ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ ៥:១-៣៣
៥ ដូច្នេះ ចូរយកតម្រាប់ព្រះ+ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក
២ ហើយចូរបន្តរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់+ ដូចគ្រិស្តបានស្រឡាញ់យើង*+ ហើយបានប្រគល់ខ្លួនលោកដើម្បីយើង* ទុកជាគ្រឿងបូជានិងក្លិនក្រអូបជូនព្រះ។+
៣ អ្នករាល់គ្នាមិនត្រូវនិយាយទាល់តែសោះអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ* អំពើស្មោកគ្រោក ឬការលោភលន់ណាឡើយ+ ពីព្រោះនោះមិនសមត្រឹមត្រូវសម្រាប់ពួកអ្នកបរិសុទ្ធទេ។+
៤ អ្នករាល់គ្នាក៏មិនត្រូវមានការប្រព្រឹត្តដែលគួរឲ្យខ្មាស ការនិយាយពាក្យផ្ដេសផ្ដាស ការនិយាយកំប្លែងអាសអាភាស+ ព្រោះការទាំងនេះមិនសមរម្យទេ តែត្រូវអរគុណព្រះវិញ។+
៥ ព្រោះអ្នករាល់គ្នាដឹង ហើយក៏យល់ច្បាស់ថា អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ មនុស្សស្មោកគ្រោក ឬអ្នកលោភលន់+ដែលប្រៀបដូចជាមនុស្សគោរពបូជារូបព្រះ នឹងមិនបានទទួលមត៌កក្នុងរាជាណាចក្ររបស់គ្រិស្តនិងរបស់ព្រះឡើយ។+
៦ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាដោយពាក្យអសារឥតការឡើយ ព្រោះដោយសារការទាំងនោះ កំហឹងរបស់ព្រះនឹងមកលើពួកអ្នកមិនស្ដាប់បង្គាប់។
៧ ដូច្នេះ កុំរួមចំណែកជាមួយនឹងពួកគេ។
៨ អ្នករាល់គ្នាធ្លាប់ជាភាពងងឹត តែឥឡូវជាពន្លឺវិញ+ ពីព្រោះអ្នករាល់គ្នាជារបស់លោកម្ចាស់។+ ចូរបន្តរស់នៅជាកូននៃពន្លឺ
៩ ព្រោះផលនៃពន្លឺមាន គុណធម៌ សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់យ៉ាង។+
១០ ចូរពិចារណាជានិច្ចដើម្បីឲ្យដឹងប្រាកដអំពីអ្វីដែលលោកម្ចាស់ពេញចិត្ត+
១១ ហើយឈប់រួមចំណែកជាមួយនឹងពួកគេក្នុងការប្រព្រឹត្តដែលមិនកើតផលដែលជាការប្រព្រឹត្តខាងភាពងងឹត+ តែចូរលាតត្រដាងអ្វីដែលពួកគេបានធ្វើវិញ។
១២ ព្រោះការដែលពួកគេធ្វើដោយសម្ងាត់ សូម្បីតែយកមកនិយាយ ក៏គួរឲ្យខ្មាសទៅហើយ។
១៣ រីឯការទាំងអស់ដែលកំពុងត្រូវលាតត្រដាង* បានត្រូវឃើញច្បាស់ដោយពន្លឺ ព្រោះអ្វីៗទាំងអស់ដែលកំពុងត្រូវសឲ្យឃើញ គឺជាពន្លឺ។
១៤ ដូច្នេះ មានសេចក្ដីដែលចែងថា៖ «អ្នកដេកលក់អើយ! ចូរភ្ញាក់ឡើង ហើយរស់ពីស្លាប់ឡើងវិញ+ រួចគ្រិស្តនឹងភ្លឺចាំងមកលើអ្នក»។+
១៥ ម្ល៉ោះហើយ ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន* កុំប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែប្រព្រឹត្តដូចមនុស្សដែលមានប្រាជ្ញាវិញ
១៦ ដោយប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត*+ ព្រោះយើងរស់នៅសម័យដ៏ទុច្ចរិត។
