អេសធើរ ៧:១-១០
៧ ដូច្នេះ ស្ដេចនិងហាម៉ាន+បានចូលទៅពិសាភោជនាហារ ដែលអគ្គមហេសីអេសធើរបានរៀបចំ។
២ ពេលពិសាស្រានៅថ្ងៃបន្ទាប់នោះ ស្ដេចសួរនាងអេសធើរម្ដងទៀតថា៖ «អគ្គមហេសីអេសធើរ តើនាងចង់បានអ្វី? តើនាងមានសំណូមពរអ្វី? ទោះជានាងសុំដល់ទៅរាជាណាចក្រពាក់កណ្ដាលក្ដី ក៏ខ្ញុំប្រគល់ឲ្យនាងដែរ!»។+
៣ នាងអេសធើរបានឆ្លើយតបថា៖ «បើស្ដេចជាម្ចាស់ប្រណីមេត្តាចំពោះនាងខ្ញុំ ហើយបើលោកម្ចាស់មិនយល់ទាស់ទេ នាងខ្ញុំសូមអង្វរលោកម្ចាស់មេត្តាទុកជីវិតឲ្យនាងខ្ញុំនិងជនរួមជាតិរបស់នាងខ្ញុំផង+
៤ ព្រោះនាងខ្ញុំនិងជនរួមជាតិរបស់នាងខ្ញុំ បានត្រូវប្រគល់ឲ្យគេ+បំផ្លាញចោលទាំងអស់គ្មានសល់ហើយ។+ បើគេគ្រាន់តែលក់ពួកយើងឲ្យធ្វើជាខ្ញុំបម្រើប៉ុណ្ណោះ នោះនាងខ្ញុំសុខចិត្តនៅស្ងៀម។ ប៉ុន្តែ គេចង់សម្លាប់ពួកយើងខ្ញុំទាំងអស់វិញ។ រឿងខ្លោចផ្សានេះមិនគួរកើតឡើងទេ ព្រោះនឹងនាំឲ្យស្ដេចជាម្ចាស់ខាតបង់ប្រយោជន៍ហើយ»។
៥ ឮដូច្នេះ ស្ដេចអាហាស៊ូរុសបានសួរអគ្គមហេសីអេសធើរថា៖ «តើអ្នកណាហ៊ានធ្វើដូច្នេះ? តើអ្នកនោះនៅឯណា?»។
៦ នាងអេសធើរបានតបឆ្លើយថា៖ «សត្រូវនោះគឺហាម៉ានដ៏អាក្រក់នេះហើយ»។
ពេលនោះ ហាម៉ានភ័យខ្លាចខ្លាំងណាស់ចំពោះស្ដេចនិងអគ្គមហេសី។
៧ ស្ដេចខឹងយ៉ាងខ្លាំង ហើយក្រោកឡើងដើរទៅសួនវិមាន។ ឯហាម៉ាន គាត់បានក្រោកឡើង រួចអង្វរសុំអគ្គមហេសីអេសធើរទុកជីវិតឲ្យគាត់ ព្រោះគាត់ដឹងថាស្ដេចច្បាស់ជាដាក់ទោសគាត់ជាមិនខាន។
៨ បន្ទាប់មក ស្ដេចបានចូលមកកន្លែងពិសាភោជនាហារវិញ។ ពេលនោះ គាត់បានឃើញហាម៉ានទ្រោបខ្លួនលើគ្រែក្បែរកន្លែងនាងអេសធើរអង្គុយ។ ឃើញដូច្នោះ ស្ដេចបានស្រែកឡើងថា៖ «ហាម៉ាននេះ! ចង់រំលោភអគ្គមហេសីយើងក្នុងវិមានផងឬ?»។ ស្ដេចមិនទាន់និយាយរួចពីមាត់ផង ពួកអ្នកបម្រើស្ដេចក៏ចូលមកគ្របមុខហាម៉ាន។
៩ មន្ត្រីម្នាក់ឈ្មោះហាបូណា+ជម្រាបស្ដេចថា៖ «លោកម្ចាស់! ហាម៉ានបានឲ្យគេដំឡើងបង្គោលឈើមួយមានកម្ពស់៥០ហត្ថ*នៅផ្ទះរបស់គាត់ ទុកសម្រាប់ព្យួរម៉ាដេកាយ+ជាអ្នកសង្គ្រោះជីវិតលោកម្ចាស់»។+ ឮដូច្នេះ ស្ដេចបានបញ្ជាថា៖ «ចូរព្យួរគាត់នៅលើបង្គោលនោះទៅ»។
១០ ដូច្នេះ គេក៏ព្យួរហាម៉ាននៅលើបង្គោលឈើនោះ ហើយស្ដេចក៏ស្ងប់កំហឹងទៅ។
កំណត់សម្គាល់
^ ប្រហែលជាប្រវែង២២,៣ម៉ែត្រ។ មើលសេចក្ដីពន្យល់បន្ថែម ផ្នែកខ១៤