ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ ៤:១-៣២

  • មាន​សាមគ្គីភាព​ក្នុង​រូប​កាយ​របស់​គ្រិស្ត (​១​-​១៦)

    • អំណោយ​ជា​មនុស្ស (​)

  • បុគ្គលិក​លក្ខណៈ​ចាស់​និង​ថ្មី (​១៧​-​៣២)

 ដូច្នេះ ខ្ញុំ​ដែល​ជា​អ្នក​ទោស+ដើម្បី​លោក​ម្ចាស់ សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​សម+ជា​អ្នក​ដែល​បាន​ត្រូវ​ហៅ ២  ពោល​គឺ​បង្ហាញ​ចិត្ត​រាប​ទាប+និង​ចិត្ត​ស្លូត​បូត​ជា​និច្ច ថែម​ទាំង​មាន​ចិត្ត​អត់​ធ្មត់+ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់។+ ៣  ចូរ​ព្យាយាម​រក្សា​ឲ្យ​មាន​សាមគ្គីភាព​ដែល​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ ហើយ​មាន​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ចំណង​ដែល​នាំ​ឲ្យ​មាន​សាមគ្គី​ភាព។+ ៤  រូប​កាយ​មាន​តែ​មួយ+ ហើយ​ឫទ្ធានុភាព​មាន​តែ​មួយ+ ដូច​អ្នក​រាល់​គ្នា​បាន​ត្រូវ​ហៅ​ដើម្បី​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ។+ ៥  មាន​លោក​ម្ចាស់​តែ​មួយ+ ជំនឿ​តែ​មួយ ការ​ជ្រមុជ​ទឹក​តែ​មួយ ៦  ព្រះ​តែ​មួយ​និង​បិតា​តែ​មួយ​របស់​មនុស្ស​ទាំង​អស់ ហើយ​លោក​នៅ​លើ​មនុស្ស​ទាំង​អស់ តាម​រយៈ​មនុស្ស​ទាំង​អស់ និង​ក្នុង​មនុស្ស​ទាំង​អស់។ ៧  ឯ​យើង​ម្នាក់​ៗ​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់ ស្រប​ទៅ​តាម​កម្រិត​ដែល​គ្រិស្ត​បាន​ផ្ដល់​អំណោយ​ទាន​នោះ។+ ៨  ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​ពេល​ដែល​លោក​បាន​ឡើង​ទៅ​ឯ​ទី​ខ្ពស់ លោក​បាន​នាំ​យក​ឈ្លើយ​សឹក​ទៅ​ជា​មួយ ហើយ​បាន​ឲ្យ​អំណោយ​ជា​មនុស្ស​»។+ ៩  តើ​ពាក្យ​ថា​«​លោក​បាន​ឡើង​ទៅ​លើ​»​មាន​ន័យ​ដូច​ម្ដេច? នេះ​មាន​ន័យ​ថា​លោក​ក៏​បាន​ចុះ​មក​ក្រោម​ដល់​ផែនដី​ដែរ។ ១០  លោក​ដែល​បាន​ចុះ​មក​ក្រោម ក៏​ជា​លោក​ដែល​បាន​ឡើង​ទៅ​លើ+ ខ្ពស់​ហួស​ស្ថាន​សួគ៌​ដែរ+ ដើម្បី​លោក​អាច​សម្រេច​ការ​ទាំង​អស់​បាន។ ១១  លោក​បាន​ផ្ដល់​អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​សាវ័ក+ អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ+ អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ+ អ្នក​ខ្លះ​ឲ្យ​ធ្វើ​ជា​គង្វាល​និង​ជា​អ្នក​បង្រៀន+ ១២  ដើម្បី​កែ​តម្រង់*ពួក​អ្នក​បរិសុទ្ធ ដើម្បី​បំពេញ​កិច្ច​បម្រើ ដើម្បី​ធ្វើ​ឲ្យ​រូប​កាយ​របស់​គ្រិស្ត​បាន​មាំ​មួន​ឡើង+ ១៣  រហូត​ដល់​យើង​ទាំង​អស់​គ្នា​មាន​ឯកភាព​ក្នុង​ជំនឿ​និង​ចំណេះ​ត្រឹម​ត្រូវ​អំពី​បុត្រ​ព្រះ និង​រហូត​ដល់​មាន​ភាព​ជា​បុរស​ពេញ​វ័យ+ ហើយ​ស្មើ​កម្រិត​កម្ពស់​របស់​គ្រិស្ត។ ១៤  ដូច្នេះ យើង​មិន​ត្រូវ​នៅ​ជា​កូន​ក្មេង​ទៀត​ទេ ហើយ​ក៏​មិន​ត្រូវ​មាន​គំនិត​រេ​ចុះ​រេ​ឡើង​ដូច​របស់​ដែល​យោល​តាម​រលក​សមុទ្រ ឬ​ត្រូវ​បក់​ផាត់​ទៅ​នេះ​ទៅ​នោះ​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង+ តាម​រយៈ​ការ​ស្ដាប់​មនុស្ស​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​អ្នក​ដែល​ប្រើ​កលល្បិច​ដើម្បី​ប្រឌិត​រឿង​មិន​ពិត។ ១៥  ប៉ុន្តែ ចូរ​ឲ្យ​យើង​និយាយ​សេចក្ដី​ពិត ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​យើង​អាច​ពេញ​វ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដើម្បី​ប្រើ​ជីវិត​ស្រប​តាម​គ្រិស្ត​ដែល​ជា​ប្រមុខ។*+ ១៦  ដោយ​សារ​លោក អវយវៈ​ទាំង​អស់​នៃ​រូប​កាយ+ក៏​លូត​លាស់​ឡើង ហើយ​ដោយ​សារ​អវយវៈ​នី​មួយ​ៗ​ជាប់​គ្នា​យ៉ាង​ល្អ និង​សហការ​គ្នា​តាម​រយៈ​សន្លាក់​ឆ្អឹង​ផ្សេង​ៗ​ដែល​បំពេញ​តួ​នាទី​សំខាន់​ៗ តាម​អ្វី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ នោះ​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ធំ​លូត​លាស់ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់។+ ១៧  ដូច្នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា ហើយ​បញ្ជាក់​ក្នុង​នាម​លោក​ម្ចាស់​ថា