អេសាយ ៦៥:១-២៥

  • ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ពួក​អ្នក​គោរព​បូជា​រូប​ព្រះ (​១​-​១៦)

    • ព្រះ​នៃ​លាភ​សំណាង​និង​ព្រះ​នៃ​ព្រេង​វាសនា (​១១)

    • «​ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​បរិភោគ​»​ (​១៣)

  • មេឃ​ថ្មី​និង​ផែនដី​ថ្មី (​១៧​-​២៥)

    • ការ​សង់​ផ្ទះ​និង​ការ​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ (​២១)

    • នឹង​គ្មាន​អ្នក​ណា​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ (​២៣)

៦៥  ​«​ចំពោះ​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​ខ្ញុំ ខ្ញុំ​បាន​ឲ្យ​ពួក​គេ​រក​ខ្ញុំ​ឃើញហើយ​ខ្ញុំ​បាន​បង្ហាញ​ខ្លួន​ដល់​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ខ្ញុំ។+ ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា​ជាតិ​មួយ​ដែល​មិន​បាន​ហៅ​រក​នាម​ខ្ញុំ ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​នៅ​ទី​នេះ​ហើយ! ខ្ញុំ​នៅ​ទី​នេះ​ហើយ!›។+  ២  ពេញ​មួយ​ថ្ងៃ ខ្ញុំ​លា​ដៃ​ទទួល​ប្រជា​ជាតិ​ដ៏​រឹង​ចចេស+គឺ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ+ និង​ធ្វើ​តាម​តែ​គំនិត​របស់​ខ្លួន។+  ៣  ប្រជា​ជាតិ​នោះ​តែង​តែ​បញ្ឈឺ​ចិត្ត​ខ្ញុំ​នៅ​ចំពោះ​មុខ​តែ​ម្ដង+ដោយ​ជូន​គ្រឿង​បូជា​នៅ​ក្នុង​សួន​ច្បារ​នា​នា+ ហើយ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​នៅ​លើ​ដុំ​ឥដ្ឋ។  ៤  ពួក​គេ​អង្គុយ​នៅ​តាម​ផ្នូរ+ហើយ​ពួក​គេ​ដេក​នៅ​ទី​លាក់​កំបាំង*នៅ​ពេល​យប់។ ពួក​គេ​ថែម​ទាំង​បរិភោគ​សាច់​ជ្រូក+ហើយ​មាន​សម្ល​ស្មោក​គ្រោក​ក្នុង​ភាជនៈ​របស់​ពួក​គេ​ទៀត​ផង។+  ៥  ពួក​គេ​និយាយ​ថា​៖ ‹នៅ​ឲ្យ​ឆ្ងាយ​ទៅ! កុំ​ចូល​មក​ជិត​ខ្ញុំ ព្រោះ​ខ្ញុំ​បរិសុទ្ធ​ជាង​អ្នក›។* ពួក​គេ​ប្រៀប​ដូច​ជា​ផ្សែង​នៅ​ក្នុង​ច្រមុះ​ខ្ញុំ និង​ដូច​ជា​ភ្លើង​ដែល​ឆេះ​ឆួល​ជា​និច្ច។  ៦  មើល! នេះ​បាន​ត្រូវ​កត់​ទុក​នៅ​ចំពោះ​ខ្ញុំ​ហើយ ខ្ញុំ​នឹង​មិន​ឈរ​ស្ងៀម​ទៀត​ទេតែ​ខ្ញុំ​នឹង​សង​ពួក​គេ+ គឺ​សង​ពួក​គេ​យ៉ាង​ពេញ​លេញ  ៧  ចំពោះ​កំហុស​ឆ្គង​របស់​ពួក​គេ​និង​បុព្វ​បុរស​ពួក​គេ​ដែរ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ​«​ដោយ​សារ​ពួក​គេ​បាន​ដុត​គ្រឿង​បូជា​នៅ​លើ​ភ្នំ​នា​នា​ឲ្យ​ផ្សែង​ហុយ​ឡើងហើយ​បង្អាប់​កិត្តិយស​ខ្ញុំ​នៅ​តាម​ទី​ទួល+នោះ​ខ្ញុំ​នឹង​ដាក់​ទោស​ពួក​គេ​ជា​មុន​ចំពោះ​អំពើ​អាក្រក់​របស់​ពួក​គេ​»។*  ៨  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ពេល​ដែល​គេ​រក​ឃើញ​ចង្កោម​ទំពាំង​បាយ​ជូរ​ដែល​អាច​ធ្វើ​ស្រា​ថ្មីនោះ​បុគ្គល​ម្នាក់​និយាយ​ថា​៖ ‹កុំ​បំផ្លាញ​វា​អី ព្រោះ​មាន​ផល​ល្អ​ខ្លះ​នៅ​ក្នុង​វា›។ ស្រដៀង​គ្នា​ដែរ ខ្ញុំ​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​ខ្ញុំគឺ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ពួក​គេ​ទាំង​អស់​ទេ។+  ៩  ខ្ញុំ​នឹង​បង្កើត​ពូជ​ពង្ស​មួយ​ពី​យ៉ាកុបហើយ​ខ្ញុំ​នឹង​ឲ្យ​បុគ្គល​ម្នាក់​ពី​យូដា