អេសេគាល ២២:១-៣១

  • ក្រុង​យេរូសាឡិម​ជា​ក្រុង​ប្រឡាក់​ដោយ​ឈាម (​១​-​១៦)

  • ជន​ជាតិ​អ៊ីស្រាអែល​ប្រៀប​ដូច​ជា​អាចម៍​ដែក​ដែល​គ្មាន​តម្លៃ​ទាល់​តែ​សោះ (​១៧​-​២២)

  • ពួក​អ្នក​ដឹក​នាំ​និង​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ត្រូវ​ផ្ដន្ទា​ទោស (​២៣​-​៣១)

២២  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ២  ​«​កូន​មនុស្ស​អើយ! តើ​អ្នក​ប្រុង​ប្រៀប​ប្រកាស​ការ​វិនិច្ឆ័យ​ទោស​ក្រុង​ដែល​កម្ចាយ​ឈាម​ហើយ​ឬ?+ តើ​អ្នក​បាន​ត្រៀម​ខ្លួន​លាត​ត្រដាង​នូវ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង​ដល់​ក្រុង​នោះ​ហើយ​ឬ​នៅ?+ ៣  អ្នក​ត្រូវ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ក្រុង​ដែល​កម្ចាយ​ឈាម​អើយ!+ វេលា​របស់​អ្នក​នឹង​មក​ដល់+ អ្នក​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក​គ្រោក​ដោយ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។+ ៤  អ្នក​មាន​ទោស​ដោយ​សារ​អ្នក​បាន​កម្ចាយ​ឈាម​គេ+ ហើយ​អ្នក​បាន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។+ អ្នក​ធ្វើ​ឲ្យ​ថ្ងៃ​បញ្ចប់​របស់​ខ្លួន​មក​កាន់​តែ​ឆាប់ ហើយ​ឆ្នាំ​អវសាន​របស់​ខ្លួន​មក​កាន់​តែ​លឿន។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នា​នា​និង​ស្រុក​ទាំង​ឡាយ មើល​ងាយ​សើច​ចំអក​ឲ្យ​អ្នក+ ៥  គឺ​ទាំង​ស្រុក​ដែល​នៅ​ជិត​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយ សុទ្ធ​តែ​មើល​ងាយ​អ្នក​ទាំង​អស់។+ កេរ្តិ៍​ឈ្មោះ​អ្នក​ស្អុយ​រលួយ ហើយ​អ្នក​ពេញ​ទៅ​ដោយ​ការ​ច្របូក​ច្របល់។ ៦  មើល​ហ្ន៎! ពួក​មេ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ សុទ្ធ​តែ​ប្រើ​អំណាច​ខ្លួន​ដើម្បី​សម្លាប់​អ្នក​ឯ​ទៀត។+ ៧  នៅ​ក្នុង​អ្នក* មាន​សុទ្ធ​តែ​មនុស្ស​ដែល​មើល​ងាយ​ឪពុក​ម្ដាយ​ខ្លួន។+ ពួក​គេ​បោក​ប្រាស់​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្នុង​ស្រុក ហើយ​ធ្វើ​បាប​កូន​កំព្រា​និង​ស្ត្រី​មេម៉ាយ​ទៀត​ផង​»​›​»។+ ៨  ​«​‹អ្នក​បាន​មើល​ងាយ​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ ហើយ​ក៏​បំពាន​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ​ដែរ។+ ៩  នៅ​ក្នុង​អ្នក មាន​អ្នក​និយាយ​បង្កាច់​បង្ខូច​ក្នុង​បំណង​ឲ្យ​គេ​ស្លាប់+ ហើយ​អ្នក​ខ្លះ​បរិភោគ​គ្រឿង​បូជា​ដែល​គេ​ជូន​ដល់​រូប​ព្រះ​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ខ្លះ​ប្រព្រឹត្ត​អំពើ​អាសអាភាស។+ ១០  បន្ថែម​ទៅ​ទៀត មាន​ពួក​អ្នក​ដែល​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន+ ហើយ​ក៏​មាន​អ្នក​ដែល​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​មាន​រដូវ​ដែរ។+ ១១  