ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ១២:១-២៩

  • លោក​យេស៊ូ​ជា​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ (​១​-​៣)

    • មាន​សាក្សី​មួយ​ក្រុម​ធំ (​)

  • កុំ​មើល​ងាយ​ការ​ប្រដៅ​ពី​ព្រះ​យេហូវ៉ា (​៤​-​១១)

  • ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា (​១២​-​១៧)

  • ការ​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ស្ថាន​សួគ៌ (​១៨​-​២៩)

១២  ដូច្នេះ ដោយ​សារ​មាន​សាក្សី​មួយ​ក្រុម​ធំ*យ៉ាង​នេះ​នៅ​ជុំវិញ​យើង ចូរ​យើង​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​ធ្ងន់ និង​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​នោះ+ ហើយ​ចូរ​យើង​រត់​ដោយ​ស៊ូ​ទ្រាំ​ក្នុង​ការ​ប្រណាំង​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង។+ ២  ដំណាល​គ្នា​នោះ យើង​សម្លឹង​មើល​ទៅ​លោក​យេស៊ូ ជា​មេ​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ជំនឿ និង​ដែល​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​បាន​ពេញ​លក្ខណៈ។+ ដោយ​សារ​អំណរ​ដែល​នៅ​ខាង​មុខ​លោក លោក​បាន​ស៊ូ​ទ្រាំ​លើ​បង្គោល​ទារុណកម្ម* ក៏​មិន​បាន​អាម៉ាស់​ខ្មាស​ដែរ ហើយ​ឥឡូវ​លោក​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​នៃព្រះ។+ ៣  ចូរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​អំពី​លោក​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​សម្ដី​ប្រឆាំង​ពី​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+ ជា​សម្ដី​ដែល​ពួក​គេ​ផ្ដន្ទា​ទោស​ខ្លួន​ឯង។ ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​ល្វើយ ហើយ​មិន​ឈប់​ព្យាយាម។+ ៤  ក្នុង​ការ​ត​ស៊ូ​នឹង​ភាព​ខុស​ឆ្គង​នោះ អ្នក​រាល់​គ្នា​មិន​ទាន់​ត​ស៊ូ​រហូត​ដល់​ស្លាប់​ទេ។ ៥  ម្យ៉ាង​ទៀត អ្នក​រាល់​គ្នា​បាន​ភ្លេច​ទាំង​ស្រុង​នូវ​ដំបូន្មាន​ទៅ​កាន់​អ្នក​រាល់​គ្នា ដូច​ជា​ពាក្យ​ទូន្មាន​របស់​ឪពុក​ទៅ​កាន់​កូន​ថា​៖ ​«​កូន​អើយ កុំ​មើល​ងាយ​ការ​ប្រដៅ​ពី​ព្រះ​យេហូវ៉ា*ឡើយ ហើយ​កុំ​ឈប់​ព្យាយាម ពេល​ដែល​លោក​កែ​តម្រង់​កូន។ ៦  ព្រោះ​ព្រះ​យេហូវ៉ា*ប្រៀន​ប្រដៅ​អស់​អ្នក​ដែល​លោក​ស្រឡាញ់ តាម​ការ​ពិត អស់​អ្នក​ដែល​លោក​ទទួល​ជា​កូន លោក​វាយ​នឹង​រំពាត់​»។+ ៧  អ្នក​រាល់​គ្នា​ត្រូវ​ស៊ូ​ទ្រាំ ព្រោះ​នោះ​ទុក​ជា​ការ​ប្រៀន​ប្រដៅ។* ព្រះ​កំពុង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​កូន។+ តើ​មាន​ឪពុក​ណា​ដែល​មិន​ប្រៀន​ប្រដៅ​កូន​ឬ​ទេ?+ ៨  ក៏​ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ទទួល​ការ​ប្រៀន​ប្រដៅ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ស្រប​ច្បាប់ ហើយ​មិន​មែន​ជា​កូន​ពិត​ទេ។ ៩  ម្យ៉ាង​ទៀត យើង​មាន​ឪពុក​ជា​មនុស្ស​ដែល​ធ្លាប់​ប្រដៅ​យើង ហើយ​យើង​បាន​គោរព​ពួក​គាត់ ទម្រាំ​តែ​បិតា​ដែល​ណែនាំ​ជីវិត​យើង​ដោយ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​ឲ្យ​យើង​នៅ​រស់ យើង​ក៏​ត្រូវចុះ​ចូល​នឹង​លោក​ជាង​នោះ​ទៅ​ទៀត មែន​ទេ?