ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ១:១-១៤

  • ព្រះ​បាន​មាន​ប្រសាសន៍​តាម​រយៈ​បុត្រ​លោក (​១​-​៤)

  • បុត្រ​ព្រះ​ខ្ពង់​ខ្ពស់​ជាង​បណ្ដា​ទេវតា (​៥​-​១៤)

 នៅ​អតីតកាល ព្រះ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​ពួក​បុព្វ​បុរស​របស់​យើង​ជា​ច្រើន​លើក​និង​ច្រើន​វិធី តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ។+ ២  នៅ​ចុង​បញ្ចប់​នៃ​គ្រា​នេះ ព្រះ​បាន​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​បុត្រ​របស់​លោក+ ដែល​លោក​បាន​តែង​តាំង​ឲ្យ​ទទួល​អ្វី​ៗ​ទាំង​អស់​ជា​មត៌ក+ ហើយ​តាម​រយៈ​បុត្រ​នោះ លោក​បាន​បង្កើត​អ្វី​ៗ​ក្នុង​សកល​លោក។*+ ៣  បុត្រ​នោះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​សិរី​រុង​រឿង​របស់​ព្រះ+ ហើយ​ក៏​មាន​បុគ្គលិក​លក្ខណៈ​ដូច​ព្រះ​ទាំង​ស្រុង។+ បុត្រ​នោះ​ទ្រ​ទ្រង់​អ្វី​ៗ​ទាំង​អស់​ដោយ​ប្រសាសន៍​ដ៏​មាន​ឫទ្ធានុភាព​របស់​លោក ហើយ​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នៅ​ស្ថាន​សួគ៌+ បន្ទាប់​ពី​បាន​ជម្រះ​យើង​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​ការ​ខុស​ឆ្គង*របស់​យើង។+ ៤  ដូច្នេះ លោក​បាន​ទៅ​ជា​ខ្ពង់​ខ្ពស់​ជាង​បណ្ដា​ទេវតា+ ពី​ព្រោះ​លោក​បាន​ទទួល​មត៌ក ជា​នាម​ដ៏​ប្រសើរ​ជាង​នាម​របស់​ពួក​គេ។+ ៥  ជា​ឧទាហរណ៍ តើ​ព្រះ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​ទេវតា​ណា​ផ្សេង​ទៀត​ឬ​ទេ​ថា​៖ ​«​អ្នក​ជា​បុត្រ​របស់​ខ្ញុំ ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ជា​បិតា​របស់​អ្នក​»​+ ឬ​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ជា​បិតា​របស់​គាត់ ហើយ​គាត់​នឹង​ទៅ​ជា​បុត្រ​របស់​ខ្ញុំ​»​?+ ៦  ប៉ុន្តែ ពេល​ដែល​ព្រះ​ចាត់​បុត្រ​ច្បង​របស់​លោក+ឲ្យ​មក​ឯ​ពិភព​លោក*ម្ដង​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ឲ្យ​ទេវតា​ទាំង​អស់​របស់​ព្រះ​លំឱន​កាយ​គោរព​លោក​»។ ៧  ម្យ៉ាង​ទៀត លោក​មាន​ប្រសាសន៍​អំពី​បណ្ដា​ទេវតា​ថា​៖ ​«​លោក​ធ្វើ​ឲ្យ​ពួក​ទេវតា​របស់​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា* ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​បម្រើ*+របស់​លោក​ទៅ​ជា​អណ្ដាត​ភ្លើង​»។+ ៨  ប៉ុន្តែ លោក​មាន​ប្រសាសន៍​អំពី​បុត្រ​នោះ​ថា​៖ ​«​ព្រះ​ជា​បល្ល័ង្ក​របស់​អ្នក+ជា​រៀង​រហូត​ត​ទៅ ហើយ​ដំបង​រាជ្យ​នៃ​រាជាណាចក្រ​របស់​អ្នក ជា​ដំបង​រាជ្យ​នៃ​សេចក្ដី​ទៀង​ត្រង់។* ៩  អ្នក​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​បាន​ស្អប់​ការ​ប្រឆាំង​ច្បាប់។ ហេតុ​នេះ ព្រះ​ដែល​ជា​ព្រះរបស់អ្នក បានរើស​តាំង​អ្នក+ដោយ​ចាក់​ប្រេង​នៃ​អំណរ​ឲ្យ​អ្នក​ច្រើន​ជាង​ស្ដេច​ឯ​ទៀត​»​*+ ១០  ហើយ​ក៏​ចែង​ដែរ​ថា​៖ ​«​លោក​ម្ចាស់​អើយ នៅ​ដើម​ដំបូង​លោក​បាន​ដាក់​គ្រឹះ​ផែនដី ហើយ​លោក​ក៏​បាន​បង្កើត​មេឃ​ដែរ។ ១១  អ្វី​ទាំង​នោះ​នឹង​កន្លង​បាត់​ទៅ តែ​លោក​នឹង​ស្ថិត​ស្ថេរ​នៅ។ អ្វី​ទាំង​នោះ​នឹង​សឹក​ដាច​អស់​ទៅ​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់ ១២  ហើយ​លោក​នឹង​មូរ​អ្វី​ៗ​ទាំង​អស់​នោះ​ដូច​មូរ​សំពត់​ដណ្ដប់ ហើយ​អ្វី​ៗ​ទាំង​អស់​នោះ​នឹង​ត្រូវ​ផ្លាស់​ដូច​ជា​ផ្លាស់​សម្លៀក​បំពាក់។ ប៉ុន្តែ លោក​នៅ​តែ​ដូច​ដើម ហើយ​ជីវិត​របស់​លោក​គ្មាន​ទី​បញ្ចប់​ឡើយ​»។+ ១៣  ប៉ុន្តែ តើ​ព្រះ​ធ្លាប់​មាន​ប្រសាសន៍​ទៅ​ទេវតា​ណា​ផ្សេង​ទៀត​ឬ​ទេ​ថា​៖ ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក​ជា​កំណល់​កល់​ជើង​អ្នក​»​?+ ១៤  ទេវតា​ទាំង​ឡាយ​សុទ្ធ​តែ​ជា​វិញ្ញាណ ហើយ​ពួក​គេ​ជា​អ្នក​បម្រើ​ព្រះ។+ ព្រះ​ចាត់​ពួក​គេ​ឲ្យ​មក​បម្រើ​អស់​អ្នក​ដែល​លោក​នឹង​សង្គ្រោះ។

កំណត់សម្គាល់

ឬ​«​យុគ​សម័យ​»។ មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
ន័យ​ត្រង់​«​ទី​អាស្រ័យ​នៅ​ផែនដី​»​
ន័យ​ត្រង់​«​លោក​ធ្វើ​ឲ្យ​ពួក​ទេវតា​របស់​លោក​ទៅ​ជា​វិញ្ញាណ​»​
ឬ​«​អ្នក​បម្រើ​សាធារណជន​»​
ឬ​«​យុត្តិធម៌​»​
សំដៅ​លើស្ដេច​ឯ​ទៀត​ក្នុង​តំណ​នៃ​វង្ស​ត្រកូល​ដាវីឌ