ជូនចំពោះគ្រិស្តសាសនិកនៅក្រុងអេភេសូរ ៦:១-២៤

  • ឱវាទ​សម្រាប់​កូន​ៗ​និង​ឪពុក​ម្ដាយ (​១​-​៤)

  • ឱវាទ​សម្រាប់​ខ្ញុំ​បម្រើ​និង​ម្ចាស់ (​៥​-​៩)

  • គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ (​១០​-​២០)

  • ការ​ផ្ដាំ​សួរ​សុខ​ទុក្ខ​ចុង​ក្រោយ (​២១​-​២៤)

 កូន​ទាំង​ឡាយ​អើយ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ+ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក​ម្ចាស់ ព្រោះ​ធ្វើ​ដូច្នេះ​គឺ​សុចរិត។ ២  ​«​ចូរ​គោរព​ឪពុក​និង​ម្ដាយ​របស់​អ្នក​»​+ នេះ​ជា​បញ្ញត្ដិ​ទី​១​ដែល​មាន​សេចក្ដី​សន្យា​ជាប់​ជា​មួយ​៖ ៣  ​«​ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ* និង​មាន​ជីវិត​យូរ​អង្វែង​នៅ​ផែនដី​»។ ៤  ចំណែក​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក កុំ​ធ្វើ​ឲ្យ​កូន​ខឹង+ តែ​ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ+និង​ការ​ណែនាំ*របស់​ព្រះ​យេហូវ៉ា។*+ ៥  ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ខ្ញុំ​បម្រើ ចូរ​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​ចំពោះ​ម្ចាស់​ជា​មនុស្ស+ ដោយ​គោរព​កោត​ខ្លាច ដូច​ដែល​ស្ដាប់​បង្គាប់​គ្រិស្ត ៦  មិន​គ្រាន់​តែ​ស្ដាប់​ពេល​ដែល​គេ​ឃើញ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ប៉ុណ្ណោះ​ទេ+ ប៉ុន្តែ​ស្ដាប់​ដូច​ខ្ញុំ​បម្រើ​របស់​គ្រិស្ត ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។+ ៧  ចូរ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដែល​មាន​ចិត្ត​គំនិត​ល្អ ដូច​កំពុង​បម្រើ​ព្រះ​យេហូវ៉ា*+ មិន​មែន​បម្រើ​មនុស្ស​ទេ ៨  ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​ម្នាក់​ៗ​នឹង​ទទួល​រង្វាន់​ពី​ព្រះ​យេហូវ៉ា*ចំពោះ​អំពើ​ល្អ​ណា​ក៏​ដោយ​ដែល​គាត់​ធ្វើ+ ទោះ​ជា​គាត់​ជា​ខ្ញុំ​បម្រើ ឬ​ជា​អ្នក​មាន​សេរី​ភាព​ក៏​ដោយ។ ៩  ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់ ចូរ​បន្ត​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បម្រើ​ដូច្នោះ​ដែរ ដោយ​មិន​គំរាម​កំហែង ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា​ទាំង​ពួក​គេ​ទាំង​អ្នក​រាល់​គ្នា មាន​ម្ចាស់​តែ​មួយ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌+ ហើយ​លោក​មិន​រើស​មុខ​ទេ។ ១០  ក្រោយ​បង្អស់ ចូរ​អ្នក​រាល់​គ្នា​បន្ត​ទទួល​កម្លាំង+ពី​លោក​ម្ចាស់ ព្រោះ​ឫទ្ធានុភាព​របស់​លោក​គឺ​ខ្លាំង​ក្លា។ ១១  ចូរ​ពាក់​គ្រប់​គ្រឿង​ចម្បាំង+ពី​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​កាន់​ជំហរ​មាំ​មួន​ក្នុង​ការ​ប្រឈម​មុខ​នឹង​កលល្បិច​ទាំង​ប៉ុន្មាន​របស់​មេកំណាច* ១២  ពី​ព្រោះ​យើង​មាន​ការ​ប្រយុទ្ធ+ មិន​មែន​ប្រយុទ្ធ​នឹង​មនុស្ស*ទេ តែ​ប្រយុទ្ធ​នឹង​រដ្ឋាភិបាល​ទាំង​ឡាយ ពួក​អាជ្ញាធរ ពួក​អ្នក​គ្រប់​គ្រង​ពិភព​លោក​ងងឹត​នេះ និង​ពួក​វិញ្ញាណ​ទុច្ចរិត+នៅ​ស្ថាន​សួគ៌។ ១៣  ហេតុ​នេះ ចូរ​ទទួល​យក​គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទប់​ទល់​នៅ​ថ្ងៃ​ទុច្ចរិត ហើយ​ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​សម្រេច​ការ​ទាំង​អស់ នោះ​អ្នក​រាល់​គ្នា​អាច​កាន់​ជំហរ​មាំ​មួន​បាន។ ១៤  ដូច្នេះ ចូរ​កាន់​ជំហរ​មាំ​មួន​ដោយ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ+ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង+ ១៥  ថែម​ទាំង​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ស្បែក​ជើង។+ ១៦  សំខាន់​បំផុត ចូរ​ទទួល​យក​ជំនឿ​ទុក​ជា​ខែល​ធំ+ ដែល​អ្នក​អាច​ប្រើ​ដើម្បី​ពន្លត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេកំណាច។+ ១៧  ម្យ៉ាង​ទៀត ចូរ​ទទួល​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​ការ​ពារ​ក្បាល+ ហើយ​ទទួល​យក​ឫទ្ធានុភាព ពោល​គឺ​បណ្ដាំ​របស់​ព្រះ ទុក​ជា​ដាវ។+ ១៨  នៅ​ដំណាល​គ្នា​នោះ ចូរ​បន្ត​អធិដ្ឋាន​នៅ​គ្រប់​ឱកាស​ស្រប​តាម​ឫទ្ធានុភាព​របស់​ព្រះ+ ដោយ​ប្រើ​សេចក្ដី​អធិដ្ឋាន​គ្រប់​ប្រភេទ+និង​ការ​អង្វរ​សុំ​គ្រប់​យ៉ាង។ ដើម្បី​ធ្វើ​ដូច្នេះ ចូរ​ចាំ​យាម​ជា​និច្ច​ដោយ​អង្វរ​ព្រះ​ដើម្បី​ពួក​អ្នក​បរិសុទ្ធ​ទាំង​ឡាយ។ ១៩  ចូរ​អធិដ្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​ដោយ​ក្លាហាន​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នៃ​ដំណឹង​ល្អ។+ ២០  ខ្ញុំ​ជា​ទូត+ដែល​ជាប់​ច្រវាក់ ដោយ​សារ​ដំណឹង​ល្អ។ ដូច្នេះ ចូរ​អធិដ្ឋាន​ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់អាច​ក្នុង​ការ​និយាយ​អំពី​ដំណឹង​ល្អ ដូច​ដែល​ខ្ញុំ​គួរ​និយាយ។ ២១  ទីឃីកុស+ដែល​ជា​បង​ប្អូន​ជា​ទី​ស្រឡាញ់​និង​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ក្នុង​លោក​ម្ចាស់ គាត់​នឹង​ប្រាប់​អ្វី​ៗ​ទាំង​អស់​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ស្ថានភាព​របស់​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ។+ ២២  ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​សម្រាប់​ការ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ដំណឹង​អំពី​យើង ហើយ​ដើម្បី​ឲ្យ​គាត់​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា។ ២៣  សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​ស្រឡាញ់​ជា​មួយ​នឹង​ជំនឿ​ពី​ព្រះ​ដែល​ជា​បិតា​របស់​យើង និង​ពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត។ ២៤  សូម​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​នៅ​ជា​មួយ​នឹង​អស់​អ្នក​ដែល​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ដោយ​មិន​រសាយ​ចិត្ត។

កំណត់សម្គាល់

ឬ​«​បាន​ចម្រុង​ចម្រើន​»​
ឬ​«​ការ​ដាស់​តឿន​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
ន័យ​ត្រង់​«​សាច់​ឈាម​»​