អេសាយ ៥៥:១-១៣

  • ការ​អញ្ជើញ​ឲ្យ​មក​បរិភោគ​អាហារ​និង​ផឹក​ទឹក​ដោយ​ឥត​គិត​ថ្លៃ (​១​-​៥)

  • ការ​ស្វែង​រក​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​របស់​លោក (​៦​-​១៣)

    • ផ្លូវ​របស់​ព្រះ​ខ្ពង់​ខ្ពស់​ជាង​ផ្លូវ​របស់​មនុស្ស (​៨, ៩)

    • ប្រសាសន៍​របស់​ព្រះ​នឹង​កើត​ឡើង​ជា​មិន​ខាន (​១០, ១១)

៥៥  ឱ​អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ!+ ចូរ​មក​យក​ទឹក​ផឹក​ចុះ!+ ឱ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ! ចូរ​មក​យក​អាហារ​បរិភោគ​ដោយ​ឥត​គិត​ថ្លៃហើយ​មក​យក​ស្រា​ទំពាំង​បាយ​ជូរ​និង​ទឹក​ដោះ+​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ឡើយ។+  ២  ម្ដេច​ក៏​អ្នក​ចេះ​តែ​ចំណាយ​ប្រាក់​ទៅ​លើ​អ្វី​ដែល​មិន​មែន​ជា​អាហារ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​យក​ប្រាក់​ដែល​អ្នក​ខំ​រក*ទៅ​ទិញ​អ្វី​ដែល​មិន​នាំ​ឲ្យ​ស្កប់​ចិត្ត​ទៅ​វិញ? ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ ហើយ​បរិភោគ​អាហារ​ដ៏​ល្អ​ប្រសើរ​ទៅ+នោះ​អ្នក​នឹង​មាន​អំណរ​ជា​ខ្លាំង​ដោយ​សារបាន​អាហារ​ដែល​មាន​ជីវជាតិ។+  ៣  ចូរ​មក​ឯ​ខ្ញុំ ហើយ​ត្រង​ត្រាប់​ស្ដាប់។+ ចូរ​ស្ដាប់​ចុះ នោះ​អ្នក​នឹង​បន្ត​រស់​រាន​មាន​ជីវិតហើយ​ខ្ញុំ​នឹង​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​អ្នក+ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​ខ្ញុំ​បាន​បង្ហាញ​ចំពោះ​ដាវីឌ ហើយ​នោះ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។+  ៤  មើល! ខ្ញុំ​បាន​តាំង​គាត់​ឲ្យ​ធ្វើ​ជា​សាក្សី+ដល់​ប្រជា​ជាតិ​នា​នាហើយ​ធ្វើ​ជា​អ្នក​ដឹក​នាំ+ និង​ជា​មេ​បញ្ជាការ+ដល់​ប្រជា​ជាតិ​ទាំង​ឡាយ។  ៥  មើល! អ្នក​នឹង​ហៅ​ប្រជា​ជាតិ​មួយ​ដែល​អ្នក​មិន​ដែល​ស្គាល់​ឡើយហើយ​បណ្ដា​ជន​ដែល​មក​ពី​ប្រជា​ជាតិ​មួយ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់​មក​ឯ​អ្នក ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក+ និង​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែលលោក​លើក​តម្កើង​អ្នក​ឲ្យ​មាន​កិត្តិយស។+  ៦  ចូរ​ស្វែង​រក​ព្រះ​យេហូវ៉ា កាល​ដែល​អាច​រក​លោក​ឃើញ។+ ចូរ​ហៅ​រក​លោក កាល​ដែល​លោក​នៅ​ជិត​នៅ​ឡើយ។+  ៧  ចូរ​ឲ្យ​មនុស្ស​ទុច្ចរិត​លះ​ចោល​ផ្លូវ​របស់​ខ្លួន+ហើយ​មនុស្ស​អាក្រក់​លះ​បង់​គំនិត​របស់​ខ្លួន​ទៅ។ ចូរ​ឲ្យ​គាត់​ត្រឡប់​មក​ព្រះ​យេហូវ៉ា ព្រោះ​លោក​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គាត់+គឺ​មក​ឯ​ព្រះ​នៃ​យើង ព្រោះ​លោក​នឹង​អភ័យ​ទោស​ឲ្យ​ជា​បរិបូរ។*+  ៨  ព្រោះ​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​គំនិត​របស់​ខ្ញុំ​មិន​ដូច​គំនិត​របស់​អ្នក​ទេ+ហើយ​ផ្លូវ​របស់​ខ្ញុំ​ក៏​មិន​ដូច​ផ្លូវ​របស់​អ្នក​ដែរ។  ៩  ព្រោះ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណានោះ​ផ្លូវ​របស់​ខ្ញុំ​ក៏​ខ្ពង់​ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក​យ៉ាង​នោះ​ដែរហើយ​គំនិត​របស់​ខ្ញុំ​ខ្ពង់​ខ្ពស់​ជាង​គំនិត​របស់​អ្នក​ឆ្ងាយ​ណាស់។+ ១០  ទឹក​ភ្លៀង​និង​ព្រិល​ធ្លាក់​ពី​លើ​មេឃមក​ស្រោច​ស្រព​ផែនដី ហើយ​ឥត​វិល​ត្រឡប់​ទៅ​វិញ​ទេ ទាល់​តែ​ធ្វើ​ឲ្យ​ផល​ដំណាំ​ដុះ​លូត​លាស់​ឡើងនិង​ផ្ដល់​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​ដល់​អ្នក​បរិភោគ។ ១១  ដូច​គ្នា​ដែរ​ពាក្យ​ដែល​ចេញ​ពី​មាត់​ខ្ញុំ​ទៅ+នឹង​មិន​វិល​ត្រឡប់​មក​ខ្ញុំ​វិញ​ដោយ​គ្មាន​លទ្ធផល​នោះ​ទេ+តែ​នឹង​កើត​ឡើង​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ជា​មិន​ខាន+ហើយ​កិច្ច​ការ​អ្វី​ដែល​ខ្ញុំ​ចាត់​ឲ្យ​ធ្វើ​នឹង​បាន​សម្រេច​គ្រប់​ជំពូក។ ១២  ព្រោះ​អ្នក​នឹង​ចេញ​ទៅ​ដោយ​អំណរ+ហើយ​អ្នក​នឹង​ត្រូវ​នាំ​មក​វិញ​ដោយ​សុខ​សាន្ត។+ ឯ​ភ្នំ​និង​ទី​ទួល​ទាំង​ប៉ុន្មាន​នឹង​រីករាយ ព្រម​ទាំង​ស្រែក​អរ​សប្បាយ​នៅ​ចំពោះ​អ្នក+ហើយ​ដើម​ឈើ​ដែល​ដុះ​នៅ​ឯ​វាល នឹង​ទះ​ដៃ​អបអរ។+ ១៣  នៅ​ទី​នោះ នឹង​មាន​ដើម​យូនីពើ​ដុះ​ឡើង ជា​ជាង​ដុះ​គុម្ព​បន្លា+ហើយ​នឹង​មាន​ដើម​មើថល​លូត​លាស់​ឡើង ជា​ជាង​ដើម​បន្លា។ ការ​នោះ​នឹង​នាំ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ល្បី​រន្ទឺ+ជា​សញ្ញា​សម្គាល់​ដ៏​ស្ថិត​ស្ថេរ​ដែល​មិន​សាប​សូន្យ​ឡើយ​»។

កំណត់សម្គាល់

ឬ​«​ប្រាក់​ដែល​រក​ទាំង​នឿយ​ហត់​»​
ឬ​«​អភ័យ​ទោស​ឲ្យ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»​