+ ១០  ព្រោះ​អស់​មួយ​រយៈ​ពេល​ខ្លី ពួក​គាត់​ធ្លាប់​ប្រៀន​ប្រដៅ​យើង​តាម​តែ​ពួក​គាត់​គិត​ថា​ល្អ តែ​ព្រះ​ប្រៀន​ប្រដៅ​យើង​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​រួម​ចំណែក​ក្នុង​សេចក្ដី​បរិសុទ្ធ​របស់​លោក។+ ១១  ពិត​មែន ពេល​ទទួល​ការ​ប្រៀន​ប្រដៅ នោះ​ធ្វើ​ឲ្យ​កើត​ទុក្ខ* មិន​មែន​ធ្វើ​ឲ្យ​មាន​អំណរ​ទេ។ ប៉ុន្តែ ក្រោយ​មក​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ប្រៀន​ប្រដៅ​នោះ នឹង​ទទួល​ផល​ជា​សេចក្ដី​សុខ​សាន្ត​និង​របៀប​រស់​នៅ​ដ៏​សុចរិត។ ១២  ដូច្នេះ ចូរ​ធ្វើ​ឲ្យ​ដៃ​ដែល​ស្រយុត​និង​ជង្គង់​ដែល​ទន់​បាន​មាំ​មួន​ឡើង+ ១៣  ហើយ​ចូរ​បន្ត​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា+ ដើម្បី​កុំ​ឲ្យ​អវយវៈ​ដែល​របួស​នោះ​ភ្លាត់​ឆ្អឹង តែ​ដើម្បី​ឲ្យ​ជា​ឡើង​វិញ។ ១៤  ចូរ​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់+ ហើយ​ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​បរិសុទ្ធ+ ព្រោះ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​បរិសុទ្ធ អ្នក​នោះ​នឹង​មិន​ឃើញ​លោក​ម្ចាស់​ទេ។ ១៥  ចូរ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​បាត់​បង់​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ដើម្បី​កុំ​ឲ្យ​ឫស​ដែល​មាន​ពិស​ពុល​អាច​ដុះ​ឡើង​បង្កើត​បញ្ហា ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មោក​គ្រោក។+ ១៦  ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​អ្នក​ណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* ឬ​មាន​អ្នក​ណា​ដែល​មិន​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពិសិដ្ឋ ដូច​អេសាវ​នោះ​ឡើយ ព្រោះ​គាត់​បាន​ប្រគល់​សិទ្ធិ​ជា​កូន​ច្បង​ដើម្បី​ប្ដូរ​យក​អាហារ​តែ​មួយ​ពេល។+ ១៧  ពី​ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា ក្រោយ​មក​ពេល​ដែល​គាត់​ចង់​ទទួល​ពរ​នោះ​ជា​មត៌ក គាត់​បាន​ត្រូវ​បដិសេធ។ ទោះ​ជា​គាត់​ស្រក់​ទឹក​ភ្នែក ហើយ​ខំ​ប្រឹង​អស់​ពី​ចិត្ត​ដើម្បី​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​ក៏​ដោយ+ គាត់​ធ្វើ​មិន​បាន​សម្រេច​ទេ។ ១៨  ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ចូល​ទៅ​ជិត​ភ្នំ​មួយ​ដែល​អ្នក​រាល់​គ្នា​អាច​ពាល់​បាន+ ហើយ​ជា​ភ្នំ​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆេះ+ មាន​ពពក​ខ្មៅ មាន​ភាព​ងងឹត​សូន្យសុង និង​មាន​ព្យុះ​បក់​បោក​ទេ+ ១៩  ហើយ​ក៏​មិន​បាន​ចូល​ទៅ​ជិត​ភ្នំ​នោះ​ដែល​មាន​សំឡេង​ត្រែ+ និង​មាន​សំឡេង​មួយ​បន្លឺ​ទៅ​កាន់​ពួក​គេ​ដែរ។+ ក្រោយ​ពី​ឮ​សំឡេង​នោះ​ហើយ ពួក​គេ​អង្វរ​សុំ​កុំ​ឲ្យ​សំឡេង​នោះ​បន្លឺ​ទៅ​កាន់​ពួក​គេ​ទៀត។+ ២០  