ហូសេ ១១:១-១២

  • ព្រះ​ស្រឡាញ់​អ៊ីស្រាអែល​តាំង​ពី​នៅ​ក្មេង (​១​-​១២)

    • «​ហៅ​កូន​ប្រុស​របស់​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប​»​ (​)

១១  «​ពេល​អ៊ីស្រាអែល​នៅ​ក្មេង ខ្ញុំ​បាន​ស្រឡាញ់​គាត់+ហើយ​ខ្ញុំ​បាន​ហៅ​កូន​ប្រុស​របស់​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+  ២  ពេល​អ្នក​ណា​ម្នាក់*កាន់​តែ​ហៅ​អ៊ីស្រាអែលពួក​គេ​កាន់​តែ​ចេញ​ឆ្ងាយ​ពី​អ្នក​នោះ។+ ពួក​គេ​តែង​តែ​ជូន​គ្រឿង​បូជា​ដល់​រូប​ព្រះ​បាល+ហើយ​ជូន​គ្រឿង​បូជា​ដល់​រូប​ចម្លាក់​ផ្សេង​ៗ។+  ៣  ប៉ុន្តែ គឺ​ខ្ញុំ​ដែល​បាន​បង្រៀន​អេប្រាអ៊ីម​ឲ្យ​ចេះ​ដើរ+ ហើយ​ជួយ​ទ្រ​ពួក​គេ។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​មិន​បាន​ទទួល​ស្គាល់​ថា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ទេ។  ៤  ខ្ញុំ​បាន​ទាញ​នាំ​ពួក​គេ​មក​ឯ​ខ្ញុំ ដោយ​ខ្សែ*នៃ​សេចក្ដី​ស្រឡាញ់​និង​ពួរ​នៃ​សេចក្ដី​សប្បុរស។+ ចំពោះ​ពួក​គេ ខ្ញុំ​ប្រៀប​ដូច​ជា​បុគ្គល​ម្នាក់​ដែល​លើក​នឹម​ចេញ​ពី​ស្មា​ពួក​គេ។ ខ្ញុំ​បាន​ឲ្យ​អាហារ​ពួក​គេ​ម្នាក់​ៗ​ដោយ​ថ្នាក់​ថ្នម។  ៥  ពួក​គេ​នឹង​មិន​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ត្រូវ​ត្រួត​ត្រា​ដោយ​ជន​ជាតិ​អាស៊ីរី+ ព្រោះ​ពួក​គេ​មិន​ព្រម​វិល​មក​រក​ខ្ញុំ​វិញ។+  ៦  ដាវ​នឹង​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ទាំង​ប៉ុន្មាន​របស់​គាត់+ហើយ​កម្ទេច​រនុក​ទ្វារ​នា​នា ថែម​ទាំង​បំផ្លាញ​អ្នក​ក្រុង​ទាំង​នោះ​ផង​ដែរ។ នេះ​គឺ​ដោយ​សារ​តែ​គម្រោង​ការ​អាក្រក់​របស់​ពួក​គេ។+  ៧  រាស្ត្រ​របស់​ខ្ញុំ​មាន​ទំនោរ​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ។+ ទោះ​ជា​មាន​អ្នក​ណា​ម្នាក់​ហៅ​ពួក​គេ​ឲ្យ​ងើប​ឡើង*ក៏​ដោយ​ក៏​គ្មាន​ពួក​គេ​ណា​ម្នាក់​ក្រោក​ឡើង​ឡើយ។  ៨  ឱ​អេប្រាអ៊ីម​អើយ! តើ​ឲ្យ​ខ្ញុំ​បោះ​បង់​ចោល​អ្នក​ម្ដេច​នឹង​បាន?+ ឱ​អ៊ីស្រាអែល​អើយ! តើ​ឲ្យ​ខ្ញុំ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​សត្រូវ​ដូច​ម្ដេច​បាន? តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដូច​ក្រុង​អាត់ម៉ា​ដូច​ម្ដេច​ទៅ? តើ​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ដូច​ជា​ក្រុង​សេបោអីម​ដូច​ម្ដេច​បាន?+ ខ្ញុំ​បាន​ដូរ​ចិត្ត​ហើយ ដំណាល​គ្នា​នោះ ខ្ញុំ​មាន​ចិត្ត​ក្ដួល​អាណិត​អ្នក​ជា​ខ្លាំង។+  ៩  ខ្ញុំ​នឹង​មិន​បញ្ចេញ​កំហឹង​ដ៏​ខ្លាំង​ក្រៃ​លែង​ទេ។ ខ្ញុំ​នឹង​មិន​បំផ្លាញ​អេប្រាអ៊ីម​ម្ដង​ទៀត​ឡើយ+ព្រោះ​ខ្ញុំ​ជា​ព្រះ មិន​មែន​ជា​មនុស្ស​ទេខ្ញុំ​ជា​ព្រះ​ដ៏​បរិសុទ្ធ​កំពុង​នៅ​ជា​មួយ​អ្នក​ហើយ។ ខ្ញុំ​នឹង​មិន​មក​ទាស់​នឹង​អ្នក​ដោយ​កំហឹង​ឡើយ។ ១០  ពួក​គេ​នឹង​ដើរ​តាម​ព្រះ​យេហូវ៉ា ហើយ​លោក​នឹង​គ្រហឹម​ដូច​តោ។+ ពេល​លោក​គ្រហឹម កូន​ប្រុស​ៗ​របស់​លោក​នឹង​មក​ពី​ទិស​ខាង​លិច​ទាំង​ភ័យ​ញាប់​ញ័រ។+ ១១  ពួក​គេ​នឹង​ភ័យ​ញ័រ​ដូច​សត្វ​ស្លាប ពេល​ពួក​គេ​ចេញ​ពី​ស្រុក​អេហ្ស៊ីបហើយ​ញ័រ​ទទាក់​ដូច​ជា​សត្វ​ព្រាប ពេល​ពួក​គេ​ចេញ​ពី​ស្រុក​អាស៊ីរី។+ ខ្ញុំ​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​វិញ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។+ ១២  ​«​អេប្រាអ៊ីម​ចេះ​តែ​និយាយ​កុហក​ខ្ញុំហើយ​ពូជ​ពង្ស​អ៊ីស្រាអែល​តែង​តែ​បោក​បញ្ឆោត​ខ្ញុំ។+ ប៉ុន្តែ យូដា​នៅ​តែ​ដើរ​ជា​មួយ​នឹង​ព្រះ​របស់​ខ្លួនហើយ​គាត់​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​បំផុត​»។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​អ្នក​ឯ​ទៀត ដែល​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ណែនាំ​អ៊ីស្រាអែល
តាម​មើល​ទៅ​ជា​ខ្សែ​ដែល​ឪពុក​ម្ដាយ​ប្រើ​ដើម្បី​បង្រៀន​កូន​ឲ្យ​ចេះ​ដើរ
នេះ​សំដៅ​លើ​ការ​គោរព​ប្រណិប័តន៍​ដ៏​ខ្ពង់​ខ្ពស់