ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ១១:១-៤០

  • អត្ថន័យ​នៃ​ជំនឿ (​១, ២)

  • គំរូ​នៃ​ជំនឿ (​៣​-​៤០)

    • បើ​គ្មាន​ជំនឿ​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ទេ (​)

១១  ជំនឿ​គឺ​ជា​ការ​ទុក​ចិត្ត​ដោយ​មាន​ទី​សំអាង​មាំ​មួន​ថា អ្វី​ៗ​នឹង​កើត​ឡើង​ដូច​សង្ឃឹម+ ហើយ​ជា​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន។ ២  ព្រោះ​ដោយ​មាន​ជំនឿ​ដូច​នេះ មនុស្ស​នៅ​សម័យ​បុរាណ​បាន​ទទួល​ការ​បញ្ជាក់​ថា​ព្រះ​ពេញ​ចិត្ត​ពួក​គេ។ ៣  ដោយ​សារ​ជំនឿ យើង​យល់​ឃើញ​ថា​អ្វី​ៗ​ក្នុង​សកល​លោក*បាន​ត្រូវរៀបចំឡើង​ដោយ​ប្រសាសន៍​របស់​ព្រះ។ ហេតុ​នេះ អ្វី​ដែល​យើង​មើល​ឃើញ​បាន​កើតចេញ​ពី​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ ៤  ដោយ​សារ​ជំនឿ អេបិល​បាន​ជូន​គ្រឿង​បូជា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គ្រឿង​បូជា​របស់​កាអ៊ីន+ ហើយ​ដោយ​សារ​ជំនឿ ព្រះ​បាន​បញ្ជាក់​ថា​គាត់​ជា​មនុស្ស​សុចរិត ព្រោះ​លោក​ពេញ​ចិត្ត​អំណោយ​របស់​គាត់។+ ទោះ​ជា​អេបិល​ស្លាប់​ហើយ​ក៏​ដោយ គាត់​នៅ​តែ​និយាយ​នៅ​ឡើយ+ តាម​រយៈ​ជំនឿ​របស់​គាត់។ ៥  ដោយ​សារ​ជំនឿ អេណុក+បាន​ត្រូវ​យក​ចេញ ដើម្បី​កុំ​ឲ្យ​ជួប​សេចក្ដី​ស្លាប់ ហើយ​គេ​មិន​អាច​រក​គាត់​ឃើញ​ឡើយ ពី​ព្រោះ​ព្រះ​បាន​យក​គាត់​ចេញ។+ ប៉ុន្តែ មុន​ពេល​ដែល​គាត់​ត្រូវ​យក​ចេញ ព្រះ​បាន​បញ្ជាក់​ថា​គាត់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ៦  ម្យ៉ាង​ទៀត បើ​គ្មាន​ជំនឿ​ទេ នោះ​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ឡើយ ព្រោះ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ ហើយ​ជឿ​ថា​លោក​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត។+ ៧  ដោយ​សារ​ជំនឿ ពេល​ណូអេ+ទទួល​ការ​ព្រមាន​ពី​ព្រះ​ស្ដី​អំពី​ការ​ដែល​គាត់​មិន​ទាន់​ឃើញ​នៅ​ឡើយ+ នោះ​គាត់​បង្ហាញ​ការ​កោត​ខ្លាច​ចំពោះ​ព្រះ ហើយ​សង់​ទូក​ធំ+ដើម្បី​សង្គ្រោះ​ពួក​អ្នក​ផ្ទះ​របស់​គាត់។ តាម​រយៈ​ជំនឿ គាត់​បាន​បង្ហាញ​ថា​ពិភព​លោក​សម​នឹង​ត្រូវ​បំផ្លាញ​ចោល+ ហើយ​គាត់​បាន​ទទួល​មត៌ក​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។ ៨  ដោយ​សារ​ជំនឿ ពេល​ដែល​អាប្រាហាំ+បាន​ត្រូវ​ហៅ នោះ​គាត់​ស្ដាប់​បង្គាប់​ដោយ​ចេញ​ទៅ​កន្លែង​ដែល​គាត់​ត្រូវ​ទទួល​ជា​មត៌ក។ គាត់​ចាក​ចេញ​ទៅ ទោះ​ជា​គាត់​មិន​បាន​ដឹង​ថា​គាត់​ទៅ​កន្លែង​ណា​ក៏​ដោយ។+ ៩  ដោយ​សារ​ជំនឿ គាត់​បាន​ស្នាក់​នៅ​ជា​ជន​បរទេស​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា+ ក៏​បាន​រស់​នៅ​ក្នុង​ត្រសាល+ជា​មួយ​នឹង​អ៊ីសាក​និង​យ៉ាកុប ជា​អ្នក​ទទួល​សេចក្ដី​សន្យា​ដដែល​នោះ​ជា​មត៌ក​រួម​ជា​មួយ​នឹង​គាត់។+ ១០  ព្រោះ​គាត់​រង់​ចាំ​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត ជា​ក្រុង​ដែល​មាន​ព្រះ​ជា​អ្នក​ចេញ​ប្លង់*និង​ជា​អ្នក​បង្កើត។+ ១១  ដោយ​សារ​ជំនឿ សារ៉ា​បាន​ទទួល​សមត្ថភាព​មាន​ផ្ទៃ​ពោះ​បង្កើត​កូន* ទោះ​ជា​នាង​ហួស​អាយុ​នឹង​បង្កើត​កូន​ក៏​ដោយ+ ពី​ព្រោះ​នាង​ចាត់​ទុក​ថា​លោក​ដែល​បាន​សន្យា​ការ​នោះ​គឺ​ស្មោះ​ត្រង់។* ១២  ម្ល៉ោះ​ហើយ ពី​បុរស​តែ​ម្នាក់​ដែល​ប្រៀប​ដូច​ជា​ស្លាប់+ មាន​កូន​កើត​មក+ដែល​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដែល​រាប់​មិន​អស់​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។+ ១៣  អ្នក​ទាំង​អស់​នោះ​បាន​ស្លាប់​ដោយ​មាន​ជំនឿ ទោះ​ជា​ពួក​គេ​មិន​បាន​ទទួល​អ្វី​ដែល​បាន​ត្រូវ​សន្យា​ក៏​ដោយ។+ ប៉ុន្តែ ពួក​គេ​បាន​ឃើញ​ការ​នោះ​ពី​ចម្ងាយ+ ហើយ​បាន​រីករាយ​នឹង​ការ​នោះ ថែម​ទាំង​បាន​ប្រកាស​ជា​ចំហ​ថា ពួក​គេ​ជា​ជន​បរទេស​និង​ជា​អ្នក​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ស្រុក។ ១៤  ព្រោះ​មនុស្ស​ដែល​និយាយ​ដូច្នោះ បញ្ជាក់​ថា​ពួក​គេ​កំពុង​ស្វែង​រក​យ៉ាង​អស់​ពី​ចិត្ត​នូវ​កន្លែង​ដែល​នឹង​ទៅ​ជា​របស់​ខ្លួន។ ១៥  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ប្រសិន​បើ​ពួក​គេ​បន្ត​នឹក​នា​ដល់​កន្លែង​ដែល​ពួក​គេ​បាន​ចាក​ចេញ+ ពួក​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ។ ១៦  ប៉ុន្តែ ពួក​គេ​កំពុង​ខំ​ព្យាយាម​ដើម្បី​ឲ្យ​បាន​កន្លែង​ដែល​ប្រសើរ​ជាង ជា​កន្លែង​របស់​ស្ថាន​សួគ៌។ ដូច្នេះ ព្រះ​មិន​អៀន​ខ្មាស​ទេ​ដែល​លោក​បាន​ត្រូវ​ហៅ​ថា​ជា​ព្រះ​របស់​ពួក​គេ+ ព្រោះ​លោក​បាន​រៀបចំ​ក្រុង​មួយ​សម្រាប់​ពួក​គេ។+ ១៧  ដោយ​សារ​ជំនឿ ពេល​ដែល​អាប្រាហាំ​បាន​ត្រូវ​ល្បង​ល+ គាត់​បាន​បង្ហាញ​ជំនឿ​របស់​គាត់​ដោយ​បម្រុង​នឹង​បូជា​អ៊ីសាក ពោល​គឺ​អាប្រាហាំ​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ដោយ​អំណរ ហៀប​នឹង​បូជា​កូន​ប្រុស​តែ​មួយ​របស់​គាត់+ ១៨  ទោះ​ជា​ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​អ្នក​ដែល​នឹង​ត្រូវ​ហៅ​ថា​កូន​ចៅ*របស់​អ្នក នឹង​កើត​ពី​អ៊ីសាក​»​ក៏​ដោយ។+ ១៩  ប៉ុន្តែ គាត់​យល់​ឃើញ​ថា