អេសាយ ១:១-៣១
១ នៅសម័យស្ដេចអូសៀស+ យ៉ូថាម+ អេហាស+ និងហេសេគា+ ដែលជាស្ដេចស្រុកយូដា+ អេសាយ*+ជាកូនអាម៉ុសបានទទួលការបើកបង្ហាញពីព្រះ* ស្ដីអំពីស្រុកយូដានិងក្រុងយេរូសាឡិម*ថា៖
២ ឱស្ថានសួគ៌*អើយ ចូរស្ដាប់ចុះ! ឱផែនដីអើយ ចូរផ្ទៀងស្ដាប់!+ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖
«កូនៗដែលខ្ញុំបានចិញ្ចឹមបីបាច់ថែរក្សា+ បែរជាបះបោរប្រឆាំងនឹងខ្ញុំទៅវិញ។+
៣ សត្វគោស្គាល់ម្ចាស់របស់វា ឯសត្វលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ។
ប៉ុន្តែ អ៊ីស្រាអែលមិនស្គាល់ខ្ញុំជាម្ចាស់របស់ពួកគេទេ+រាស្ត្ររបស់ខ្ញុំមិនចេះពិចារណាឡើយ»។
៤ វេទនាដល់ប្រជាជាតិដែលប្រព្រឹត្តអំពើខុសឆ្គង+គឺបណ្ដាជនដែលធ្វើខុសធ្ងន់ធ្ងរច្រើនក្រៃលែងពួកគេជាមនុស្សទុច្ចរិត និងជាកូនៗដែលខូចអាក្រក់!ពួកគេបានលះចោលព្រះយេហូវ៉ា+ពួកគេបានប្រព្រឹត្តទៅលើព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលដោយគ្មានការគោរពសោះ។ ពួកគេបានបែរខ្នងដាក់លោក។
៥ តើអ្នករាល់គ្នាចង់ត្រូវរំពាត់ដល់កាលណាទៀត បានជាចេះតែបះបោរប្រឆាំងដូច្នេះ?+
ក្បាលអ្នករាល់គ្នាពេញទៅដោយដំបៅហើយបេះដូងរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។+
៦ ពីក្បាលដល់ចុងជើងមានសុទ្ធតែរបួស ស្នាមជាំ និងដំបៅ គឺគ្មានសល់កន្លែងណាទេហើយគ្មានអ្នកណាជួយព្យាបាល រុំរបួស ឬលាបប្រេងឲ្យឡើយ។+
៧ ស្រុករបស់អ្នករាល់គ្នាបានត្រូវទុកចោល។
បណ្ដាក្រុងរបស់អ្នករាល់គ្នាក៏ត្រូវគេដុតបំផ្លាញ។
ជនជាតិដទៃមកដណ្ដើមយកស្រុករបស់អ្នករាល់គ្នា នៅចំពោះមុខតែម្ដង។+
ទីនោះដូចជាទឹកដីដែលត្រូវជនជាតិដទៃបំផ្លិចបំផ្លាញចោល។+
៨ កូនស្រីស៊ីយ៉ូនបានត្រូវទុកចោលដូចជាខ្ទមចាំចម្ការទំពាំងបាយជូរ និងដូចជារោងចាំចម្ការត្រសក់ហើយដូចជាក្រុងដែលស្ថិតក្រោមការឡោមព័ទ្ធ។+
៩ បើព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មិនបានទុកពួកយើងខ្លះឲ្យរួចជីវិតទេនោះយើងច្បាស់ជាដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាបាត់ទៅហើយ។+
១០ ឱពួកអ្នកគ្រប់គ្រងក្រុងសូដុមអើយ!+ ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ាចុះ!
ឱអ្នកក្រុងកូម៉ូរ៉ាអើយ+ ចូរត្រងត្រាប់ស្ដាប់ការណែនាំរបស់ព្រះនៃយើងចុះ!
