អេសេគាល ៤៨:១-៣៥

  • ការ​បែង​ចែក​ទឹក​ដី (​១​-​២៩)

  • ខ្លោង​ទ្វារ​១២​នៃ​ក្រុង (​៣០​-​៣៥)

    • ក្រុង​នោះ​មាន​ឈ្មោះ​ថា​«​ព្រះ​យេហូវ៉ា​ស្ថិត​នៅទី​នោះ​»​ (​៣៥)

៤៨  ​«​ឈ្មោះ​កុល​សម្ព័ន្ធ​នីមួយ​ៗ និង​ទឹក​ដី​របស់​ពួក​គេ​ដែល​រាប់​ចាប់​ពី​ភាគ​ខាង​ជើង​មាន​ដូច​ត​ទៅ​៖ ទឹក​ដី​ចំណែក​របស់​ដាន់+ គឺ​ចាប់​ពី​ផ្លូវ​ទៅ​តំបន់​ហេតឡូន ទៅ​ដល់​លេបូហាម៉ាត*+ ឆ្ពោះ​ទៅ​តំបន់​ហាសាអេណាន តាម​បណ្ដោយព្រំ​ប្រទល់​តំបន់​ដាម៉ាស់​នៅ​ភាគ​ខាង​ជើង ក្បែរ​ក្រុង​ហាម៉ាត+ ហើយ​លាត​សន្ធឹង​ចាប់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ ២  ទឹក​ដី​ចំណែក​របស់​អេស៊ើរ+នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​ដាន់ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ៣  ទឹក​ដី​ចំណែក​របស់​ណែបថាលី+នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អេស៊ើរ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ៤  ទឹក​ដី​ចំណែក​របស់​ម៉ាណាសេ+នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​ណែបថាលី គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ៥  ទឹក​ដី​ចំណែក​របស់​អេប្រាអ៊ីម​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​ម៉ាណាសេ+ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ៦  ទឹក​ដី​ចំណែក​របស់​រូបេន​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អេប្រាអ៊ីម+ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ៧  ទឹក​ដី​ចំណែក​របស់​យូដា​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​រូបេន+ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ៨  នៅ​តាម​ព្រំ​ប្រទល់​ទឹក​ដី​របស់​យូដា ចាប់​ពី​ព្រំ​ប្រទល់​ភាគ​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ភាគ​ខាង​លិច អ្នក​រាល់​គ្នា​ត្រូវ​ញែក​ដី​ប្រវែង​២៥.០០០​ហត្ថ*ទុក​ជា​វិភាគទាន​ដល់​ព្រះ។+ ប្រវែង​ដី​នោះ​ស្មើ​នឹង​ប្រវែង​ដី​ចំណែក​របស់​កុល​សម្ព័ន្ធ​នីមួយ​ៗ​គិត​ចាប់​ពី​ព្រំ​ប្រទល់​ភាគ​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ភាគ​ខាង​លិច។ ទី​បរិសុទ្ធ​នឹង​ស្ថិត​នៅ​កណ្ដាល​ដី​នោះ។ ៩  ​«​ទឹក​ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​ជូន​ព្រះ​យេហូវ៉ា​ជា​វិភាគទាន ត្រូវ​មាន​បណ្ដោយ​២៥.០០០​ហត្ថ និង​ទទឹង​១០.០០០​ហត្ថ។ ១០  ដី​ដែល​ជា​វិភាគទាន​បរិសុទ្ធ​នេះ​ទុក​សម្រាប់​ពួក​សង្ឃ។+ ដី​នេះ​មាន​ប្រវែង​២៥.០០០​ហត្ថ​នៅ​ភាគ​ខាង​ជើង ហើយ​មាន​ប្រវែង​១០.០០០​ហត្ថ​នៅ​ភាគ​ខាង​លិច និង​ប្រវែង​១០.០០០​ហត្ថ​នៅ​ភាគ​ខាង​កើត ព្រម​ទាំង​មាន​ប្រវែង​២៥.