ទទួល​ភ្នំ​ទាំង​ឡាយ​របស់​ខ្ញុំ​ទុក​ជា​មត៌ក។+ ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស នឹង​បាន​ទឹក​ដី​នោះ​ជា​កម្មសិទ្ធិហើយ​ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ទី​នោះ។+ ១០  គ្រា​នោះ វាល​សារ៉ុន+នឹង​ទៅ​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀមហើយ​ជ្រលង*អាគ័រ+នឹង​ទៅ​ជា​ទី​សម្រាក​ដល់​ហ្វូង​គោ។ នេះ​នឹង​កើត​ឡើង​សម្រាប់​រាស្ត្រ​ខ្ញុំ​ដែល​នឹង​ស្វែង​រក​ខ្ញុំ។ ១១  ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បោះ​បង់​ចោល​ខ្ញុំ​ជា​យេហូវ៉ា+ជា​ពួក​អ្នក​ដែល​ភ្លេច​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ+ជា​ពួក​អ្នក​ដែល​រៀប​តុ​ឲ្យ​ព្រះ​នៃ​លាភ​សំណាងព្រម​ទាំង​ចាក់​ស្រា​លាយ​ក្នុង​ពែង​ឲ្យ​ព្រះ​នៃ​ព្រេង​វាសនា​ទៀត​ផង។ ១២  ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា​ដោយ​ដាវ+ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ឱន​ខ្លួន​ចុះ​ឲ្យ​គេ​សម្លាប់+ព្រោះ​ខ្ញុំ​បាន​ហៅ តែ​អ្នក​រាល់​គ្នា​មិន​បាន​ឆ្លើយ​តប​ទេខ្ញុំ​បាន​និយាយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​សោះ។+ អ្នក​រាល់​គ្នា​ចេះ​តែ​ប្រព្រឹត្ត​អ្វី​ដែល​ខ្ញុំ​មិន​ពេញ​ចិត្តហើយ​ជ្រើស​យក​អ្វី​ដែល​ខ្ញុំ​ស្អប់​»។+ ១៣  ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​បរិភោគ តែ​អ្នក​រាល់​គ្នា​នឹង​ឃ្លាន។+ មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ផឹក+ តែ​អ្នក​រាល់​គ្នា​នឹង​ស្រេក។ មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​អរ​សប្បាយ+ តែ​អ្នក​រាល់​គ្នា​នឹង​រង​ការ​អាម៉ាស់។+ ១៤  មើល! ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ស្រែក​ឡើង​ដោយ​អំណរ ដោយ​សារ​មាន​ចិត្ត​រីករាយតែ​អ្នក​រាល់​គ្នា​នឹង​ស្រែក​ឡើង ដោយ​សារ​ឈឺ​ចាប់​ក្នុង​ចិត្តហើយ​អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ ដោយ​សារ​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​វិញ។ ១៥  អ្នក​រាល់​គ្នា​នឹង​នៅ​សល់​តែ​ឈ្មោះ ដែល​ពួក​អ្នក​បម្រើ​ខ្ញុំ​នឹង​ប្រើ​សម្រាប់​ដាក់​បណ្ដាសា​វិញ។ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ទាំង​អស់។ ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស ខ្ញុំ​នឹង​ហៅ​ពួក​គេ​តាម​ឈ្មោះ​មួយ​ទៀត។+ ១៦  យ៉ាង​នេះ អ្នក​ណា​ដែល​ស្វែង​រក​ពរ​សម្រាប់​ខ្លួន​នៅ​ផែនដីនឹង​ទទួល​ពរ​ពី​ព្រះ​នៃ​សេចក្ដី​ពិត។* ចំណែក​អ្នក​ណា​ដែល​ស្បថ​នៅ​ផែនដីពួក​គេ​នឹង​ស្បថ​ដោយ​នូវ​ព្រះ​នៃ​សេចក្ដី​ពិត។+ ឯ​ទុក្ខ​លំបាក​ដែល​ធ្លាប់​មាន​ពី​មុន នឹង​គ្មាន​អ្នក​ណា​នឹក​ឃើញ​ទៀត​ឡើយហើយ​ទុក្ខ​លំបាក​ទាំង​នោះ​នឹង​បាត់​ចេញ​ពី​ភ្នែក​ខ្ញុំ​ទៅ។+ ១៧  មើល! ខ្ញុំ​កំពុង​បង្កើត​មេឃ​ថ្មី​និង​ផែនដី​ថ្មី+ហើយ​អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នឹង​គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ទៀត​ដែរ។+ ១៨  ដូច្នេះ ចូរ​អរ​សប្បាយ​និង​ត្រេក​អរ​ជា​ដរាប​ចំពោះ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ចុះ។ មើល! ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំណរនិង​ធ្វើ​ឲ្យ​អ្នក​ក្រុង​នោះ​ទៅ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​សប្បាយ​រីករាយ។+ ១៩  ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ក្រុង​យេរូសាឡិម ហើយ​រីករាយ​ចំពោះ​រាស្ត្រ​ខ្ញុំ+ក្នុង​ក្រុង​នោះ​នឹង​គ្មាន​សម្រែក​ទ្រហោ​យំ​ឬ​ការ​ស្រែក​កើត​ទុក្ខ​ទៀត​ឡើយ​»។+ ២០  ​«​នៅ​ទី​នោះ នឹង​លែង​មាន​ទារក​ដែល​រស់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ហើយហើយ​ក៏​លែង​មាន​មនុស្ស​វ័យ​ចាស់​ដែល​រស់​មិន​គ្រប់​អាយុ​ទៀត​ដែរព្រោះ​អ្នក​ណា​ដែល​រស់​បាន​១០០​ឆ្នាំ​នឹង​ត្រូវ​ចាត់​ទុក​ជា​កូន​ក្មេង​វិញ។ ឯ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​ត្រូវ​បណ្ដាសា ទោះ​ជា​គាត់​មាន​អាយុ​១០០​ឆ្នាំ​ក្ដី។* ២១  គ្រា​នោះ ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​រស់​នៅ​ក្នុង​នោះ+ពួក​គេ​នឹង​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ ហើយ​ក៏​បរិភោគ​ផល​ផ្លែ​ពី​នោះ​ដែរ។+ ២២  ពួក​គេ​នឹង​មិន​សង់ រួច​មាន​អ្នក​ឯ​ទៀត​រស់​នៅ​ទេពួក​គេ​នឹង​មិន​ដាំ រួច​មាន​អ្នក​ឯ​ទៀត​បរិភោគ​ផល​ដំណាំ​នោះ​ឡើយ។ ព្រោះ​អាយុ​របស់​រាស្ត្រ​ខ្ញុំ នឹង​បាន​វែង​ដូច​ជា​អាយុ​នៃ​ដើម​ឈើ+ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស ពួក​គេ​នឹង​មាន​អំណរ​យ៉ាង​ពេញ​លេញ​ចំពោះ​ស្នា​ដៃ​របស់​ខ្លួន។ ២៣  ពួក​គេ​នឹង​មិន​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ+ហើយ​ក៏​មិន​បង្កើត​កូន​មក​ដើម្បី​ឲ្យ​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ដែរព្រោះ​ពួក​គេ​និង​កូន​ចៅ​របស់​ពួក​គេ+ជា​ពូជ​ពង្ស​របស់​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ពរ។+ ២៤  មុន​ពួក​គេ​ហៅ​រក​ខ្ញុំ ខ្ញុំ​នឹង​ឆ្លើយ​តបកាល​ដែល​ពួក​គេ​កំពុង​និយាយ​នៅ​ឡើយ ខ្ញុំ​បាន​ឮ​ពួក​គេ​រួច​ហើយ។ ២៥  ពេល​នោះ ឆ្កែ​ចចក​និង​កូន​ចៀម​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នាហើយ​តោ​នឹង​ស៊ី​ចំបើង​ដូច​គោ​ដែរ។+ សត្វ​ពស់​នឹង​ស៊ី​ដី​ជា​អាហារ។ ពួក​វា​នឹង​មិន​ធ្វើ​ទុក្ខ​ឬ​នាំ​ឲ្យ​មាន​ការ​ហិន​វិនាស​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​ឡើយ​»។+ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ទម​ចាំ​យាម​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រោះ​ខ្ញុំ​នឹង​បង្ហាញ​ភាព​បរិសុទ្ធ​របស់​ខ្ញុំ​ដល់​អ្នក​»​
ឬ​«​ខ្ញុំ​នឹង​សង​ពួក​គេ​ឲ្យ​ពេញ​តម្លៃ​»​
ឬ​«​តំបន់​វាល​ទំនាប​»​
ឬ​«​សេចក្ដី​ស្មោះ​ត្រង់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ដែល​រស់​បាន​តិច​ជាង​១០០​ឆ្នាំ គេ​នឹង​ចាត់​ទុក​ថា​ជា​អ្នក​ដែល​ត្រូវ​បណ្ដាសា​»​