អូបាឌា ១:១-២១

  • អេដំ​ដែល​មាន​អំណួត​ត្រូវ​បន្ទាប​ចុះ (​១​-​៩)

  • អំពើ​ឃោរឃៅ​របស់​អេដំ​ទាស់​នឹង​យ៉ាកុប (​១០​-​១៤)

  • ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​ប្រជា​ជាតិ​នានា (​១៥, ១៦)

  • ពូជ​ពង្ស​របស់​យ៉ាកុប​នឹង​ត្រូវ​មាន​ឡើង​វិញ (​១៧​-​២១)

    • អេដំ​នឹង​ត្រូវ​ឆាប​ឆេះ​ដោយ​យ៉ាកុប (​១៨)

    • អំណាច​គ្រប់​គ្រង​នឹង​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា (​២១)

១  អូបាឌា*បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ដូច​ត​ទៅ​៖ នេះ​ជា​ដំណឹង​ដែល​អូបាឌា​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ស្ដី​អំពី​ស្រុក​អេដំ​ថា​៖+ ​«​យើង​បាន​ឮ​ដំណឹង​មួយ​ពី​ព្រះ​យេហូវ៉ាហើយ​លោក​បាន​ចាត់​ទូត​ម្នាក់​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ឲ្យ​ប្រាប់​ដំណឹង​នោះ​ថា​៖ ‹ចូរ​ក្រោក​ឡើង! ចូរ​យើង​ត្រៀម​ប្រយុទ្ធ​ជា​មួយ​នឹង​ស្រុក​អេដំ›​»។+  ២  ​«​មើល! ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​លែង​មាន​តម្លៃ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នាហើយ​អ្នក​រង​ការ​មើល​ងាយ​យ៉ាង​ខ្លាំង។+  ៣  ឱ​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទាំង​ថ្ម​ធំ​ៗ និង​អាស្រ័យ​នៅ​លើ​ទី​ខ្ពស់​អើយ! ចិត្ត​អំណួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ+ ព្រោះ​អ្នក​គិត​ក្នុង​ចិត្ត​ថា​៖ ‹តើ​មាន​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​មក​ដី​បាន?›។  ៤  ប៉ុន្តែ ទោះ​ជា​អ្នក​ធ្វើ​ទី​អាស្រ័យ​នៅ​លើ​កន្លែង​ដ៏​ខ្ពស់*ដូច​សត្វ​ឥន្ទ្រីឬ​ធ្វើ​លំនៅ​ក្នុង​កណ្ដាល​កញ្ចុំ​ផ្កាយ​ក៏​ដោយក៏​ខ្ញុំ​នឹង​ទម្លាក់​អ្នក​ចុះ​ពី​ទី​នោះ​មក​ដែរ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។  ៥  ​«​បើ​ចោរ​ប្លន់​មក​ឯ​អ្នក​នៅ​ពេល​យប់អ្នក​ច្បាស់​ជា​ត្រូវ​បំផ្លាញ​ទាំង​ស្រុង​ហើយ!* តើ​ពួក​ចោរ​មិន​លួច​តែ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ទេ​ឬ? ចុះ​បើ​កម្មករ​មក​ប្រមូល​ផ្លែ​ទំពាំង​បាយ​ជូរ​ឲ្យ​អ្នកតើ​ពួក​គេ​មិន​ទុក​ផ្លែ​ខ្លះ​ឲ្យ​នៅ​សល់​ទេ​ឬ?+  ៦  មើល! អ្វី​ៗ​ទាំង​អស់​ដែល​ជា​របស់​អេសាវ ត្រូវ​គេ​យក​អស់​គ្មាន​សល់! ទោះ​ជា​គាត់​លាក់​ទ្រព្យ​នៅ​កន្លុក​កន្លៀត​ណា​ក្ដី ក៏​គេ​រក​ឃើញ​ដែរ!  ៧  គេ​បាន​បណ្ដេញ​អ្នក​ទៅ​ដល់​ព្រំ​ប្រទល់​ទឹក​ដី។ សម្ព័ន្ធមិត្ត*ទាំង​អស់​របស់​អ្នក បាន​បោក​បញ្ឆោត​អ្នក។ ពួក​បុរស​ដែល​មាន​សន្តិភាព​ជា​មួយ​នឹង​អ្នក មាន​ប្រៀប​លើ​អ្នក​ហើយ។ ពួក​អ្នក​ដែល​បរិភោគ​ជា​មួយ​អ្នក នឹង​ដាក់​អន្ទាក់​ចាប់​អ្នកតែ​អ្នក​មិន​ដឹង​ខ្លួន​ទេ។  ៨  នៅ​គ្រា​នោះ តើ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដំ+ហើយ​ធ្វើ​ឲ្យ​លែង​មាន​ពួក​អ្នក​ចេះ​ដឹង​នៅ​តំបន់​ភ្នំ​របស់​អេសាវ​ទេ​ឬ?​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។  ៩  ​«​ឱ​ថេម៉ាន​អើយ!+ ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​នឹង​ភ័យ​តក់​ស្លុត+ព្រោះ​ពួក​អ្នក​ដែល​នៅ​តំបន់​ភ្នំ​របស់​អេសាវ​នឹង​ត្រូវ​គេ​កាប់​សម្លាប់។+ ១០  ដោយ​សារ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ទៅ​លើ​យ៉ាកុប​ជា​ប្អូន​ប្រុស​ខ្លួន+នោះ​អ្នក​នឹង​រង​សេចក្ដី​អាម៉ាស់+ហើយ​អ្នក​នឹង​វិនាស​សាប​សូន្យ​ជា​រៀង​រហូត។+ ១១  នៅ​ថ្ងៃ​ដែល​ជន​បរទេស​មក​ចាប់​ទ័ព​របស់​គាត់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+នៅ​ថ្ងៃ​ដែល​ជន​ជាតិ​ដទៃ​ចូល​តាម​ខ្លោង​ទ្វារ​របស់​គាត់ ហើយ​ចាប់​ឆ្នោត+យក​អ្វី​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិមអ្នក​មិន​គ្រាន់​តែ​ឈរ​មើល​ទេ តែ​ថែម​ទាំង​ប្រព្រឹត្ត​ដូច​ពួក​អ្នក​ទាំង​នោះ​ដែរ។ ១២  អ្នក​មិន​ត្រូវ​រីករាយ នៅ​ថ្ងៃ​ដែល​ប្អូន​ប្រុស​របស់​អ្នក​ជួប​អន្តរាយ​ទេ+អ្នក​មិន​ត្រូវ​អរ​សប្បាយ នៅ​ថ្ងៃ​ដែល​បណ្ដា​ជន​យូដា​វិនាស​ឡើយ+ហើយ​អ្នក​ក៏​មិន​ត្រូវ​និយាយ​អួតអាង នៅ​ថ្ងៃ​ដែល​ពួក​គេ​កើត​ទុក្ខ​ដែរ។ ១៣  អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង*របស់​រាស្ត្រ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ពួក​គេ​ហិន​វិនាស​ទេ+ហើយ​អ្នក​ក៏​មិន​ត្រូវ​រីករាយ នៅ​ថ្ងៃ​ដែល​គាត់​ជួប​អន្តរាយ​ដែរ។ អ្នក​មិន​ត្រូវ​លូក​ដៃ​ទៅ​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់ នៅ​ថ្ងៃ​ដែល​គាត់​វិនាស​អន្តរាយ​ឡើយ។+ ១៤  អ្នក​មិន​ត្រូវ​ឈរ​នៅ​ផ្លូវ​បំបែក ដើម្បី​ប្រហារ​ពួក​អ្នក​ដែល​រត់​រួច​ឡើយ+ហើយ​អ្នក​ក៏​មិន​ត្រូវ​ប្រគល់​អ្នក​ដែល​រួច​ជីវិត ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​សត្រូវ​នៅ​ថ្ងៃ​វេទនា​ដែរ។+ ១៥  