អេសេគាល ៣១:១-១៨
-
ការដួលនៃអេហ្ស៊ីប និងដើមស៊ីដារដុះឡើងយ៉ាងខ្ពស់ (១-១៨)
៣១ នៅថ្ងៃទី១ ខែទី៣ ក្នុងឆ្នាំទី១១* ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖
២ «កូនមនុស្សអើយ! ចូរប្រាប់ផារ៉ូស្ដេចស្រុកអេហ្ស៊ីបនិងបក្សពួកដ៏ច្រើនរបស់គាត់ថា៖+
‹តើមានអ្នកណាឧត្តុង្គឧត្ដមដូចអ្នកទៅ?
៣ អ្នកដូចជាជនជាតិអាស៊ីរីម្នាក់ ដែលប្រៀបដូចជាដើមស៊ីដារនៅតំបន់ភ្នំលីបង់ដែលមានមែកបែកសាខាស្រស់បំព្រងផ្ដល់ម្លប់ត្រឈឹងត្រឈៃ ដូចជាព្រៃស្ដុកហើយមានចុងខ្ពស់កប់ពពក។
៤ ផ្លូវទឹកធ្វើឲ្យដើមនោះធំឡើង ហើយទឹកផុសធ្វើឲ្យវាលូតលាស់ឡើង។
នៅជុំវិញដើមនោះមានអូរជាច្រើនហើយប្រឡាយដែលចេញពីអូរទាំងនោះ ផ្គត់ផ្គង់ទឹកដល់ដើមឈើទាំងអស់នៅឯវាល។
៥ ហេតុនេះហើយបានជាដើមនោះខ្ពស់ជាងដើមឯទៀតនៅឯវាល។
វាមានមែកធំៗជាច្រើន ហើយមែកតូចៗលូតកាន់តែវែងទៅៗដោយសារអូរនៅជុំវិញវាមានទឹកបរិបូរ។
៦ បក្សាបក្សីនៅលើមេឃ មកធ្វើសម្បុកលើមែកធំៗរបស់វាសត្វព្រៃទាំងពួងបង្កើតកូននៅក្រោមមែក*របស់វា។
ឯប្រជាជាតិធំៗទាំងឡាយ ក៏នាំគ្នាមកជ្រកក្រោមម្លប់វាដែរ។
៧ ដើមនោះស្អាតអស្ចារ្យណាស់ ហើយមានមែកវែងៗបែកសាខាព្រោះឫសវាចាក់ជ្រៅស្រូបយកទឹកជាច្រើន។
៨ គ្មានដើមស៊ីដារណាក្នុងសួនព្រះ+ អាចប្រៀបផ្ទឹមនឹងវាបានទេ។
គ្មានមែកដើមយូនីពើណា ធំៗដូចជាមែករបស់វាឡើយគ្មានមែកដើមភ្លេនណា បែកសាខាដូចជាមែករបស់វាទេ។
គ្មានដើមណាក្នុងសួនព្រះ ស្រស់ស្អាតស្មើនឹងវាឡើយ។
៩ ខ្ញុំបានធ្វើឲ្យដើមនោះស្រស់បំព្រង ព្រមទាំងមានស្លឹកត្រសុំត្រសាយហើយដើមទាំងអស់ក្នុងសួនអេដែនដែលជាសួនរបស់ព្រះពិតមានចិត្តច្រណែននឹងវា›។
១០ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដើមនោះខ្ពស់ណាស់ ចុងរបស់វាលូតឡើងកប់ពពក។ ដោយសារកម្ពស់នោះ វាក៏ចាប់ផ្ដើមមានអំណួត។
១១ ដូច្នេះ ខ្ញុំនឹងប្រគល់វាទៅក្នុងកណ្ដាប់ដៃរបស់អ្នកគ្រប់គ្រងដ៏ខ្លាំងក្លាលើប្រជាជាតិនានា។+ អ្នកនោះនឹងចាត់វិធានការប្រឆាំងនឹងវាជាមិនខាន។ ខ្ញុំនឹងបោះបង់វាចោល ព្រោះតែអំពើទុច្ចរិតរបស់វា។
១២ ជនជាតិដទៃដែលជាប្រជាជាតិសាហាវឃោរឃៅបំផុត នឹងកាប់រំលំវា ហើយទុកវាចោលនៅលើបណ្ដាភ្នំ។ ស្លឹកវានឹងធ្លាក់ទៅក្នុងជ្រលងទាំងឡាយ ហើយមែកវានឹងបាក់ធ្លាក់ទៅលើអូរទាំងប៉ុន្មាន។+ ពេលនោះ ប្រជាជាតិនានានៅផែនដីនឹងបោះបង់វាចោល ហើយលែងជ្រកក្រោមម្លប់វាទៀត។
