អេសេគាល ៤៤:១-៣១

  • ខ្លោង​ទ្វារ​ទិស​ខាង​កើត​បាន​ត្រូវ​បិទ​ជិត (​១​-​៣)

  • ច្បាប់​អំពី​ជន​ជាតិ​ដទៃ (​៤​-​៩)

  • ច្បាប់​សម្រាប់​ពួក​លេវី​និង​ពួក​សង្ឃ (​១០​-​៣១)

៤៤  បន្ទាប់​មក បុរស​នោះ​បាន​នាំ​ខ្ញុំ​មក​ឯ​ខ្លោង​ទ្វារ​ខាង​ក្រៅ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត+ តែ​ខ្លោង​ទ្វារ​នោះ​បាន​ត្រូវ​បិទ​ជិត។+ ២  រួច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​ខ្លោង​ទ្វារ​នេះ​នឹង​ត្រូវ​បិទ ហើយ​មិន​ត្រូវ​បើក​វិញ​ទេ។ គ្មាន​មនុស្ស​ណា​ម្នាក់​នឹង​ចូល​តាម​ខ្លោង​ទ្វារ​នេះ​បាន​ឡើយ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​តាម​ទ្វារ​នេះ។+ ដូច្នេះ ខ្លោង​ទ្វារ​នេះ​ត្រូវ​បិទ​ជា​និច្ច។ ៣  ប៉ុន្តែ មេ​ដឹក​នាំ​អាច​អង្គុយ​បរិភោគ​នំ​ប៉័ង​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា+ក្នុង​ខ្លោង​ទ្វារ​នេះ​បាន ព្រោះ​គាត់​ជា​មេ​ដឹក​នាំ។ គាត់​នឹង​ចូល​មក កាត់​តាម​សាល​នៃ​ខ្លោង​ទ្វារ ហើយ​ក៏​នឹង​ចេញ​ទៅ​វិញ កាត់​តាម​សាល​នោះ​ដែរ​»។+ ៤  បន្ទាប់​មក គាត់​បាន​នាំ​ខ្ញុំ​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង ទៅ​ខាង​មុខ​វិហារ។ ពេល​នោះ ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ពេញ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ដូច្នេះ ខ្ញុំ​ក៏​ក្រាប​មុខ​ដល់​ដី។+ ៥  រួច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​កូន​មនុស្ស​អើយ! ចូរ​មើល​ឲ្យ​ហ្មត់​ចត់ និង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​ប្រាប់​អ្នក ស្ដី​អំពី​បញ្ញត្តិ​និង​ច្បាប់​នៃ​វិហារ​របស់​ព្រះ​យេហូវ៉ា។ ចូរ​សង្កេត​មើល​ច្រក​ចូល​វិហារ​និង​ច្រក​ចេញ​ពី​កន្លែង​បរិសុទ្ធ​ឲ្យ​បាន​ដិត​ដល់។+ ៦  អ្នក​ត្រូវ​និយាយ​ទៅ​ពូជ​ពង្ស​អ៊ីស្រាអែល​ដែល​បះ​បោរ​ប្រឆាំង​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ឱ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ! អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ។ ៧  ឯ​ជន​ជាតិ​ដទៃ​ដែល​មិន​បាន​កាត់​ចុង​ស្បែក​និង​មាន​ចិត្ត​មិន​ស្អាត​ស្អំ អ្នក​រាល់​គ្នា​បាន​នាំ​ពួក​គេ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ខ្ញុំ ហើយ​ពួក​គេ​បាន​ធ្វើ​ឲ្យ​វិហារ​របស់​ខ្ញុំ​លែង​បរិសុទ្ធ​ទៀត។ អ្នក​រាល់​គ្នា​បាន​ជូន​នំ​ប៉័ង ខ្លាញ់ និង​ឈាម​ដល់​ខ្ញុំ​មែន តែ​ដំណាល​គ្នា​នោះ អ្នក​រាល់​គ្នា​បាន​បំពាន​កិច្ច​ព្រម​ព្រៀង​ខ្ញុំ​ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​បែប​យ៉ាង។ ៨  អ្នក​រាល់​គ្នា​មិន​បាន​ថែ​រក្សា​របស់​បរិសុទ្ធ​របស់​ខ្ញុំ​ទេ+ តែ​បែរ​ជា​តែង​តាំង​អ្នក​ផ្សេង​ឲ្យ​បំពេញ​ភារកិច្ច​ក្នុង​ទី​បរិសុទ្ធ​របស់​ខ្ញុំ​វិញ​»​›។ ៩  ​«​‹ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​មិន​ត្រូវ​ឲ្យ​ជន​ជាតិ​ដទៃ​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដែល​មិន​បាន​កាត់​ចុង​ស្បែក​និង​មាន​ចិត្ត​មិន​ស្អាត​ស្អំ ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ខ្ញុំ​ជា​ដាច់​ខាត​»​›។ ១០  ​«​‹កាល​ដែល​ពួក​អ៊ីស្រាអែល​បែរ​ចេញ​ពី​ខ្ញុំ+ទៅ​តាម​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​គេ ពួក​លេវី​ក៏​បាន​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។ ដូច្នេះ ពួក​លេវី​នឹង​ទទួល​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​មិន​ខាន។ ១១  ក្រោយ​នោះ ពួក​គេ​នឹង​បំពេញ​ភារកិច្ច​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ខ្ញុំ​វិញ ដោយ​មើល​ខុស​ត្រូវ​ខ្លោង​ទ្វារ​ទាំង​អស់+ ហើយ​បម្រើ​នៅ​វិហារ។ ពួក​គេ​នឹង​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ឯ​ទៀត​ឲ្យ​បណ្ដា​ជន ហើយ​ពួក​គេ​នឹង​ឈរ​បម្រើ​ដើម្បី​ជា​ប្រយោជន៍​ដល់​បណ្ដា​ជន។ ១២  ដោយ​សារ​ពួក​គេ​បាន​បម្រើ​បណ្ដា​ជន​នៅ​ចំពោះ​មុខ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ពួក​គេ ហើយ​បាន​បណ្ដាល​ឲ្យ​ពូជ​ពង្ស​អ៊ីស្រាអែល​ធ្វើ​អំពើ​ខុស​ឆ្គង+ ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​ទាស់​នឹង​ពួក​គេ ហើយ​លើក​ដៃ​ស្បថ​ថា ពួក​គេ​នឹង​ទទួល​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​ជាក់​ជា​មិន​ខាន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៣  ‹ពួក​គេ​នឹង​មិន​អាច​ចូល​មក​ជិត​ខ្ញុំ ដើម្បី​បម្រើ​ជា​សង្ឃ​របស់​ខ្ញុំ​បាន​ទេ ហើយ​ក៏​មិន​អាច​ចូល​ទៅ​ជិត​របស់​បរិសុទ្ធ​និង​របស់​បរិសុទ្ធ​បំផុត​បាន​ដែរ។ ពួក​គេ​នឹង​រង​ការ​អាម៉ាស់ ព្រោះ​តែ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​ខ្លួន។ ១៤  ប៉ុន្តែ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​មាន​ភារកិច្ច​មើល​ថែ​វិហារ​និង​បំពេញ​កិច្ច​ការ​បន្ទាប់​បន្សំ​វិញ›។+ ១៥  ​«​‹ចំណែក​ពួក​សង្ឃ​ដែល​ជា​កូន​ចៅ​សេដុក+ មក​ពី​កុល​សម្ព័ន្ធ​លេវី ពួក​គេ​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ទី​បរិសុទ្ធ​របស់​ខ្ញុំ ក្នុង​គ្រា​ដែល​ពួក​អ៊ីស្រាអែល​បែរ​ចេញ​ពី​ខ្ញុំ។+ ម្ល៉ោះ​ហើយ ពួក​គេ​អាច​ចូល​មក​បម្រើ​ខ្ញុំ ហើយ​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ដើម្បី​ជូន​ខ្លាញ់+និង​ឈាម​ដល់​ខ្ញុំ›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ១៦  ‹ពួក​គេ​នោះ​ហើយ​ដែល​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ខ្ញុំ ហើយ​នឹង​ចូល​ទៅ​ជិត​តុ​របស់​ខ្ញុំ​ដើម្បី​បម្រើ​ខ្ញុំ។+ ពួក​គេ​នឹង​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ចំពោះ​ខ្ញុំ​ត​ទៅ​ទៀត។+ ១៧  ​«​‹ពេល​ពួក​គេ​ចូល​មក​ខ្លោង​ទ្វារ​ទី​ធ្លា​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ក្រណាត់​សាច់​ល្អ។+ ពួក​គេ​មិន​ត្រូវ​ពាក់​អ្វី​ដែល​ធ្វើ​ពី​រោម​ចៀម​ឡើយ ពេល​បម្រើ​នៅ​ខ្លោង​ទ្វារ​នៃ​ទី​ធ្លា​ខាង​ក្នុង ឬ​កន្លែង​ឯ​ទៀត​ដែល​នៅ​ខាង​ក្នុង។ ១៨  ពួក​គេ​ត្រូវ​ពាក់​ឈ្នួត​ក្បាល​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ និង​ស្លៀក​ខោ​ខ្លី​ដែល​ធ្វើ​ពី​ក្រណាត់​សាច់​ល្អ។+ ពួក​គេ​មិន​ត្រូវ​ស្លៀក​ពាក់​អ្វី​ដែល​ធ្វើ​ឲ្យ​បែក​ញើស​ឡើយ។ ១៩  មុន​ពួក​សង្ឃ​ចេញ​ទៅ​ទី​ធ្លា​ខាង​ក្រៅ​ជា​កន្លែង​ដែល​បណ្ដា​ជន​មាន​សិទ្ធិ​ចូល ពួក​គេ​ត្រូវ​ដោះ​សម្លៀក​បំពាក់​សម្រាប់​កិច្ច​បម្រើ+របស់​ខ្លួន​ជា​មុន​សិន ហើយ​ទុក​នៅ​ក្នុង​បន្ទប់​បរិសុទ្ធ​សម្រាប់​បរិភោគ​អាហារ។+ រួច​ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ផ្សេង