ព្រោះ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​កាត់​ទោស​ប្រជា​ជាតិ​នា​នា គឺ​ជិត​មក​ដល់​ហើយ។+ ដូច្នេះ អ្នក​ប្រព្រឹត្ត​យ៉ាង​ណា នោះ​អ្នក​នឹង​ទទួល​យ៉ាង​នោះ​ដែរ។+ ការ​ប្រព្រឹត្ត​របស់​អ្នក​ទៅ​លើ​អ្នក​ឯ​ទៀត នឹង​ធ្លាក់​មក​លើ​អ្នក​វិញ។ ១៦  ព្រោះ​អ្នក​ផឹក​ស្រា​នៅ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​យ៉ាង​ណាប្រជា​ជាតិ​នា​នា​នឹង​ផឹក​ឥត​ឈប់​យ៉ាង​នោះ​ដែរ។+ ពួក​គេ​នឹង​ផឹក​អស់​រលីងហើយ​ពួក​គេ​នឹង​បាត់​សូន្យ​ទៅ​ដូច​ជា​មិន​ដែល​មាន​ពួក​គេ​ឡើយ។ ១៧  ប៉ុន្តែ នៅ​លើ​ភ្នំ​ស៊ីយ៉ូន​នឹង​មាន​ពួក​អ្នក​ដែល​រត់​រួច+ហើយ​ទី​នោះ​នឹង​ទៅ​ជា​បរិសុទ្ធ។+ ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​មក​វិញ។+ ១៨  ពូជ​ពង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើងពូជ​ពង្ស​យ៉ូសែប​នឹង​បាន​ដូច​ជា​អណ្ដាត​ភ្លើងតែ​ពូជ​ពង្ស​អេសាវ​នឹង​បាន​ដូច​ជា​ចំបើង​វិញ។ ពួក​គេ​នឹង​ឆាប​ឆេះ​ពូជ​ពង្ស​អេសាវ​អស់ហើយ​គ្មាន​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។+ ព្រោះ​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​មាន​ប្រសាសន៍​ហើយ។ ១៩  ពួក​គេ​នឹង​យក​បាន​ទឹក​ដី​នៅ​តំបន់​ណេកេប និង​តំបន់​ភ្នំ​របស់​អេសាវ+ព្រម​ទាំង​តំបន់​សេភីឡា និង​ស្រុក​ភីលីស្ទីន​ដែរ។+ ពួក​គេ​នឹង​យក​បាន​តំបន់​វាល​របស់​អេប្រាអ៊ីម និង​តំបន់​វាល​នៅ​សាម៉ារី​ផង។+ ចំណែក​បេនយ៉ាមីន​វិញ គាត់​នឹង​យក​បាន​ទឹក​ដី​គីលាត។ ២០  ចំពោះ​ជន​និរទេស​ដែល​មក​ពី​បន្ទាយ​នេះ+គឺ​បណ្ដា​ជន​អ៊ីស្រាអែល ពួក​គេ​នឹង​ទទួល​បាន​ទឹក​ដី​របស់​ជន​ជាតិ​កាណាន​រហូត​ដល់​សេរ៉ាផាត+ហើយ​ជន​និរទេស​ពី​ក្រុង​យេរូសាឡិម​ដែល​រស់​នៅ​សេផារ៉ាត​នឹង​ទទួល​បាន​បណ្ដា​ក្រុង​នៅ​តំបន់​ណេកេប។+ ២១  ពួក​អ្នក​សង្គ្រោះ​នឹង​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូនដើម្បី​វិនិច្ឆ័យ​តំបន់​ភ្នំ​របស់​អេសាវ+ហើយ​អំណាច​គ្រប់​គ្រង នឹង​បាន​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា​»។+

កំណត់សម្គាល់

មាន​ន័យ​ថា​«​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ហោះហើរ​យ៉ាង​ខ្ពស់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​តើ​ពួក​គេ​នឹង​បំផ្លាញ​ច្រើន​យ៉ាង​ណា?​»​
ឬ​«​ពួក​អ្នក​ដែល​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​»​
ន័យ​ត្រង់​«​ខ្លោង​ទ្វារ​»​