ព្រះ​អាច​ប្រោស​ឲ្យ​អ៊ីសាក​រស់​ឡើង​វិញ សូម្បី​តែ​ស្លាប់​ទៅ​ហើយ។ រួច​គាត់​បាន​ទទួល​អ៊ីសាក​ពី​សេចក្ដី​ស្លាប់​ក្នុង​ន័យ​ធៀប​មែន។+ ២០  ដោយ​សារ​ជំនឿ អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប+និង​អេសាវ+ស្ដី​អំពី​អ្វី​ៗ​នៅ​ថ្ងៃ​មុខ។ ២១  ដោយ​សារ​ជំនឿ ពេល​ដែល​យ៉ាកុប​ជិត​ស្លាប់+ គាត់​ឲ្យ​ពរ​ដល់​កូន​ប្រុស​ម្នាក់​ៗ​របស់​យ៉ូសែប+ រួច​លំឱន​កាយ​គោរព​ព្រះ*កាល​ដែល​ច្រត់​លើ​ដំបង​របស់​គាត់។+ ២២  ដោយ​សារ​ជំនឿ ពេល​ដែល​យ៉ូសែប​ជិត​ស្លាប់ គាត់​និយាយ​អំពី​ការ​ចាក​ចេញ​របស់​កូន​ចៅ​អ៊ីស្រាអែល ហើយ​គាត់​ឲ្យ​បង្គាប់​ដល់​ពួក​គេ​ស្ដី​អំពី​ឆ្អឹង​របស់​គាត់។+ ២៣  ដោយ​សារ​ជំនឿ ឪពុក​ម្ដាយ​របស់​ម៉ូសេ​បាន​លាក់​គាត់​អស់​បី​ខែ+ក្រោយ​ពី​គាត់​បាន​កើត​មក ពី​ព្រោះ​ពួក​គាត់​ឃើញ​ថា​កូន​តូច​នោះ​ស្អាត​ណាស់+ ហើយ​ពួក​គាត់​មិន​ខ្លាច​បង្គាប់​របស់​ស្ដេច​ទេ។+ ២៤  ដោយ​សារ​ជំនឿ ពេល​ដែល​ម៉ូសេ​ធំ​ពេញ​វ័យ+ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​គាត់​ថា​ជា​កូន​របស់​កូន​ស្រី​ផារ៉ូ​ឡើយ។+ ២៥  គាត់​សម្រេច​ចិត្ត​ឲ្យ​គេ​ធ្វើ​បាប​គាត់​ជា​មួយ​នឹង​រាស្ដ្រ​របស់​ព្រះ ជា​ជាង​សប្បាយ​មួយ​រយៈ​ពេល​ខ្លី​នឹង​អំពើ​ខុស​ឆ្គង ២៦  ដោយ​សារ​គាត់​ចាត់​ទុក​ការ​រង​ការ​ជេរ​ប្រមាថ​ក្នុងនាម​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង*ថា ជា​ទ្រព្យ​វិសេស​ជាង​ទ្រព្យ​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប ព្រោះ​គាត់​សម្លឹង​ចំ​ទៅ​រង្វាន់។ ២៧  ដោយ​សារ​ជំនឿ គាត់​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ តែ​មិន​មែន​ដោយ​ខ្លាច​កំហឹង​របស់​ស្ដេច​ទេ+ ព្រោះ​គាត់​បន្ត​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់ ហាក់​ដូច​ជា​មើល​ឃើញ​ព្រះ​ដែល​មនុស្ស​មើល​មិន​ឃើញ។+ ២៨  ដោយ​សារ​ជំនឿ គាត់​បាន​ធ្វើ​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​ទេវតា​របស់​ព្រះ​ប៉ះ​ពាល់​កូន​ច្បង​របស់​ពួក​គេ។+ ២៩  ដោយ​សារ​ជំនឿ ពួក​គេ​បាន​ដើរ​កាត់​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក។+ ប៉ុន្តែ ពេល​ដែល​ជន​ជាតិ​អេហ្ស៊ីប​ដេញ​តាម នោះ​ទឹក​សមុទ្រ​បាន​លេប​ពួក​គេ​បាត់។+ ៣០  ដោយ​សារ​ជំនឿ ជន​ជាតិ​អ៊ីស្រាអែល​បាន​ដើរ​ជុំវិញ​កំពែង​ក្រុង​យេរីខូ​អស់​៧​ថ្ងៃ ហើយ​កំពែង​នោះ​បាន​រលំ។+ ៣១  ដោយ​សារ​ជំនឿ រ៉ាហាប​ដែល​ជា​ស្រី​ពេស្យា​មិន​បាន​វិនាស​ជីវិត​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើបការណ៍​ដោយ​រាក់​ទាក់។+ ៣២  តើ​ខ្ញុំ​គួរ​រៀប​រាប់​អំពី​អ្នក​ណា​ទៀត? ព្រោះ​គ្មាន​ពេល​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​រៀប​រាប់​អំពី​គេឌាន+ បារ៉ាក់+ សាំសុន+ យែបថា+ ដាវីឌ+ ព្រម​ទាំង​សាំយូអែល+ និង​ពួក​អ្នក​ប្រកាស​ទំនាយ​ឯ​ទៀត​ទេ ៣៣  ព្រោះ​តាម​រយៈ​ជំនឿ ពួក​គេ​បាន​ច្បាំង​ឈ្នះ​រាជាណាចក្រ​ផ្សេង​ៗ​+ បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត បាន​ទទួល​សេចក្ដី​សន្យា+ បាន​បិទ​មាត់​តោ+ ៣៤  បាន​ទប់​កម្ដៅ​ភ្លើង+ បាន​រួច​ពី​មុខ​ដាវ+ ធ្លាប់​ខ្សោយ​តែ​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា+ បាន​ទៅ​ជា​អ្នក​ច្បាំង​អង់អាច​ក្នុង​សង្គ្រាម+ និង​បាន​បំបាក់​ទ័ព​ឈ្លានពាន។+ ៣៥  ស្ត្រី​ខ្លះ​បាន​ទទួល​អស់​អ្នក​ដែល​ស្លាប់​មក​វិញ តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ប៉ុន្តែ បុរស​ឯ​ទៀត​ត្រូវ​គេ​ធ្វើ​ទារុណកម្ម ដោយ​សារ​ពួក​គេ​មិន​ព្រម​លះ​បង់​ជំនឿ​ដើម្បី​ឲ្យ​រួច​ខ្លួន​ទេ។ យ៉ាង​នេះ ពួក​គេ​អាច​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​ប្រសើរ​ជាង។ ៣៦  ចំណែក​អ្នក​ឯ​ទៀត​បាន​ត្រូវ​ល្បង​ល​ដោយ​ការ​ចំអក​មើល​ងាយ ត្រូវ​គេ​វាយ ថែម​ទាំង​ត្រូវ​គេ​ដាក់​គុក​ដាក់​ច្រវាក់​ទៀត​ផង។+ ៣៧  ពួក​គេ​ត្រូវ​គេ​គប់​នឹង​ថ្ម+ ត្រូវ​គេ​ល្បង​ល ត្រូវ​គេ​អារ​បណ្ដាច់​ខ្លួន និង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ។+ ពួក​គេ​ស្លៀក​រោម​ចៀម​និង​រោម​ពពែ+ ក៏​បាន​ខ្វះ​ខាត រង​ទុក្ខ​លំបាក+ និង​ត្រូវ​គេ​ធ្វើ​បាប+ ៣៨  ហើយ​ពិភព​លោក​មិន​សម​នឹង​ពួក​គេ​ឡើយ។ ពួក​គេ​រស់​នៅ​តាម​រអាង+ តំបន់​ស្ងាត់​ជ្រងំ ភ្នំ និង​រូង​ដី។ ៣៩  ប៉ុន្តែ អ្នក​ទាំង​អស់​នោះ​មិន​បាន​ទទួល​អ្វី​ដែល​ព្រះ​បាន​សន្យា​ទេ ទោះ​ជា​លោក​បាន​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​ពួក​គេ​ក៏​ដោយ។ ៤០  ពួក​គេ​មិន​អាច​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​មុន​យើង​ទេ*+ ព្រោះ​ព្រះ​ឃើញ​ទុក​ជា​មុន​នូវ​អ្វី​ដែល​ប្រសើរ​ជាង​សម្រាប់​យើង។

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​
ឬ​«​ស្ថាបត្យករ​»​
ឬ​«​គួរ​ឲ្យ​ទុក​ចិត្ត​»​
ន័យ​ត្រង់​«​ពូជ​»​
ន័យ​ត្រង់​«​ពូជ​»​
ឬ​«​គោរព​ប្រណិប័តន៍​ព្រះ​»​
ន័យ​ត្រង់​«​គ្រិស្ត​»។ មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​
ន័យ​ត្រង់​«​ដោយ​គ្មាន​យើង​ទេ​»​