មាន​អ្នក​ខ្លះ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជា​មួយ​នឹង​ប្រពន្ធ​អ្នក​ជិត​ខាង​ខ្លួន+ អ្នក​ខ្លះ​ទៀត​ធ្វើ​ឲ្យ​កូន​ប្រសា​ស្រី​របស់​ខ្លួន​ស្មោក​គ្រោក​ដោយ​ប្រព្រឹត្ត​អំពើ​អាសអាភាស។+ អ្នក​ខ្លះ​រំលោភ​បង​ប្អូន​ស្រី​បង្កើត​របស់​ខ្លួន។+ ១២  ឯ​អ្នក​ខ្លះ​ទៀត​ទទួល​សំណូក​ដើម្បី​បង្ហូរ​ឈាម​គេ។+ អ្នក​ខ្លះ​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ​ប្រាក់+ អ្នក​ខ្លះ​ទៀត​កេង​ប្រវ័ញ្ច​និង​ជំរិត​យក​ប្រាក់​ពី​អ្នក​ជិត​ខាង​ខ្លួន។+ យ៉ាង​នេះ អ្នក​ទាំង​អស់​គ្នា​បាន​បំភ្លេច​ខ្ញុំ​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៣  ​«​‹មើល! ខ្ញុំ​ទះ​ដៃ​ដោយ​ក្ដី​ស្អប់​ខ្ពើម​ចំពោះ​កម្រៃ​ដែល​បាន​មក​ពី​ការ​មិន​ទៀង​ត្រង់​និង​ការ​កម្ចាយ​ឈាម​ក្នុង​អ្នក។ ១៤  តើ​អ្នក​នៅ​តែ​ក្លាហាន​និង​ខ្លាំង​ក្លា​នៅ​គ្រា​ដែល​ខ្ញុំ​ចាត់​វិធានការ​ទាស់​នឹង​អ្នក​ឬ?+ ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ។ ខ្ញុំ​នឹង​ចាត់​វិធានការ​ជា​មិន​ខាន។ ១៥  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្ចាត់​ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​និង​ទៅ​ស្រុក​ឯ​ទៀត+ ហើយ​ខ្ញុំ​នឹង​បំបាត់​ចោល​ការ​មិន​ស្អាត​បរិសុទ្ធ​របស់​អ្នក។+ ១៦  អ្នក​នឹង​ត្រូវ​អាប់​ឱន​នៅ​ចំពោះ​ប្រជា​ជាតិ​នា​នា។ ពេល​នោះ អ្នក​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›​»។+ ១៧  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ១៨  ​«​កូន​មនុស្ស​អើយ! ពូជ​ពង្ស​អ៊ីស្រាអែល​ប្រៀប​បាន​ទៅ​នឹង​អាចម៍​ដែក​ដែល​គ្មាន​តម្លៃ​ទាល់​តែ​សោះ។ ពួក​គេ​ទាំង​អស់​ប្រៀប​ដូច​ជា​ស្ពាន់ ទង់​ដែង ដែក និង​សំណ​នៅ​ក្នុង​ឡ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​អាចម៍​ប្រាក់។+ ១៩  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​រាល់​គ្នា​ប្រៀប​ដូច​ជា​អាចម៍​ដែក​ដែល​គ្មាន​តម្លៃ+ នោះ​ខ្ញុំ​នឹង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រុង​យេរូសាឡិម ២០  ហើយ​ដូច​គេ​ប្រមូល​ប្រាក់ ស្ពាន់ ដែក សំណ និង​ទង់​ដែង មក​ដុត​រំលាយ​ក្នុង​ឡ​យ៉ាង​ណា នោះ​ខ្ញុំ​ក៏​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ដោយ​កំហឹង​របស់​ខ្ញុំ ហើយ​សប់​ភ្លើង​ឲ្យ​ក្ដៅ​ដើម្បី​រំលាយ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ+ ២១  ខ្ញុំ​នឹង​ប្រមូល​អ្នក​រាល់​គ្នា រួច​ផ្លុំ​ភ្លើង​នៃ​កំហឹង​ទៅ​លើ​អ្នក​រាល់​គ្នា+ឲ្យ​រលាយ​សាប​សូន្យ​នៅ​ក្នុង​ក្រុង​នោះ។+ ២២  ដូច​ប្រាក់​រលាយ​នៅ​ក្នុង​ឡ​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​នឹង​រលាយ​នៅ​ក្នុង​ក្រុង​នោះ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា។ ខ្ញុំ​ផ្ទាល់​បាន​បញ្ចេញ​កំហឹង​ទៅ​លើ​អ្នក​រាល់​គ្នា›​»។ ២៣  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ២៤  ​«​កូន​មនុស្ស​អើយ! ចូរ​និយាយ​ទៅ​ក្រុង​នោះ​ថា​៖ ‹នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ អ្នក​មិន​បាន​ស្អាត​បរិសុទ្ធ​ទេ ហើយ​ក៏​គ្មាន​ភ្លៀង​បង្អុរ​មក​លើ​អ្នក​ដែរ។ ២៥  ពួក​អ្នក​ប្រកាស​ទំនាយ​ក្នុង​ក្រុង​នោះ​បាន​ឃុប​ឃិត​គ្នា+ ហើយ​ពួក​គេ​ប្រៀប​ដូច​ជា​តោ​គ្រហឹម​ហែក​ស៊ី​ចំណី។+ ពួក​គេ​ត្របាក់​លេប​បណ្ដា​ជន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​និង​របស់​មាន​តម្លៃ ថែម​ទាំង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ច្រើន​ទៅ​ជា​ស្ត្រី​មេម៉ាយ​ទៀត​ផង។ ២៦  ឯ​ពួក​សង្ឃ​វិញ ពួក​គេ​ចេះ​តែ​បំពាន​ច្បាប់​ខ្ញុំ+ ហើយ​ធ្វើ​ឲ្យ​កន្លែង​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន។+ ពួក​គេ​លាយ​ឡំ​អ្វី​ដែល​បរិសុទ្ធ​និង​អ្វី​ដែល​ធម្មតា+ ហើយ​មិន​បង្រៀន​បណ្ដា​ជន​ឲ្យ​ដឹង​ថា​អ្វី​ដែល​មិន​ស្អាត​បរិសុទ្ធ​និង​អ្វី​ដែល​ស្អាត​បរិសុទ្ធ​ឡើយ។+ ពួក​គេ​មិន​ព្រម​កាន់​តាម​ច្បាប់​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ ថែម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​អាប់​ឱន​កិត្តិយស​ទៀត​ផង។ ២៧  ចំណែក​ពួក​អ្នក​គ្រប់​គ្រង​វិញ ពួក​គេ​ប្រៀប​ដូច​ជា​ឆ្កែ​ចចក​ហែក​ស៊ី​ចំណី។ ពួក​គេ​បង្ហូរ​ឈាម​និង​សម្លាប់​មនុស្ស​ស្លូត​ត្រង់​ដើម្បី​ទទួល​កម្រៃ។+ ២៨  ប៉ុន្តែ ពួក​អ្នក​ប្រកាស​ទំនាយ​បាន​បិទ​បាំង​ការ​ប្រព្រឹត្ត​របស់​អ្នក​ទាំង​នោះ ប្រៀប​ដូច​ជា​គេ​យក​កំបោរ​ស​មក​បូក​ពី​លើ។ ពួក​គេ​មិន​បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ពី​ខ្ញុំ​ទេ ហើយ​ពួក​គេ​ចេះ​តែ​ទស្សន៍​ទាយ​បោក​បញ្ឆោត​បណ្ដា​ជន។+ ពួក​គេ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​»​ តែ​តាម​ការ​ពិត​ខ្ញុំ​យេហូវ៉ា ខ្ញុំ​មិន​បាន​មាន​ប្រសាសន៍​តាម​រយៈ​ពួក​គេ​ទេ។ ២៩  ពួក​អ្នក​ស្រុក​នោះ​បាន​បោក​បញ្ឆោត​និង​លួច​ប្លន់​គេ+ ហើយ​ធ្វើ​បាប​ជន​ក្រី​ក្រ​និង​អ្នក​ខ្វះ​ខាត ថែម​ទាំង​បោក​ប្រាស់​ជន​បរទេស និង​មិន​រក​យុត្តិធម៌​ឲ្យ​គាត់​ទេ›។ ៣០  ​«​‹ខ្ញុំ​ខំ​ស្វែង​រក​មនុស្ស​ម្នាក់​ពី​ចំណោម​ពួក​គេ ឲ្យ​មក​ជួស​ជុល​កំពែង​បាក់​បែក ឬ​ឈរ​ការ​ពារ​ស្រុក​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ត្រង់​កន្លែង​បាក់​បែក ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​បំផ្លាញ+ តែ​ខ្ញុំ​រក​មិន​បាន​សោះ។ ៣១  ដូច្នេះ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ ហើយ​បំផ្លាញ​ពួក​គេ​ឲ្យ​សាប​សូន្យ​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ទទួល​លទ្ធផល​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ក្រុង​យេរូសាឡិម