អេសេគាល ៣០:១-២៦

  • ទំនាយ​ទាស់​នឹង​ស្រុក​អេហ្ស៊ីប (​១​-​១៩)

    • ការ​វាយ​ប្រហារ​របស់​នេប៊ូក្នេសា​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន (​១០)

  • អំណាច​របស់​ផារ៉ូ​បាន​ត្រូវ​បំបាក់ (​២០​-​២៦)

៣០  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ២  ​«​កូន​មនុស្ស​អើយ! ចូរ​ប្រកាស​ទំនាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទ្រហោ​យំ​ថា​៖ ‹វរ​ហើយ! ថ្ងៃ​នោះ​កំពុង​មក​ហើយ!›។  ៣  ព្រោះ​ថ្ងៃ​នោះ​ជិត​មក​ដល់ គឺ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ។+ ថ្ងៃ​នោះ​មាន​ពពក​យ៉ាង​ក្រាស់+ ជា​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា។+  ៤  មើល! នឹង​មាន​ដាវ​មួយ​មក​ទាស់​នឹង​ស្រុក​អេហ្ស៊ីបហើយ​ពេល​ដែល​សត្រូវ​សម្លាប់​ពួក​អេហ្ស៊ីប ពួក​អេត្យូពី​នឹង​ភ័យ​ស្លន់ស្លោ។ ពួក​សត្រូវ​នឹង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ស្រុក​នោះ ហើយ​ដក​រំលើង​គ្រឹះ​នៃ​ស្រុក​នោះ។+  ៥  ឯ​ជន​ជាតិ​អេត្យូពី+ ជន​ជាតិ​ផឹត+ ជន​ជាតិ​លូត និង​ប្រជា​ជាតិ​ផ្សេង​ៗ​ព្រម​ទាំង​ពួក​គូប និង​ពួក​អ្នក​ដែល​មក​ពី​ស្រុក​នៃ​កិច្ច​ព្រម​ព្រៀង*ពួក​គេ​ទាំង​អស់​នឹង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ​»​›។  ៦  ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ពួក​អ្នក​គាំទ្រ​អេហ្ស៊ីប ក៏​នឹង​ត្រូវ​គេ​សម្លាប់​ដោយ​ដាវ​ដែរហើយ​អំណាច​អួតអាង​របស់​អេហ្ស៊ីប នឹង​ត្រូវ​បន្ទាប​ចុះ›។+ ​«​‹ចាប់​ពី​មីកដុល+ រហូត​ដល់​ស៊ីយេន+ ពួក​គេ​ទាំង​អស់​នឹង​ត្រូវ​សម្លាប់​ដោយ​ដាវ​ក្នុង​ស្រុក​នោះ›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ៧  ‹ស្រុក​ទាំង​នោះ​និង​បណ្ដា​ក្រុង​លើ​ទឹក​ដី​នោះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ​បំផុត។+ ៨  ពេល​ដែល​ខ្ញុំ​ដុត​បំផ្លាញ​ស្រុក​អេហ្ស៊ីប និង​កម្ទេច​ពួក​អ្នក​ដែល​ចង​សម្ព័ន្ធភាព​ជា​មួយ​ស្រុក​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា។ ៩  នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ធ្វើ​ដំណើរ​តាម​សំពៅ​នា​នា ទៅ​បំភ័យ​អ្នក​ស្រុក​អេត្យូពី​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង។ នៅ​ថ្ងៃ​ដែល​ពួក​អេហ្ស៊ីប​រង​ទុក្ខ​វេទនា ពួក​អេត្យូពី​នឹង​ភ័យ​ស្លន់ស្លោ ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ជា​មិន​ខាន›។ ១០  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ប្រគល់​បក្ស​ពួក​ដ៏​ច្រើន​របស់​អេហ្ស៊ីប​ទៅ​ក្នុង​កណ្ដាប់​ដៃ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន។+ ១១  ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​គាត់​និង​កង​ទ័ព​គាត់​ដែល​ជា​ប្រជា​ជាតិ​ដ៏​សាហាវ​ឃោរ​ឃៅ+ ទៅ​បំផ្លាញ​ស្រុក​នោះ។ ពួក​គេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹង​ស្រុក​អេហ្ស៊ីប ហើយ​ធ្វើ​ឲ្យ​ស្រុក​នោះ​ពេញ​ទៅ​ដោយ​សាក​សព។+ ១២  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល+រីង​ស្ងួត​ទៅ ហើយ​ខ្ញុំ​នឹង​លក់​ស្រុក​នោះ​ឲ្យ​ដល់​ជន​ទុច្ចរិត។ ខ្ញុំ​នឹង​ឲ្យ​ជន​ជាតិ​ដទៃ​មក​បំផ្លាញ​ស្រុក​នោះ​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​ស្រុក។+ ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ›។ ១៣  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ក៏​នឹង​បំផ្លាញ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ហើយ​បំបាក់​បំបែក​រូប​ព្រះ​ឥត​បាន​ការ​នៅ​ក្រុង​ណូព*ដែរ។+ ពេល​នោះ ស្រុក​អេហ្ស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ​ទៀត ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រុក​នោះ​ភ័យ​ខ្លាច។+ ១៤  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​ប៉ាត្រូស+ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ ហើយ​ខ្ញុំ​នឹង​ដុត​បំផ្លាញ​ក្រុង​សូអាន រួច​កាត់​ទោស​ក្រុង​ណូ។*+ ១៥  ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ក្រុង​ស៊ីន​ដែល​ជា​បន្ទាយ​រឹង​មាំ​របស់​ស្រុក​អេហ្ស៊ីប ហើយ​ខ្ញុំ​នឹង​បំផ្លាញ​អ្នក​ក្រុង​ណូ​ទាំង​អស់។ ១៦  ខ្ញុំ​នឹង​ដុត​បំផ្លាញ​ស្រុក​អេហ្ស៊ីប។ ពេល​នោះ ក្រុង​ស៊ីន​នឹង​ភ័យ​រន្ធត់ ហើយ​ក្រុង​ណូ​នឹង​ត្រូវ​បុក​ទម្លាយ។ ឯ​ក្រុង​ណូព​វិញ​នឹង​រង​ការ​វាយ​ប្រហារ​ទាំង​កណ្ដាល​ថ្ងៃ! ១៧  ពួក​យុវជន​នៅ​ក្រុង​អុន*និង​ក្រុង​ភីបេសែត នឹង​ត្រូវ​សម្លាប់​ដោយ​ដាវ ហើយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុង​នោះ​នឹង​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ ១៨  ពេល​ដែល​ខ្ញុំ​បំបាក់​នឹម​របស់​ស្រុក​អេហ្ស៊ីប+ ពន្លឺ​ថ្ងៃ​នៅ​ក្រុង​ថាផានីស​នឹង​ទៅ​ជា​ងងឹត ហើយ​អំណាច​អួតអាង​របស់​នាង​នឹង​ដល់​ទី​បញ្ចប់។+ ពពក​នឹង​គ្រប​បាំង​នាង ហើយ​អ្នក​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ​នោះ នឹង​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។+ ១៩  ខ្ញុំ​នឹង​កាត់​ទោស​ស្រុក​អេហ្ស៊ីប ហើយ​ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›​»។ ២០  នៅ​ថ្ងៃ​ទី​៧ ខែ​ទី​១ ក្នុង​ឆ្នាំ​ទី​១១* ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ២១  ​«​កូន​មនុស្ស​អើយ! ខ្ញុំ​បាន​បំបាក់​ដៃ​ផារ៉ូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប។ ដៃ​នោះ​នឹង​មិន​ត្រូវ​រុំ​ឬ​ចង​អប​ឲ្យ​ជា​សះ​ស្បើយ ដើម្បី​មាន​កម្លាំង​អាច​កាន់​ដាវ​បាន​ទៀត​ទេ​»។ ២២  ​«​ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹មើល! ខ្ញុំ​ទាស់​នឹង​ផារ៉ូ​ស្ដេច​ស្រុក​អេហ្ស៊ីប​ហើយ។+ ខ្ញុំ​នឹង​បំបាក់​ដៃ​ទាំង​ពីរ​របស់​គាត់ គឺ​ទាំង​ដៃ​ដែល​រឹង​មាំ ទាំង​ដៃ​ដែល​បាក់​ហើយ។+ រួច​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ដាវ​ធ្លាក់​ពី​ដៃ​គាត់។+ ២៣  ក្រោយ​នោះ ខ្ញុំ​នឹង​បណ្ដេញ​ពួក​អេហ្ស៊ីប​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​ទៅ​ស្រុក​ឯ​ទៀត។+ ២៤  ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន+ ហើយ​ដាក់​ដាវ​ខ្ញុំ​នៅ​ក្នុង​ដៃ​គាត់។+ ខ្ញុំ​នឹង​បំបាក់​ដៃ​ទាំង​ពីរ​របស់​ផារ៉ូ ហើយ​គាត់​នឹង​ស្រែក​ថ្ងូរ​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​បាប៊ីឡូន ដូច​ជា​មនុស្ស​ជិត​ស្លាប់។ ២៥  ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន តែ​ដៃ​របស់​ផារ៉ូ​នឹង​ធ្លាក់​ចុះ។ ពេល​ខ្ញុំ​ដាក់​ដាវ​ខ្ញុំ​នៅ​ក្នុង​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​ក៏​នឹង​វាយ​ប្រហារ​ទៅ​លើ​ស្រុក​អេហ្ស៊ីប។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា។+ ២៦  ខ្ញុំ​នឹង​បណ្ដេញ​ពួក​អេហ្ស៊ីប​ទៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ខ្ចាយ​ទៅ​ស្រុក​ឯ​ទៀត។+ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›​»។

កំណត់សម្គាល់

ប្រហែល​ជា​សំដៅ​លើ​ពួក​អ៊ីស្រាអែល​ដែល​ចង​សម្ព័ន្ធមិត្ត​នឹង​ពួក​អេហ្ស៊ីប
ឬ​«​មេមផឺស​»​
នេះ​សំដៅ​លើ​ក្រុង​ធេប
នេះ​សំដៅ​លើ​ក្រុង​ហេលីអូផូលីស
នេះ​សំដៅ​លើ​ឆ្នាំ​ដែល​ស្ដេច​យេហូយ៉ាគីន អេសេគាល និង​ពួក​យូដា ជាប់​ជា​ឈ្លើយ