០០០​ហត្ថ​នៅ​ភាគ​ខាង​ត្បូង។ ទី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នឹង​ស្ថិត​នៅ​កណ្ដាល​ដី​នោះ។ ១១  ដី​នោះ​សម្រាប់​ពួក​សង្ឃ​ជា​កូន​ចៅ​សេដុក​ដែល​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ+ ព្រោះ​ពួក​គេ​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​មិន​បាន​ថយ​ចេញ​ពី​ខ្ញុំ​ឡើយ កាល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​និង​ពួក​លេវី​បាន​ថយ​ចេញ។+ ១២  ពួក​គេ​នឹង​ទទួល​ដី​មួយ​ចំណែក​ពី​ផ្ទៃ​ដី​វិភាគទាន​ដែល​បាន​ត្រូវ​ញែក​ទុក​ជា​អ្វី​ដែល​បរិសុទ្ធ​បំផុត។ ដី​នោះ​នៅ​ជាប់​ដី​ចំណែក​របស់​ពួក​លេវី។ ១៣  ​«​ដី​របស់​ពួក​លេវីដែល​នៅ​ជាប់​ដី​របស់​ពួក​សង្ឃ ត្រូវ​មាន​បណ្ដោយ​២៥.០០០​ហត្ថ និង​ទទឹង​១០.០០០​ហត្ថ (​ប្រវែង​ផ្ទៃ​ដី​ទាំង​មូល​គឺ​បណ្ដោយ​២៥.០០០ និង​ទទឹង​១០.០០០​)។ ១៤  ពួក​គេ​មិន​ត្រូវ​លក់ ឬ​ដូរ ឬ​ផ្ទេរ​ដី​ចំណែក​ល្អ​បំផុត​នេះ​ជា​ដាច់​ខាត ព្រោះ​ដី​នេះ​ជា​អ្វី​ដែល​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា។ ១៥  ​«​ឯ​ដី​នៅ​សល់​ដែល​មាន​បណ្ដោយ​ប្រវែង​២៥.០០០​ហត្ថ និង​ទទឹង​ប្រវែង​៥.០០០​ហត្ថ ត្រូវ​ទុក​សម្រាប់​ប្រើ​ជា​ដី​ក្រុង+ គឺ​សម្រាប់​សង់​ផ្ទះ​និង​វាល​ស្មៅ។ ក្រុង​នោះ​នឹង​ស្ថិត​នៅ​កណ្ដាល​ផ្ទៃ​ដី​នោះ។+ ១៦  ផ្ទៃ​ដី​ក្រុង​មាន​ប្រវែង​បួន​ជ្រុង​ស្មើ គឺ​នៅ​ភាគ​ខាង​ជើង​ប្រវែង​៤.៥០០​ហត្ថ ភាគ​ខាង​ត្បូង​ប្រវែង​៤.៥០០​ហត្ថ ភាគ​ខាង​កើត​ប្រវែង​៤.៥០០​ហត្ថ និង​ភាគ​ខាង​លិច​ប្រវែង​៤.៥០០​ហត្ថ។ ១៧  ផ្ទៃ​ដី​វាល​ស្មៅ​ជុំវិញ​ក្រុង​មាន​ប្រវែង​២៥០​ហត្ថ​នៅ​ទិស​ខាង​ជើង ២៥០​ហត្ថ​នៅ​ទិស​ខាង​ត្បូង ២៥០​ហត្ថ​នៅ​ទិស​ខាង​កើត និង​២៥០​ហត្ថ​នៅ​ទិស​ខាង​លិច។ ១៨  ​«​ផ្ទៃ​ដី​សល់​ដែល​នៅ​សង​ខាង​ក្រុង នៅ​ភាគ​ខាង​លិច​មាន​ប្រវែង​១០.០០០​ហត្ថ និង​ភាគ​ខាង​កើត​១០.០០០​ហត្ថ ហើយ​ប្រវែង​ពី​លិច​ទៅ​កើត​ស្មើ​នឹង​ប្រវែង​ដី​វិភាគទាន​បរិសុទ្ធ។+ ដី​នោះ​នៅ​ជាប់​នឹង​ដី​វិភាគទាន​បរិសុទ្ធ​តែ​ម្ដង។ ភោគ​ផល​នៅ​លើ​ដី​នោះ នឹង​បាន​ជា​អាហារ​ដល់​ពួក​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ក្រុង។ ១៩  ពួក​គេ​មក​ពី​កុល​សម្ព័ន្ធ​នា​នា​នៃ​ជន​ជាតិ​អ៊ីស្រាអែល ហើយ​មាន​ភារកិច្ច​បម្រើ​នៅ​ក្រុង​នោះ។ ពួក​គេ​នឹង​ភ្ជួរ​រាស់​ដាំ​ដុះ​នៅ​លើ​ដី​នោះ។+ ២០  ​«​ផ្ទៃ​ដី​វិភាគទាន​ទាំង​មូល​មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយ​ៗ​មាន​ប្រវែង​២៥.០០០​ហត្ថ។ អ្នក​រាល់​គ្នា​ត្រូវ​ញែក​ដី​នោះ​ទុក​ជា​វិភាគទាន​បរិសុទ្ធ និង​ទុក​ជា​ដី​ក្រុង​ដែរ។ ២១  ​«​ឯ​ដី​សល់​ដែល​នៅ​សង​ខាង​ផ្ទៃ​ដី​វិភាគទាន​បរិសុទ្ធ​និង​ផ្ទៃ​ដី​ក្រុង នឹង​បាន​ទៅ​ជា​របស់​មេ​ដឹក​នាំ។+ ដី​នោះ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ដី​ដែល​មាន​ប្រវែង​២៥.