពពែបាត់អស់ និងហ្វូងគោលែងមាននៅក្នុងក្រោលក្ដី
១៨ ក៏ខ្ញុំនឹងរីករាយដោយសារព្រះយេហូវ៉ាខ្ញុំនឹងអរសប្បាយដោយសារព្រះនៃសេចក្ដីសង្គ្រោះខ្ញុំ។+
១៩ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកជាកម្លាំងរបស់ខ្ញុំ+លោកនឹងធ្វើឲ្យជើងខ្ញុំដូចជាជើងក្ដាន់ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។+
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«នៅគ្រារបស់យើង»
^ ឬប្រហែលជាមានន័យថា«នៅគ្រារបស់យើង»
^ មើលនិយមន័យពាក្យ«ស៊ីឡា»
^ ឬ«មានពន្លឺពីរ»
^ ឬ«សេចក្ដីសង្គ្រោះ»
^ ឬប្រហែលជាមានន័យថា«ព្រួញ»
^ ឬប្រហែលជាមានន័យថា«ស្របតាមពាក្យសម្បថរបស់កុលសម្ព័ន្ធនានា»