អេសាយ ៤០:១-៣១

  • ការ​សម្រាល​ទុក្ខ​សម្រាប់​រាស្ត្រ​របស់​ព្រះ (​១​-​១១)

    • មាន​សំឡេង​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ (​៣​-​៥)

  • ភាព​ឧត្តុង្គ​ឧត្តម​របស់​ព្រះ (​១២​-​៣១)

    • ប្រជា​ជាតិ​ទាំង​ឡាយ​ប្រៀប​ដូច​ជា​ទឹក​មួយ​តំណក់​ក្នុង​ធុង (​១៥)

    • ព្រះ​ស្ថិត​នៅ​លើ​«​រង្វង់​ផែនដី​»​ (​២២)

    • ផ្កាយ​ទាំង​ឡាយ​បាន​ត្រូវ​ហៅ​តាម​ឈ្មោះ (​២៦)

    • ព្រះ​មិន​ដែល​អស់​កម្លាំង​ទេ (​២៨)

    • ការ​សង្ឃឹម​ទៅ​លើ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឡើង​វិញ (​២៩​-​៣១)

៤០  ព្រះ​របស់​អ្នក​រាល់​គ្នា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សម្រាល​ទុក្ខ​រាស្ត្រ​របស់​ខ្ញុំ។+  ២  ចូរ​និយាយ​សម្រាល​ទុក្ខ​ក្រុង​យេរូសាឡិមហើយ​ប្រកាស​ថា​កិច្ច​ការ​ធ្ងន់​ដែល​នាង​ត្រូវ​ធ្វើ បាន​ចប់​សព្វ​គ្រប់​ហើយនិង​ប្រកាស​ថា​ទោស​របស់​នាង​បាន​ត្រូវ​បង់​រួច​ហើយ។+ នាង​ក៏​បាន​ទទួល​ទោស​យ៉ាង​ពេញ​លេញ*ពី​ព្រះ​យេហូវ៉ា​ដែរ​»។+  ៣  មាន​សំឡេង​មនុស្ស​ម្នាក់​ស្រែក​ប្រកាស​នៅ​តំបន់​ស្ងាត់​ជ្រងំ​ថា​៖ ​«​ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា!+ ចូរ​ធ្វើ​ឲ្យ​មាន​ផ្លូវ​ធំ​ត្រង់+ភ្លឹង​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ សម្រាប់​ព្រះ​នៃ​យើង។+  ៤  ចូរ​លុប​ជ្រលង​ទាំង​អស់ ហើយ​ពង្រាប​គ្រប់​ភ្នំ​គ្រប់​ទួល​ឲ្យ​រាប​ស្មើ។ ឯ​ដី​ក្រហេង​ក្រហូង ត្រូវ​ចាក់​បំពេញ​ឲ្យ​ស្មើ ហើយ​ដី​រដិប​រដុប ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ។+  ៥  នៅ​គ្រា​នោះ សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​បង្ហាញ+ហើយ​មនុស្ស​ទាំង​អស់​នឹង​មើល​ឃើញ+ព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ហើយ​»។  ៦  មាន​មនុស្ស​ម្នាក់​បង្គាប់​ថា​៖ ​«​ចូរ​ស្រែក​ឡើង!​»​ហើយ​ម្នាក់​ទៀត​សួរ​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ស្រែក​អំពី​អ្វី?