ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ១៣:១-២៥

  • ការ​លើក​ទឹក​ចិត្ត​និង​ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ​ចុង​ក្រោយ (​១​-​២៥)

    • កុំ​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ (​)

    • ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ (​)

    • ចូរ​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​នាំ​មុខ (​, ១៧)

    • ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា (​១៥, ១៦)

១៣  ចូរ​បន្ត​ស្រឡាញ់​គ្នា​ជា​បង​ប្អូន។+ ២  កុំ​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់*+ ព្រោះ​ការ​ធ្វើ​បែប​នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា​ដោយ​មិន​ដឹង​ខ្លួន។+ ៣  ចូរ​ចាំ​ជា​និច្ច​អំពី​ពួក​អ្នក​ដែល​ជាប់​គុក+ ហាក់​ដូច​ជា​ខ្លួន​អ្នក​កំពុង​ជាប់​គុក​ជា​មួយ​នឹង​ពួក​គេ​ដែរ+ ហើយ​ចូរ​ចាំ​ជា​និច្ច​អំពី​ពួក​អ្នក​ដែល​កំពុង​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​អ្នក​រាល់​គ្នា​នៅ​ក្នុង​រូប​កាយ​តែ​មួយ។* ៤  ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​ចូរ​ឲ្យ​ការ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​ឥត​សៅហ្មង+ ព្រោះ​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*និងអ្នក​ផិត​ក្បត់។+ ៥  ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ពី​ការ​ស្រឡាញ់​ប្រាក់+ ហើយ​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន។+ ព្រោះ​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ហើយ​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»។+ ៦  ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ ​«​ព្រះ​យេហូវ៉ា*ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វីដល់​ខ្ញុំ?​»។+ ៧  ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​អ្នក​រាល់​គ្នា+ ជា​អ្នក​ដែល​បាន​ប្រាប់​បណ្ដាំ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​ពេល​ពិចារណា​មើល​ការ​ប្រព្រឹត្ត​ល្អ​របស់​ពួក​គាត់ ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់។+ ៨  លោក​យេស៊ូ​គ្រិស្ត​គឺ​នៅ​ដដែល ម្សិលមិញ ថ្ងៃ​នេះ និង​ជា​រៀង​រហូត​ត​ទៅ។ ៩  ចូរ​កុំ​បែរ​ចេញ​ទៅ​តាម​សេចក្ដី​បង្រៀន​ចម្លែក​ផ្សេង​ៗ​ឡើយ ព្រោះ​អ្វី​ដែល​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រឹង​មាំ*គឺ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ មិន​មែន​ម្ហូប​អាហារ*ទេ ដោយ​សារ​ពួក​អ្នក​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ម្ហូប​អាហារ ពួក​គេ​មិន​ទទួល​ប្រយោជន៍​ឡើយ។+ ១០  យើង​មាន​ទី​បូជា​មួយ តែ​មនុស្ស​ដែល​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​នៅ​ត្រសាល គ្មាន​សិទ្ធិ​បរិភោគ​គ្រឿង​បូជា​ពី​ទី​បូជា​នោះ​ទេ។+ ១១  ព្រោះ​សម្ដេច​សង្ឃ​បានយក​ឈាម​សត្វ​ចូល​ក្នុង​កន្លែង​បរិសុទ្ធ​សម្រាប់​ការ​ខុស​ឆ្គង ប៉ុន្តែ​ខ្មោច​សត្វ​ត្រូវ​ដុត​ចោល​ខាង​ក្រៅ​ជំរំ​វិញ។+ ១២  ដូច​គ្នា​ដែរ លោក​យេស៊ូ​បាន​រង​ទុក្ខ​នៅ​ខាង​ក្រៅ​ទ្វារ​ក្រុង+ ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ជន​បាន​បរិសុទ្ធ​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់។+ ១៣  ដូច្នេះ ចូរ​យើង​ទៅ​ឯ​លោក​នៅ​ខាង​ក្រៅ​ជំរំ ហើយ​រង​ការ​ជេរ​ប្រមាថ​ដែល​លោក​បាន​រង+ ១៤  ព្រោះ​យើង​មិន​មាន​ក្រុង​មួយ​ដែល​ស្ថិត​ស្ថេរ​ទេ តែ​យើង​កំពុង​ទន្ទឹង​រង់​ចាំ​ក្រុង​ដែល​នឹង​មាន​នៅ​ថ្ងៃ​មុខ​ដោយ​ចិត្ត​រំភើប។+ ១៥  ដូច្នេះ តាម​រយៈ​លោក​យេស៊ូ ចូរ​យើង​ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ជា​និច្ច+ ពោល​គឺ​ផល​នៃ​បបូរ​មាត់+ ដែល​ប្រកាស​ប្រាប់​នាម​របស់​លោក​ដល់​អ្នក​ឯ​ទៀត។+ ១៦  ម្យ៉ាង​ទៀត កុំ​ភ្លេច​ធ្វើ​ការ​ល្អ ហើយ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត+ ព្រោះ​ព្រះ​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នេះ។+ ១៧  ចូរ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា+ ព្រោះ​ពួក​គាត់​កំពុង​ថែ​រក្សា​អ្នក​រាល់​គ្នា ហើយ​ពួក​គាត់​នឹង​ទទួល​ខុស​ត្រូវ​អំពី​របៀប​ដែល​ពួក​គាត់​បាន​ធ្វើ​ការ​នោះ។+ ដូច្នេះ ពួក​គាត់​អាច​ធ្វើ​ការ​នោះ​ដោយ​មាន​អំណរ មិន​មែន​ដោយ​ដក​ដង្ហើម​ធំ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង់​ប្រយោជន៍។ ១៨  ចូរ​បន្ត​អធិដ្ឋាន​ឲ្យ​យើង ព្រោះ​យើង​ជឿ​ជាក់​ថា​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​នឹង​មិន​ផ្ដន្ទា​ទោស​យើង​ទេ ដោយ​សារ​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់។+ ១៩  ប៉ុន្តែ ជា​ពិសេស ខ្ញុំ​សូម​ជំរុញ​ចិត្ត​អ្នក​រាល់​គ្នា​អធិដ្ឋាន​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​មក​ឯ​អ្នក​រាល់​គ្នា​ឆាប់​ៗ។ ២០  សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ដែល​បាន​ប្រោស​គង្វាល​ដ៏​ឧត្ដុង្គ​ឧត្ដម+ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​លោក​យេស៊ូ​ជា​ម្ចាស់​របស់​យើង ដោយ​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​សុពលភាព​ជា​ដរាប ២១  ផ្ដល់​អ្វី​ល្អ​ៗ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត សូម​ព្រះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត។ សូម​ឲ្យ​លោក​មាន​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។ ២២  បង​ប្អូន​អើយ ឥឡូវ​ខ្ញុំ​សូម​អ្នក​រាល់​គ្នា​មេត្តា​ស្ដាប់​ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​នេះ ព្រោះ​ខ្ញុំ​បាន​សរសេរ​សំបុត្រ​មួយ​យ៉ាង​ខ្លី​ទៅ​កាន់​អ្នក​រាល់​គ្នា។ ២៣  ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ធីម៉ូថេ​ដែល​ជា​បង​ប្អូន​របស់​យើង​បាន​ត្រូវ​ដោះ​លែង​ហើយ។ ប្រសិន​បើ​គាត់​មក​ឆាប់​ៗ នោះ​ខ្ញុំ​នឹង​ទៅ​ជួប​អ្នក​រាល់​គ្នា​ជា​មួយ​នឹង​គាត់។ ២៤  សូម​ផ្ដាំ​សួរ​សុខ​ទុក្ខ​អស់​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា និង​ពួក​អ្នក​បរិសុទ្ធ​ទាំង​អស់។ អស់​អ្នក​នៅ​ស្រុក​អ៊ីតាលី+ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​រាល់​គ្នា​ដែរ។ ២៥  សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់។

កំណត់សម្គាល់

ឬ​«​ដោយ​ចិត្ត​សប្បុរស​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​រង​ទុក្ខ​ជា​មួយ​នឹង​ពួក​គេ​»​
មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ពោល​គឺ​ច្បាប់​អំពី​អាហារ
ន័យ​ត្រង់​«​ចិត្ត​របស់​អ្នក​បាន​ត្រូវ​ពង្រឹង​»​