ហូសេ ២:១-២៣

  • ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​មិន​ស្មោះ​ត្រង់​បាន​ត្រូវ​ដាក់​ទោស (​១​-​១៣)

  • ការ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​ជា​ប្ដី​វិញ (​១៤​-​២៣)

    • ‹អ្នក​នឹង​ហៅ​ខ្ញុំ​ថា​លោក​ប្ដី› (​១៦)

 ​«​ចូរ​និយាយ​ទៅ​បង​ប្អូន​ប្រុស​របស់​អ្នក​ថា​៖ ‹ឱ​រាស្ត្រ​ខ្ញុំ​អើយ!›។*+ ចូរ​និយាយ​ទៅ​កាន់​បង​ប្អូន​ស្រី​របស់​អ្នក​ថា​៖ ‹ឱ​ស្ត្រី​ដែល​ទទួល​សេចក្ដី​មេត្តា​ករុណា​អើយ!›។*+  ២  ចូរ​ចោទ​ប្រកាន់​ម្ដាយ​អ្នក ចូរ​ចោទ​ប្រកាន់​នាង​ទៅព្រោះ​នាង​មិន​មែន​ជា​ប្រពន្ធ​ខ្ញុំ​ទេ+ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​ប្ដី​នាង​ដែរ។ នាង​ត្រូវ​បំបាត់​ចោល​អំពើ​ពេស្យាចារ​ចេញ​ពី​ខ្លួន​នាងនិង​អំពើ​ផិត​ក្បត់​ចេញ​ពី​ដើម​ទ្រូង​នាង។  ៣  បើ​ពុំ​នោះ​ទេ ខ្ញុំ​នឹង​យក​សម្លៀក​បំពាក់​នាង​ចេញ​ហើយ​ធ្វើ​ឲ្យ​នាង​អាក្រាត​ដូច​នៅ​ថ្ងៃ​ដែល​នាង​កើត​មកថែម​ទាំង​ធ្វើ​ឲ្យ​នាង​ដូច​ជា​តំបន់​ស្ងាត់​ជ្រងំនិង​ធ្វើ​ឲ្យ​នាង​ដុនដាប​ទៅ ដូច​ជា​ទី​ហួត​ហែងហើយ​បណ្ដាល​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។  ៤  ខ្ញុំ​នឹង​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​កូន​ៗ​របស់​នាង​ទេព្រោះ​ពួក​គេ​ជា​កូន​ដែល​មក​ពី​ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ។  ៥  ម្ដាយ​របស់​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ។+ នាង​ដែល​ពពោះ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ខ្មាស+ ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ទៅ​តាម​ពួក​ប្រុស​ស្នេហ៍​របស់​ខ្ញុំ+ជា​ពួក​អ្នក​ដែល​ឲ្យ​អាហារ​និង​ទឹក​ដល់​ខ្ញុំថែម​ទាំង​ផ្ដល់​រោម​ចៀម ក្រណាត់​សាច់​ល្អ ប្រេង និង​ស្រា​ដល់​ខ្ញុំ​ទៀត​ផង›។  ៦  ដូច្នេះ ខ្ញុំ​នឹង​ដាក់​គុម្ព​បន្លា រាំង​ផ្លូវ​នាង ហើយ​ខ្ញុំ​នឹង​ដំឡើង​របង​ថ្ម បាំង​ផ្លូវ​នាងដើម្បី​កុំ​ឲ្យ​នាង​អាច​រក​ផ្លូវ​ឃើញ​ទៀត។  ៧  នាង​នឹង​ដេញ​តាម​ពួក​ប្រុស​ស្នេហ៍​នាង តែ​នាង​នឹង​តាម​ពួក​គេ​មិន​ទាន់​ទេ។+ នាង​នឹង​ស្វែង​រក​ពួក​គេ តែ​នាង​នឹង​រក​ពួក​គេ​មិន​ឃើញ​ឡើយ។ បន្ទាប់​មក នាង​នឹង​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ត្រឡប់​ទៅ​រក​ប្ដី​ដើម​របស់​ខ្ញុំ​វិញ+ព្រោះ​កាល​នោះ​ខ្ញុំ​មាន​ជីវិត​ប្រសើរ​ជាង​ឥឡូវ​នេះ›។+  ៨  នាង​មិន​បាន​ទទួល​ស្គាល់​ថា