អេសេគាល ៣៨:១-២៣

  • ការ​វាយ​ប្រហារ​របស់​កូក​ទៅ​លើ​អ៊ីស្រាអែល (​១​-​១៦)

  • កំហឹង​របស់​ព្រះ​យេហូវ៉ា​ទាស់​នឹង​កូក (​១៧​-​២៣)

    • ‹ប្រជា​ជាតិ​នា​នា​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា› (​២៣)

៣៨  បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ម្ដង​ទៀត​ថា​៖ ២  ​«​កូន​មនុស្ស​អើយ! ចូរ​បែរ​មុខ​ទៅ​ទាស់​នឹង​កូក​នៃ​ស្រុក​ម៉ាកូក+ ដែល​ជា​មេ​ដឹកនាំ​នៃ​មេសេក​និង​ទូបាល+ រួច​ប្រកាស​ទំនាយ​ទាស់​នឹង​គាត់​ទៅ។+ ៣  ចូរ​និយាយ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​កូក​ដែល​ជា​មេ​ដឹក​នាំ​នៃ​មេសេក​និង​ទូបាល​អើយ! មើល! ខ្ញុំ​ទាស់​នឹង​អ្នក​ហើយ។ ៤  ខ្ញុំ​នឹង​ទាញ​បង្វែរ​អ្នក​មក ហើយ​ដាក់​តម្ពក់​នៅ​ថ្គាម​អ្នក+ រួច​ខ្ញុំ​បណ្ដាល​ឲ្យ​អ្នក​និង​កង​ទ័ព​ដ៏​ធំ​របស់​អ្នក​ចេញ​ទៅ​ច្បាំង+ គឺ​ទ័ព​សេះ​ដែល​បំពាក់​ដោយ​សម្លៀក​បំពាក់​ដ៏​រុង​រឿង ហើយ​ប្រដាប់​ដោយ​ដាវ ខែល​តូច​និង​ខែល​ធំ។ ៥  ក្នុង​នោះ​ក៏​មាន​ជន​ជាតិ​ពើស៊ី ជន​ជាតិ​អេត្យូពី និង​ជន​ជាតិ​ផឹត+ទៅ​ជា​មួយ​ដែរ ពួក​គេ​សុទ្ធ​តែ​ពាក់​មួក​សឹក និង​កាន់​ខែល​តូច​គ្រប់​គ្នា។ ៦  ក្នុង​ចំណោម​ពួក​គេ ក៏​មាន​ពួក​កូមឺ​និង​ទ័ព​ទាំង​អស់​របស់​ពួក​គេ រួម​ទាំង​ពូជ​ពង្ស​ថូកាម៉ា+និង​ទ័ព​ទាំង​អស់​ដែល​មក​ពី​តំបន់​ឆ្ងាយ​បំផុត​នៅ​ទិស​ខាង​ជើង។ ដូច្នេះ នឹង​មាន​មនុស្ស​ជា​ច្រើន​ទៅ​ជា​មួយ​អ្នក។+ ៧  ​«​‹​«​ហេតុ​នេះ ចូរ​អ្នក​និង​ទ័ព​ទាំង​អស់​ដែល​មក​រួម​ដៃ​ជា​មួយ​នឹង​អ្នក ត្រៀម​ខ្លួន ហើយ​ប្រុង​ប្រៀប​ជា​ស្រេច! ព្រោះ​អ្នក​នឹង​ធ្វើ​ជា​មេ​បញ្ជាការ​លើ​ពួក​គេ។ ៨  ​«​‹​«​ច្រើន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​នឹង​កោះ​ហៅ​អ្នក​មក។ នៅ​ទី​បំផុត ក្រោយ​ប៉ុន្មាន​ឆ្នាំ​កន្លង​ផុត​ទៅ អ្នក​នឹង​វាយ​ប្រហារ​ទៅ​លើ​ស្រុក​របស់​បណ្ដា​ជន​ដែល​បាន​ត្រូវ​ស្ដារ​ឡើង​វិញ​ក្រោយ​ពី​សង្គ្រាម។ ពួក​គេ​បាន​ត្រូវ​នាំ​ចេញ​ពី​ប្រជា​ជាតិ​ជា​ច្រើន ហើយ​ទៅ​រស់​នៅ​តំបន់​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល ជា​ទឹក​ដី​ដែល​ហិនហោច​ជា​យូរ​មក​ហើយ។ អ្នក​ស្រុក​នោះ​បាន​ត្រូវ​រំដោះ​ចេញ​ពី​ប្រជា​ជាតិ​នា​នា ហើយ​កំពុង​រស់​នៅ​ដោយ​សុខ​សាន្ត។+ ៩  អ្នក​និង​កង​ទ័ព​អ្នក ព្រម​ទាំង​មនុស្ស​ជា​ច្រើន​ដែល​រួម​ដៃ​ជា​មួយ​អ្នក នឹង​មក​វាយ​ប្រហារ​ពួក​គេ​ដូច​ជា​ខ្យល់​ព្យុះ ហើយ​គ្រប​ដណ្ដប់​លើ​ស្រុក​នោះ​ដូច​ជា​ពពក​»​›។ ១០  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹នៅ​ថ្ងៃ​នោះ នឹង​កើត​មាន​គំនិត​នៅ​ក្នុង​ចិត្ត​អ្នក ហើយ​អ្នក​នឹង​រៀបចំ​គម្រោង​ដ៏​អាក្រក់​មួយ។ ១១  អ្នក​នឹង​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​វាយ​យក​ក្រុង​តូច​ៗ​ក្នុង​ស្រុក​ដែល​គ្មាន​អ្វី​ការ​ពារ។+ ខ្ញុំ​នឹង​ទៅ​ទាស់​នឹង​ពួក​អ្នក​ដែល​រស់​នៅ​ដោយ​សុខ​សាន្ត​គ្មាន​អ្វី​រំខាន គឺ​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​ដែល​គ្មាន​កំពែង គ្មាន​រនុក ឬ​ខ្លោង​ទ្វារ​ឡើយ​»។ ១២  អ្នក​នឹង​ប្លន់ ហើយ​រឹប​អូស​យក​របស់​របរ​ជា​ច្រើន រួច​វាយ​ប្រហារ​កន្លែង​បាក់​បែក​ដែល​មនុស្ស​កំពុង​រស់​នៅ+ ជា​ប្រជា​ជាតិ​មួយ​ដែល​បាន​ត្រូវ​រំដោះ​ចេញ​ពី​ប្រជា​ជាតិ​ឯ​ទៀត។+ ប្រជា​ជាតិ​នោះ​មាន​ទ្រព្យ​សម្បត្តិ​និង​របស់​របរ​កាន់​តែ​ច្រើន​ឡើង+ ហើយ​ពួក​គេ​កំពុង​រស់​នៅ​កណ្ដាល​ផែនដី។ ១៣  ​«​‹ពេល​នោះ ពួក​សេបា+និង​ពួក​ដេដាន់+ ដែល​ជា​ឈ្មួញ​មក​ពី​តើស៊ីស+ រួម​ទាំង​ទ័ព​ទាំង​អស់​របស់​ពួក​គេ នឹង​និយាយ​មក​អ្នក​ថា​៖ ​«​តើ​អ្នក​កំពុង​វាយលុក​ដើម្បី​ប្លន់​និង​ចាប់​យក​របស់​របរ​ជា​ច្រើន​ឬ? តើ​អ្នក​បាន​ប្រមូល​កង​ទ័ព​ដើម្បី​ទៅ​រឹប​អូស​យក​មាស​ប្រាក់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​និង​ទំនិញ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ឬ?​»​›។ ១៤  ​«​ដូច្នេះ កូន​មនុស្ស​អើយ! ចូរ​ប្រកាស​ទំនាយ​ទៅ​កូក​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ថ្ងៃ​នោះ អ្នក​នឹង​ដឹង​យ៉ាង​ជាក់​ថា​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​កំពុង​រស់​នៅ​ដោយ​សុខ​សាន្ត។+ ១៥  អ្នក​នឹង​មក​ពី​កន្លែង​របស់​អ្នក ដែល​នៅ​ឆ្ងាយ​បំផុត​នា​ទិស​ខាង​ជើង+ គឺ​អ្នក​និង​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជា​មួយ​អ្នក ជា​កង​ទ័ព​ដ៏​ធំ​ដែល​មក​ដោយ​ជិះ​សេះ។+ ១៦  ឱ​កូក​អើយ! អ្នក​នឹង​មក​ទាស់​នឹង​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ ដូច​ជា​ពពក​យ៉ាង​ក្រាស់​គ្រប​លើ​ស្រុក​ទាំង​មូល។ នៅ​ផ្នែក​ចុង​ក្រោយ​នៃ​គ្រា​នោះ ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​ទាស់​នឹង​ស្រុក​ខ្ញុំ+ ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​ស្គាល់​ខ្ញុំ ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ឃើញ​ថា​ខ្ញុំ​បរិសុទ្ធ​តាម​រយៈ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទៅ​លើ​អ្នក​»​›។+ ១៧  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ជា​បុគ្គល​ដែល​ខ្ញុំ​បាន​និយាយ​តាំង​ពី​គ្រា​មុន តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ មែន​ទេ? អ្នក​ជា​បុគ្គល​ដែល​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ខ្ញុំ​បាន​ប្រកាស​ទុក​ជា​មុន​អស់​ជា​ច្រើន​ឆ្នាំ​ថា​នឹង​មក​ទាស់​នឹង​ពួក​អ៊ីស្រាអែល មែន​ទេ?›។ ១៨  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹នៅ​ថ្ងៃ​នោះ គឺ​ថ្ងៃ​ដែល​កូក​វាយ​ប្រហារ​ស្រុក​អ៊ីស្រាអែល កំហឹង​ដ៏​ខ្លាំង​របស់​ខ្ញុំ​នឹង​ឆួល​ឡើង។+ ១៩  នៅ​ថ្ងៃ​នោះ ខ្ញុំ​នឹង​និយាយ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​និង​ដោយ​កំហឹង​ដែល​ប្រៀប​ដូច​ជា​ភ្លើង ហើយ​នៅ​ស្រុក​អ៊ីស្រាអែល​នឹង​មាន​ការ​រញ្ជួយ​ដី​ដ៏​ធំ។ ២០  ម្ល៉ោះ​ហើយ ត្រី​ក្នុង​សមុទ្រ សត្វ​ស្លាប​នៅ​លើ​មេឃ សត្វ​ព្រៃ​នៅ​ឯ​វាល សត្វ​លូន​វារ​នៅ​ដី និង​មនុស្សជាតិ​ទាំង​ឡាយ​នៅ​ផែ​ដី នឹង​ភ័យ​ញាប់​ញ័រ​ដោយ​សារ​ខ្ញុំ។ ឯ​បណ្ដា​ភ្នំ​នឹង​ដួល​រលំ+ គែម​ភ្នំ​នឹង​បាក់​ធ្លាក់​មក ហើយ​កំពែង​ទាំង​ឡាយ​នឹង​រលំ​មក​លើ​ដី​ដោយ​សារ​ខ្ញុំ›។ ២១  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹ខ្ញុំ​នឹង​ចាត់​ដាវ​មួយ​ឲ្យ​មក​ទាស់​នឹង​កូក​នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។ ពេល​នោះ កង​ទ័ព​គាត់​នឹង​វាយ​ប្រហារ​គ្នា​ឯង។+ ២២  ខ្ញុំ​នឹង​ដាក់​ទោស​គាត់ ដោយ​រោគ​រាត​ត្បាត+និង​ការ​បង្ហូរ​ឈាម។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ព្យុះ​ភ្លៀង ដុំ​ទឹក​កក+ ភ្លើង+ និង​ស្ពាន់ធ័រ+ ធ្លាក់​ទៅ​លើ​គាត់​និង​កង​ទ័ព​គាត់ ព្រម​ទាំង​មនុស្ស​ជា​ច្រើន​ដែល​នៅ​ជា​មួយ​គាត់។+ ២៣  ខ្ញុំ​នឹង​លើក​តម្កើង​ខ្លួន​ខ្ញុំ ហើយ​ញែក​ខ្លួន​ខ្ញុំ​ជា​បរិសុទ្ធ ថែម​ទាំង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ជា​ច្រើន​ស្គាល់​ខ្ញុំ​ទៀត​ផង។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា›។

កំណត់សម្គាល់