​»។ ​«​មនុស្ស​ទាំង​ឡាយ​គឺ​ប្រៀប​ដូច​ជា​ស្មៅ​ខៀវ​ខ្ចី។ ឯ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ពួក​គេ គឺ​ប្រៀប​ដូច​ជា​ផ្កា​រីក​នៅ​ឯ​វាល។+  ៧  ស្មៅ​ខៀវ​ខ្ចី​បាន​ក្រៀម​ស្វិត​ទៅឯ​ផ្កា​រីក​ក៏​បាន​ស្រពោន​ទៅ​ដែរ+ ដោយ​សារ​ខ្យល់​ដង្ហើម​របស់​ព្រះ​យេហូវ៉ា។+ បណ្ដា​ជន​ប្រៀប​បាន​នឹង​ស្មៅ​ខៀវ​ខ្ចី​ពិត​ប្រាកដ​មែន។  ៨  ស្មៅ​ខៀវ​ខ្ចី​តែង​ក្រៀម​ស្វិត​ទៅ ឯ​ផ្កា​រីក​ក៏​តែង​ស្រពោន​ទៅ​ដែរប៉ុន្តែ បណ្ដាំ​របស់​ព្រះ​នៃ​យើង​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប​»។+  ៩  ឱ​ស្ត្រី​ដែល​នាំ​ដំណឹង​ល្អ​មក​ក្រុង​ស៊ីយ៉ូន​អើយ!+ ចូរ​ឡើង​លើ​ភ្នំ​ខ្ពស់​ទៅ! ឱ​ស្ត្រី​ដែល​នាំ​ដំណឹង​ល្អ​មក​ក្រុង​យេរូសាឡិម​អើយ! ចូរ​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង! ចូរ​ស្រែក​ឡើង ហើយ​កុំ​ខ្លាច​ឡើយ។ ចូរ​ប្រកាស​ដល់​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​ថា​៖ ​«​នេះ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។+ ១០  មើល! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​មក​ដោយ​ឫទ្ធានុភាព​ខ្លាំង​ក្លាហើយ​ដៃ​របស់​លោក​នឹង​គ្រប់​គ្រង។+ មើល! រង្វាន់​របស់​លោក​នៅ​ជា​មួយ​នឹង​លោក​ហើយឯ​ប្រាក់​ឈ្នួល​ដែល​លោក​បង់ ក៏​នៅ​ចំពោះ​មុខ​លោក​ដែរ។+ ១១  ដូច​គង្វាល លោក​នឹង​មើល​ថែ​ហ្វូង​ចៀម​របស់​លោក+លោក​នឹង​ប្រមូល​កូន​ចៀម​ដោយ​ដៃ​លោក​ផ្ទាល់ ហើយ​បី​ពួក​វា​នៅ​ក្បែរ​ដើម​ទ្រូង។ លោក​នឹង​នាំ​មេ​ចៀម​ដែល​មាន​កូន​តូច​ដើរ​ដោយ​ថ្នម​ៗ។+ ១២  តើ​នរណា​អាច​វាល់​ទឹក​សមុទ្រ​ទាំង​អស់​ក្នុង​ទូក​ដៃ​បាន?+ តើ​នរណា​អាច​វាស់​មេឃ​ដោយ​ចំអាម​ដៃ*បាន? តើ​នរណា​អាច​ប្រមូល​ធូលី​ដី​ទាំង​អស់​នៅ​ផែនដី​មក​ដាក់​ក្នុង​រង្វាល់​បាន?+ តើ​នរណា​អាច​ថ្លឹង​ភ្នំ​ទាំង​ឡាយ​បាន? តើ​នរណា​អាច​លើក​ទី​ទួល​ទាំង​ប៉ុន្មាន​ដាក់​លើ​ជញ្ជីង? ១៣  តើ​នរណា​អាច​វាស់​ស្ទង់*ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន? តើ​នរណា​អាច​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​លោក​ទៅ?+ ១៤  តើ​អ្នក​ណា​អាច​ឲ្យ​យោបល់​ដល់​លោក​ដើម្បី​លោក​មាន​ការ​យល់​ដឹង? តើ​អ្នក​ណា​អាច​បង្រៀន​លោក​អំពី​ផ្លូវ​យុត្តិធម៌? តើ​អ្នក​ណា​អាច​ផ្ដល់​ចំណេះ​ដល់​លោក​បាន? តើ​អ្នក​ណា​អាច​បង្ហាញ​លោក​នូវ​ផ្លូវ​នៃ​ការ​យល់​ដឹង​ពិត?+ ១៥  មើល! ប្រជា​ជាតិ​ទាំង​ឡាយ​ប្រៀប​ដូច​ជា​ទឹក​មួយ​តំណក់​ក្នុង​ធុងហើយ​ប្រៀប​ដូច​ជា​ធូលី​នៅ​លើ​ថាស​ជញ្ជីង។+ មើល! លោក​លើក​កោះ​ទាំង​ប៉ុន្មាន​ដូច​លម្អង​ធូលី។ ១៦  សូម្បី​តែ​ដើម​ឈើ​នៅ​តំបន់​ភ្នំ​លីបង់ ក៏​មិន​មាន​ល្មម​សម្រាប់​ដុត​ផងហើយ​សត្វ​ព្រៃ​នៅ​ទី​នោះ ក៏​មិន​មាន​គ្រប់​គ្រាន់​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដុត​ដែរ។ ១៧  នៅ​ចំពោះ​មុខ​លោក ប្រជា​ជាតិ​ទាំង​ឡាយ​មិន​ជា​អ្វី​សោះ+លោក​ចាត់​ទុក​ពួក​គេ​ដូច​ជា​ទទេ​សុទ្ធសាធ គ្មាន​ន័យ​អ្វី​ឡើយ។+ ១៨  តើ​អ្នក​រាល់​គ្នា​អាច​ប្រៀប​ផ្ទឹម​ព្រះ​ទៅ​នឹង​អ្នក​ណា?+ តើ​អ្នក​រាល់​គ្នា​អាច​ប្រៀប​ប្រដូច​លោក​ទៅ​នឹង​អ្វី?+ ១៩  ជាង​ម្នាក់​ឆ្លាក់​រូប​ព្រះ* ហើយ​ស្រោប​រូប​នោះ​ដោយ​មាស+ រួច​ភ្ជាប់​នឹង​ខ្សែ​ប្រាក់។ ២០  បុគ្គល​ម្នាក់​ជ្រើស​រើស​ឈើ​មួយ​ប្រភេទ​ទុក​ជូន​ជា​អំណោយ+ ជា​ឈើ​ដែល​មិន​ចេះ​ពុក។ រួច​គាត់​ស្វែង​រក​ជាង​ជំនាញ​ម្នាក់ ដើម្បី​ឆ្លាក់​រូប​មួយ​ដ៏​មាំ​ដែល​មិន​ងាយ​រលំ។+ ២១  តើ​អ្នក​មិន​បាន​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ? តាំង​ពី​ដំបូង​មក តើ​គ្មាន​អ្នក​ណា​ប្រាប់​អ្នក​ទេ​ឬ? តាំង​ពី​ដាក់​គ្រឹះ​ផែនដី តើ​អ្នក​មិន​បាន​យល់​ទេ​ឬ?+ ២២  គឺ​មាន​ព្រះ​មួយ​រូប​ដែល​ស្ថិត​នៅ​លើ​រង្វង់*ផែនដី+ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្ដូប។ លោក​លាត​សន្ធឹង​ផ្ទៃ​មេឃ​ដូច​ជា​លា​ស្បៃហើយ​ត្រដាង​លំហ​អាកាស​ដូច​ជា​ត្រដាង​ត្រសាល។+ ២៣  លោក​ដក​តំណែង​ពួក​មន្ត្រី​ជាន់​ខ្ពស់ហើយ​ធ្វើ​ឲ្យ​ចៅ​ក្រម*ទាំង​ឡាយ​នៅ​ផែនដី លែង​មាន​តម្លៃ​ទៀត។ ២៤  ពួក​គេ​ប្រៀប​ដូច​ជា​ដំណាំ​ដែល​ទើប​តែ​ដាំនិង​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ដែល​ទើប​តែ​សាប​ព្រោះកាល​មិន​ទាន់​ចាក់​ឫស​ក្នុង​ដី​ផងស្រាប់​តែ​ខ្យល់​បក់​បោក​មក​លើ ធ្វើ​ឲ្យ​ក្រៀម​ស្វិត​ទៅរួច​បក់​ផាត់​នាំ​ទៅ​ដូច​ជា​ចំបើង។+ ២៥  ​«​តើ​អ្នក​រាល់​គ្នា​អាច​ប្រៀប​ផ្ទឹម​ខ្ញុំ​ឲ្យ​ស្មើ​នឹង​អ្នក​ណា?