ដើម្បី​កុំ​ឲ្យ​ភាព​បរិសុទ្ធ​ពី​សម្លៀក​បំពាក់​របស់​ពួក​គេ​ឆ្លង​ទៅ​ដល់​បណ្ដា​ជន។ ២០  ពួក​គេ​មិន​ត្រូវ​កោរ​សក់+ឬ​ទុក​ឲ្យ​ដុះ​វែង​ទេ តែ​ត្រូវ​កាត់​តម្រឹម​វិញ។ ២១  ពួក​សង្ឃ​មិន​ត្រូវ​ផឹក​ស្រា​ទេ ពេល​ពួក​គេ​ចូល​ទី​ធ្លា​ខាង​ក្នុង។+ ២២  ពួក​គេ​មិន​ត្រូវ​យក​ប្រពន្ធ​ជា​ស្ត្រី​មេម៉ាយ​ឬ​ស្ត្រី​ប្ដី​លែង​នោះ​ទេ+ តែ​ពួក​គេ​អាច​រៀប​ការ​ជា​មួយ​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ដែល​ជា​កូន​ចៅ​អ៊ីស្រាអែល ឬ​ស្ត្រី​មេម៉ាយ​ដែល​ធ្លាប់​ជា​ប្រពន្ធ​របស់​សង្ឃ​ណា​ម្នាក់›។+ ២៣  ​«​‹ពួក​គេ​ត្រូវ​ណែនាំ​រាស្ត្រ​ខ្ញុំ​អំពី​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​បរិសុទ្ធ​និង​អ្វី​ដែល​ធម្មតា ហើយ​ក៏​ត្រូវ​បង្រៀន​រាស្ត្រ​ខ្ញុំ​អំពី​ភាព​ខុស​គ្នា​រវាង​អ្វី​ដែល​ស្អាត​បរិសុទ្ធ​និងអ្វីដែល​មិន​ស្អាត​បរិសុទ្ធ​ដែរ។+ ២៤  ពួក​គេ​ត្រូវ​បំពេញ​ភារកិច្ច​ជា​ចៅ​ក្រម+ ហើយ​សម្រេច​ក្ដី​ឲ្យ​បណ្ដា​ជន​ស្រប​តាម​ក្រឹត្យ​ក្រម​របស់​ខ្ញុំ។+ ពួក​គេ​ត្រូវ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ​ស្ដី​អំពី​ពិធី​បុណ្យ​ផ្សេង​ៗ​ដែល​ខ្ញុំ​បាន​បង្គាប់+ ហើយ​ញែក​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ​ជា​បរិសុទ្ធ។ ២៥  ពួក​គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ ដោយ​ចូល​ទៅ​ក្បែរ​សាក​សព​អ្នក​ណា​ម្នាក់​ឡើយ លើក​លែង​តែ​សាក​សព​នោះ​ជា​ឪពុក​ម្ដាយ ជា​កូន​ប្រុស​កូន​ស្រី ជា​បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី​ដែល​មិន​ទាន់​រៀប​ការ​ប៉ុណ្ណោះ។+ ២៦  ក្រោយ​ពី​ធ្វើ​ពិធី​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​សម្រាប់​សង្ឃ​រួច​រាល់​ហើយ សង្ឃ​នោះ​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​៧​ថ្ងៃ។ ២៧  នៅ​ថ្ងៃ​ដែល​គាត់​ចូល​ទៅ​ទី​ធ្លា​ខាង​ក្នុង ដើម្បី​បម្រើ​ក្នុង​កន្លែង​បរិសុទ្ធ គាត់​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​របស់​ខ្លួន›។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ២៨  ​«​‹ចំណែក​មត៌ក​របស់​ពួក​គេ​វិញ គឺ​ខ្ញុំ​នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ប្រគល់​ដី​ធ្លី​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ដល់​ពួក​គេ​ទេ ព្រោះ​ខ្ញុំ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​ហើយ។ ២៩  ពួក​គេ​នឹង​មាន​សិទ្ធិ​បរិភោគ​គ្រឿង​បូជា​ពីស្រូវ+ គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។+ ឯ​អ្វី​ៗ​​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ប្រគល់​ជូន​ព្រះ ក៏​នឹង​បាន​ជា​ចំណែក​របស់​ពួក​សង្ឃ​ដែរ។+ ៣០  ចំណែក​ផល​ដំបូង​ល្អ​បំផុត​ទាំង​អស់ និង​វិភាគទាន​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​យក​មក​ជូន នឹង​បាន​ទៅ​ជា​ចំណែក​របស់​ពួក​សង្ឃ។+ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ឲ្យ​ម្សៅ​ពី​ផល​ដំបូង​ដល់​ពួក​សង្ឃ​ដែរ។+ ការ​នេះ​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​ទទួល​ពរ​ជា​បរិបូរ។+ ៣១  ពួក​សង្ឃ​មិន​ត្រូវ​បរិភោគ​សត្វ​ស្លាប​ឬ​សត្វ​ណា​ដែល​ងាប់​ឯង ឬ​ត្រូវ​ហែកហួរ​នោះ​ឡើយ›។+

កំណត់សម្គាល់