១៧ ហេតុនេះ កុំធ្វើជាមនុស្សដែលមិនចេះគិតពិចារណា តែចូរខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។*+
១៨ ម្យ៉ាងទៀត កុំស្រវឹងស្រាឡើយ+ ព្រោះនោះនាំឲ្យប្រព្រឹត្តអំពើអបាយមុខ* តែចូរឲ្យបានពេញទៅដោយឫទ្ធានុភាពរបស់ព្រះជានិច្ច។
១៩ ចូរនិយាយគ្នា*ដោយចម្រៀងសរសើរព្រះ ពាក្យលើកតម្កើងព្រះ ចម្រៀងគោរពប្រណិប័តន៍ ហើយច្រៀង+និងលេងភ្លេងបន្ទរ+តាមក្នុងចិត្តជូនព្រះយេហូវ៉ា*+
២០ ថែមទាំងអរគុណព្រះ+ដែលជាបិតារបស់យើងជានិច្ចចំពោះអ្វីៗទាំងអស់ ក្នុងនាមលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។+
២១ ចូរចុះចូលនឹងគ្នាទៅវិញទៅមក+ ដោយកោតខ្លាចគ្រិស្ត។
២២ ចូរឲ្យប្រពន្ធចុះចូលនឹងប្ដី+ ដូចចុះចូលនឹងលោកម្ចាស់
២៣ ពីព្រោះប្ដីជាប្រមុខរបស់ប្រពន្ធ+ ដូចគ្រិស្តជាប្រមុខនៃក្រុមជំនុំ+ ជារូបកាយរបស់លោកដែលលោកបានសង្គ្រោះ។
២៤ តាមការពិត ចូរឲ្យប្រពន្ធចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់ ដូចក្រុមជំនុំចុះចូលនឹងគ្រិស្ត។
២៥ ប្ដីទាំងឡាយអើយ ចូរស្រឡាញ់ប្រពន្ធជាដរាប+ ដូចគ្រិស្តបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់ខ្លួនលោកដើម្បីក្រុមជំនុំ+
២៦ ដើម្បីលោកអាចញែកក្រុមជំនុំជាបរិសុទ្ធ ដោយសម្អាតជាមួយនឹងទឹកដែលជាបណ្ដាំរបស់ព្រះ។+
២៧ យ៉ាងនេះ ក្រុមជំនុំអាចស្អាតនៅចំពោះមុខលោក ដោយឥតមានស្នាមប្រឡាក់ ជ្រួញ ឬលក្ខណៈឯទៀតបែបនោះឡើយ+ តែបរិសុទ្ធ និងឥតសៅហ្មងវិញ។+
២៨ ដូចគ្នាដែរ ប្ដីត្រូវស្រឡាញ់ប្រពន្ធ ដូចស្រឡាញ់រូបកាយរបស់ខ្លួន។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯង
២៩ ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ មានតែចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម ដូចគ្រិស្តប្រព្រឹត្តចំពោះក្រុមជំនុំ
៣០ ពីព្រោះយើងជាអវយវៈនៃរូបកាយរបស់លោក។+
៣១ «ហេតុនេះ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។+
៣២ អាថ៌កំបាំងដ៏ពិសិដ្ឋនេះ+អស្ចារ្យណាស់។ ខ្ញុំកំពុងនិយាយអំពីគ្រិស្តនិងក្រុមជំនុំ។+
៣៣ ទោះជាយ៉ាងនោះក៏ដោយ ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន+ ដូចស្រឡាញ់ខ្លួនអ្នក រីឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ។+
កំណត់សម្គាល់
^ ឬប្រហែលជាមានន័យថា«អ្នករាល់គ្នា»
^ ឬប្រហែលជាមានន័យថា«អ្នករាល់គ្នា»
^ ភាសាក្រិច«ផូនៀ»។ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
^ ឬ«ត្រូវកែតម្រង់»
^ ន័យត្រង់«របៀបដែលអ្នកដើរ»
^ ន័យត្រង់«ដោយទិញពេលវេលាដែលបានកំណត់»
^ ឬ«អំពើផ្ដេសផ្ដាស»
^ ឬប្រហែលជាមានន័យថា«និយាយជាមួយខ្លួនឯង»