អេសធើរ ៥:១-១៤
៥ លុះបីថ្ងៃក្រោយមក+ នាងអេសធើរបានស្លៀកសម្លៀកបំពាក់អគ្គមហេសី ហើយចូលទៅឈរនៅទីលានខាងក្នុងទល់មុខវិមានស្ដេច។ ពេលនោះ ស្ដេចកំពុងអង្គុយក្នុងវិមានលើបល្ល័ង្កបែរមុខទៅខ្លោងទ្វារចូល។
២ កាលដែលស្ដេចឃើញនាងអេសធើរឈរនៅទីលានខាងក្នុង គាត់បានមើលទៅនាងដោយក្ដីពេញចិត្ត ហើយហុចដំបងរាជ្យឲ្យនាងប៉ះ។+ រួចនាងក៏ដើរចូលទៅជិតស្ដេច ហើយប៉ះចុងដំបងនោះ។
៣ ស្ដេចបានសួរនាងថា៖ «អគ្គមហេសីអេសធើរ តើនាងមានរឿងអ្វី? តើនាងមានសំណូមពរអ្វី? ទោះជានាងសុំដល់ទៅរាជាណាចក្រពាក់កណ្ដាលក្ដី ក៏ខ្ញុំប្រគល់ឲ្យនាងដែរ!»។
៤ នាងអេសធើរបានឆ្លើយតបថា៖ «បើស្ដេចជាម្ចាស់មិនយល់ទាស់ទេ នៅថ្ងៃនេះ សូមលោកនិងហាម៉ាន+អញ្ជើញមកពិសាភោជនាហារដែលនាងខ្ញុំបានរៀបចំសម្រាប់លោកម្ចាស់»។
៥ ដូច្នេះ ស្ដេចបានបញ្ជាពួកអ្នកបម្រើថា៖ «ចូរទៅអញ្ជើញហាម៉ានឲ្យមកជាប្រញាប់ តាមសំណូមពររបស់អគ្គមហេសីអេសធើរ»។ បន្ទាប់មក ស្ដេចនិងហាម៉ានបានទៅពិសាភោជនាហារដែលអេសធើរបានរៀបចំ។
៦ ក្នុងពេលពិសាស្រា ស្ដេចបាននិយាយទៅកាន់នាងអេសធើរថា៖ «តើនាងចង់បានអ្វី? តើនាងមានសំណូមពរអ្វី? ទោះជានាងសុំដល់ទៅរាជាណាចក្រពាក់កណ្ដាលក្ដី ក៏ខ្ញុំប្រគល់ឲ្យនាងដែរ!»។+
៧ នាងអេសធើរបានឆ្លើយតបថា៖ «អ្វីដែលនាងខ្ញុំចង់បានគឺ
៨ បើស្ដេចជាម្ចាស់ប្រណីមេត្តាចំពោះនាងខ្ញុំ ហើយបើលោកមិនយល់ទាស់ទេ សូមលោកម្ចាស់និងហាម៉ានអញ្ជើញមកពិសាភោជនាហារដែលនាងខ្ញុំនឹងរៀបចំនៅថ្ងៃស្អែកម្ដងទៀត។ នៅពេលនោះ នាងខ្ញុំនឹងជម្រាបលោកម្ចាស់អំពីសំណូមពររបស់នាងខ្ញុំ»។
៩ នៅថ្ងៃនោះ ពេលហាម៉ានចេញពីពិធីពិសាភោជនាហារ គាត់សប្បាយចិត្តជាខ្លាំង។ ប៉ុន្តែ ពេលគាត់ឃើញម៉ាដេកាយនៅខ្លោងទ្វារវិមានស្ដេច គាត់បែរជាខឹងយ៉ាងខ្លាំងទៅវិញ ព្រោះម៉ាដេកាយមិនបានក្រោកឈរ ហើយបង្ហាញការកោតខ្លាចចំពោះគាត់ទេ។+
១០ ទោះជាយ៉ាងនោះក៏ដោយ គាត់បានទប់ចិត្ត ហើយបន្តដំណើរទៅផ្ទះ។ ពេលទៅដល់ គាត់បានចាត់គេឲ្យទៅហៅសេរេស+ជាប្រពន្ធ និងមិត្តភក្ដិគាត់ឲ្យមក។
១១ ហាម៉ានបាននិយាយអួតអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ និងកូនចៅដ៏ច្រើនរបស់គាត់+ ព្រមទាំងអំពីការដែលស្ដេចលើកតម្កើងនិងដំឡើងឋានៈគាត់ឲ្យខ្ពស់ជាងពួកអ្នកគ្រប់គ្រងនិងមន្ត្រីឯទៀត។+
១២ ហាម៉ានបានបន្ថែមថា៖ «លើសពីនោះទៅទៀត អគ្គមហេសីអេសធើរបានអញ្ជើញតែខ្ញុំនិងស្ដេចប៉ុណ្ណោះឲ្យចូលរួមពិសាភោជនាហារ ដែលនាងបានរៀបចំ។+ នៅថ្ងៃស្អែក នាងក៏បានអញ្ជើញខ្ញុំឲ្យទៅពិសាម្ដងទៀតជាមួយនឹងស្ដេចដែរ។+
១៣ ប៉ុន្តែ ទោះជាខ្ញុំមានកិត្តិយសយ៉ាងនេះក្ដី ក៏ខ្ញុំមិនសប្បាយចិត្តដែរ ដរាបណាខ្ញុំនៅតែឃើញម៉ាដេកាយជាជនជាតិយូដានោះ អង្គុយនៅមុខខ្លោងទ្វារវិមានស្ដេច»។
១៤ ដូច្នេះ ប្រពន្ធគាត់និងមិត្តភក្ដិទាំងអស់ឲ្យយោបល់ថា៖ «សូមឲ្យគេដំឡើងបង្គោលឈើមួយកម្ពស់៥០ហត្ថ។* នៅពេលព្រឹក សូមស្នើស្ដេចឲ្យបញ្ជាគេព្យួរម៉ាដេកាយនៅលើបង្គោលនោះទៅ។+ រួចសឹមចូលទៅពិសាភោជនាហារជាមួយនឹងស្ដេចដោយសប្បាយចុះ»។ ហាម៉ានពេញចិត្តនឹងយោបល់នេះណាស់។ ហេតុនេះ គាត់បានចាត់គេឲ្យដំឡើងបង្គោលឈើនោះ។
កំណត់សម្គាល់
^ ប្រហែលជាប្រវែង២២,៣ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