ហូសេ ១:១-១១

  • ប្រពន្ធ​របស់​ហូសេ​និង​កូន​ៗ​ដែល​នាង​បានបង្កើត (​១​-​៩)

    • យេសរៀល (​) ឡូរូហេម៉ា (​) និង​ឡូអាំម៉ាយ (​)

  • សេចក្ដី​សង្ឃឹម​នៃ​ការ​ប្រមូល​ឲ្យ​មក​រួប​រួម​គ្នា​វិញ (​១០, ១១)

 នៅ​គ្រា​អូសៀស+ យ៉ូថាម+ អេហាស+ និង​ហេសេគា+ដែល​ជា​ស្ដេច​ស្រុក​យូដា+ និង​នៅ​គ្រា​យេរ៉ូបោម+ជា​កូន​យ៉ូអាស+ដែល​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ហូសេ*ជា​កូន​បេអេរ៉ាយ។ ២  ពេល​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​មាន​ប្រសាសន៍​តាម​រយៈ​ហូសេ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ​«​ចូរ​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យាចារ។* នាង​នឹង​បង្កើត​កូន​ដែល​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌។ ដោយ​សារ​អំពើ​ពេស្យាចារ ស្រុក​ទាំង​មូល​បាន​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​»។+ ៣  ដូច្នេះ គាត់​ក៏​ទៅ​រៀប​ការ​ជា​មួយ​នឹង​កូមឺ​ជា​កូន​ស្រី​របស់​ឌីប្លែម។ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​គាត់។ ៤  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ហូសេ​ថា​៖ ​«​ចូរ​ដាក់​ឈ្មោះ​កូន​ប្រុស​នោះ​ថា​យេសរៀល* ព្រោះ​បន្តិច​ទៀត​ខ្ញុំ​នឹង​ដាក់​ទោស​ពូជ​ពង្ស​យេហ៊ូ+ចំពោះ​ការ​បង្ហូរ​ឈាម​នៃ​យេសរៀល ហើយ​ខ្ញុំ​នឹង​ផ្ដាច់​អំណាច​រាជ្យ​របស់​ពូជ​ពង្ស​អ៊ីស្រាអែល។+ ៥  នៅ​គ្រា​នោះ ខ្ញុំ​នឹង​បំបាក់​ធ្នូ​នៃ​អ៊ីស្រាអែល​នៅ​ក្នុង​ជ្រលង*យេសរៀល​»។ ៦  ក្រោយ​មក កូមឺ​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ រួច​ព្រះ​បាន​ប្រាប់​ហូសេ​ថា​៖ ​«​ចូរ​ដាក់​ឈ្មោះ​កូន​ស្រី​នោះ​ថា​ឡូរូហេម៉ា* ព្រោះ​ខ្ញុំ​នឹង​លែង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា+ដល់​ពូជ​ពង្ស​អ៊ីស្រាអែល​ទៀត​ហើយ តែ​ខ្ញុំ​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​ខ្ញុំ​ទៅ។+ ៧  ចំណែក​ឯ​ពូជ​ពង្ស​យូដា​វិញ ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​គេ+ ហើយ​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ+ គឺ​ខ្ញុំ​ផ្ទាល់​នឹង​ជួយ​សង្គ្រោះ​ពួក​គេ តែ​មិន​មែន​ដោយ​ប្រើ​ធ្នូ ឬ​ដាវ ឬ​ចម្បាំង ឬ​ហ្វូង​សេះ ឬ​ទ័ព​សេះ​នោះ​ឡើយ​»។+ ៨  ក្រោយ​ពី​កូមឺ​ផ្ដាច់​ដោះ​ឡូរូហេម៉ា នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ៩  បន្ទាប់​មក ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ដាក់​ឈ្មោះ​កូន​ប្រុស​នោះ​ថា​ឡូអាំម៉ាយ* ព្រោះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ។ ១០  ​«​បណ្ដា​ជន​អ៊ីស្រាអែល​នឹង​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​ក្នុង​សមុទ្រ គ្មាន​អ្នក​ណា​អាច​វាល់​ឬ​រាប់​បាន​ឡើយ។+ នៅ​កន្លែង​ណា​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​ពួក​គេ​ថា​៖ ‹អ្នក​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​ខ្ញុំ​ទេ›+ នោះ​ខ្ញុំ​នឹង​និយាយ​ថា​៖ ‹អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ›។+ ១១  គ្រា​នោះ បណ្ដា​ជន​យូដា​និង​បណ្ដា​ជន​អ៊ីស្រាអែល នឹង​ត្រូវ​ប្រមូល​ឲ្យ​មក​រួប​រួម​គ្នា​វិញ+ ហើយ​ពួក​គេ​នឹង​ជ្រើស​រើស​បុគ្គល​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រោះ​ថ្ងៃ​របស់​យេសរៀល ជា​ថ្ងៃ​ដ៏​ធំ​ក្រៃ​លែង។+

កំណត់សម្គាល់

នេះ​ជា​ឈ្មោះ​កាត់​មក​ពី​ហូសាយ៉ា ដែល​មាន​ន័យ​ថា​«​បាន​ត្រូវ​សង្គ្រោះ​ដោយ​យ៉ា ឬ​យ៉ា​បាន​សង្គ្រោះ​»​
ឬ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
មាន​ន័យ​ថា​«​ព្រះ​នឹង​សាប​ព្រោះ​គ្រាប់​ពូជ​»​
ឬ​«​តំបន់​វាល​ទំនាប​»​
មាន​ន័យ​ថា​«​មិន​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​»​
មាន​ន័យ​ថា​«​មិន​មែន​ជា​រាស្ត្រ​របស់​ខ្ញុំ​ទេ​»​