​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​ដ៏​បរិសុទ្ធ។ ២៦  ​«​ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​សម្លឹង​មើល​ចុះតើ​អ្នក​ណា​បាន​បង្កើត​អ្វី​ៗ​ទាំង​នោះ?+ គឺ​ជា​លោក​ដែល​បាន​នាំ​អ្វី​ទាំង​នោះ​ចេញ​មក​តាម​ចំនួន​ដូច​ជា​កង​ទ័ពលោក​ហៅ​អ្វី​ទាំង​នោះ​តាម​ឈ្មោះ​នីមួយ​ៗ។+ ដោយ​សារ​ថាមពល​ដែល​គ្មាន​កម្រិត និង​ដោយ​សារ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​និង​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​លោក+ គឺ​គ្មាន​ណា​មួយ​បាត់​ឡើយ។ ២៧  ឱ​យ៉ាកុប​អើយ! ម្ដេច​ក៏​និយាយ​ថា​៖ ‹ផ្លូវ​របស់​ខ្ញុំ​បាន​ត្រូវ​លាក់​ពី​ព្រះ​យេហូវ៉ា​ហើយ›? ឱ​អ៊ីស្រាអែល​អើយ! ម្ដេច​ក៏​ប្រកាស​ថា​៖ ‹ខ្ញុំ​មិន​បាន​ទទួល​យុត្តិធម៌​ពី​លោក›​ដូច្នេះ?+ ២៨  តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ? ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ផែនដី​និង​របស់​សព្វសារពើ គឺ​ជា​ព្រះ​ដែល​មាន​ជីវិត​ជា​រៀង​រហូត។+ លោក​មិន​ដែល​អស់​កម្លាំង​ឬ​ល្វើយ​ទេ។+ ឯ​ប្រាជ្ញា*របស់​លោក គ្មាន​អ្នក​ណា​អាច​វាស់​ស្ទង់​បាន​ឡើយ។+ ២៩  លោក​ផ្ដល់​កម្លាំង​ដល់​អ្នក​ដែល​ល្វើយហើយ​ចំពោះ​អ្នក​ដែល​ខ្សោយ* លោក​ផ្ដល់​កម្លាំង​ខ្លាំង​ក្លា​ដល់​ពួក​គេ។+ ៣០  ក្មេង​ប្រុស​ៗ​នឹង​អស់​កម្លាំង ហើយ​ល្ហិត​ល្ហៃ​ទៅឯ​ពួក​យុវជន​នឹង​ជំពប់ ហើយ​ដួល​ចុះ។ ៣១  ប៉ុន្តែ អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា នឹង​ទទួល​កម្លាំង​ឡើង​វិញ។ ពួក​គេ​នឹង​ត្រដាង​ស្លាប​ហោះ​ដូច​ជា​ឥន្ទ្រី។+ ពួក​គេ​នឹង​រត់ ហើយ​មិន​ចេះ​ហត់​ទេពួក​គេ​នឹង​ដើរ ហើយ​ក៏​មិន​ចេះ​អស់​កម្លាំង​ដែរ​»។+

កំណត់សម្គាល់

ឬ​«​មួយ​ជា​ពីរ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ស្វែង​យល់​»​
ឬ​«​រូប​សិត​»​
ឬ​«​មូល​»​
ឬ​«​ពួក​អ្នក​គ្រប់​គ្រង​»​
ឬ​«​ការ​យល់​ដឹង​»​
ឬ​«​ខ្វះ​ថាមពល​»​