ហូសេ ៩:១-១៧
៩ «ឱអ៊ីស្រាអែលអើយ! កុំត្រេកអរឲ្យសោះ+កុំសប្បាយរីករាយដូចបណ្ដាជនទូទៅឡើយ។
ព្រោះអ្នកបានបោះបង់ចោលព្រះរបស់ខ្លួនដោយអំពើប្រាសចាកសីលធម៌។+
អ្នកស្រឡាញ់កម្រៃដែលមកពីការប្រព្រឹត្តអំពើពេស្យាចារនៅតាមទីលានបញ្ជាន់ស្រូវ។+
២ ប៉ុន្តែ ទីលានបញ្ជាន់ស្រូវនិងកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រានឹងមិនអាចផ្គត់ផ្គង់ពួកគេបានទេ។
រីឯស្រាថ្មីក៏នឹងលែងមានទៀតដែរ។+
៣ ពួកគេនឹងមិនបន្តរស់នៅក្នុងស្រុករបស់ព្រះយេហូវ៉ាទៀតទេ+តែអេប្រាអ៊ីមនឹងត្រឡប់ទៅស្រុកអេហ្ស៊ីបវិញហើយពួកគេនឹងបរិភោគអ្វីដែលមិនស្អាតបរិសុទ្ធនៅស្រុកអាស៊ីរី។+
៤ ពួកគេនឹងលែងច្រួចស្រាជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ាទៀត+ហើយលោកក៏មិនពេញចិត្តនឹងគ្រឿងបូជានានារបស់ពួកគេដែរ។+
គ្រឿងបូជាទាំងនោះប្រៀបដូចជានំប៉័ងនៃការកាន់ទុក្ខហើយអ្នកណាដែលបរិភោគនំប៉័ងនោះ នឹងធ្វើឲ្យខ្លួនស្មោកគ្រោក។
នំប៉័ងនោះនឹងមិនត្រូវជូននៅឯវិហាររបស់ព្រះយេហូវ៉ាជាដាច់ខាតព្រោះទុកសម្រាប់តែខ្លួនគេប៉ុណ្ណោះ។
៥ តើអ្នកនឹងធ្វើយ៉ាងណានៅថ្ងៃដែលត្រូវធ្វើពិធីបុណ្យគឺនៅថ្ងៃបុណ្យរបស់ព្រះយេហូវ៉ា?
៦ ព្រោះមើល! ពួកគេនឹងរត់គេចខ្លួន ដោយសារតែការបំផ្លិចបំផ្លាញ។+
អេហ្ស៊ីបនឹងប្រមូលផ្ដុំពួកគេ+ ហើយមេមផឺសនឹងបញ្ចុះសពពួកគេ។+
បន្លានឹងដុះជុំជិតគ្រឿងប្រាក់ដ៏មានតម្លៃហើយគុម្ពបន្លានឹងដុះនៅក្នុងត្រសាលរបស់ពួកគេ។
៧ គ្រាដាក់ទោសពួកគេនឹងមកដល់+ គ្រាសងសឹកពួកគេ នឹងមកជាប្រាកដពេលនោះ អ៊ីស្រាអែលនឹងដឹងច្បាស់ជាក់ជាមិនខានអ្នកប្រកាសទំនាយរបស់ពួកគេនឹងទៅជាល្ងីល្ងើ ហើយអ្នកដែលអះអាងថាមានការយល់ដឹងពីព្រះ នឹងទៅជាឆ្កួតលីលា។
មានកំហឹងច្រើនក្រៃលែងទាស់នឹងអ្នក ព្រោះកំហុសឆ្គងរបស់អ្នកគរដូចភ្នំ»។
៨ អ្នកចាំយាម+របស់អេប្រាអ៊ីមធ្លាប់នៅជាមួយនឹងព្រះរបស់ខ្ញុំ។+
ប៉ុន្តែ ឥឡូវគ្រប់ទាំងផ្លូវរបស់ពួកអ្នកប្រកាសទំនាយរបស់គាត់+ប្រៀបដូចជាលប់របស់នាយព្រានហើយមានសេចក្ដីស្អប់ជាខ្លាំងនៅក្នុងវិហារនៃព្រះរបស់គាត់។
