អេសេគាល ៤២:១-២០

  • អគារ​ដែល​មាន​បន្ទប់​បរិភោគ​អាហារ (​១​-​១៤)

  • ជ្រុង​ទាំង​បួន​នៃ​វិហារ​បាន​ត្រូវ​វាស់ (​១៥​-​២០)

៤២  បន្ទាប់​មក បុរស​នោះ​បាន​នាំ​ខ្ញុំ​ទៅ​ទី​ធ្លា​ខាង​ក្រៅ ដែល​នៅ​ទិស​ខាង​ជើង។+ រួច​គាត់​បាន​នាំ​ខ្ញុំ​ទៅ​ឯ​អគារ​ដែល​មាន​បន្ទប់​បរិភោគ​អាហារ។ អគារ​នោះ​នៅ​ក្បែរ​បរិវេណ​វិហារ+ ខាង​ជើង​អគារ​ដែល​នៅ​ក្រោយ​វិហារ។+ ២  អគារ​ដែល​មាន​បន្ទប់​បរិភោគ​អាហារ​នោះ មាន​បណ្ដោយ​ប្រវែង​១០០​ហត្ថ* និង​ទទឹង​៥០​ហត្ថ ហើយ​មាន​ច្រក​ចូល​នៅ​ទិស​ខាង​ជើង។ ៣  អគារ​នោះ​មាន​ទី​តាំង នៅ​ចន្លោះ​ទី​ធ្លា​ខាង​ក្នុង​ដែល​មាន​ប្រវែង​២០​ហត្ថ+ និង​កម្រាល​ថ្ម​នៃ​ទី​ធ្លា​ខាង​ក្រៅ។ ផ្លូវ​ដើរ​ទាំង​សង​ខាង​នៃ​អគារ​នោះ​ទល់​មុខ​គ្នា ហើយ​មាន​បី​ជាន់។ ៤  នៅ​ខាង​មុខ​បន្ទប់​បរិភោគ​អាហារ មាន​ផ្លូវ​ដើរ​ខាង​ក្នុង​មួយ+ ដែល​មាន​ទទឹង​១០​ហត្ថ និង​បណ្ដោយ​១០០​ហត្ថ។ ច្រក​ចូល​បន្ទប់​នីមួយ​ៗ​បែរ​ទៅ​ទិស​ខាង​ជើង។ ៥  បន្ទប់​បរិភោគ​អាហារ​នៅ​ជាន់​ខាង​លើ​ក្នុង​អគារ​នោះ មាន​ទំហំ​តូច​ជាង​បន្ទប់​នៅ​ជាន់​កណ្ដាល​និង​ជាន់​ក្រោម ដោយ​សារ​តែ​ផ្លូវ​ដើរ​ធំ​ជាង។ ៦  អគារ​បី​ជាន់​នោះ​គ្មាន​សសរ​ដូច​នៅ​ទី​ធ្លា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ជាន់​លើ​តូច​ជាង​ជាន់​ក្រោម​និង​ជាន់​កណ្ដាល។ ៧  ជញ្ជាំង​ថ្ម​ខាង​ក្រៅ​ក្បែរ​អគារ​បរិភោគ​អាហារ​នោះ ជាប់​ទី​ធ្លា​ខាង​ក្រៅ​ដែល​ទល់​មុខ​បន្ទប់​បរិភោគ​អាហារ​ផ្សេង​ទៀត។ ជញ្ជាំង​ថ្ម​នោះ​មាន​បណ្ដោយ​ប្រវែង​៥០​ហត្ថ។ ៨  ដូច្នេះ បណ្ដោយ​អគារ​បរិភោគ​អាហារ​ដែល​បែរ​មុខ​ទៅ​ទី​ធ្លា​ខាង​ក្រៅ​មាន​ប្រវែង​៥០​ហត្ថ តែ​បណ្ដោយ​អគារ​បរិភោគ​អាហារ​ដែល​នៅ​ទល់​មុខ​វិហារ​មាន​ប្រវែង​១០០​ហត្ថ។ ៩  អគារ​បរិភោគ​អាហារ​នោះ មាន​ច្រក​ចូល​មួយ​នៅ​ទិស​ខាង​កើត ដែល​ចូល​ពី​ទី​ធ្លា​ខាង​ក្រៅ។ ១០  នៅ​ក្រោយ​ជញ្ជាំង​ថ្ម​នៃ​ទី​ធ្លា​បែរ​មុខ​ទៅ​ទិស​ខាង​កើត ក៏​មាន​បន្ទប់​បរិភោគ​អាហារ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​ទី​លាន​ទទេ​និង​ទល់​មុខ​អគារ​នោះ។+ ១១  នៅ​មុខ​បន្ទប់​បរិភោគ​អាហារ​ក្នុង​អគារ​ខាង​ត្បូង មាន​ផ្លូវ​ដើរ​ដូច​នៅ​ក្នុង​អគារ​បរិភោគ​អាហារ​នៅ​ប៉ែក​ខាង​ជើង​ដែរ។+ អគារ​ទាំង​នោះ​មាន​បណ្ដោយ និង​ទទឹង​ប្រវែង​ដូច​គ្នា ហើយ​ក៏​មាន​ប្លង់​ដូច​គ្នា​ដែរ។ ចំណែក​ច្រក​ចូល​បន្ទប់​នីមួយ​ៗ​ ១២  