១៣ សត្វស្លាបលើមេឃនឹងរស់នៅលើដើមដែលរលំនោះ ហើយសត្វព្រៃនឹងមកអាស្រ័យលើមែកទាំងប៉ុន្មានរបស់វា។+
១៤ នេះកើតឡើងដើម្បីកុំឲ្យដើមណាដែលដុះក្បែរផ្លូវទឹកលូតឡើងខ្ពស់កប់ពពកទៀត ហើយដើម្បីកុំឲ្យដើមណាដែលមានទឹកគ្រប់គ្រាន់ដុះឡើងយ៉ាងខ្ពស់ដូចនោះដែរ ព្រោះដើមទាំងនោះត្រូវងាប់អស់ ហើយទៅនៅក្រោមដី រួមជាមួយមនុស្សជាតិទាំងឡាយដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ*ផង›។
១៥ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងធ្វើឲ្យមានការកាន់ទុក្ខ នៅថ្ងៃដែលដើមនោះធ្លាក់ទៅក្នុងរណ្ដៅ។* ហេតុនេះ ខ្ញុំនឹងគ្របបាំងទឹកជ្រៅទាំងប៉ុន្មាន ថែមទាំងទប់អូរនានាកុំឲ្យទឹកជាច្រើនហូរទៀត។ ដោយសារដើមនោះ ខ្ញុំនឹងធ្វើឲ្យតំបន់ភ្នំលីបង់ទៅជាងងឹត ហើយដើមឈើទាំងឡាយនៅឯវាលនឹងក្រៀមស្វិតអស់។
១៦ ខ្ញុំនឹងធ្វើឲ្យប្រជាជាតិនានាភ័យញាប់ញ័រ ពេលឮសូរដើមនោះរលំ គឺពេលខ្ញុំទម្លាក់វាទៅក្នុងរណ្ដៅ* ព្រមជាមួយនឹងអស់អ្នកដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅ។* គ្រានោះ ដើមឈើនានាដែលនៅផ្ទៃដីខាងក្រោម នឹងបានសប្បាយចិត្ត គឺដើមឈើនៅសួនអេដែន+ និងដើមឈើប្រណីតៗនៅតំបន់ភ្នំលីបង់ ព្រមទាំងដើមឈើស្រស់បំព្រងឯទៀត។
១៧ ដូចវាដែរ ដើមទាំងនោះបានធ្លាក់ទៅក្នុងរណ្ដៅ* គឺទៅឯពួកអ្នកដែលបានត្រូវសម្លាប់ដោយដាវ+ ព្រមជាមួយនឹងប្រជាជាតិនានាដែលធ្លាប់គាំទ្រនិងជ្រកក្រោមម្លប់ដើមនោះ›។+
១៨ «‹តើមានដើមណានៅសួនអេដែនដែលមានភាពរុងរឿងនិងឧត្តុង្គឧត្ដមដូចអ្នកទៅ?+ ប៉ុន្តែ អ្នកនឹងត្រូវកាប់រំលំ ហើយទម្លាក់ទៅផ្ទៃដីខាងក្រោម ដូចដើមឈើឯទៀតនៅសួននោះដែរ។ អ្នកនឹងវិនាសជាមួយនឹងពួកអ្នកមិនកាត់ចុងស្បែក ដែលបានត្រូវសម្លាប់ដោយដាវ។ តាមរបៀបនេះហើយដែលផារ៉ូនិងបក្សពួករបស់គាត់នឹងវិនាសសាបសូន្យ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»។
កំណត់សម្គាល់
^ នេះសំដៅលើឆ្នាំដែលស្ដេចយេហូយ៉ាគីន អេសេគាល និងពួកយូដា ជាប់ជាឈ្លើយ
^ ឬ«មែកតូចៗ»
^ ឬ«ផ្នូរ»
^ ន័យត្រង់«ផ្នូរ»ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ន័យត្រង់«ផ្នូរ»ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
^ ឬ«ផ្នូរ»
^ ន័យត្រង់«ផ្នូរ»ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»