អេម៉ុស ៤:១-១៣
៤ «ឱគោនៅតំបន់បាសានជាអ្នករស់នៅលើភ្នំសាម៉ារីអើយ!+ ចូរនាំគ្នាស្ដាប់ពាក្យនេះចុះគឺពួកស្ត្រីដែលកេងប្រវ័ញ្ចជនទន់ទាប+និងគាបសង្កត់ជនក្រីក្រហើយនិយាយទៅប្ដី*ខ្លួនថា៖ ‹ចូរយកស្រាមកផឹក!›។
២ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានស្បថដោយនូវភាពបរិសុទ្ធរបស់លោកថា៖
‹«មើល! នៅគ្រាខាងមុខ ខ្ញុំនឹងថ្ពក់អ្នករាល់គ្នាឡើងដោយតម្ពក់អ្នកកាប់សាច់ហើយអ្នកដែលនៅសល់ខ្ញុំនឹងថ្ពក់ឡើងដោយផ្លែសន្ទូច។
៣ ពេលនោះ អ្នករាល់គ្នានឹងរត់ចេញតាមប្រឡោះកំពែងក្រុងដែលនៅខាងមុខអ្នករាល់គ្នាហើយអ្នករាល់គ្នានឹងត្រូវបោះចោលទៅតំបន់ហាម៉ូន»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›។
៤ ‹ចូរនាំគ្នាមកក្រុងបេតអែល ហើយប្រព្រឹត្តអំពើខុសឆ្គង*ចុះ+ចូរនាំគ្នាមកក្រុងគីលកាល ហើយប្រព្រឹត្តអំពើរំលងកាន់តែច្រើនទៅ!+
នៅពេលព្រឹក ចូរយកគ្រឿងបូជារបស់អ្នករាល់គ្នាមកជូនចុះ+ហើយនៅថ្ងៃទី៣ ចូរយកអំណោយ១ភាគ១០មកជូនដែរ។+
៥ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរដុតនំប៉័ងមានដំបែជាគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណ+ហើយស្រែកប្រកាសអំពីគ្រឿងបូជាស្ម័គ្រពីចិត្តរបស់អ្នករាល់គ្នាទៅ!
ព្រោះនេះហើយជាអ្វីដែលអ្នករាល់គ្នាចូលចិត្តធ្វើណាស់›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
៦ ‹ចំណែកខ្ញុំវិញ ខ្ញុំបានធ្វើឲ្យក្រុងទាំងឡាយរបស់អ្នករាល់គ្នាអស់ស្បៀងអាហារ ហើយនៅក្នុងផ្ទះនានា ក៏គ្មាននំប៉័ងបរិភោគដែរ។+
ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាមិនបានត្រឡប់មករកខ្ញុំវិញឡើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៧ ‹បន្ថែមទៀត ខ្ញុំបានធ្វើឲ្យមេឃរាំងភ្លៀងបីខែមុនរដូវច្រូតកាត់។+
ខ្ញុំបង្អុរភ្លៀងនៅក្រុងមួយ តែក្រុងមួយទៀតគ្មានភ្លៀងទេនៅដីមួយកន្លែងមានភ្លៀងជោកជាំ តែដីមួយកន្លែងទៀតហួតហែង។
៨ បណ្ដាជនពីក្រុងពីរបីនាំគ្នាចេញទៅរកទឹកផឹកទាំងត្រដាបត្រដួសនៅក្រុងមួយទៀត+ តែពួកគេមិនបានទឹកផឹកឆ្អែតទេ។
ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាមិនបានត្រឡប់មករកខ្ញុំវិញឡើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៩ ‹ខ្ញុំបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នាកើតផ្សិត ហើយក្រៀមស្វិតដោយខ្យល់ក្ដៅ។+
អ្នករាល់គ្នាធ្វើសួននិងដាំចម្ការទំពាំងបាយជូរជាច្រើនតែហ្វូងកណ្ដូបបានមកស៊ីបំផ្លាញអស់ ទាំងដើមល្វាតូចទាំងដើមអូលីវ។+
ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នានៅតែមិនត្រឡប់មករកខ្ញុំវិញឡើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១០ ‹ខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាមានរោគរាតត្បាត ដូចនៅស្រុកអេហ្ស៊ីបដែរ។+
ខ្ញុំបានប្រហារពួកយុវជនរបស់អ្នករាល់គ្នាដោយដាវ+ ហើយដកហូតយកសេះទាំងប៉ុន្មានរបស់អ្នករាល់គ្នា។+
ខ្ញុំបានធ្វើឲ្យក្លិនអសោចពីជំរំអ្នករាល់គ្នា សាយភាយទៅដល់ច្រមុះអ្នករាល់គ្នា+ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាមិនបានត្រឡប់មករកខ្ញុំវិញឡើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១១ ‹ខ្ញុំបានបំផ្លាញអ្នករាល់គ្នា ដូចខ្ញុំបានបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ាដែរ។+
អ្នករាល់គ្នាប្រៀបដូចជាអុសដែលគេកញ្ឆក់យកចេញពីភ្លើង។
ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាមិនបានត្រឡប់មករកខ្ញុំវិញឡើយ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១២ ដូច្នេះ ឱអ៊ីស្រាអែលអើយ! នោះហើយជាអ្វីដែលខ្ញុំនឹងធ្វើទៅលើអ្នកគឺខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាម្ដងទៀត។
ហេតុនេះ ចូរត្រៀមខ្លួនដើម្បីជួបព្រះរបស់អ្នករាល់គ្នាចុះ។
១៣ មើល! លោកហើយជាអ្នកដែលបានសូនធ្វើភ្នំនានា+ហើយក៏បង្កើតខ្យល់ផងដែរ។+
លោកប្រាប់មនុស្សអំពីគំនិតរបស់លោកហើយធ្វើឲ្យពន្លឺព្រឹកព្រហាមប្រែទៅជាងងឹត។+
លោកដើរលើទីខ្ពស់ៗនៅផែនដី+នាមលោកគឺយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌»។