អេម៉ុស ៧:១-១៧

  • ការ​ឃើញ​ក្នុង​គំនិត​បង្ហាញ​ថា​ទី​បញ្ចប់​នៃ​អ៊ីស្រាអែល​គឺ​ជិត​ដល់​ហើយ (​១​-​៩)

  • អេម៉ុស​បាន​ត្រូវ​ប្រាប់​ឲ្យ​ឈប់​ប្រកាស​ទំនាយ (​១០​-​១៧)

 នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ មើល! នៅ​វេលា​ដែល​ផល​ចុង​រដូវ​បាន​លាស់​ឡើង គឺ​ក្រោយ​ពេល​កាត់​វាល​ស្មៅ​ឲ្យ​ស្ដេច ព្រះ​បាន​បណ្ដាល​ឲ្យ​មាន​កណ្ដូប​មួយ​ហ្វូង​មក​ស៊ី​បំផ្លាញ​ភោគ​ផល​ទាំង​នោះ។ ២  ពេល​កណ្ដូប​ស៊ី​បំផ្លាញ​ដំណាំ​អស់​ពី​ក្នុង​ស្រុក ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! សូម​លោក​មេត្តា​អភ័យ​ទោស​ឲ្យ​រាស្ត្រ​លោក​ផង!+ តើ​យ៉ាកុប​អាច​រួច​ជីវិត​ម្ដេច​នឹង​បាន​ទៅ? ព្រោះ​គាត់​ខ្សោយ​ណាស់!​»។+ ៣  ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​គិត​ឡើង​វិញ​អំពី​រឿង​នេះ+ ហើយ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​រឿង​នេះ​នឹង​មិន​កើត​ឡើង​ទេ​»។ ៤  នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​កាត់​ទោស​ពួក​គេ​ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើងឆេះ។ ភ្លើង​នោះ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត ថែម​ទាំង​ឆាប​ឆេះ​ផ្ទៃ​ដី​មួយ​ផ្នែក​ទៀត​ផង។ ៥  បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​អើយ! សូម​លោក​កុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​អី។+ តើ​យ៉ាកុប​អាច​រួច​ជីវិត​ម្ដេច​នឹង​បាន​ទៅ? ព្រោះ​គាត់​ខ្សោយ​ណាស់!​»។+ ៦  ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​គិត​ឡើង​វិញ​អំពី​រឿង​នេះ+ ហើយ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​រឿង​នេះ​នឹង​មិន​កើត​ឡើង​ទេ​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ៧  នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ មើល! លោក​កំពុង​ឈរ​នៅ​លើ​កំពែង​ដែល​បាន​ត្រូវ​វាស់​ដោយ​ខ្សែ​ប្រយោល ហើយ​លោក​កាន់​ខ្សែ​ប្រយោល​ក្នុង​ដៃ។ ៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​អេម៉ុស​អើយ! តើ​អ្នក​ឃើញ​អ្វី?​»។ ខ្ញុំ​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ខ្សែ​ប្រយោល​»។ រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ដាក់​ខ្សែ​ប្រយោល​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​អ៊ីស្រាអែល។ ខ្ញុំ​លែង​អភ័យ​ទោស​ឲ្យ​ពួក​គេ​ទៀត​ហើយ។+ ៩  ទី​ខ្ពស់​ៗ​របស់​អ៊ីសាក+ នឹង​ត្រូវ​កម្ទេច​ចោល។ ឯ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រាអែល ក៏​នឹង​ត្រូវ​បំផ្លាញ​ចោល​ដែរ។+ ខ្ញុំ​នឹង​មក​ទាស់​នឹង​ពូជ​ពង្ស​យេរ៉ូបោម​ដោយ​ដាវ​»។+ ១០  ចំណែក​អាម៉ាស៊ា​ជា​សង្ឃ​នៅ​ក្រុង​បេតអែល+ គាត់​បាន​ផ្ញើ​សារ​ទៅ​យេរ៉ូបោម+ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា​៖ ​«​អេម៉ុស​កំពុង​រៀប​គម្រោង​ប្រឆាំង​នឹង​លោក​នៅ​ក្នុង​ចំណោម​ពូជ​ពង្ស​អ៊ីស្រាអែល​តែ​ម្ដង។+ បណ្ដា​ជន​ក្នុង​ស្រុក​ធុញ​ទ្រាន់​នឹង​ស្ដាប់​ពាក្យ​របស់​គាត់​ណាស់។+ ១១  ព្រោះ​អេម៉ុស​និយាយ​ដូច្នេះ​ថា​៖ ‹យេរ៉ូបោម​នឹង​ស្លាប់​ដោយ​ដាវ ហើយ​បណ្ដា​ជន​អ៊ីស្រាអែល​នឹង​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​មិន​ខាន›​»។+ ១២  បន្ទាប់​មក អាម៉ាស៊ា​និយាយ​ទៅ​អេម៉ុស​ថា​៖ ​«​ឱ​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​អើយ! ចូរ​រត់​ទៅ​ស្រុក​យូដា​ទៅ ហើយ​ប្រកប​មុខ​របរ​នៅ​ទី​នោះ​ចុះ។ នៅ​ទី​នោះ អ្នក​អាច​ប្រកាស​ទំនាយ​បាន។+ ១៣  ប៉ុន្តែ អ្នក​មិន​ត្រូវ​ប្រកាស​ទំនាយ​នៅ​ក្រុង​បេតអែល​ទៀត​ទេ+ ព្រោះ​នេះ​ជា​កន្លែង​បរិសុទ្ធ​របស់​ស្ដេច+ ហើយ​ជា​វិហារ​នៃ​រាជាណាចក្រ​នេះ​»។ ១៤  រួច​មក អេម៉ុស​បាន​ឆ្លើយ​ទៅ​អាម៉ាស៊ា​ថា​៖ ​«​ពី​មុន​ខ្ញុំ​មិន​មែន​ជា​អ្នក​ប្រកាស​ទំនាយ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​កូន​របស់​អ្នក​ប្រកាស​ទំនាយ​ដែរ តែ​ខ្ញុំ​ជា​គង្វាល+ ហើយ​ជា​អ្នក​មើល​ថែ​ទាំ​ដើម​ល្វា​តូច។ ១៥  ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​យក​ខ្ញុំ​ចេញ​ពី​ការ​ធ្វើ​ជា​គង្វាល រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ​ប្រកាស​ទំនាយ​ដល់​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ›។+ ១៦  ដូច្នេះ ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ដូច​ត​ទៅ​៖ ‹អ្នក​កំពុង​និយាយ​ថា​៖ ​«​កុំ​ប្រកាស​ទំនាយ​ទាស់​នឹង​អ៊ីស្រាអែល+ ហើយ​កុំ​ផ្សព្វ​ផ្សាយ+ប្រឆាំង​នឹង​ពូជ​ពង្ស​អ៊ីសាក​ឲ្យ​សោះ​»។ ១៧  ហេតុ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ប្រពន្ធ​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ស្ត្រី​ពេស្យា​នៅ​ក្នុង​ក្រុង​នេះ ហើយ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ។ ទឹក​ដី​របស់​អ្នក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ហើយ​អ្នក​នឹង​ស្លាប់​នៅ​ក្នុង​ទឹក​ដី​ដែល​មិន​ស្អាត​បរិសុទ្ធ។ បណ្ដា​ជន​អ៊ីស្រាអែល​នឹង​ត្រូវ​និរទេស​ចេញ​ពី​ស្រុក​ខ្លួន​ជាក់​ជា​មិន​ខាន​»​›​»។+

កំណត់សម្គាល់