១១ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «តើគ្រឿងបូជាដ៏ច្រើនរបស់អ្នករាល់គ្នាមានប្រយោជន៍អ្វីដល់ខ្ញុំទៅ?+
ខ្ញុំធុញទ្រាន់ខ្លាំងណាស់ចំពោះចៀមឈ្មោល+ និងខ្លាញ់សត្វធាត់ៗដែលអ្នករាល់គ្នាយកមកដុតជូនខ្ញុំជាគ្រឿងបូជា+ហើយខ្ញុំក៏មិនពេញចិត្តនឹងឈាម+គោស្ទាវ+ ចៀម និងពពែដែរ។+
១២ ពេលអ្នករាល់គ្នាមកឈរនៅចំពោះខ្ញុំ+តើអ្នកណាបង្គាប់ឲ្យអ្នករាល់គ្នាមកជាន់ឈ្លីទីធ្លារបស់ខ្ញុំដូច្នេះ?+
១៣ កុំនាំយកគ្រឿងបូជាពីស្រូវ ជាគ្រឿងបូជាដែលឥតបានការមកទៀត។
ខ្ញុំខ្ពើមគ្រឿងក្រអូបរបស់អ្នករាល់គ្នាណាស់។+
អ្នករាល់គ្នាធ្វើបុណ្យចូលខែថ្មី+ បុណ្យថ្ងៃឈប់សម្រាក+ និងបុណ្យសំខាន់ៗ+ប៉ុន្តែ អ្នករាល់គ្នាលាយឡំការប្រើវេទមន្ត+ក្នុងកិច្ចប្រជុំពិសេសទាំងនោះ។ ដូច្នេះ ខ្ញុំទ្រាំលែងបានទៀតហើយ។
១៤ ខ្ញុំស្អប់បុណ្យចូលខែថ្មីនិងបុណ្យឯទៀតរបស់អ្នករាល់គ្នាខ្លាំងណាស់។
ខ្ញុំពិតជាធុញទ្រាន់នឹងពិធីទាំងនោះពេកក្រៃហើយក៏ជិនណាយនឹងពិធីទាំងនោះក្រៃលែង។
១៥ កាលដែលអ្នករាល់គ្នាលើកដៃអធិដ្ឋានមកខ្ញុំខ្ញុំមិនយកភ្នែកមើលអ្នករាល់គ្នាទេ។+
ទោះជាអ្នករាល់គ្នាអធិដ្ឋានច្រើនដងក្ដី+ ក៏ខ្ញុំមិនស្ដាប់ដែរ+ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។+
១៦ ចូរជម្រះខ្លួនឲ្យស្អាតបរិសុទ្ធ+ កុំឲ្យខ្ញុំឃើញអំពើទុច្ចរិតរបស់អ្នករាល់គ្នាទៀតចូរឈប់ធ្វើអំពើអាក្រក់ទៅ។+
១៧ ចូររៀនធ្វើអំពើល្អ ហើយប្រព្រឹត្តដោយយុត្តិធម៌+ចូរកែតម្រង់ពួកអ្នកដែលសង្កត់សង្កិនគេចូរការពារសិទ្ធិកូនកំព្រា ហើយជួយស្ត្រីមេម៉ាយ»។+
១៨ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «សូមមក យើងនឹងសម្រុះសម្រួលគ្នា។+
ទោះជាអំពើខុសឆ្គងរបស់អ្នករាល់គ្នាដូចជាពណ៌ក្រហមឆ្អៅក្ដី ក៏នឹងប្រែទៅជាសក្បុសដូចព្រិលបានដែរ។+
ទោះជាកំហុសរបស់អ្នកដូចជាក្រណាត់ក្រហមទែងក្ដី ក៏នឹងប្រែទៅជាសដូចរោមចៀមបានដែរ។
១៩ ប្រសិនបើអ្នករាល់គ្នាព្រមស្ដាប់នោះអ្នករាល់គ្នានឹងបរិភោគផលល្អៗនៅក្នុងស្រុក។+
២០ ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្ដាប់ ហើយបះបោរប្រឆាំងវិញនោះអ្នករាល់គ្នានឹងស្លាប់ដោយដាវជាមិនខាន+ព្រោះនេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។
