អេសេគាល ៤៦:១-២៤

  • គ្រឿង​បូជា​នៅ​បុណ្យ​សំខាន់​ៗ​ (​១​-​១៥)

  • ដី​ធ្លី​មត៌ក​របស់​មេ​ដឹក​នាំ (​១៦​-​១៨)

  • កន្លែង​ស្ងោរ​គ្រឿង​បូជា (​១៩​-​២៤)

៤៦  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ខ្លោង​ទ្វារ​ទី​ធ្លា​ខាង​ក្នុង​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត+ ត្រូវ​បិទ+អស់​រយៈ​ពេល​៦​ថ្ងៃ​ដែល​ជា​ថ្ងៃ​ធ្វើ​ការ+ តែ​នៅ​ថ្ងៃ​ឈប់​សម្រាក​និង​នៅ​ថ្ងៃ​ចូល​ខែ​ថ្មី ទ្វារ​នោះ​នឹង​ត្រូវ​បើក​វិញ។ ២  មេ​ដឹក​នាំ​នឹង​ចូល​ពី​ខាង​ក្រៅ​កាត់​តាម​សាល​ខ្លោង​ទ្វារ+ ហើយ​គាត់​នឹង​ឈរ​ក្បែរ​ប្រអប់​ទ្វារ​នៃ​ខ្លោង​ទ្វារ។ ពួក​សង្ឃ​នឹង​ជូន​គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​របស់​មេ​ដឹក​នាំ​នោះ រួច​គាត់​នឹង​ក្រាប​ខ្លួន​នៅ​ឯ​កំណល់​ទ្វារ ហើយ​ចេញ​មក​ក្រៅ។ ប៉ុន្តែ ទ្វារ​នោះ​ត្រូវ​ទុក​ចំហ​រហូត​ដល់​ល្ងាច។ ៣  បណ្ដា​ជន​ក្នុង​ស្រុក​ក៏​ត្រូវ​ក្រាប​ខ្លួន​ចំពោះ​មុខ​ព្រះ​យេហូវ៉ា នៅ​ឯ​ច្រក​ចូល​ខ្លោង​ទ្វារ​នោះ​នា​ថ្ងៃ​ឈប់​សម្រាក​និង​នៅ​ថ្ងៃ​ចូល​ខែ​ថ្មី​ដែរ។+ ៤  ​«​‹ឯ​គ្រឿង​បូជា​ដុត​ដែល​មេ​ដឹក​នាំ​នោះ​ត្រូវ​យក​មក​ជូន​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​ឈប់​សម្រាក មាន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​៦​ក្បាល និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល។+ ៥  ពេល​ជូន​ចៀម​ឈ្មោល ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា* ហើយ​ពេល​ជូន​កូន​ចៀម​ឈ្មោល អាច​ជូន​គ្រឿង​បូជា​ពី​ស្រូវ​តាម​លទ្ធភាព។ កាល​ណា​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា ត្រូវ​ជូន​ប្រេង​មួយ​ហ៊ីន*ដែរ។+ ៦  ចំណែក​គ្រឿង​បូជា​សម្រាប់​ថ្ងៃ​ចូល​ខែ​ថ្មី មាន​គោ​ស្ទាវ​មួយ​ក្បាល កូន​ចៀម​ឈ្មោល​៦​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល។ សត្វ​ទាំង​នោះ​ត្រូវ​តែ​ជា​សត្វ​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង។+ ៧  ពេល​ជូន​គោ​ស្ទាវ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា ហើយ​ពេល​ជូន​ចៀម​ឈ្មោល ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា​ដែរ។ ប៉ុន្តែ ពេល​ជូន​កូន​ចៀម​ឈ្មោល គាត់​អាច​ជូន​គ្រឿង​បូជា​ពី​ស្រូវ​តាម​លទ្ធភាព។ កាល​ណា​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា ត្រូវ​ជូន​ប្រេង​មួយ​ហ៊ីន។ ៨  ​«​‹ពេល​មេ​ដឹក​នាំ​នោះ​ចូល​ទៅ គាត់​ត្រូវ​ចូល​កាត់​តាម​សាល​ខ្លោង​ទ្វារ ហើយ​ត្រូវ​ចេញ​មក​វិញ​កាត់​តាម​នោះ​ដែរ។+ ៩  ពេល​បណ្ដា​ជន​ក្នុង​ស្រុក​ចូល​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​ពេល​មាន​ពិធី​បុណ្យ+ អស់​អ្នក​ដែល​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ជើង+ ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង។+ ឯ​ពួក​អ្នក​ដែល​ចូល​តាម​ខ្លោង​ទ្វារ​ខាង​ត្បូង ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ខាង​ជើង។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​ខ្លួន​បាន​ចូល​នោះ​ទេ តែ​ត្រូវ​ចេញ​តាម​ខ្លោង​ទ្វារ​ដែល​នៅ​ទិស​ផ្ទុយ​គ្នា។ ១០  ចំណែក​មេ​ដឹក​នាំ​បណ្ដា​ជន​វិញ គាត់​ត្រូវ​ចូល​ពេល​ដែល​បណ្ដា​ជន​ចូល ហើយ​គាត់​ត្រូវ​ចេញ​ពេល​ដែល​ពួក​គេ​ចេញ​ដែរ។ ១១  ក្នុង​អំឡុង​ពេល​មាន​ពិធី​បុណ្យ​ផ្សេង​ៗ​* ពេល​ជូន​គោ​ស្ទាវ ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា ហើយ​ពេល​ជូន​ចៀម​ឈ្មោល ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា​ដែរ។ ប៉ុន្តែ ពេល​ជូន​កូន​ចៀម​ឈ្មោល គាត់​អាច​ជូន​គ្រឿង​បូជា​ពី​ស្រូវ​តាម​លទ្ធភាព។ កាល​ណា​ជូន​គ្រឿង​បូជា​ពី​ស្រូវ​មួយ​អេហ្វា ត្រូវ​ជូន​ប្រេង​មួយ​ហ៊ីន។+ ១២  ​«​‹ពេល​មេ​ដឹក​នាំ​ជូន​គ្រឿង​បូជា​ដុត+ឬ​គ្រឿង​បូជា​នៃ​មេត្រី​ភាព ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ​យេហូវ៉ា នោះ​ខ្លោង​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត នឹង​ត្រូវ​បើក​ឲ្យ​គាត់​ចូល ហើយ​គាត់​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព ដូច​ដែល​គាត់​ជូន​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ។+ ក្រោយ​ជូន​រួច គាត់​ក៏​ចេញ​មក​ក្រៅ ហើយ​ខ្លោង​ទ្វារ​នោះ​នឹង​ត្រូវ​បិទ​ជិត​វិញ។+ ១៣  ​«​‹រៀង​រាល់​ថ្ងៃ នា​ពេល​ព្រឹក​អ្នក​ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​ខ្ទង់​មួយ​ឆ្នាំ ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា។+ ១៤  រៀង​រាល់​ព្រឹក អ្នក​ក៏​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​១​ភាគ​៦​អេហ្វា​និង​ប្រេង​១​ភាគ​៣​ហ៊ីន​ដែរ។ អ្នក​ត្រូវ​យក​ប្រេង​នោះ​ចាក់​ច្រួច​លើ​ម្សៅ​ម៉ដ្ឋ ដែល​ជា​គ្រឿង​បូជា​ពី​ស្រូវ​ជូន​ដល់​ព្រះ​យេហូវ៉ា។ នេះ​ជា​ច្បាប់​ជា​រៀង​រហូត​ត​ទៅ។ ១៥  ពួក​គេ​ត្រូវ​ជូន​កូន​ចៀម​ឈ្មោល​ជា​គ្រឿង​បូជា​ដុត​ជា​រៀង​រាល់​ព្រឹក ព្រម​ជា​មួយ​នឹង​គ្រឿង​បូជា​ពី​ស្រូវ​និង​ប្រេង​ដែរ›។ ១៦  ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹បើ​មេ​ដឹក​នាំ​នោះ​ចែក​ដី​ធ្លី​ឲ្យ​កូន​ប្រុស​ៗ​គាត់ ដី​ធ្លី​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​និង​ជា​មត៌ក​របស់​ពួក​គេ។ ១៧  ប៉ុន្តែ បើ​មេ​ដឹក​នាំ​នោះ​ប្រគល់​ដី​ធ្លី​ដល់​អ្នក​បម្រើ​ណា​ម្នាក់​របស់​គាត់ ដី​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​អ្នក​បម្រើ​នោះ​រហូត​ដល់​ឆ្នាំ​នៃ​សេរី​ភាព។+ ក្រោយ​នោះ ត្រូវ​ប្រគល់​ដល់​មេ​ដឹក​នាំ​វិញ។ មាន​តែ​កូន​ប្រុស​ៗ​របស់​មេ​ដឹក​នាំ​នោះ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ដី​ធ្លី​ជា​មត៌ក​ជា​រៀង​រហូត។ ១៨  មេ​ដឹក​នាំ​នោះ​មិន​ត្រូវ​រឹប​អូស​យក​ដី​ធ្លី​របស់​បណ្ដា​ជន​ទេ។ ប៉ុន្តែ គាត់​ត្រូវ​ប្រគល់​ដី​ធ្លី​របស់​ខ្លួន​ផ្ទាល់ ឲ្យ​ដល់​កូន​ប្រុស​ៗ​របស់​គាត់​ទុក​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​រាស្ត្រ​ខ្ញុំ​បាត់​បង់​ដី​ធ្លី​មត៌ក​របស់​ខ្លួន​ឡើយ›​»។ ១៩  បន្ទាប់​មក គាត់​បាន​នាំ​ខ្ញុំ​ទៅ​តាម​ច្រក​ចូល+នៅ​ក្បែរ​ខ្លោង​ទ្វារ​ដែល​នាំ​ទៅ​បន្ទប់​បរិសុទ្ធ​សម្រាប់​ពួក​សង្ឃបរិភោគ​អាហារ (​បន្ទប់​ទាំង​នោះ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង​)+ ហើយ​នៅ​ទី​នោះ​ខ្ញុំ​បាន​ឃើញ​កន្លែង​មួយ​នៅ​ខាង​ក្រោយ​ប៉ែក​ខាង​លិច។ ២០  គាត់​និយាយ​មក​ខ្ញុំ​ថា​៖ ​«​នេះ​ជា​កន្លែង​ដែល​ពួក​សង្ឃ​នឹង​ស្ងោរ​សាច់​សត្វ​នៃ​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង និង​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ហើយ​នៅ​ទី​នោះ​ពួក​គេ​នឹង​ដុត​គ្រឿង​បូជា​ពី​ស្រូវ+ ដើម្បី​មិន​ចាំ​បាច់​យក​អ្វី​ចេញ​ទៅ​ទី​ធ្លា​ខាង​ក្រៅ ហើយ​នាំ​ភាព​បរិសុទ្ធ​ឆ្លង​ទៅ​ដល់​បណ្ដា​ជន​ឡើយ​»។+ ២១  គាត់​បាន​នាំ​ខ្ញុំ​ចេញ​ទៅ​ទី​ធ្លា​ខាង​ក្រៅ រួច​នាំ​ខ្ញុំ​ដើរ​កាត់​ជ្រុង​ទី​ធ្លា​ទាំង​បួន ហើយ​នៅ​ជ្រុង​នីមួយ​ៗ ខ្ញុំ​ឃើញ​បរិវេណ​ទទេ​មួយ។ ២២  បរិវេណ​នោះ​មាន​ទំហំ​តូច គឺ​មាន​បណ្ដោយ​ប្រវែង​៤០​ហត្ថ* និង​ទទឹង​៣០​ហត្ថ។ បរិវេណ​នៅ​ជ្រុង​ទាំង​បួន​នោះ មាន​ទំហំ​ប៉ុន​គ្នា។ ២៣  ក្នុង​បរិវេណ​នីមួយ​ៗ​មាន​ធ្នើរ​ជុំវិញ ហើយ​ក្រោម​នោះ​មាន​កន្លែង​ផ្សេង​ៗ​ដែល​គេ​សង់ ដើម្បី​ស្ងោរ​គ្រឿង​បូជា។ ២៤  បន្ទាប់​មក គាត់​និយាយ​មក​ខ្ញុំ​ថា​៖ ​«​នេះ​ជា​កន្លែង​ដែល​ពួក​អ្នក​បម្រើ​នៅ​វិហារ​ស្ងោរ​គ្រឿង​បូជា​របស់​បណ្ដា​ជន​»។+

កំណត់សម្គាល់

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​រដូវ​ដែល​មាន​ពិធី​បុណ្យ​»​
នេះ​សំដៅ​លើ​ប្រវែង​ហត្ថ​វែង។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