អេម៉ុស ៥:១-២៧

  • អ៊ីស្រាអែល​ប្រៀប​ដូច​ជា​ស្រី​ក្រមុំ​ដែល​បាន​ដួល (​១​-​៣)

  • ចូរ​ស្វែង​រក​ព្រះ ហើយ​បន្ត​រស់​រាន​មាន​ជីវិត (​៤​-​១៧)

    • ចូរ​ស្អប់​សេចក្ដី​អាក្រក់ ហើយ​ស្រឡាញ់​សេចក្ដី​ល្អ (​១៥)

  • ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជា​ថ្ងៃ​នៃ​ភាព​ងងឹត (​១៨​-​២៧)

    • ព្រះ​មិន​ទទួល​គ្រឿង​បូជា​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទេ (​២២)

 ​«​ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ​ទាស់​នឹង​អ្នក​រាល់​គ្នា​ជា​បទ​ទំនួញ​ថា​៖  ២  ‹អ៊ីស្រាអែល​ជា​ស្រី​ក្រមុំ​បាន​ដួល​ហើយនាង​មិន​អាច​ក្រោក​ឡើង​ម្ដង​ទៀត​ទេ។ នាង​ត្រូវ​គេ​ទុក​ចោល​នៅ​លើ​ទឹក​ដី​នាងហើយ​គ្មាន​អ្នក​ណា​លើក​នាង​ឡើង​ទេ›។ ៣  ​«​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ក្រុង​មួយ​ដែល​ចាត់​ទាហាន​១.០០០​នាក់​ឲ្យ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​សល់​តែ​១០០​នាក់​ត្រឡប់​មក​វិញ។ ក្រុង​មួយ​ដែល​ចាត់​ទាហាន​១០០​នាក់​ឲ្យ​ចេញ​ទៅ​ធ្វើ​ចម្បាំង នឹង​សល់​តែ​១០​នាក់​ត្រឡប់​មក​វិញ។ នេះ​នឹង​កើត​ឡើង​ចំពោះ​ពូជ​ពង្ស​អ៊ីស្រាអែល›។+ ៤  ​«​ព្រោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ពូជ​ពង្ស​អ៊ីស្រាអែល​ថា​៖ ‹ចូរ​ស្វែង​រក​ខ្ញុំ ហើយ​បន្ត​រស់​រាន​មាន​ជីវិត​ចុះ។+  ៥  កុំ​ទៅ​រក​ក្រុង​បេតអែល​ឡើយ+ហើយ​ក៏​កុំ​ទៅ​ក្រុង​គីលកាល+ ឬ​ឆ្លង​ទៅ​ក្រុង​បៀរសេបា​ដែរ+ព្រោះ​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ហើយ​ក្រុង​បេតអែល​នឹង​វិនាស​សាប​សូន្យ។*  ៦  ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​បន្ត​រស់​រាន​មាន​ជីវិត​ទៅ+ដើម្បី​កុំ​ឲ្យ​លោក​បញ្ចេញ​កំហឹង​ដូច​ជា​ភ្លើង​ទៅ​លើ​ពូជ​ពង្ស​យ៉ូសែបព្រម​ទាំង​បញ្ឆេះ​ក្រុង​បេតអែល ហើយ​គ្មាន​អ្នក​ណា​អាច​ពន្លត់​បាន​ឡើយ។  ៧  អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​យុត្តិធម៌​ទៅ​ជា​សេចក្ដី​ល្វីង​ជូរ​ចត់ហើយ​បោះ​សេចក្ដី​សុចរិត​ចោល​ទៅ​ដី។+  ៨  លោក​ជា​អ្នក​បង្កើត​កញ្ចុំ​ផ្កាយ​ឃីម៉ា​និង​កញ្ចុំ​ផ្កាយ​ខេស៊ីល*+និង​ធ្វើ​ឲ្យ​ភាព​ងងឹត​ប្រែ​ទៅ​ជា​ពន្លឺ​នា​ព្រឹក​ព្រលឹមហើយ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​ទៅ​ជា​ងងឹត​ដូច​ពេល​យប់+ថែម​ទាំង​ប្រមូល​ទឹក​ពី​សមុទ្រ ដើម្បី​ស្រោច​ស្រព​ទៅ​លើ​ផ្ទៃ​ផែនដី+នាម​លោក គឺ​យេហូវ៉ា។  ៩  