ហូសេ ១០:១-១៥

  • អ៊ីស្រាអែល​ជា​ដើម​ទំពាំង​បាយ​ជូរ​មិន​ល្អ នឹង​ត្រូវ​បំផ្លាញ (​១​-​១៥)

    • ការ​សាប​ព្រោះ​និង​ការ​ច្រូត (​១២, ១៣)

១០  ​«​អ៊ីស្រាអែល​ជា​ដើម​ទំពាំង​បាយ​ជូរ​មិន​ល្អ*ដែល​មាន​ផ្លែ។+ កាល​ណា​មាន​ផ្លែ​កាន់​តែ​ច្រើន កាល​នោះ​គាត់​ក៏​សង់​ទី​បូជា​កាន់​តែ​ច្រើន​ដែរ+ស្រុក​គាត់​បង្កើត​ភោគ​ផល​ល្អ​យ៉ាង​ណា បង្គោល​ថ្ម​ពិសិដ្ឋ​របស់​គាត់​ក៏​កាន់​តែ​ប្រណីត​យ៉ាង​នោះ​ដែរ។+  ២  ចិត្ត​របស់​ពួក​គេ​មាន​ពុត​ត្បុត ឥឡូវ​ពួក​គេ​នឹង​មាន​ទោស។ មាន​បុគ្គល​ម្នាក់​នឹង​បំបាក់​បំបែក​ទី​បូជា​របស់​ពួក​គេ​ព្រម​ទាំង​បំផ្លាញ​បង្គោល​ថ្ម​ផង​ដែរ។  ៣  ពួក​គេ​នឹង​និយាយ​ថា​៖ ‹យើង​គ្មាន​ស្ដេច​ទេ+ ព្រោះ​យើង​មិន​បាន​កោត​ខ្លាច​ព្រះ​យេហូវ៉ា។ តើ​ស្ដេច​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​យើង?›។  ៤  ពួក​គេ​និយាយ​ពាក្យ​ឥត​បាន​ការ ហើយ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ផ្សេង​ៗ​ថែម​ទាំង​ស្បថ​មិន​ស្មោះ+ម្ល៉ោះ​ហើយ ការ​វិនិច្ឆ័យ​របស់​ពួក​គេ​សុទ្ធ​តែ​អយុត្តិធម៌​ហើយ​ប្រៀប​ដូច​ជា​ស្មៅ​ពុល​ដុះ​តាម​គន្លង​ដី​ស្រែ។+  ៥  អ្នក​ស្រុក​សាម៉ារី​នឹង​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​រូប​កូន​គោ​នៅ​ក្រុង​បេតអាវេន។+ បណ្ដា​ជន​នឹង​យំ​កាន់​ទុក្ខ​នឹង​រូប​នោះ។ ឯ​ពួក​សង្ឃ​របស់​ព្រះ​ដទៃ​ដែល​ធ្លាប់​រីករាយ​នឹង​ភាព​រុង​រឿង​នៃ​រូប​នោះ​ពួក​គេ​ក៏​យំ​កាន់​ទុក្ខ​នឹង​រូប​នោះ​ដែរ។ ព្រោះ​រូប​នោះ​នឹង​ត្រូវ​នាំ​យក​ចេញ​ទៅ​ស្រុក​ក្រៅ​ឆ្ងាយ​ពី​ពួក​គេ។  ៦  រូប​នោះ​នឹង​ត្រូវ​នាំ​យក​ទៅ​ស្រុក​អាស៊ីរី​ជា​អំណោយ​ដល់​ស្ដេច​ដ៏​ខ្លាំង​ក្លា។+ អេប្រាអ៊ីម​នឹង​រង​ការ​អាម៉ាស់ហើយ​អ៊ីស្រាអែល​នឹង​បាក់​មុខ ដោយ​សារ​តែ​ធ្វើ​តាម​ដំបូន្មាន​ដែល​ឥត​ប្រាជ្ញា។+  ៧  សាម៉ារី​និង​ស្ដេច​របស់​ខ្លួន នឹង​វិនាស​ទៅ​ជា​ប្រាកដ+ដូច​ជា​មែក​ឈើ​បាក់​ធ្លាក់​ទៅ​លើ​ផ្ទៃ​ទឹក។  ៨  ឯ​ទី​ខ្ពស់​ៗ​ក្នុង​ក្រុង​បេតអាវេន+ដែល​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+​កន្លែង​ទាំង​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល។+ នៅ​លើ​ទី​បូជា​របស់​ពួក​គេ នឹង​មាន​គុម្ព​បន្លា​ដុះ​ស៊ុបទ្រុប។+ ពេល​នោះ បណ្ដា​ជន​នឹង​និយាយ​ទៅ​ភ្នំ​ទាំង​ឡាយ​ថា​៖ ​‹ចូរ​ធ្លាក់​គ្រប​យើង​មក!