គឺ​ជា​ខ្ញុំ​ទេ​ដែល​បាន​ឲ្យ​ស្រូវ+ ស្រា​ថ្មី​និង​ប្រេង​ដល់​នាងគឺ​ខ្ញុំ​ដែល​បាន​ឲ្យ​មាស​និង​ប្រាក់​ជា​ច្រើន​ដល់​នាងតែ​ពួក​គេ​បែរ​ជា​យក​ទៅ​ប្រើ​សម្រាប់​ព្រះ​បាល​ទៅ​វិញ។+  ៩  ‹ហេតុ​នេះ នៅ​រដូវ​ចម្រូត ខ្ញុំ​នឹង​ដក​យក​ស្រូវ​របស់​ខ្ញុំ​វិញហើយ​នៅ​រដូវ​ធ្វើ​ស្រា ខ្ញុំ​ក៏​នឹង​យក​ស្រា​ថ្មី​របស់​ខ្ញុំ​វិញ​ដែរ។+ ឯ​រោម​ចៀម​និង​ក្រណាត់​សាច់​ល្អ​ដែល​នាង​បិទ​បាំង​កាយ​ខ្ញុំ​នឹង​កញ្ឆក់​យក​មក​វិញ។ ១០  ខ្ញុំ​នឹង​បើក​បង្ហាញ​កេរ្តិ៍​ខ្មាស​របស់​នាង ឲ្យ​ពួក​ប្រុស​ស្នេហ៍​នាង​ឃើញហើយ​គ្មាន​អ្នក​ណា​ម្នាក់ នឹង​ជួយ​នាង​ឲ្យ​រួច​ពី​ដៃ​ខ្ញុំ​ឡើយ។+ ១១  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​លែង​មាន​អំណរ​ទៀតហើយ​ខ្ញុំ​នឹង​បំបាត់​ចោល​ពិធី​បុណ្យ​របស់​នាង+ គឺ​បុណ្យ​ចូល​ខែ​ថ្មី​បុណ្យ​ថ្ងៃ​ឈប់​សម្រាក និង​បុណ្យ​ឯ​ទៀត​ទាំង​អស់។ ១២  ចំណែក​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​របស់​នាង​វិញ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ខូច​អស់។ ព្រោះ​នាង​បាន​និយាយ​អំពី​ដើម​ទាំង​នោះ​ថា​៖ ​«​នេះ​ជា​ប្រាក់​ឈ្នួល​ដែល​ពួក​ប្រុស​ស្នេហ៍​ខ្ញុំ​បាន​ឲ្យ​ដល់​ខ្ញុំ​»។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដើម​ទាំង​នោះ​ទៅ​ជា​ព្រៃ​ស្ដុក ហើយ​ឲ្យ​សត្វ​ព្រៃ​មក​ស៊ី​បំផ្លាញ​អស់។ ១៣  ខ្ញុំ​នឹង​ឲ្យ​នាង​ទទួល​ខុស​ត្រូវ ចំពោះ​ថ្ងៃ​ដែល​នាង​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​បាល+និង​ថ្ងៃ​ដែល​នាង​តុបតែង​ខ្លួន​ដោយ​ពាក់​ក្រវិល​និង​គ្រឿង​លម្អ​ឯ​ទៀត​ហើយ​ដេញ​តាម​ពួក​ប្រុស​ស្នេហ៍​នាងនាង​បាន​បំភ្លេច​ខ្ញុំ​ហើយ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។ ១៤  ‹ដូច្នេះ ខ្ញុំ​នឹង​និយាយ​ទាក់​ទាញ​នាង ខ្ញុំ​នឹង​នាំ​នាង​ទៅ​តំបន់​ស្ងាត់​ជ្រងំហើយ​និយាយ​ផ្អែម​ល្ហែម​ដើម្បី​លួង​លោម​ចិត្ត​នាង។ ១៥  ខ្ញុំ​នឹង​ប្រគល់​ចម្ការ​ទំពាំង​បាយ​ជូរ​ដល់​នាង​វិញ ចាប់​តាំង​ពី​គ្រា​នោះ​រហូត​ត​ទៅ+ព្រម​ទាំង​ប្រគល់​ជ្រលង*អាគ័រ+ជា​ខ្លោង​ទ្វារ​ឲ្យ​នាង​ចូល​ទៅ​រក​សេចក្ដី​សង្ឃឹម​ផង​ដែរ។ នាង​នឹង​តប​ឆ្លើយ​មក​ខ្ញុំ​ដូច​កាល​នាង​នៅ​វ័យ​ក្មេងគឺ​ដូច​នៅ​គ្រា​ដែល​នាង​ចេញ​ពី​ស្រុក​អេហ្ស៊ីប›។+ ១៦  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹នៅ​ថ្ងៃ​នោះ​ឯងអ្នក​នឹង​លែង​ហៅ​ខ្ញុំ​ថា​លោក​ម្ចាស់*ទៀត​ហើយ តែ​ហៅ​ខ្ញុំ​ថា​លោក​ប្ដី​វិញ›។ ១៧  ‹ខ្ញុំ​នឹង​បំបាត់​ឈ្មោះ​រូប​នា​នា​នៃ​ព្រះ​បាល ចេញ​ពី​មាត់​នាង+ហើយ​នាង​នឹង​លែង​នឹក​ចាំ​ឈ្មោះ​ព្រះ​ទាំង​នោះ​ទៀត។+ ១៨  ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដើម្បី​ជា​ប្រយោជន៍​ដល់​រាស្ត្រ​ខ្ញុំ គឺ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​សត្វ​ព្រៃ​នៅ​ឯ​វាល+ព្រម​ទាំង​ជា​មួយ​នឹង​សត្វ​ស្លាប​នៅ​លើ​មេឃ​និង​សត្វ​លូន​វារ​នៅ​លើ​ដី។+ ខ្ញុំ​នឹង​បំបាត់​ចោល ធ្នូ ដាវ និង​សង្គ្រាម​ឲ្យ​អស់​ពី​ក្នុង​ស្រុក+ហើយ​ខ្ញុំ​នឹង​ឲ្យ​រាស្ត្រ​ខ្ញុំ​រស់​នៅ​ដោយ​សុខ​សាន្ត។+ ១៩  ខ្ញុំ​នឹង​យក​អ្នក​ធ្វើ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ជា​រៀង​រហូត។ ខ្ញុំ​សន្យា​ថា​ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សេចក្ដី​សុចរិត​យុត្តិធម៌ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ និង​ដោយ​សេចក្ដី​មេត្តា​ករុណា។+ ២០  ខ្ញុំ​សន្យា​ថា​នឹង​ស្មោះ​ត្រង់​ចំពោះ​អ្នកហើយ​អ្នក​នឹង​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់ គឺ​ខ្ញុំ​ជា​យេហូវ៉ា›។+ ២១  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ឆ្លើយ​តបគឺ​ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​មេឃហើយ​មេឃ​នឹង​ធ្វើ​តាម​សំណូម​របស់​ផែនដី។+ ២២  ផែនដី​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​ភោគ​ផល​ជា​ស្រូវ ស្រា​ថ្មី និង​ប្រេងហើយ​អ្វី​ទាំង​នោះ​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​យេសរៀល។*+ ២៣  ខ្ញុំ​នឹង​សាប​ព្រោះ​នាង​ដូច​ជា​គ្រាប់​ពូជ​ទៅ​លើ​ដី ទុក​សម្រាប់​ខ្លួន​ខ្ញុំ+ហើយ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ដល់​នាង​ដែល​មិន​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា។* ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​ពួក​អ្នក​ដែល​មិន​មែន​ជា​រាស្ត្រ​របស់​ខ្ញុំ*ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​ខ្ញុំ​»​+ហើយ​ពួក​គេ​នឹង​និយាយ​ថា​៖ ​«​លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ​»​›​»។+

កំណត់សម្គាល់

មើល​កំណត់​សម្គាល់​នៅ​ហូ ១:៦
មើល​កំណត់​សម្គាល់​នៅ​ហូ ១:៩
ឬ​«​តំបន់​វាល​ទំនាប​»​
ឬ​«​ព្រះ​បាល​ខ្ញុំ​អើយ​»​
មាន​ន័យ​ថា​«​ព្រះ​នឹង​សាប​ព្រោះ​គ្រាប់​ពូជ​»​
មើល​កំណត់​សម្គាល់​នៅ​ហូ ១:៦
មើល​កំណត់​សម្គាល់​នៅ​ហូ ១:៩