២១ ក្រុងដ៏ស្មោះត្រង់+បានក្លាយទៅជាស្រីពេស្យាហើយហ្ន៎!+ពីដើមនាងពោរពេញទៅដោយយុត្តិធម៌+និងសេចក្ដីសុចរិត+ប៉ុន្តែឥឡូវមានសុទ្ធតែឃាតករទៅវិញ។+
២២ ដុំប្រាក់របស់អ្នករាល់គ្នាក្លាយទៅជាអាចម៍ដែក+ ហើយស្រា*របស់អ្នករាល់គ្នាបានត្រូវលាយដោយទឹក។
២៣ ពួកអ្នកគ្រប់គ្រងរបស់អ្នករាល់គ្នាជាមនុស្សរឹងចចេស ហើយចូលដៃជាមួយនឹងពួកចោរ។+
ពួកគេម្នាក់ៗស្រឡាញ់ប្រាក់សំណូក ហើយដេញតាមអំណោយ។+
ពួកគេមិនជួយរកយុត្តិធម៌ឲ្យកូនកំព្រាទេ ហើយក៏មិនព្រមទទួលរឿងក្ដីរបស់ស្ត្រីមេម៉ាយដែរ។+
២៤ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌លោកជាព្រះដែលមានឫទ្ធានុភាពដ៏ខ្លាំងក្លានៃអ៊ីស្រាអែល លោកប្រកាសថា៖ «មើល! ខ្ញុំនឹងបំផ្លាញពួកអ្នកដែលតតាំងនឹងខ្ញុំ ហើយក៏សងសឹកនឹងពួកសត្រូវរបស់ខ្ញុំដែរ។+
២៥ ខ្ញុំនឹងលើកដៃប្រឆាំងនឹងអ្នករាល់គ្នាខ្ញុំនឹងជម្រះអ្នករាល់គ្នា ដូចជាគេលាងអាចម៍ដែកដោយប្រើទឹកក្បុងហើយខ្ញុំនឹងដកភាពមិនស្អាតបរិសុទ្ធទាំងអស់ចេញពីអ្នករាល់គ្នា។+
២៦ ខ្ញុំនឹងរៀបចំឲ្យមានពួកអ្នកសម្រេចក្ដីឡើងវិញហើយក៏ឲ្យមានទីប្រឹក្សាដូចដើមដែរ។+
ក្រោយពីនោះ គេនឹងហៅអ្នករាល់គ្នាថា ក្រុងដ៏សុចរិត និងក្រុងដ៏ស្មោះត្រង់។+
២៧ ដោយយុត្តិធម៌ ស៊ីយ៉ូននឹងត្រូវលោះមកវិញ+ហើយដោយសេចក្ដីសុចរិត រាស្ត្រទាំងប៉ុន្មាននឹងត្រឡប់មកក្រុងនេះវិញ។
២៨ អ្នកបះបោរនិងអ្នកប្រព្រឹត្តអំពើខុសឆ្គងនឹងត្រូវបំផ្លាញចោល+ហើយអ្នកដែលចាកចេញពីព្រះយេហូវ៉ានឹងត្រូវវិនាសអន្តរាយ។+
២៩ ព្រោះអ្នករាល់គ្នានឹងខ្មាសចំពោះដើមឈើដ៏ធំសម្បើមដែលអ្នករាល់គ្នាប្រាថ្នាចង់បាន+ហើយអ្នករាល់គ្នានឹងអាម៉ាស់មុខ ព្រោះតែសួនច្បារ*ដែលអ្នករាល់គ្នាបានជ្រើសរើស។+
៣០ អ្នករាល់គ្នានឹងដូចជាដើមឈើធំដែលមានស្លឹកក្រៀមស្វិត+ហើយក៏ដូចជាសួនច្បារដែលគ្មានទឹកដែរ។
៣១ បុរសខ្លាំងពូកែនឹងដូចជាចំបើង ហើយកិច្ចការរបស់គាត់ដូចជាផ្កាភ្លើងគឺទាំងពីរនឹងឆេះជាមួយគ្នា មិនមានអ្នកណាពន្លត់បានឡើយ»។
កំណត់សម្គាល់
^ សព្វថ្ងៃនេះហៅថាហ៊្សេរុយសាឡិម
^ សំដៅលើអ្វីដែលព្រះបើកបង្ហាញឲ្យឃើញក្នុងគំនិតដោយអព្ភូតហេតុ។ គឺស្រដៀងនឹងការយល់សប្ដិ
^ មានន័យថា«សេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា»
^ ឬ«មេឃ»
^ ឬ«ស្រាបៀរដែលធ្វើពីស្រូវសាលី»
^ តាមមើលទៅដើមឈើនិងសួនច្បារទាក់ទងនឹងការគោរពបូជារូបព្រះ