លោក​នឹង​ប្រហារ​ពួក​អ្នក​ខ្លាំង​ក្លា​ភ្លាម​មួយ​រំពេចហើយ​បំផ្លាញ​កន្លែង​រឹង​មាំ​នា​នា។ ១០  ពួក​គេ​ស្អប់​ពួក​អ្នក​ដែល​កែ​តម្រង់​អ្នក​ឯ​ទៀត​នៅ​ខ្លោង​ទ្វារ​ក្រុងហើយ​ពួក​គេ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​និយាយ​ពិត​ត្រង់។+ ១១  ដោយ​សារ​អ្នក​រាល់​គ្នា​ទាម​ទារ​ពន្ធ​ដី​ពី​ជន​ក្រី​ក្រនិង​យក​ស្រូវ​របស់​ពួក​គេ​ជា​សួយ​អាករ+នោះ​អ្នក​រាល់​គ្នា​នឹង​មិន​អាច​បន្ត​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​ដែល​អ្នក​បាន​សង់​ទៀត​ទេ+ហើយ​ក៏​មិន​អាច​ផឹក​ស្រា​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​ល្អ​ៗ​ដែល​អ្នក​បាន​ដាំ​ទៀត​ដែរ។+ ១២  ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង*ច្រើន​យ៉ាង​ណាហើយ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដល់​កម្រិត​ណាគឺ​អ្នក​រាល់​គ្នា​ធ្វើ​បាប​មនុស្ស​សុចរិតហើយ​ចូល​ចិត្ត​ទទួល​សំណូកថែម​ទាំង​មិន​បាន​កាត់​ក្ដី​ឲ្យ​ជន​ក្រី​ក្រ​ដោយ​យុត្តិធម៌​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង​ទេ។+ ១៣  ដូច្នេះ នៅ​ពេល​នោះ​ពួក​អ្នក​ដែល​ចេះ​ពិចារណា​នឹង​នៅ​ស្ងៀមព្រោះ​នោះ​ជា​គ្រា​លំបាក​ណាស់។+ ១៤  ចូរ​ស្វែង​រក​សេចក្ដី​ល្អ​ចុះ កុំ​ស្វែង​រក​សេចក្ដី​អាក្រក់​ឡើយ+ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បន្ត​រស់​រាន​មាន​ជីវិត។+ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រហែល​ជា​នៅ​ជា​មួយ​អ្នក​រាល់​គ្នាដូច​អ្នក​រាល់​គ្នា​បាន​និយាយ​មែន។+ ១៥  ចូរ​ស្អប់​សេចក្ដី​អាក្រក់ ហើយ​ស្រឡាញ់​សេចក្ដី​ល្អ+ចូរ​កាត់​ក្ដី​ដោយ​យុត្តិធម៌​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង។+ បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ប្រហែល​ជា​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ពូជ​ពង្ស​យ៉ូសែប​ដែល​នៅ​សេស​សល់›។+ ១៦  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ដូច្នេះ គឺ​ព្រះ​យេហូវ៉ា​ពោល​ថា​៖ ‹​នៅ​ទី​ធ្លា​សាធារណៈ​ទាំង​ឡាយ នឹង​មាន​អ្នក​ស្រែក​ទ្រហោ​យំហើយ​នៅ​តាម​ផ្លូវ​ទាំង​អស់ គេ​នឹង​ស្រែក​ថា​៖ ​«​វេទនា​ហើយ! វេទនា​ហើយ!​»។ គេ​នឹង​ហៅ​ពួក​អ្នក​ចម្ការ​ឲ្យ​មក​យំ​កាន់​ទុក្ខព្រម​ទាំង​អ្នក​ស៊ី​ឈ្នួល​យំ​ទួញ ឲ្យ​មក​ទ្រហោ​យំ​ដែរ›។ ១៧  ‹នៅ​ចម្ការ​នីមួយ​ៗ នឹង​មាន​អ្នក​ស្រែក​ទ្រហោ​យំ+ព្រោះ​ខ្ញុំ​នឹង​ឆ្លង​កាត់​កណ្ដាល​អ្នក​រាល់​គ្នា​ដើម្បី​វិនិច្ឆ័យ​ទោស›។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ១៨  ‹វេទនា​ហើយ! ពួក​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា។+ នៅ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា?+ ថ្ងៃ​នោះ​នឹង​មាន​ភាព​ងងឹត​គ្មាន​ពន្លឺ​ទាល់​តែ​សោះ។+ ១៩  ថ្ងៃ​នោះ​នឹង​ប្រៀប​ដូច​ជា​ពេល​មនុស្ស​ម្នាក់​រត់​គេច​ពី​តោ ទៅ​ប្រទះ​ខ្លា​ឃ្មុំហើយ​ពេល​គាត់​ចូល​ក្នុង​ផ្ទះ រួច​ច្រត់​ដៃ​លើ​ជញ្ជាំង ស្រាប់​តែ​ត្រូវ​ពស់​ចឹក។ ២០  ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មាន​ភាព​ងងឹត​គ្មាន​ពន្លឺ​សោះគឺ​ជា​ថ្ងៃ​ដែល​មាន​ភាព​ងងឹត​សូន្យសុង​គ្មាន​រស្មី​ឡើយ មែន​ទេ? ២១  ខ្ញុំ​ស្អប់​ខ្ពើម​ពិធី​បុណ្យ​របស់​អ្នក​រាល់​គ្នា​ណាស់+ហើយ​ខ្ញុំ​ក៏​មិន​ពេញ​ចិត្ត​នឹង​ក្លិន​ឈ្ងុយ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​អ្នក​រាល់​គ្នា​ដែរ។ ២២  ទោះ​បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ជា​អំណោយ​ដល់​ខ្ញុំ​ក្ដីក៏​ខ្ញុំ​មិន​ពេញ​ចិត្ត​ដែរ។+ ខ្ញុំ​នឹង​មិន​អើពើ​ចំពោះ​សត្វ​ធាត់​ៗ​ដែល​អ្នក​រាល់​គ្នា​ជូន​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ខ្ញុំ​ឡើយ។+ ២៣  ចូរ​ឈប់​ច្រៀង​ចម្រៀង​ដែល​គួរ​ឲ្យ​សង្កៀរ​ត្រចៀក​នោះ​ទៅហើយ​កុំ​ឲ្យ​ខ្ញុំ​ឮ​តន្ត្រី​ពី​ឧបករណ៍​ភ្លេង​របស់​អ្នក​រាល់​គ្នា​ទៀត។+ ២៤  ចូរ​ឲ្យ​យុត្តិធម៌​ហូរ​ដូច​ជា​ទឹក+ហើយ​ឲ្យ​សេចក្ដី​សុចរិត​ហូរ​ដូច​ជា​ទន្លេ។ ២៥  ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! អស់​រយៈ​ពេល​៤០​ឆ្នាំ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ+តើ​អ្នក​រាល់​គ្នា​បាន​ជូន​គ្រឿង​បូជា​និង​អំណោយ​ផ្សេង​ៗ​ដល់​ខ្ញុំ​ឬ? ២៦  ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​លី​សែង​សាកគុត​ជា​ស្ដេច​របស់​អ្នក​រាល់​គ្នា​និង​ខៃវ៉ាន*ជា​រូប​ចម្លាក់​នៃ​ព្រះ​ផ្កាយ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​គោរព​បូជា ២៧  ហើយ​ខ្ញុំ​នឹង​ឲ្យ​គេ​ចាប់​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​ឆ្ងាយ​ហួស​ក្រុង​ដាម៉ាស់›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទៅ​ជា​កន្លែង​ធ្វើ​មន្តអាគម​»​
នេះ​ជា​ឈ្មោះ​កញ្ចុំ​ផ្កាយ​ដែល​គេ​មើល​ពី​ចម្ងាយ​ឃើញ​ជា​រូប​រាង​ផ្សេង​ៗ ដូច​ជា​សត្វ​ឬ​វត្ថុ​នា​នា
ឬ​«​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​»​
ព្រះ​ទាំង​ពីរ​នេះ​ប្រហែល​ជា​សំដៅ​លើ​ភព​សៅរ៍​ដែល​គេ​គោរព​បូជា​ដូច​ព្រះ