អេសេគាល ២៦:១-២១

  • ទំនាយ​ទាស់​នឹង​ក្រុង​ទីរ៉ុស (​១​-​២១)

    • «​កន្លែង​ហាល​អួន​»​ (​, ១៤)

    • ថ្ម​និង​ដី​បាន​ត្រូវ​បោះ​នៅ​ក្នុង​ទឹក (​១២)

២៦  នៅ​ថ្ងៃ​ទី​១​ដើម​ខែ ក្នុង​ឆ្នាំ​ទី​១១* ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ២  ​«​កូន​មនុស្ស​អើយ! ក្រុង​ទីរ៉ុស​បាន​និយាយ​ទាស់​នឹង​ក្រុង​យេរូសាឡិម​ថា​៖+ ‹ជយោ! ក្រុង​ដែល​ទាក់​ទាញ​ប្រជា​ជាតិ​នា​នា​បាន​រលំ​ហើយ!+ ដូច្នេះ អ្វី​ៗ​ទាំង​អស់​នឹង​បាន​មក​ខ្ញុំ រួច​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​អ្នក​មាន ព្រោះ​នាង​បាន​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី​ហើយ!›។ ៣  ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹មើល! ឱ​ក្រុង​ទីរ៉ុស​អើយ! ខ្ញុំ​នឹង​នាំ​ប្រជា​ជាតិ​នានា​មក​ទាស់​នឹង​អ្នក ដូច​ជា​រលក​សមុទ្រ​បក់​បោក។ ៤  ពួក​គេ​នឹង​កម្ទេច​កំពែង​ក្រុង​ទីរ៉ុស​និង​ប៉ម​ទាំង​ប៉ុន្មាន+ ហើយ​ខ្ញុំ​នឹង​យក​ដី​ចេញ រួច​ធ្វើ​ឲ្យ​ក្រុង​នោះ​នៅ​សល់​តែ​ដុំ​ថ្ម​រលោង​ប៉ុណ្ណោះ។ ៥  ក្រុង​នោះ​នឹង​ទៅ​ជា​កន្លែង​ហាល​អួន​នៅ​កណ្ដាល​សមុទ្រ›។+ ​«​‹ព្រោះ​ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ‹ប្រជា​ជាតិ​នា​នា​នឹង​ទៅ​ប្លន់​ក្រុង​នោះ។ ៦  ឯ​អ្នក​ភូមិ*ដែល​នៅ​លើ​ដី​គោក​ក្បែរ​ក្រុង​នោះ នឹង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ។ ពេល​នោះ ប្រជា​ជាតិ​នា​នា​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›។ ៧  ​«​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​នឹង​នាំ​នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន ដែល​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច+ ឲ្យ​មក​ទាស់​នឹង​ក្រុង​ទីរ៉ុស។ គាត់​នឹង​មក​ពី​ទិស​ខាង​ជើង+ ដោយ​មាន​ទ័ព​សេះ+ ទ័ព​រទេះ​ចម្បាំង+ និង​ទាហាន​យ៉ាង​ច្រើន។ ៨  គាត់​នឹង​កម្ទេច​ភូមិ​នា​នា​ដែល​នៅ​ក្បែរ​អ្នក។ គាត់​នឹង​ដំឡើង​បង្គោល​ដើម្បី​ឡោម​ព័ទ្ធ ហើយ​លើក​ដី​ដើម្បី​វាយលុក ព្រម​ទាំង​ដាក់​របាំង​ដ៏​ធំ​ដើម្បី​ការ​ពារ។ ៩  គាត់​នឹង​ប្រើ​គ្រឿង​យន្ត​បុក​ទម្លាយ​កំពែង​អ្នក ហើយ​គាត់​នឹង​ផ្ដួល​រំលំ​ប៉ម​នា​នា​ដោយ​ពូថៅ។* ១០  សេះ​គាត់​មាន​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ធ្វើ​ឲ្យ​ដី​ហុយ​ទ្រលោម​គ្រប​លើ​អ្នក។ ពេល​គាត់​ចូល​ខ្លោង​ទ្វារ​ក្រុង​របស់​អ្នក សូរ​សន្ធឹក​ទាហាន​សេះ និង​រទេះ​ចម្បាំង ធ្វើ​ឲ្យ​កំពែង​ក្រុង​អ្នក​ញ័រ​រញ្ជួយ ដូច​ជា​ពេល​គេ​សម្រុក​ចូល​ក្រុង​ដែល​មាន​កំពែង​បាក់​បែក។ ១១  សេះ​របស់​គាត់​នឹង​ផាយ​នៅ​លើ​ផ្លូវ​នា​នា+ ហើយ​គាត់​នឹង​សម្លាប់​បណ្ដា​ជន​ដោយ​ដាវ។ សូម្បី​តែ​បង្គោល​ថ្ម​មាំ​ៗ ក៏​គាត់​បំបាក់​បំបែក​អស់​ដែរ។ ១២  ពួក​គេ​នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​ប្លន់​យក​ទំនិញ​ទាំង​ប៉ុន្មាន​របស់​អ្នក+ និង​រំលំ​កំពែង​ក្រុង ព្រម​ទាំង​បំផ្លាញ​ផ្ទះ​ស្អាត​ៗ​របស់​អ្នក​ទៀត​ផង។ បន្ទាប់​មក