ព្រោះ​ពួក​គេ​ខ្លាច​បង្គាប់​ដែល​ថា​៖ ​«​ប្រសិន​បើ​មាន​សត្វ​ណា​ប៉ះ​ភ្នំ​នេះ ត្រូវ​គប់​ថ្ម​សម្លាប់​សត្វ​នោះ​ចោល​»។+ ២១  ម្យ៉ាង​ទៀត ការ​នោះ​គួរ​ឲ្យ​ខ្លាច​ដល់​ម្ល៉េះ​បាន​ជា​ម៉ូសេ​និយាយ​ថា​៖ ​«​ខ្ញុំ​ភ័យ​ខ្លាច ក៏​ញ័រ​រន្ធត់​ផង​»។+ ២២  ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ​ស៊ីយ៉ូន+ និង​ក្រុង​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​ក្រុង​យេរូសាឡិម​នា​ស្ថាន​សួគ៌+ ព្រម​ទាំង​ទេវតា​ជា​ច្រើន​អនេក*ដែល​នៅ​ជុំ​គ្នា+ ២៣  និង​ក្រុម​ជំនុំ​របស់​បុត្រ​ច្បង​ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​សួគ៌ ព្រម​ទាំង​ព្រះ​ដែល​ជា​ចៅ​ក្រម​របស់​បុគ្គល​គ្រប់​រូប+ និង​មនុស្ស​សុចរិត​ដែល​បាន​កើត​ពី​ឫទ្ធានុភាព+ ហើយ​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ+ ២៤  និង​លោក​យេស៊ូ​ជា​អ្នក​សម្រុះ​សម្រួល+កិច្ច​ព្រម​ព្រៀង​ថ្មី+ ព្រម​ទាំង​ឈាម​ដែល​លោក​បាន​ប្រោះ​មក​លើ​យើង ជា​ឈាម​ដែល​និយាយ​អំពី​អ្វី​ដែល​ប្រសើរ​ជាង​ឈាម​របស់​អេបិល។+ ២៥  ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​រក​លេស​មិន​ស្ដាប់​បង្គាប់​លោក​ដែល​កំពុង​មាន​ប្រសាសន៍​ឡើយ។ ព្រោះ​ប្រសិន​បើ​អស់​អ្នក​ដែល​បាន​រក​លេស​មិន​ស្ដាប់​បង្គាប់​អ្នក​ដែល​ប្រាប់​សេចក្ដី​ព្រមាន​របស់​ព្រះ​នៅ​ផែនដី ពួក​គេ​មិន​អាច​គេច​ពី​ទោស​នៅ​ពេល​នោះ ទម្រាំ​តែ​យើង​វិញ យើង​ច្បាស់​ជា​មិន​អាច​គេច​ពី​ទោស​បាន​ឡើយ ប្រសិន​បើ​យើង​បែរ​ចេញ​ពី​លោក​ដែល​មាន​ប្រសាសន៍​ចេញ​ពី​ស្ថាន​សួគ៌!+ ២៦  នៅ​ពេល​នោះ សំឡេង​របស់​លោក​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ+ ប៉ុន្តែ​ឥឡូវ​លោក​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​អង្រួន​មេឃ​និង​ផែនដី​ម្ដង​ទៀត​»។+ ២៧  ពាក្យ​ថា​«​ម្ដង​ទៀត​»​ បញ្ជាក់​អំពី​ការ​ដក​ចេញ​នូវ​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ ជា​អ្វី​ដែល​បាន​ត្រូវ​បង្កើត ដើម្បី​ឲ្យ​អ្វី​ដែល​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ​នៅ​ស្ថិត​ស្ថេរ។ ២៨  យើង​ឃើញ​ថា​យើង​នឹង​ទទួលរាជាណាចក្រ​ដែល​មិន​អាច​ត្រូវ​ធ្វើ​ឲ្យ​រញ្ជួយ​ឡើយ។ ហេតុ​នេះ ចូរ​យើង​បន្ត​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​ជា​និច្ច ហើយ​តាម​រយៈ​គុណ​ដ៏​វិសេស​លើស​លប់​នោះ យើង​អាច​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ យើង​ធ្វើ​ដូច្នេះ​ដោយ​កោត​ខ្លាច​និង​ស្ញប់​ស្ញែង។ ២៩  ព្រោះ​ព្រះ​របស់​យើង​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ពួក​សាក្សី​ដូច​ជា​ពពក​មួយ​យ៉ាង​ធំ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ទារុណកម្ម​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​ការ​បង្ហាត់​បង្រៀន​»​
ឬ​«​ឈឺ​ចិត្ត​»​
មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
ឬ​«​ទេវតា​រាប់​ម៉ឺន​»​