អ្នក​រាល់​គ្នា​ត្រូវ​ឈប់​ដើរ​ដូច​ជន​ជាតិ​ដទៃ​ដែល​ដើរ+តាម​គំនិត​អសារ​ឥត​ការ​របស់​ខ្លួន។+ ១៨  គំនិត​របស់​ពួក​គេ​ងងឹត​ងងល់ ហើយ​នៅ​ដាច់​ពី​ជីវិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ភាព​ល្ងង់​ខ្លៅ​របស់​ពួក​គេ និង​ដោយ​សារ​ចិត្ត​របស់​ពួក​គេ​ស្ពឹក។ ១៩  ពួក​គេ​លែង​ស្គាល់​ល្អ​ស្គាល់​អាក្រក់ ដូច្នេះ​ពួក​គេ​បណ្ដោយ​ខ្លួន​ទៅ​តាម​ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង*+ ដើម្បី​ធ្វើ​អំពើ​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ដោយ​ចិត្ត​លោភ​លន់។ ២០  ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​រៀន​ហើយ​ដឹង​ថា គ្រិស្ត​មិន​មែន​ជា​បុគ្គល​ដូច្នោះ​ទេ ២១  ព្រោះ​លោក​បាន​បង្រៀន​សេចក្ដី​ពិត ហើយ​អ្នក​រាល់​គ្នា​បាន​ឮ​និង​បាន​រៀន​ពី​លោក។ ២២  អ្នក​រាល់​គ្នា​បាន​ត្រូវ​បង្រៀន​ថា ត្រូវ​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ+ចាស់​ដែល​ស្រប​តាម​អំពើ​ដែល​អ្នក​ធ្វើ​ពី​មុន ហើយ​បុគ្គលិក​លក្ខណៈ​ចាស់​នោះ​កំពុង​ត្រូវ​បង្ខូច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​បញ្ឆោត​ចិត្ត​របស់​អ្នក។+ ២៣  រួច​មក អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​គំនិត​ថ្មី​បន្ត​កាន់​កាប់​អ្នក​រាល់​គ្នា​វិញ+ ២៤  ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី+ ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ស្រប​តាម​សេចក្ដី​សុចរិត​និង​ភក្ដី​ភាព​ដ៏​ពិត​ប្រាកដ។ ២៥  ម្ល៉ោះ​ហើយ ដោយ​សារ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ពាក្យ​មិន​ពិត​រួច​ហើយ ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​និយាយ​សេចក្ដី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន+ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ។+ ២៦  ពេល​ដែល​អ្នក​រាល់​គ្នា​ខឹង កុំ​ធ្វើ​ខុស។+ កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ។+ ២៧  កុំ​ឲ្យ​មេកំណាច*មាន​ឱកាស។+ ២៨  អ្នក​ដែល​លួច​ត្រូវ​ឈប់​លួច​ត​ទៅ​ទៀត តែ​ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ទៀង​ត្រង់​តាម​រយៈ​ដៃ​របស់​ខ្លួន+ ដើម្បី​អាច​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត។+ ២៩  កុំ​ឲ្យ​ពាក្យ​អាក្រក់*ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ+ តែ​ត្រូវ​ពោល​ពាក្យ​ណា​ដែល​ល្អ​សម្រាប់​ពង្រឹង​អ្នក​ឯ​ទៀត​តាម​កាលៈទេសៈ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ស្ដាប់។+ ៣០  ម្យ៉ាង​ទៀត កុំ​ធ្វើ​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​កើត​ទុក្ខ​ឡើយ+ ព្រោះ​ព្រះ​បាន​បិទ​ត្រា​លើ​អ្នក​រាល់​គ្នា+ទុក​សម្រាប់​ថ្ងៃ​នៃ​ការ​រំដោះ​ដោយ​ថ្លៃ​លោះ។+ ៣១  ចូរ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​គំនុំ+ កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ការស្រែក​គំហក និង​ពាក្យ​ប្រមាថ​មើល​ងាយ+ រួម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង។+ ៣២  ប៉ុន្តែ ចូរ​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក មាន​សេចក្ដី​អាណិត​មេត្តា+ ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ដូច​ព្រះ​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​តាម​រយៈ​គ្រិស្ត ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ដែរ។+

កំណត់សម្គាល់

ឬ​«​បង្ហាត់​បង្រៀន​»​
ន័យ​ត្រង់​«​ក្បាល​»​
ឬ​«​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​»។ ភាសា​ក្រិច​«​អាសិលគា​»។ មើល​និយម​ន័យ​ពាក្យ​«​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង​»​
ភាសា​ក្រិច ​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
ន័យ​ត្រង់​«​រលួយ​»​