អេសេគាល ៤០:១-៤៩

  • អេសេគាល​បាន​ត្រូវ​នាំ​ទៅ​ស្រុក​អ៊ីស្រាអែល​ក្នុងការ​ឃើញ​ក្នុង​គំនិត (​១, ២)

  • អេសេគាល​ឃើញ​វិហារ​ក្នុង​គំនិត (​៣, ៤)

  • ទី​ធ្លា​និង​ខ្លោង​ទ្វារ (​៥​-​៤៧)

    • ខ្លោង​ទ្វារ​ខាង​ក្រៅ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត (​៦​-​១៦)

    • ទី​ធ្លា​ខាង​ក្រៅ។ ខ្លោង​ទ្វារ​ឯ​ទៀត (​១៧​-​២៦)

    • ទី​ធ្លា​ខាង​ក្នុង​និង​ខ្លោង​ទ្វារ (​២៧​-​៣៧)

    • បន្ទប់​នា​នា​សម្រាប់​កិច្ច​បម្រើ​នៅ​វិហារ (​៣៨​-​៤៦)

    • ទី​បូជា (​៤៧)

  • សាល​វិហារ (​៤៨, ៤៩)

៤០  នា​ដើម​ឆ្នាំ​ទី​២៥​ក្នុង​គ្រា​ដែល​យើង​ជាប់​ជា​ឈ្លើយ+ គឺ​នៅ​ឆ្នាំ​ទី​១៤​ក្រោយ​ពី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​ផ្ដួល​រំលំ នៅ​ថ្ងៃ​ទី​១០ ខែ​ទី​១+ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​បាន​សណ្ឋិត​លើ​ខ្ញុំ រួច​លោក​បាន​យក​ខ្ញុំ​ទៅ​ក្រុង​នោះ។+ ២  តាម​រយៈ​ការ​បើក​បង្ហាញ​ដែល​ព្រះ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត លោក​បាន​យក​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រាអែល រួច​ដាក់​ខ្ញុំ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​មួយ។+ ខ្ញុំ​មើល​ឃើញ​សំណង់​ធំ​មួយ​ដូច​ជា​ទី​ក្រុង​នៅ​ទិស​ខាង​ត្បូង។ ៣  ពេល​លោក​នាំ​ខ្ញុំ​ទៅ​ទី​នោះ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​មាន​សណ្ឋាន​ដូច​ស្ពាន់។+ គាត់​កំពុង​ឈរ​នៅ​ច្រក​ចូល ហើយ​ក្នុង​ដៃ​គាត់​មាន​ខ្សែ​ធ្វើ​ពី​ដើម​ផ្លេច* និង​ដំបង​មួយ​ពី​ដើម​ត្រែង*សម្រាប់​វាស់​វែង។+ ៤  បុរស​នោះ​និយាយ​មក​ខ្ញុំ​ថា​៖ ​«​កូន​មនុស្ស​អើយ! ចូរ​មើល​ឲ្យ​ហ្មត់​ចត់ ហើយ​ផ្ទៀង​ស្ដាប់ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ខ្ញុំ​បង្ហាញ​អ្នក ព្រោះ​នេះ​ជា​មូលហេតុ​ដែល​អ្នក​បាន​ត្រូវ​នាំ​មក​ទី​នេះ។ ក្រោយ​មក ចូរ​ប្រាប់​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល​អំពី​អ្វី​ទាំង​អស់​ដែល​អ្នក​បាន​ឃើញ​»។+ ៥  ខ្ញុំ​ឃើញ​មាន​កំពែង​ព័ទ្ធ​ជុំវិញ​បរិវេណ​វិហារ។ ដើម​ត្រែង​សម្រាប់​វាស់​ដែល​បុរស​នោះ​កាន់ មាន​ប្រវែង​៦​ហត្ថ​វែង (​មួយ​ហត្ថ​វែង​ស្មើ​នឹង​មួយ​ហត្ថ​ថែម​មួយ​ទះ​)។* គាត់​ក៏​ចាប់​ផ្ដើម​វាស់​កំពែង​នោះ ឃើញ​កម្ពស់​ស្មើ​មួយ​ដើម​ត្រែង និង​កម្រាស់​ស្មើ​មួយ​ដើម​ត្រែង​ដែរ។ ៦  បន្ទាប់​មក គាត់​បាន​ទៅ​ឯ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត+ រួច​ឡើង​ជណ្ដើរ។ ពេល​គាត់​វាស់​ទទឹង​កំណល់​ទ្វារ​នោះ ឃើញ​មាន​ប្រវែង​មួយ​ដើម​ត្រែង ហើយ​ទទឹង​កំណល់​ទ្វារ​មួយ​ទៀត​ក៏​មាន​ប្រវែង​មួយ​ដើម​ត្រែង​ដែរ។ ៧  ឯ​បន្ទប់​អ្នក​យាម​នីមួយ​ៗ មាន​បណ្ដោយ​ប្រវែង​មួយ​ដើម​ត្រែង និង​ទទឹង​ប្រវែង​មួយ​ដើម​ត្រែង ហើយ​ចន្លោះ​រវាង​បន្ទប់​អ្នក​យាម​នីមួយ​ៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។+ ឯ​កំណល់​ទ្វារ​ក្បែរ​សាល​ក្នុង​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​វិហារ ក៏​មាន​ប្រវែង​មួយ​ដើម​ត្រែង​ដែរ។ ៨  រួច​គាត់​វាស់​សាល​ក្នុង​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​វិហារ ឃើញ​មាន​ប្រវែង​មួយ​ដើម​ត្រែង។ ៩  បន្ទាប់​មក គាត់​វាស់​សាល​ក្នុង​ខ្លោង​ទ្វារ ឃើញ​មាន​ប្រវែង​៨​ហត្ថ។ រួច​គាត់​វាស់​សសរ​សង​ខាង​សាល​នោះ ឃើញ​មាន​ប្រវែង​២​ហត្ថ។ សាល​ក្នុង​ខ្លោង​ទ្វារ​នោះ បែរ​មុខ​ទៅ​វិហារ។ ១០  នៅ​សង​ខាង​ក្នុង​ខ្លោង​ទ្វារ​ខាង​កើត មាន​បន្ទប់​អ្នក​យាម​បី ដែល​មាន​ទំហំ​ប៉ុន​គ្នា ហើយ​ម្ខាង​ៗ​ក៏​មាន​សសរ​ដែល​មាន​ទំហំ​ប៉ុន​គ្នា​ដែរ។ ១១  រួច​គាត់​វាស់​ទទឹង​ច្រក​ចូល​ទ្វារ​នោះ។ ទទឹង​ផ្នែក​ខាង​ក្រៅ ឃើញ​មាន​ប្រវែង​១៣​ហត្ថ និង​ទទឹង​ផ្នែក​ខាង​ក្នុង ឃើញ​មាន​ប្រវែង​១០​ហត្ថ។ ១២  ទី​ខណ្ឌ​ផ្នែក​ខាង​មុខ​បន្ទប់​អ្នក​យាម នៅ​សង​ខាង​មាន​ប្រវែង​១​ហត្ថ ហើយ​បណ្ដោយ​បន្ទប់​អ្នក​យាម មាន​ប្រវែង​៦​ហត្ថ។ ១៣  បន្ទាប់​មក គាត់​វាស់​ទទឹង​ខ្លោង​ទ្វារ ដោយ​វាស់​ចាប់​ពី​ដំបូល​បន្ទប់​អ្នក​យាម​មួយ ទៅ​ដំបូល​បន្ទប់​អ្នក​យាម​មួយ​ទៀត​ដែល​នៅ​ទល់​មុខ​គ្នា ឃើញ​មាន​ប្រវែង​២៥​ហត្ថ។+ ១៤  បន្ទាប់​ពី​នោះ គាត់​វាស់​សសរ​សង​ខាង ហើយ​សសរ​នីមួយ​ៗ​មាន​កម្ពស់​ប្រវែង​៦០​ហត្ថ រួច​គាត់​ក៏​វាស់​សសរ​សង​ខាង​ក្នុង​ខ្លោង​ទ្វារ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ទី​ធ្លា​ដែរ។ ១៥  ចាប់​ពី​ច្រក​ចូល​ខ្លោង​ទ្វារ រហូត​ដល់​ខាង​មុខ​សាល​ដែល​បែរ​មុខ​ទៅ​វិហារ មាន​ប្រវែង​៥០​ហត្ថ។ ១៦  បន្ទប់​អ្នក​យាម​មាន​បង្អួច*+ ហើយ​សសរ​សង​ខាង​ក្នុង​ខ្លោង​ទ្វារ​ក៏​មាន​បង្អួច​ដែរ។ ចំណែក​ឯ​សាល​ជាប់​នោះ​វិញ ក៏​មាន​បង្អួច​នៅ​សង​ខាង​ផង​ដែរ។ នៅ​លើ​សសរ​ទាំង​នោះ​មាន​ក្បាច់​ដើម​លម៉ើ។+ ១៧  បន្ទាប់​មក បុរស​នោះ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី​ធ្លា​ខាង​ក្រៅ ហើយ​ខ្ញុំ​បាន​ឃើញ​បន្ទប់​បរិភោគ​អាហារ+ចំនួន​៣០ នៅ​លើ​កម្រាល​ថ្ម​ជុំវិញ​ទី​ធ្លា។ ១៨  កម្រាល​ថ្ម​នោះ​មាន​ប្រវែង ស្មើ​នឹង​បណ្ដោយ​ខ្លោង​ទ្វារ​នីមួយ​ៗ។ កម្រាល​ថ្ម​នោះ​ជា​កម្រាល​ផ្នែក​ខាង​ក្រោម។ ១៩  រួច​គាត់​វាស់​ចម្ងាយ​ពី​ខាង​មុខ​ខ្លោង​ទ្វារ​ផ្នែក​ខាង​ក្រោម​ដែល​នៅ​ទិស​ខាង​កើត ទៅ​ដល់​ខាង​មុខ​ទី​ធ្លា​ខាង​ក្នុង ឃើញ​មាន​ប្រវែង​១០០​ហត្ថ ហើយ​ពី​ខ្លោង​ទ្វារ​ដែល​នៅ​ទិស​ខាង​ជើង​ដល់​ខាង​មុខ​ទី​ធ្លា​ខាង​ក្នុង ក៏​មាន​ប្រវែង​១០០​ហត្ថ​ដែរ។ ២០  នៅ​ទី​ធ្លា​ខាង​ក្រៅ​មាន​ខ្លោង​ទ្វារ​មួយ ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ហើយ​គាត់​ក៏​វាស់​បណ្ដោយ​និង​ទទឹង​ខ្លោង​ទ្វារ​នោះ។ ២១  ក្នុង​ខ្លោង​ទ្វារ​នោះ ម្ខាង​ៗ​មាន​បន្ទប់​អ្នក​យាម​បី។ រីឯ​សសរ​នៅ​សង​ខាង​និង​សាល​ដែល​នៅ​ក្នុង​ខ្លោង​ទ្វារ​នោះ មាន​ទំហំ​ដូច​សសរ​និង​សាល​ក្នុង​ខ្លោង​ទ្វារ​ទី​១​ដែរ។ ខ្លោង​ទ្វារ​នោះ​មាន​បណ្ដោយ​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ។ ២២  នៅ​ខ្លោង​ទ្វារ​នោះ មាន​បង្អួច សាល និង​ក្បាច់​ដើម​លម៉ើ+ ដែល​មាន​ទំហំ​ប៉ុន​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ខ្លោង​ទ្វារ​ខាង​កើត​ដែរ។ មនុស្ស​អាច​ចូល​ទៅ​ខ្លោង​ទ្វារ​នោះ​បាន ដោយ​ឡើង​ជណ្ដើរ​អស់​៧​កាំ ហើយ​ឃើញ​សាល​នៅ​ខាង​មុខ។ ២៣  នៅ​ទី​ធ្លា​ខាង​ក្នុង មាន​ខ្លោង​ទ្វារ​មួយ​នៅ​ទល់​មុខ​នឹង​ខ្លោង​ទ្វារ​ទិស​ខាង​ជើង ហើយ​មាន​ខ្លោង​ទ្វារ​មួយ​ទៀត​ទល់​មុខ​នឹង​ខ្លោង​ទ្វារទិសខាងកើត។ បុរស​នោះ​បាន​វាស់​ចម្ងាយ​ពី​ខ្លោង​ទ្វារ​មួយ​ទៅ​ខ្លោង​ទ្វារ​មួយ ឃើញ​មាន​ប្រវែង​១០០​ហត្ថ។ ២៤  បន្ទាប់​មក គាត់​បាន​នាំ​ខ្ញុំ​ទៅ​ទិស​ខាង​ត្បូង ហើយ​ខ្ញុំ​បាន​ឃើញ​ខ្លោង​ទ្វារ​នៅ​ទិស​នោះ។+ រួច​គាត់​វាស់​សសរ​សង​ខាង​និង​សាល​នៅ​ក្នុង​ខ្លោង​ទ្វារ​នោះ ឃើញ​ថា​មាន​ទំហំ​ប៉ុន​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ខ្លោង​ទ្វារ​មុន​ៗ​ដែរ។ ២៥  ឯ​បង្អួច​សង​ខាង​នៅ​ក្នុង​ខ្លោង​ទ្វារ និង​បង្អួច​ក្នុង​សាល ក៏​ដូច​បង្អួច​មុន​ៗ​ដែរ។ ខ្លោង​ទ្វារ​នោះ​មាន​បណ្ដោយ​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ។ ២៦  មាន​ជណ្ដើរ​៧​កាំ​ឡើង​ទៅ​ទី​នោះ+ ហើយ​ឃើញ​សាល​នៅ​ខាង​មុខ។ ក្នុង​ខ្លោង​ទ្វារ​នោះ មាន​ក្បាច់​ដើម​លម៉ើ​នៅ​លើ​សសរ​នីមួយ​ៗ។ ២៧  នៅ​ទី​ធ្លា​ខាង​ក្នុង មាន​ខ្លោង​ទ្វារ​មួយ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង។ គាត់​វាស់​ចម្ងាយ​ពី​ខ្លោង​ទ្វារ​នោះ​ទៅ​ខ្លោង​ទ្វារ​មួយ​ទៀត​ដែល​នៅ​ទិស​ខាង​ត្បូង ឃើញ​មាន​ប្រវែង​១០០​ហត្ថ។ ២៨  បន្ទាប់​មក គាត់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ទី​ធ្លា​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​ត្បូង។ ពេល​គាត់​វាស់​ខ្លោង​ទ្វារ​នោះ ឃើញ​មាន​ទំហំ​ប៉ុន​ខ្លោង​ទ្វារ​ឯ​ទៀត​ដែរ។ ២៩  ក្នុង​ខ្លោង​ទ្វារ​នោះ មាន​បន្ទប់​អ្នក​យាម និង​សសរ ព្រម​ទាំង​មាន​សាល ដែល​មាន​ទំហំ​ដូច​អ្វី​ៗ​នៅ​ក្នុង​ខ្លោង​ទ្វារ​ឯ​ទៀត​ដែរ។ ឯ​បង្អួច​សង​ខាង​ក្នុង​ខ្លោង​ទ្វារ​នោះ និង​បង្អួច​ក្នុង​សាល ក៏​ដូច​បង្អួច​មុន​ៗ​ដែរ។ ខ្លោង​ទ្វារ​នោះ​មាន​បណ្ដោយ​ប្រវែង​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ។+ ៣០  ខ្លោង​ទ្វារ​ទាំង​អស់​ដែល​ចូល​ទៅ​ទី​ធ្លា​ខាង​ក្នុង សុទ្ធ​តែ​មាន​សាល។ សាល​ទាំង​នោះ​មាន​បណ្ដោយ​ប្រវែង​២៥​ហត្ថ និង​ទទឹង​៥​ហត្ថ។ ៣១  ខ្លោង​ទ្វារ​ទី​ធ្លា​ខាង​ក្នុង​ប៉ែក​ខាង​ត្បូង មាន​សាល​បែរ​មុខ​មក​ទី​ធ្លា​ខាង​ក្រៅ និង​មាន​ក្បាច់​ដើម​លម៉ើ​នៅ​លើ​សសរ​សង​ខាង+ ហើយ​មាន​ជណ្ដើរ​៨​កាំ​សម្រាប់​ឡើង​ទៅ​ខ្លោង​ទ្វារ​នោះ។+ ៣២  ពេល​បុរស​នោះ​នាំ​ខ្ញុំ​ចូល​ទៅ​ទី​ធ្លា​ខាង​ក្នុង តាម​ខ្លោង​ទ្វារ​ខាង​កើត គាត់​វាស់​ខ្លោង​ទ្វារ​នោះ ហើយ​ឃើញ​មាន​ទំហំ​ប៉ុន​នឹង​ខ្លោង​ទ្វារ​ឯ​ទៀត​ដែរ។ ៣៣  ក្នុង​ខ្លោង​ទ្វារ​នោះ ម្ខាង​ៗ​មាន​បន្ទប់​អ្នក​យាម និង​សសរ ព្រម​ទាំង​មាន​សាល ដែល​មាន​ទំហំ​ដូច​អ្វី​ៗ​នៅ​ក្នុង​ខ្លោង​ទ្វារ​ឯ​ទៀត​ដែរ។ ឯ​បង្អួច​សង​ខាង និង​បង្អួច​ក្នុង​សាល ក៏​ដូច​បង្អួច​មុន​ៗ​ដែរ។ ខ្លោង​ទ្វារ​នោះ​មាន​បណ្ដោយ​ប្រវែង​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ។ ៣៤  ខ្លោង​ទ្វារ​នោះ​មាន​សាល​បែរ​មុខ​មក​ទី​ធ្លា​ខាង​ក្រៅ និង​មាន​ក្បាច់​ដើម​លម៉ើ​នៅ​លើ​សសរ​ពីរ​ដើម​ដែល​នៅ​សង​ខាង ហើយ​មាន​ជណ្ដើរ​៨​កាំ​សម្រាប់​ឡើង​ទៅ​ខ្លោង​ទ្វារ​នោះ។ ៣៥  បន្ទាប់​មក បុរស​នោះ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង។+ ពេល​គាត់​វាស់​ខ្លោង​ទ្វារ​នោះ ឃើញ​មាន​ទំហំ​ប៉ុន​ខ្លោង​ទ្វារ​ឯ​ទៀត​ដែរ។ ៣៦  ក្នុង​ខ្លោង​ទ្វារ​នោះ មាន​បន្ទប់​អ្នក​យាម សសរ និង​បង្អួច ព្រម​ទាំង​មាន​សាល ដែល​មាន​ទំហំ​ដូច​អ្វី​ៗ​ដែល​នៅ​ក្នុង​ខ្លោង​ទ្វារ​ឯ​ទៀត​ដែរ។ ខ្លោង​ទ្វារ​នោះ​មាន​បណ្ដោយ​ប្រវែង​៥០​ហត្ថ និង​ទទឹង​២៥​ហត្ថ។ ៣៧  ខ្លោង​ទ្វារ​នោះ​មាន​សសរ​ពីរ​នៅ​សង​ខាង​ដែល​បែរ​ទៅ​ទី​ធ្លា​ខាង​ក្រៅ ហើយ​មាន​ក្បាច់​ដើម​លម៉ើ​នៅ​លើ ព្រម​ទាំង​មាន​ជណ្ដើរ​៨​កាំ​សម្រាប់​ឡើង​ទៅ​ខ្លោង​ទ្វារ​នោះ​ផង​ដែរ។ ៣៨  នៅ​ក្បែរ​សសរ​ខ្លោង​ទ្វារ មាន​បន្ទប់​បរិភោគ​អាហារ​មួយ​ដែល​មាន​ច្រក​ចូល។ នៅ​ទី​នោះ គេ​លាង​សម្អាត​សត្វ​សម្រាប់​ទុក​ជា​គ្រឿង​បូជា​ដុត។+ ៣៩  នៅ​ក្នុង​សាល​នៃ​ខ្លោង​ទ្វារ ម្ខាង​ៗ​មាន​តុ​ពីរ​ដែល​គេ​ប្រើ​សម្រាប់​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត+ សត្វ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ និង​សត្វ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ ៤០  នៅ​ផ្លូវ​ឡើង​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង នៅ​សង​ខាង​ច្រក​ចូល ម្ខាង​ៗ​មាន​តុ​ពីរ ហើយ​ផ្នែក​ខាង​ក្នុង​សាល​នៃ​ខ្លោង​ទ្វារ ម្ខាង​ៗ​ក៏​មាន​តុ​ពីរ​ដែរ។ ៤១  ដូច្នេះ មាន​តុ​៤​នៅ​ម្ខាង​ៗ​ខ្លោង​ទ្វារ សរុប​ទាំង​អស់​មាន​តុ​៨ ដែល​គេ​ប្រើ​សម្រាប់​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា។ ៤២  តុ​បួន​ដែល​គេ​ប្រើ​សម្រាប់​សម្លាប់​សត្វ​ជា​គ្រឿង​បូជា​ដុត សុទ្ធ​តែ​ធ្វើ​ពី​ថ្ម​ដាប់។ តុ​នីមួយ​ៗ​មាន​បណ្ដោយ​មួយ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ ហើយ​មាន​កម្ពស់​មួយ​ហត្ថ។ នៅ​លើ​តុ​ទាំង​នោះ​មាន​ឧបករណ៍​ផ្សេង​ៗ​ដែល​គេ​ប្រើ​សម្រាប់​សម្លាប់​សត្វ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត។ ៤៣  គេ​ក៏​បាន​ទុក​សាច់​សត្វ​ដែល​ជា​គ្រឿង​បូជា​ជា​អំណោយ​នៅ​លើ​តុ​ទាំង​នោះ​ដែរ។ បន្ថែម​ទៅ​ទៀត មាន​ធ្នើរ​ភ្ជាប់​ជុំវិញ​នៅ​លើ​ជញ្ជាំង​ខាង​ក្នុង។ ធ្នើរ​ទាំង​នោះ​មាន​ទទឹង​ប្រវែង​មួយ​ទះ។ ៤៤  នៅ​ក្រៅ​ខ្លោង​ទ្វារ​ខាង​ក្នុង មាន​បន្ទប់​បរិភោគ​អាហារ​សម្រាប់​ពួក​អ្នក​ចម្រៀង។+ បន្ទប់​ទាំង​នោះ​នៅ​ទី​ធ្លា​ខាង​ក្នុង​ក្បែរ​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​មាន​ច្រក​ចូល​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង។ ឯ​បន្ទប់​បរិភោគ​អាហារ​មួយ​ទៀត មាន​ច្រក​ចូល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ហើយ​នៅ​ក្បែរ​ខ្លោង​ទ្វារ​ខាង​កើត។ ៤៥  បុរស​នោះ​បាន​និយាយ​មក​ខ្ញុំ​ថា​៖ ​«​បន្ទប់​បរិភោគ​អាហារ​មួយ​នេះ ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង គឺ​ទុក​សម្រាប់​ឲ្យ​ពួក​សង្ឃ​ដែល​មាន​ភារកិច្ច​បម្រើ​នៅ​វិហារ។+ ៤៦  ឯ​បន្ទប់​បរិភោគ​អាហារ​មួយ​ទៀត ដែល​បែរ​មុខ​ទៅ​ទិស​ខាង​ជើង គឺ​ទុក​សម្រាប់​ឲ្យ​ពួក​សង្ឃ​ដែល​មាន​ភារកិច្ច​បម្រើ​នៅ​ទី​បូជា។+ ពួក​គេ​ជា​កូន​ចៅ​របស់​សេដុក+ ជា​ពូជ​ពង្ស​លេវី​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​បំពេញ​កិច្ច​បម្រើ​ដល់​លោក​»។+ ៤៧  បន្ទាប់​មក បុរស​នោះ​បាន​វាស់​ទី​ធ្លា​ខាង​ក្នុង ឃើញ​មាន​បណ្ដោយ​១០០​ហត្ថ ទទឹង​១០០​ហត្ថ​បួន​ជ្រុង​ស្មើ ហើយ​មាន​ទី​បូជា​នៅ​មុខ​វិហារ។ ៤៨  រួច​គាត់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​សាល​វិហារ+ ហើយ​វាស់​បង្គោល​ដែល​នៅ​សង​ខាង​ច្រក​ចូល។ បង្គោល​ទាំង​នោះ​មាន​ជ្រុង​ម្ខាង​ប្រវែង​ប្រាំ​ហត្ថ និង​ជ្រុង​ម្ខាង​ទៀត​មាន​ប្រវែង​បី​ហត្ថ គឺ​បង្គោល​ខាង​ឆ្វេង​និង​បង្គោល​ខាង​ស្ដាំ។ ៤៩  សាល​នោះ​មាន​បណ្ដោយ​២០​ហត្ថ ទទឹង​១១​ហត្ថ។ មនុស្ស​អាច​ចូល​ទៅ​ក្នុង​សាល​នោះ​ដោយ​ឡើង​ជណ្ដើរ។ នៅ​ក្បែរ​បង្គោល​ទាំង​នោះ​មាន​សសរ​ពីរ ម្ខាង​មួយ​ៗ។+

កំណត់សម្គាល់

ដើម​ម្យ៉ាង​ដែល​គេ​ដាំ​តាំង​ពី​សម័យ​បុរាណ។ គេ​យក​សរសៃ​វា​ទៅ​ធ្វើ​ជា​ក្រណាត់
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
បង្អួច​ទាំង​នោះ​មាន​រាង​បួន​ជ្រុង ហើយ​ជ្រុង​នីមួយ​ៗ​មាន​ជម្រាល​រួម​តូច