ហូសេ ៥:១-១៥

  • ការ​វិនិច្ឆ័យ​អេប្រាអ៊ីម​និង​យូដា (​១​-​១៥)

 ​«​ឱ​ពួក​សង្ឃ​អើយ! ចូរ​ស្ដាប់​ចុះ+ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ចូរ​ផ្ទៀង​ត្រចៀក​មកឱ​ពូជ​ពង្ស​ស្ដេច​អើយ! ចូរ​ត្រង​ត្រាប់​ស្ដាប់ព្រោះ​សេចក្ដី​វិនិច្ឆ័យ​នេះ​ទាក់​ទង​នឹង​អ្នក​រាល់​គ្នា។ ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​អន្ទាក់​ដល់​ក្រុង​មីសប៉ានិង​ប្រៀប​ដូច​ជា​សំណាញ់​គ្រប​លើ​ភ្នំ​ថេបោ។+  ២  ឯ​ពួក​អ្នក​ដែល​បះ​បោរ​ប្រឆាំង ពួក​គេ​បាន​លិច​លង់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ការ​កាប់​សម្លាប់ហើយ​ខ្ញុំ​នឹង​ប្រៀន​ប្រដៅ​ពួក​គេ​ទាំង​អស់​គ្នា។  ៣  ខ្ញុំ​ស្គាល់​អេប្រាអ៊ីម​យ៉ាង​ច្បាស់ហើយ​អ៊ីស្រាអែល​ក៏​មិន​អាច​លាក់​កំបាំង​ពី​ខ្ញុំ​បាន​ដែរ។ ព្រោះ​ឱ​អេប្រាអ៊ីម​អើយ! ឥឡូវ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ឱ​អ៊ីស្រាអែល​អើយ! អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ហើយ។+  ៤  ការ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ រា​រាំង​ពួក​គេ​មិន​ឲ្យ​វិល​មក​ឯ​ព្រះ​របស់​ខ្លួន​វិញ​ឡើយព្រោះ​ក្នុង​ចំណោម​ពួក​គេ មាន​តែ​ចិត្ត​គំនិត​ប្រាស​ចាក​សីលធម៌+ហើយ​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ទាល់​តែ​សោះ។  ៥  អំណួត​របស់​អ៊ីស្រាអែល​ជា​ការ​បញ្ជាក់​ទាស់​នឹង​ខ្លួន​គាត់​ហើយ។+ ទាំង​អ៊ីស្រាអែល​ទាំង​អេប្រាអ៊ីម​បាន​ជំពប់​ដួល ព្រោះ​តែ​កំហុស​ឆ្គង​របស់​ខ្លួនហើយ​យូដា​ក៏​បាន​ដួល​ទៅ​ជា​មួយ​នឹង​ពួក​គេ​ដែរ។+  ៦  ពួក​គេ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា​ដោយ​នាំ​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ជា​មួយតែ​ពួក​គេ​រក​លោក​មិន​ឃើញ​ទេ ព្រោះ​លោក​បាន​ថយ​ចេញ​ពី​ពួក​គេ​ហើយ។+  ៧  ពួក​គេ​បាន​ក្បត់​ព្រះ​យេហូវ៉ា+ព្រោះ​ពួក​គេ​បាន​បង្កើត​កូន​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ។ ដូច្នេះ​ក្នុង​រយៈ​ពេល​មួយ​ខែ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ គឺ​ទាំង​ខ្លួន​គេ​ទាំង​ទឹក​ដី​មត៌ក​របស់​ពួក​គេ​ដែរ។  ៨  ចូរ​ផ្លុំ​ស្នែង+នៅ​ក្រុង​គីបៀ ហើយ​ផ្លុំ​ត្រែ​នៅ​ក្រុង​រ៉ាម៉ា!+ ចូរ​ស្រែក​ចូល​ប្រយុទ្ធ​នៅ​ក្រុង​បេតអាវេន!+ ឱ​បេនយ៉ាមីន​អើយ! ចូរ​នាំ​មុខ​យើង​ទៅ!  ៩  ឱ​អេប្រាអ៊ីម​អើយ! នៅ​ថ្ងៃ​ដែល​អ្នក​ទទួល​ទោស អ្នក​នឹង​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​គេ​ភ័យ​តក់​ស្លុត។+ ខ្ញុំ​បាន​ប្រាប់​កុល​សម្ព័ន្ធ​នៃ​អ៊ីស្រាអែល​ទុក​ជា​មុន អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ជា​មិន​ខាន។ ១០  ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​យូដា ប្រៀប​ដូច​ជា​អស់​អ្នក​ដែល​បង្ខិត​បង្គោល​ព្រំ​ប្រទល់។+ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ ដូច​ជា​ការ​ចាក់​ទឹក។ ១១  អេប្រាអ៊ីម​រង​ការ​ជិះ​ជាន់​សង្កត់​សង្កិន និង​ការ​បំផ្លាញ​ចោល​ដោយ​យុត្តិធម៌ព្រោះ​គាត់​បាន​តាំង​ចិត្ត​ទៅ​តាម​សត្រូវ​របស់​គាត់។+ ១២  ដូច្នេះ ខ្ញុំ​ប្រៀប​ដូច​ជា​សត្វ​ល្អិត​ស៊ី​បំផ្លាញ​អេប្រាអ៊ីមនិង​ប្រៀប​ដូច​ជា​ការ​ពុក​ផុយ​ដល់​ពូជ​ពង្ស​យូដា។ ១៣  ពេល​អេប្រាអ៊ីម​ឃើញ​ជំងឺ​ខ្លួន ហើយ​ពេល​យូដា​ឃើញ​ដំបៅ​ខ្លួនអេប្រាអ៊ីម​បាន​ទៅ​រក​អាស៊ីរី+ ហើយ​គាត់​បាន​ចាត់​គេ​ឲ្យ​ទៅ​ឯ​ស្ដេច​ដ៏​ខ្លាំង​ក្លា។ ប៉ុន្តែ ស្ដេច​នោះ​មិន​អាច​ធ្វើ​ឲ្យ​ជំងឺ​ជា​សះ​ស្បើយ​ទេហើយ​ក៏​មិន​អាច​ព្យាបាល​ដំបៅ​បាន​ដែរ។ ១៤  ចំពោះ​អេប្រាអ៊ីម ខ្ញុំ​ប្រៀប​ដូច​ជា​សិង្ហ​ស្ទាវហើយ​ចំពោះ​ពូជ​ពង្ស​យូដា ខ្ញុំ​ប្រៀប​ដូច​ជា​តោ​ដ៏​ខ្លាំង​ក្លា។ ខ្ញុំ​ផ្ទាល់​នឹង​ហែក​ពួក​គេ​ជា​ចំណែក​ៗ ហើយ​ចេញ​ទៅ+គឺ​ខ្ញុំ​នឹង​ខាំ​ពាំ​ពួក​គេ​យក​ទៅ គ្មាន​នរណា​អាច​សង្គ្រោះ​ពួក​គេ​បាន​ឡើយ។+ ១៥  ខ្ញុំ​នឹង​ត្រឡប់​ទៅ​កន្លែង​របស់​ខ្ញុំ​វិញ ហើយ​នៅ​ទី​នោះ​រហូត​ដល់​ពួក​គេ​ទទួល​ផល​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ រួច​ពួក​គេ​នឹង​ស្វែង​រក​សេចក្ដី​មេត្តា​ករុណា​ពី​ខ្ញុំ។+ ពេល​ពួក​គេ​រង​ទុក្ខ​លំបាក ពួក​គេ​នឹង​ស្វះ​ស្វែង​រក​ខ្ញុំ​ជា​មិន​ខាន​»។+

កំណត់សម្គាល់