ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ៤:១-១៦

  • កុំ​បាត់​ឱកាស​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ (​១​-​១០)

  • ចូរ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ (​១១​-​១៣)

    • បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ (​១២)

  • លោក​យេស៊ូ​ជា​សម្ដេច​សង្ឃ​ដ៏​ឧត្តុង្គ​ឧត្តម (​១៤​-​១៦)

 ដូច្នេះ ដោយ​សារ​នៅ​មាន​សេចក្ដី​សន្យា​ដែល​ថា រាស្ត្រ​របស់​ព្រះ​នឹង​ចូល​ក្នុង​ការ​សម្រាក​របស់​លោក ចូរ​យើង​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ណា​ម្នាក់​បាត់​បង់​សេចក្ដី​សន្យា​នោះ។+ ២  ព្រោះ​យើង​បាន​ឮ​ដំណឹង​ល្អ+ ដូច​ពួក​បុព្វ​បុរស​របស់​យើង​បាន​ឮ​ដែរ។ ប៉ុន្តែ បណ្ដាំ​ដែល​ពួក​គាត់​បាន​ឮ មិន​មាន​ប្រយោជន៍​ដល់​ពួក​គាត់​ឡើយ ពី​ព្រោះ​ពួក​គាត់​មិន​មាន​ជំនឿ​ដូច​ពួក​អ្នក​ដែល​បាន​ស្ដាប់​បង្គាប់​ទេ។ ៣  ក៏​ប៉ុន្តែ យើង​ដែល​បង្ហាញ​ជំនឿ បាន​ចូល​ក្នុង​ការ​សម្រាក​នោះ។ ចំណែក​ពួក​គេ​វិញ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​នេះ ខ្ញុំ​ខឹង​ខ្លាំង​ណាស់​ទាំង​ស្បថ​ថា​៖ ‹ពួក​គេ​នឹង​មិន​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ឡើយ›​»។+ លោក​មាន​ប្រសាសន៍​ដូច្នេះ ទោះ​ជា​លោក​បាន​សម្រាក ក្រោយ​ពី​លោក​បញ្ចប់​កិច្ច​ការ​របស់​លោក​តាំង​ពី​កំណើត​ពិភព​លោក​ក៏​ដោយ។+ ៤  ព្រោះ​នៅ​បទ​គម្ពីរ​មួយ លោក​មាន​ប្រសាសន៍​អំពី​ថ្ងៃ​ទី​៧​ថា​៖ ​«​ព្រះ​បាន​សម្រាក​ពី​កិច្ច​ការ​ទាំង​អស់​របស់​លោក​នៅ​ថ្ងៃ​ទី​៧​»​+ ៥  ហើយ​លោក​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​ពួក​គេ​នឹង​មិន​ចូល​ក្នុង​ការ​សម្រាក​របស់​ខ្ញុំ​ឡើយ​»។+ ៦  ដូច្នេះ ពួក​អ្នក​ដែល​បាន​ឮ​ដំណឹង​ល្អ​នៅ​ដើម​ដំបូង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​ទេ ពី​ព្រោះ​ពួក​គេ​មិន​ស្ដាប់​បង្គាប់ តែ​អ្នក​ខ្លះ​ទៀត​នៅ​តែ​មាន​ឱកាស​ចូល​ទៅ។+ ៧  ហេតុ​នេះ ជា​យូរ​ក្រោយ​មក​ព្រះ​បាន​កំណត់​ថ្ងៃ​មួយ​ម្ដង​ទៀត​ក្នុង​បទ​ចម្រៀង​របស់​ដាវីឌ ដោយ​ប្រើ​ពាក្យ​ថា​«​ថ្ងៃ​នេះ​»​ ដូច​ដែល​បាន​រៀប​រាប់​ក្នុង​សំបុត្រ​នេះ​ថា​៖ ​«​ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ដាប់​សំឡេង​របស់​លោក កុំ​មាន​ចិត្ត​រឹង​ចចេស​»។+ ៨  ព្រោះ​ប្រសិន​បើ​យ៉ូស្វេ+បាន​នាំ​ពួក​គេ​ទៅ​កន្លែង​សម្រាក នោះ​ក្រោយ​មក​ព្រះ​មិន​បាន​មាន​ប្រសាសន៍​អំពី​ថ្ងៃ​មួយ​ម្ដង​ទៀត​ទេ។ ៩  ដូច្នេះ នៅ​តែ​មាន​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​រាស្ដ្រ​របស់​ព្រះ។+ ១០  ព្រោះ​អ្នក​ណា​ដែល​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះ​ហើយ អ្នក​នោះ​បាន​សម្រាក​ពី​កិច្ច​ការ​របស់​ខ្លួន ដូច​ព្រះ​ក៏​បាន​សម្រាក​ពី​កិច្ច​ការ​របស់​លោក​ដែរ។+ ១១  ហេតុ​នេះ ចូរ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​ក្នុង​ការ​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ធ្លាក់​ខ្លួន​ដើរ​តាម​គន្លង​របស់​ពួក​អ្នក​ដែល​មិន​បាន​ស្ដាប់បង្គាប់។+ ១២  ព្រោះ​បណ្ដាំ​របស់​ព្រះ​គឺ​មាន​ជីវិត​រស់​នៅ ហើយ​មាន​ឫទ្ធានុភាព+ ក៏​មុតជាង​ដាវ​ដែល​មាន​មុខ​ពីរ+ រួច​ទម្លុះ​រហូត​ដល់​ញែក​លក្ខណៈ​ខាង​ក្រៅ​ចេញ​ពី​ធាតុ​ពិត ហើយ​ញែក​សន្លាក់​ឆ្អឹង​ចេញ​ពី​ខួរ​ឆ្អឹង ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​គំនិត​និង​បំណង​ចិត្ត។ ១៣  ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​បង្កើត​មក គ្មាន​អ្វី​សោះ​ដែល​លោក​មិនអាច​មើល​ឃើញ​ឡើយ+ តែ​អ្វី​ៗ​ទាំង​អស់​នៅ​ចំហ​និង​មិន​កំបាំង​ពី​ភ្នែក​របស់​លោក ជា​អ្នក​ដែល​យើង​ត្រូវ​ជម្រាប​អំពី​ការ​ដែល​យើង​បាន​ធ្វើ។+ ១៤  ដូច្នេះ ដោយ​សារ​យើង​មាន​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​ដែល​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ ពោល​គឺ​លោក​យេស៊ូ​ដែល​ជា​បុត្រ​ព្រះ+ នោះ​ចូរ​យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រកាស​អំពី​លោក​ជា​សាធារណៈ។+ ១៥  ព្រោះ​សម្ដេច​សង្ឃ​របស់​យើង​មិនមែន​ជា​អ្នក​ដែល​មិន​អាច​យល់​ភាព​ទន់​ខ្សោយ​របស់​យើង​ទេ+ តែ​គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​ល្បង​ល​គ្រប់​ជំពូក​ដូច​យើង​ដែរ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ឡើយ។+ ១៦  ហេតុ​នេះ ចូរ​យើង​ចូល​ទៅ​និយាយ​ដោយ​ក្លាហាន​នៅ​មុខ​បល្ល័ង្ក​នៃ​គុណ​ដ៏​វិសេស​លើស​លប់+ ដើម្បី​យើង​អាច​ទទួល​សេចក្ដី​មេត្តា​ករុណា និង​គុណ​ដ៏​វិសេស​លើស​លប់​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ។

កំណត់សម្គាល់