›។ ហើយ​ពួក​គេ​និយាយ​ទៅ​ទី​ទួល​នា​នា​ថា​៖ ‹ចូរ​បំបាំង​យើង​មក!›។+  ៩  ឱ​អ៊ីស្រាអែល​អើយ! តាំង​ពី​ថ្ងៃ​មាន​រឿង​កើត​ឡើង​នៅ​ក្រុង​គីបៀ​អ្នក​ចេះ​តែ​ធ្វើ​ខុស។+ ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឥត​ឈប់​ឈរ​នៅ​ទី​នោះ។ សង្គ្រាម​មិន​បាន​បំផ្លាញ​មនុស្ស​មិន​សុចរិត​ទាំង​អស់​នៅ​ក្រុង​គីបៀ​ទេ។ ១០  ចំណែក​ខ្ញុំ​វិញ ពេល​ណា​ខ្ញុំ​ចង់​កែ​តម្រង់​ពួក​គេ ខ្ញុំ​នឹង​ធ្វើ​ដូច្នោះ។ ប្រជា​ជាតិ​នា​នា​នឹង​នាំ​គ្នា​មក​ប្រឆាំង​នឹង​ពួក​គេនៅ​ពេល​ដែល​កំហុស​ឆ្គង​ទាំង​ពីរ​បាន​ត្រូវ​បំពាក់​ដូច​ជា​នឹម​លើ​ស្មា​ពួក​គេ។* ១១  អេប្រាអ៊ីម​ប្រៀប​ដូច​ជា​គោ​ញី*បាន​ត្រូវ​បង្វឹក ហើយ​ចូល​ចិត្ត​បញ្ជាន់​ស្រូវដូច្នេះ ខ្ញុំ​មិន​បំពាក់​នឹម​លើក​វា​ទេ។ ឥឡូវ​ខ្ញុំ​នឹង​ឲ្យ​បុគ្គល​ម្នាក់​ជិះ​លើ​អេប្រាអ៊ីម។+ យូដា​នឹង​ភ្ជួរ ហើយ​យ៉ាកុប​នឹង​រាស់​សម្រាប់​គាត់។ ១២  ចូរ​សាប​ព្រោះ​សេចក្ដី​សុចរិត​សម្រាប់​ខ្លួន នោះ​នឹង​ច្រូត​បាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។ ចូរ​ភ្ជួរ​រាស់​ដី​សម្រាប់​ដាំ​ដុះ​ទៅ+ទាន់​នៅ​មាន​ពេល ដើម្បី​ស្វែង​រក​ព្រះ​យេហូវ៉ា+រហូត​ដល់​លោក​មក លោក​នឹង​បង្ហាត់​បង្រៀន​អ្នក​ក្នុង​ផ្លូវ​សុចរិត។+ ១៣  ប៉ុន្តែ អ្នក​បាន​សាប​ព្រោះ​អំពើ​ទុច្ចរិតនោះ​អ្នក​ច្រូត​បាន​ភាព​មិន​សុចរិត​វិញ។+ អ្នក​ថែម​ទាំង​បាន​បរិភោគ​ផល​ផ្លែ​នៃ​ការ​បោក​បញ្ឆោត​ទៀត​ផងព្រោះ​អ្នក​បាន​ទុក​ចិត្ត​លើ​ខ្លួន​ឯងហើយ​ពឹង​ផ្អែក​លើ​កម្លាំង​ទ័ព​ខ្លាំង​ក្លា​របស់​ខ្លួន។ ១៤  សូរ​សំឡេង​ចម្បាំង នឹង​មក​ទាស់​នឹង​រាស្ត្រ​របស់​អ្នកបណ្ដា​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ នឹង​ត្រូវ​បំផ្លាញ​ចោល+ដូច​ជា​ការ​បំផ្លាញ​របស់​សាលម៉ាន​ទៅ​លើ​ពូជ​ពង្ស​អាបេល។ នៅ​គ្រា​ចម្បាំង​នោះ ទាំង​កូន​ទាំង​ម្ដាយ​នឹង​ត្រូវ​គេ​វាយ​កម្ទេច​ជា​មួយ​គ្នា។ ១៥  ឱ​ក្រុង​បេតអែល​អើយ! ការ​ទាំង​នេះ​នឹង​កើត​ឡើង​ដល់​អ្នក+​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក​ច្រើន​លើស​លប់។ នៅ​ព្រឹក​ព្រលឹម ស្ដេច​ស្រុក​អ៊ីស្រាអែល​នឹង​ត្រូវ​សម្លាប់​ជាក់​ជា​មិន​ខាន​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទ្រុប​ទ្រុល​»​
នេះ​សំដៅ​លើ​ពួក​គេ​ទទួល​ទោស
ឬ​«​គោ​ក្រមុំ​»​