៩ ពួកគេបានលិចលង់យ៉ាងជ្រៅទៅក្នុងអំពើខូចអាក្រក់ដូចនៅគ្រានៃក្រុងគីបៀដែរ។+
លោកនឹងនឹកឃើញអំពើរំលងរបស់ពួកគេ ហើយដាក់ទោសពួកគេដោយសារអំពើខុសឆ្គងទាំងនោះ។+
១០ «ពេលខ្ញុំរកឃើញអ៊ីស្រាអែល គឺដូចជារកឃើញផ្លែទំពាំងបាយជូរនៅតំបន់ស្ងាត់ជ្រងំ។+
ពេលខ្ញុំរកឃើញបុព្វបុរសអ្នក គឺដូចជារកឃើញផ្លែល្វានៅលើដើមដែលទុំមុនរដូវ។
ប៉ុន្តែ ពួកគេបែរជាទៅរកព្រះបាលនៃពេអរទៅវិញ។+
ពួកគេបានប្រគល់ខ្លួនដល់ព្រះដ៏គួរឲ្យអាម៉ាស់+ហើយពួកគេបានទៅជាអ្វីដ៏គួរឲ្យស្អប់ខ្ពើម ដូចព្រះដែលពួកគេស្រឡាញ់នោះដែរ។
១១ ភាពរុងរឿងរបស់អេប្រាអ៊ីម នឹងហោះចេញទៅដូចជាសត្វស្លាបហើយនឹងគ្មានការបង្កកំណើត ការពពោះ និងការសម្រាលកូនឡើយ។+
១២ សូម្បីតែពួកគេមានកូនដើម្បីចិញ្ចឹមបីបាច់ថែរក្សាក៏ខ្ញុំនឹងធ្វើឲ្យពួកគេព្រាត់ប្រាសកូនរហូតដល់អស់គ្មានសល់ម្នាក់ឡើយ។+
ពួកគេនឹងវេទនា ពេលខ្ញុំលែងនៅជាមួយនឹងពួកគេទៀត។+
១៣ អេប្រាអ៊ីមបានត្រូវដាំនៅលើវាលស្មៅខៀវខ្ចី ហើយចំពោះខ្ញុំគាត់ប្រៀបដូចជាក្រុងទីរ៉ុស+ប៉ុន្តែ ឥឡូវអេប្រាអ៊ីមត្រូវយកកូនប្រុសៗរបស់ខ្លួនទៅឲ្យគេសម្លាប់»។
១៤ ឱព្រះយេហូវ៉ាអើយ! អ្វីដែលលោកត្រូវឲ្យដល់ពួកគេ សូមលោកឲ្យទៅចុះ!
គឺឲ្យពួកគេរលូតកូន ហើយខះទឹកដោះទៅ។
១៥ «ពួកគេបានប្រព្រឹត្តអំពើទុច្ចរិតទាំងប៉ុន្មាននៅក្រុងគីលកាល។+ ដូច្នេះ ខ្ញុំក៏ស្អប់ពួកគេនៅទីនោះ។
ខ្ញុំនឹងបណ្ដេញពួកគេចេញពីទឹកដី*របស់ខ្ញុំ ព្រោះតែអំពើអាក្រក់របស់ពួកគេ។+
ខ្ញុំនឹងលែងស្រឡាញ់ពួកគេទៀត។+
ពួកអ្នកគ្រប់គ្រងរបស់ពួកគេ សុទ្ធតែជាមនុស្សរឹងចចេស។
១៦ អេប្រាអ៊ីមនឹងត្រូវកាប់រំលំ+ឫសរបស់ពួកគេនឹងក្រៀមស្វិត ហើយលែងបង្កើតផលទៀត។
ទោះជាពួកគេបង្កើតកូនក្ដី ក៏ខ្ញុំនឹងប្រហារកូនជាទីស្រឡាញ់របស់ពួកគេដែរ»។
១៧ ព្រះរបស់ខ្ញុំនឹងមិនទទួលស្គាល់ពួកគេទេព្រោះពួកគេមិនបានស្ដាប់បង្គាប់លោក។+
ពួកគេនឹងទៅជាជនគេចខ្លួនក្នុងចំណោមប្រជាជាតិទាំងឡាយ។+
កំណត់សម្គាល់
^ ន័យត្រង់«ដំណាក់»