ហូសេ ៧:១-១៦

  • អំពើ​ទុច្ចរិត​របស់​អេប្រាអ៊ីម​បាន​ត្រូវ​រៀប​រាប់ (​១​-​១៦)

    • គ្មាន​អ្នក​ណា​អាច​គេច​រួច​ពី​សំណាញ់​របស់​ព្រះ​ឡើយ (​១២)

៧  ​«​នៅ​គ្រា​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ជា​សះ​ស្បើយកំហុស​ឆ្គង​របស់​អេប្រាអ៊ីមនិង​អំពើ​ទុច្ចរិត​របស់​សាម៉ារី​បាន​ត្រូវ​លាត​ត្រដាង។+ ព្រោះ​ពួក​គេ​តែង​តែ​បោក​បញ្ឆោត+ហើយ​គាស់​ទ្វារ​ផ្ទះ​ចូល​លួច ព្រម​ទាំង​ចាំ​ប្លន់​នៅ​ខាង​ក្រៅ​ផង​ដែរ។+  ២  ប៉ុន្តែ ពួក​គេ​មិន​បាន​គិត​ក្នុង​ចិត្ត​ថា ខ្ញុំ​នឹង​ចាំ​រាល់​អំពើ​ទុច្ចរិត​របស់​ពួក​គេ​ទេ។+ ឥឡូវ អំពើ​អាក្រក់​របស់​ពួក​គេ​បាន​ព័ទ្ធ​ជុំ​ជិត​ពួក​គេ​ហើយ។ ខ្ញុំ​ឃើញ​ការ​ប្រព្រឹត្ត​ទាំង​អស់​របស់​ពួក​គេ។  ៣  ពួក​គេ​បាន​ធ្វើ​ឲ្យ​ស្ដេច​អរ​សប្បាយ​ដោយ​អំពើ​ទុច្ចរិតហើយ​ក៏​ធ្វើ​ឲ្យ​ពួក​អ្នក​គ្រប់​គ្រង​រីករាយ​ដោយ​ការ​បោក​បញ្ឆោត​ដែរ។  ៤  ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់។ ពួក​គេ​មាន​ចិត្ត​រោល​រាល​ដូច​ជា​ភ្លើង​ឡ​របស់​អ្នក​ដុត​នំដែល​មិន​ចាំ​បាច់​រុក​ភ្លើង​ទេ កាល​ដែល​អ្នក​ដុត​នំ​កំពុង​ច្របាច់​ម្សៅ​និង​ចាំ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង។  ៥  នៅ​ថ្ងៃ​របស់​ស្ដេច​យើង ពួក​អ្នក​គ្រប់​គ្រង​បាន​ធ្លាក់​ខ្លួន​ឈឺពួក​គេ​មាន​កំហឹង​យ៉ាង​ខ្លាំង​ដោយ​សារជាតិ​ស្រា។+ គាត់​បាន​រួម​ដៃ​នឹង​ពួក​អ្នក​ចំអក​មើល​ងាយ។  ៦  ព្រោះ​ពួក​គេ​ចូល​ទៅ​ទាំង​មាន​ចិត្ត​ក្ដៅ​ដូច​ជា​ភ្លើង​ក្នុង​ឡ។* ពេញ​មួយ​យប់ អ្នក​ដុត​នំ​សម្រាន្ត​លង់​លក់លុះ​ព្រឹក​ឡើង ភ្លើង​ក្នុង​ឡ​ឆេះ​សន្ធោ​សន្ធៅ។  ៧  ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ជា​ភ្លើង​ក្នុង​ឡហើយ​ពួក​គេ​លេប​ត្របាក់​ពួក​អ្នក​គ្រប់​គ្រង​របស់​ខ្លួន។ រីឯ​បណ្ដា​ស្ដេច​របស់​ពួក​គេ​វិញ ក៏​បាន​ដួល​ទៅ។+ ពេល​នោះ គ្មាន​នរណា​ម្នាក់​ស្រែក​សុំ​ជំនួយ​ពី​ខ្ញុំ​ឡើយ។+  ៨  អេប្រាអ៊ីម​នៅ​លាយ​ឡំ​ជា​មួយ​នឹង​ប្រជា​ជាតិ​នា​នា។+ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​មូល​ដែល​គេ​ចម្អិន​ដោយ​មិន​បាន​ប្រែ។  ៩  ពួក​អ្នក​ដែល​គាត់​មិន​ស្គាល់​បាន​យក​កម្លាំង​គាត់+ តែ​គាត់​មិន​ដឹង​ខ្លួន​ទេ។ សក់​គាត់​ស្កូវ​អស់ តែ​គាត់​មិន​បាន​កត់​សម្គាល់​ឡើយ។ ១០  អំណួត​របស់​អ៊ីស្រាអែល​ជា​ការ​បញ្ជាក់​ទាស់​នឹង​ខ្លួន​គាត់​ហើយ។+ ប៉ុន្តែ ពួក​គេ​មិន​បាន​ត្រឡប់​ទៅ​ឯ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន​ទេ។+ ទោះ​ជា​ជួប​ប្រទះ​រឿង​ទាំង​នេះ​ក្ដី ក៏​ពួក​គេ​មិន​បាន​ស្វែង​រក​លោក​ដែរ។ ១១  អេប្រាអ៊ីម​ប្រៀប​ដូច​ជា​សត្វ​ព្រាប​ល្ងី​ល្ងើ ដែល​ងាយ​ចាញ់​បោក​មនុស្ស។+ ពួក​គេ​បាន​សុំ​ជំនួយ​ពី​ពួក​អេហ្ស៊ីប+ ហើយ​រត់​ទៅ​ពឹង​ពួក​អាស៊ីរី។+ ១២  កន្លែង​ណា​ដែល​ពួក​គេ​ទៅ ខ្ញុំ​នឹង​បោះ​សំណាញ់​ទៅ​លើ​ពួក​គេ។ ខ្ញុំ​នឹង​ចាប់​ពួក​គេ ដូច​ជា​ចាប់​សត្វ​ស្លាប​នៅ​លើ​មេឃ។ ខ្ញុំ​នឹង​ប្រៀន​ប្រដៅ​ពួក​គេ​ស្រប​តាម​ពាក្យ​ព្រមាន​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​ពួក​ជំនុំ។+ ១៣  ពួក​គេ​វេទនា​ហើយ ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ពី​ខ្ញុំ។ ពួក​គេ​នឹង​វិនាស​សាប​សូន្យ​ទៅ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ប្រឆាំង​នឹង​ខ្ញុំ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​លោះ​ពួក​គេ តែ​ពួក​គេ​បែរ​ជា​ពោល​ពាក្យ​កុហក​ទាស់​នឹង​ខ្ញុំ​វិញ។+ ១៤  ទោះ​ជា​ពួក​គេ​តែង​តែ​ទ្រហោ​យំ​នៅ​លើ​គ្រែ​ខ្លួន​ក៏​ដោយពួក​គេ​មិន​បាន​ស្រែក​សុំ​ជំនួយ​ពី​ខ្ញុំ​ដោយ​ស្មោះ​ពី​ចិត្ត​ទេ។+ ដើម្បី​បាន​ស្រូវ​និង​ស្រា​ថ្មី ពួក​គេ​បាន​ឆូត​សាច់​ខ្លួនពួក​គេ​បាន​ប្រឆាំង​នឹង​ខ្ញុំ​ហើយ។ ១៥  ទោះ​ជា​ខ្ញុំ​បាន​ប្រដៅ​តម្រង់​ពួក​គេ ហើយ​ពង្រឹង​កម្លាំង​ដៃ​ពួក​គេ​ក៏​ដោយពួក​គេ​នៅ​តែ​រៀប​គម្រោង​ធ្វើ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ​ដដែល។ ១៦  ពួក​គេ​បាន​ផ្លាស់​ប្ដូរ​គន្លង​ជីវិត តែ​មិន​បាន​ប្រសើរ​ជាង​ឡើយ*ដូច​ធ្នូ​យារ​ខ្សែ ពួក​គេ​ទុក​ចិត្ត​មិន​បាន​ទេ។+ ពួក​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ​ព្រោះ​តែ​ពាក្យ​សម្ដី​បះ​បោរ​ប្រឆាំង​របស់​ពួក​គេ។ ដោយ​ហេតុ​នេះ ពួក​គេ​នឹង​ទទួល​ការ​ចំអក​មើល​ងាយ​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រោះ​ចិត្ត​ពួក​គេ​ប្រៀប​ដូច​ជា​ភ្លើង​ក្នុង​ឡ កាល​ដែល​ពួក​គេ​ចូល​ទៅ​ដោយ​ចិត្ត​ឧបាយ
នេះ​សំដៅ​លើ​ការ​គោរព​ប្រណិប័តន៍​ដែល​មិន​ប្រសើរ​ជាង