ពួក​គេ​យក​ថ្ម ឈើ និង​ដី​របស់​អ្នក ទៅ​បោះ​នៅ​ក្នុង​ទឹក›។ ១៣  ​«​‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សំឡេង​ច្រៀង​និង​សំឡេង​ពិណ​ដែល​នៅ​ក្នុង​អ្នក​លែង​មាន​ទៀត។+ ១៤  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​សល់​តែ​ដុំ​ថ្ម​រលោង​ៗ​ប៉ុណ្ណោះ ហើយ​អ្នក​នឹង​ទៅ​ជា​កន្លែង​ហាល​អួន។+ អ្នក​នឹង​មិន​ត្រូវ​សង់​ឡើង​វិញ​ឡើយ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៥  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ទៅ​ក្រុង​ទីរ៉ុស​ថា​៖ ‹ពេល​ឮ​សំឡេង​អ្នក​ដួល​រលំ គឺ​ពេល​ពួក​អ្នក​ដែល​ហៀប​នឹង​ស្លាប់​ស្រែក​ថ្ងូរ និង​ពេល​មាន​ការ​កាប់​សម្លាប់​ក្នុង​ចំណោម​អ្នក តើ​បណ្ដា​កោះ​នឹង​មិន​ភ័យ​រន្ធត់​ទេ​ឬ?+ ១៦  ពួក​អ្នក​គ្រប់​គ្រង*ទាំង​អស់​នៅ​សមុទ្រ នឹង​ចុះ​ពី​បល្ល័ង្ក​ខ្លួន ហើយ​ដោះ​អាវ​វែង​និង​អាវ​ប៉ាក់​របស់​ខ្លួន​ចេញ ហើយ​ពួក​គេ​ភ័យ​រន្ធត់។ ពួក​គេ​នឹង​អង្គុយ​នៅ​លើ​ដី ហើយ​ភ័យ​ញាប់​ញ័រ រួច​មើល​មក​អ្នក​ដោយ​នឹក​ហួស​ចិត្ត។+ ១៧  ពួក​គេ​នឹង​ច្រៀង​បទ​ទំនួញ+អំពី​អ្នក ហើយ​និយាយ​មក​កាន់​អ្នក​ថា​៖ ​«​ឱ​ក្រុង​ដ៏​ល្បី​ល្បាញ​អើយ! អ្នក​ហើយ​ជា​ទី​អាស្រ័យ​របស់​ពួក​អ្នក​ដែល​មក​ពី​សមុទ្រ។ មិន​គួរ​ណា​អ្នក​ត្រូវ​វិនាស​ទៅ​បែប​នេះ​សោះ!+ អ្នក​និង​ពួក​អ្នក​ជ្រក​កោន​ក្នុង​អ្នក ខ្លាំង​ក្លា​ណាស់​នៅ​សមុទ្រ+ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នៅ​ផែនដី​ភ័យ​តក់​ស្លុត​ទៀត​ផង។ ១៨  នៅ​ថ្ងៃ​ដែល​អ្នក​ដួល​រលំ បណ្ដា​កោះ​នឹង​ភ័យ​រន្ធត់នៅ​ពេល​អ្នក​សាប​សូន្យ​ទៅ បណ្ដា​កោះ​នៅ​សមុទ្រ​នឹង​ថប់​បារម្ភ​»​›។+ ១៩  ​«​ព្រោះ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​វិនាស​ដូច​បណ្ដា​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ និង​ពេល​ដែល​ខ្ញុំ​បំផ្លាញ​អ្នក​ដោយ​ធ្វើ​ឲ្យ​ទឹក​កញ្ជ្រោល​បក់​បោក​យ៉ាង​ខ្លាំង​មក​គ្រប​សង្កត់​លើ​អ្នក+ ២០  នោះ​ខ្ញុំ​នឹង​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ* ជា​មួយ​នឹង​ពួក​អ្នក​ដែល​ធ្លាក់​ទៅ​មុន​អ្នក ដូច​ខ្ញុំ​ទម្លាក់​អ្នក​ឯ​ទៀត​ដែរ។ ខ្ញុំ​នឹង​ឲ្យ​អ្នក​រស់​នៅ​កន្លែង​ទាប​បំផុត ដូច​កន្លែង​បុរាណ​ដែល​គេ​បាន​បំផ្លាញ​ខ្ទេច​ខ្ទី។ ខ្ញុំ​នឹង​ឲ្យ​អ្នក​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ+ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​អាស្រ័យ​នៅ​ក្នុង​អ្នក​ត​ទៅ​ទៀត។ បន្ទាប់​មក ខ្ញុំ​នឹង​លើក​តម្កើង*ស្រុក​របស់​មនុស្ស​រស់​វិញ។ ២១  ​«​‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ័យ​រន្ធត់ ហើយ​អ្នក​នឹង​លែង​មាន​ទៀត។+ គេ​នឹង​ស្វែង​រក​អ្នក តែ​រក​មិន​ឃើញ​ឡើយ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​»។

កំណត់សម្គាល់

នេះ​សំដៅ​លើ​ឆ្នាំ​ដែល​ស្ដេច​យេហូយ៉ាគីន អេសេគាល និង​ពួក​យូដា ជាប់​ជា​ឈ្លើយ
ន័យ​ត្រង់​«​កូន​ស្រី​ៗ​»​
ឬ​«​ដាវ​»​
ឬ​«​មេ​កុល​សម្ព័ន្ធ​»​
ឬ​«​ផ្នូរ​»​
ឬ​«​តុបតែង​»​