គឺ​ដូច​ច្រក​ចូល​បន្ទប់​បរិភោគ​អាហារ​នៅ​ប៉ែក​ខាង​ត្បូង។ នៅ​ដើម​ផ្លូវ​ដើរ​មាន​ច្រក​ចូល​ជាប់​នឹង​ជញ្ជាំង​ថ្ម​បែរ​មុខ​ទៅ​ទិស​ខាង​កើត ដែល​គេ​អាច​ចូល​បាន។+ ១៣  បន្ទាប់​មក បុរស​នោះ​ប្រាប់​ខ្ញុំ​ថា​៖ ​«​អគារ​ដែល​មាន​បន្ទប់​បរិភោគ​អាហារ​នៅ​ក្បែរ​បរិវេណ​វិហារ ទាំង​នៅ​ទិស​ខាង​ជើង​ទាំង​នៅ​ទិស​ខាង​ត្បូង សុទ្ធ​តែ​ជា​បន្ទប់​បរិសុទ្ធ​សម្រាប់​បរិភោគ​អាហារ+ ហើយ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ឯ​ព្រះ​យេហូវ៉ា ពួក​គេ​បរិភោគ​គ្រឿង​បូជា​បរិសុទ្ធ​បំផុត​នៅ​ទី​នោះ។+ នៅ​កន្លែង​នោះ គេ​ដាក់​គ្រឿង​បូជា​បរិសុទ្ធ​បំផុត គ្រឿង​បូជា​ពី​ស្រូវ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង ព្រោះ​កន្លែង​នោះ​គឺ​បរិសុទ្ធ។+ ១៤  ពេល​ពួក​សង្ឃ​ចេញ​ពី​កន្លែង​បរិសុទ្ធ​ទៅ​ទី​ធ្លា​ខាង​ក្រៅ ពួក​គេ​មិន​ត្រូវ​ចេញ​ទៅ​ដោយ​ពាក់​សម្លៀក​បំពាក់​សម្រាប់​កិច្ច​បម្រើ​របស់​ពួក​គេ​នោះ​ឡើយ តែ​ត្រូវ​ដោះ​សម្លៀក​បំពាក់​នោះ​ចេញ​ជា​មុន​សិន+ ព្រោះ​សម្លៀក​បំពាក់​នោះ​បរិសុទ្ធ។ ពួក​គេ​ត្រូវ​ពាក់​សម្លៀក​បំពាក់​ផ្សេង ដើម្បី​អាច​ចេញ​ទៅ​កន្លែង​ដែល​បណ្ដា​ជន​មាន​សិទ្ធិ​ចូល​»។ ១៥  ក្រោយ​បុរស​នោះ​វាស់​ផ្នែក​ខាង​ក្នុង​នៃ​សំណង់​វិហារ​រួច​រាល់​ហើយ គាត់​ក៏​បាន​នាំ​ខ្ញុំ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត+ រួច​គាត់​វាស់​ផ្នែក​ខាង​ក្រៅ​នៃ​សំណង់​វិហារ​ទាំង​មូល។ ១៦  គាត់​បាន​ប្រើ​ដើម​ត្រែង*សម្រាប់​វាស់​វែង ដើម្បី​វាស់​ប៉ែក​ខាង​កើត ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង ហើយ​ឃើញ​មាន​ប្រវែង​៥០០​ដើម​ត្រែង។ ១៧  គាត់​បាន​វាស់​ប៉ែក​ខាង​ជើង ដោយ​ប្រើ​ខ្នាត​ពី​ដើម​ត្រែង ឃើញ​មាន​ប្រវែង​៥០០​ដើម​ត្រែង។ ១៨  គាត់​បាន​វាស់​ប៉ែក​ខាង​ត្បូង ដោយ​ប្រើ​ខ្នាត​ពី​ដើម​ត្រែង ឃើញ​មាន​ប្រវែង​៥០០​ដើម​ត្រែង។ ១៩  រួច​គាត់​បាន​ទៅ​ប៉ែក​ខាង​លិច ហើយ​វាស់​ប៉ែក​នោះ​ឃើញ​មាន​ប្រវែង​៥០០​ដើម​ត្រែង។ ២០  យ៉ាង​នេះ គាត់​បាន​វាស់​សំណង់​វិហារ​ទាំង​បួន​ជ្រុង។ សំណង់​នោះ​មាន​កំពែង​ព័ទ្ធ​ជុំវិញ+ ដើម្បី​ខណ្ឌ​ចែក​ទឹក​ដី​បរិសុទ្ធ​ពី​ទឹក​ដី​មិន​បរិសុទ្ធ+ ហើយ​មាន​បណ្ដោយ​ប្រវែង​៥០០​ដើម​ត្រែង និង​ទទឹង​ប្រវែង​៥០០​ដើម​ត្រែង។+

កំណត់សម្គាល់

នេះ​សំដៅ​លើ​ប្រវែង​ហត្ថ​វែង។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