អេសេគាល ១៩:១-១៤
-
បទទំនួញអំពីពួកមេដឹកនាំជនជាតិអ៊ីស្រាអែល (១-១៤)
១៩ «អ្នកត្រូវច្រៀងបទទំនួញអំពីពួកមេដឹកនាំជនជាតិអ៊ីស្រាអែល។
២ ចូរច្រៀងដូចតទៅ៖
‹តើម្ដាយរបស់អ្នករាល់គ្នាជាអ្វី? គឺជាតោញីក្នុងចំណោមហ្វូងតោ
ដែលដេកបំបៅកូននៅក្នុងហ្វូងតោស្ទាវ។
៣ មេតោនោះបង្ហាត់កូន ឲ្យធំឡើងទៅជាតោដ៏ខ្លាំងក្លាមួយ។+
កូននោះចេះហែកស៊ីចំណី ថែមទាំងត្របាក់ស៊ីមនុស្សទៀតផង។
៤ ប្រជាជាតិនានាបានឮអំពីវា ហើយនាំគ្នាជីករណ្ដៅដាក់អន្ទាក់ចាប់វារួចថ្ពក់នាំយកទៅស្រុកអេហ្ស៊ីប។+
៥ មេតោបានចាំផ្លូវកូន តែទីបំផុតវាដឹងថាកូនមិនអាចត្រឡប់មកវិញទេ។
ដូច្នេះ មេតោបង្ហាត់កូនមួយទៀត ឲ្យធំឡើងទៅជាតោដ៏ខ្លាំងក្លា។
៦ កូននោះដើរជាមួយតោឯទៀត ហើយវាជាតោដ៏ខ្លាំងពូកែ។
វាចេះហែកស៊ីចំណី ថែមទាំងត្របាក់ស៊ីមនុស្សទៀតផង។+
៧ វាដើរលបៗតាមប៉មរឹងមាំទាំងឡាយ រួចបំផ្លាញក្រុងនានា។
ម្ល៉ោះហើយ ទឹកដីស្ងាត់ជ្រងំនោះឮសូរតែសំឡេងគ្រហឹមរបស់វា។+
៨ ប្រជាជាតិនានាដែលនៅតំបន់ជុំវិញ បាននាំគ្នាមកបោះសំណាញ់ចាប់វាហើយវាក៏ធ្លាក់ក្នុងរណ្ដៅរបស់ពួកគេ។
៩ គេថ្ពក់វាយកទៅដាក់ក្នុងទ្រុង ហើយនាំយកទៅស្រុកបាប៊ីឡូន។
គេឃុំវានៅទីនោះ ដើម្បីកុំឲ្យសូរសំឡេងគ្រហឹមរបស់វាលាន់ឮនៅតំបន់ភ្នំអ៊ីស្រាអែលទៀត។
១០ ម្ដាយអ្នករាល់គ្នាប្រៀបដូចជាដើមទំពាំងបាយជូរ*+ដែលដាំនៅក្បែរផ្លូវទឹក។
ដើមនោះបែកមែកសាខា ហើយមានផលផ្លែជាច្រើនដោយសារមានទឹកបរិបូរ។
១១ ដើមនោះមានមែកធំមាំ អាចយកទៅធ្វើដំបងរាជ្យបាន។
វាលូតលាស់ខ្ពស់ត្រដែតជាងដើមឯទៀតគេអាចមើលវាឃើញ ដោយសារវាខ្ពស់ស្កឹមស្កៃនិងមានស្លឹកត្រសុំត្រសាយ។
១២ ប៉ុន្តែ ដោយកំហឹង វាបានត្រូវដករំលើង+ ហើយផ្ដួលទៅដី។
រួចខ្យល់ពីទិសខាងកើតធ្វើឲ្យផលផ្លែវាក្រៀមស្វិតទៅ។
ឯមែកធំៗ ក៏បានត្រូវកាប់បំបាក់ដែរ។ មែកទាំងនោះបានក្រៀមស្វិត+ហើយភ្លើងឆាបឆេះអស់គ្មានសល់។+
១៣ ឥឡូវ ដើមនោះបានត្រូវយកទៅដាំនៅតំបន់ស្ងាត់ជ្រងំជាតំបន់រីងស្ងួតហួតហែងគ្មានទឹក។+
១៤ បន្ទាប់មក ភ្លើងដែលឆេះមែក ក៏ឆេះរាលដាលទៅដល់ត្រួយខ្ចីៗនិងផ្លែទាំងអស់។
គ្មានសល់មែកមាំណាដែលគេអាចយកទៅធ្វើដំបងរាជ្យបានទៀតទេ។+
«‹នេះជាបទទំនួញដែលគេយកមកច្រៀង›»។
កំណត់សម្គាល់
^ ន័យត្រង់«ដើមទំពាំងបាយជូរនៅក្នុងឈាមអ្នក»