០០០​ហត្ថ គឺ​ទាំង​ខាង​កើត​និង​ខាង​លិច​ផ្ទៃ​ដី​វិភាគទាន។ ប្រវែង​ដី​នោះ​ស្មើ​នឹង​ប្រវែង​ដី​ដែល​នៅ​ជាប់​ព្រំ​ប្រទល់​ខាង​ជើង​និង​ខាង​ត្បូង ហើយ​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ។ ផ្ទៃ​ដី​វិភាគទាន​បរិសុទ្ធ​និង​ផ្ទៃ​ដី​វិហារ​ស្ថិត​នៅ​កណ្ដាល​ដី​នោះ។ ២២  ​«​ដី​របស់​ពួក​លេវី​និង​ដី​ក្រុង នឹង​នៅ​ចន្លោះ​ដី​របស់​មេ​ដឹក​នាំ។ ទឹក​ដី​របស់​មេ​ដឹក​នាំ​នៅ​ជាប់​ព្រំ​ប្រទល់​ដី​របស់​យូដា+ដែល​នៅ​ខាង​ជើង និង​ជាប់​ព្រំ​ប្រទល់​ដី​របស់​បេនយ៉ាមីន​ដែល​នៅ​ខាង​ត្បូង។ ២៣  ​«​ឯ​ដី​នៅ​សល់​ដែល​ជា​ចំណែក​របស់​កុល​សម្ព័ន្ធ​ផ្សេង​ទៀត មាន​ដូច​ត​ទៅ​៖ ទឹក​ដី​ចំណែក​របស់​បេនយ៉ាមីន គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។+ ២៤  ទឹក​ដី​ចំណែក​របស់​ស៊ីម្មាន​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​បេនយ៉ាមីន+ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ២៥  ទឹក​ដី​ចំណែក​របស់​អ៊ីសាខារ+នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​ស៊ីម្មាន គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ២៦  ទឹក​ដី​ចំណែក​របស់​សេប៊ូឡូន​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​អ៊ីសាខារ+ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។+ ២៧  ទឹក​ដី​ចំណែក​របស់​កាដ​នៅ​ជាប់​ព្រំ​ប្រទល់​ទឹក​ដី​របស់​សេប៊ូឡូន+ គឺ​ចាប់​ពី​ព្រំ​ប្រទល់​ទិស​ខាង​កើត​ទៅ​ព្រំ​ប្រទល់​ទិស​ខាង​លិច។ ២៨  ព្រំ​ប្រទល់​នៅ​ភាគ​ខាង​ត្បូង​ក្បែរ​ទឹក​ដី​របស់​កាដ គឺ​ចាប់​ពី​ក្រុង​ថេម៉ា+រហូត​ទៅដល់​ផ្លូវ​ទឹក​នៅ​មេរីបាកាដេស+ ហើយ​ឆ្ពោះ​ទៅ​ជ្រលង​អេហ្ស៊ីប+ និង​ឆ្ពោះ​ទៅ​សមុទ្រ​ធំ។* ២៩  ​«​នោះ​ហើយ​ជា​ទឹក​ដី​ដែល​អ្នក​ត្រូវ​បែង​ចែក​ឲ្យ​ដល់​កុល​សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទុក​ជា​មត៌ក+ ហើយ​ដី​ធ្លី​ទាំង​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ពួក​គេ​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។ ៣០  ​«​ច្រក​ចេញ​ចូល​ក្រុង​នោះ​មាន​ដូច​ត​ទៅ​៖ នៅ​ព្រំ​ប្រទល់​ខាង​ជើង​នឹង​មាន​ប្រវែង​៤.៥០០​ហត្ថ។+ ៣១  ​«​ខ្លោង​ទ្វារ​នីមួយ​ៗ​នៃ​ក្រុង​នោះ នឹង​មាន​ឈ្មោះ​តាម​កុល​សម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។ នៅ​ទិស​ខាង​ជើង​មាន​ខ្លោង​ទ្វារ​បី គឺ​ខ្លោង​ទ្វារ​រូបេន ខ្លោង​ទ្វារ​យូដា និង​ខ្លោង​ទ្វារ​លេវី។ ៣២  ​«​នៅ​ព្រំ​ប្រទល់​ខាង​កើត នឹង​មាន​ប្រវែង​៤.៥០០​ហត្ថ ហើយ​មាន​ខ្លោង​ទ្វារ​បី គឺ​ខ្លោង​ទ្វារ​យ៉ូសែប ខ្លោង​ទ្វារ​បេនយ៉ាមីន និង​ខ្លោង​ទ្វារ​ដាន់។ ៣៣  ​«​នៅ​ព្រំ​ប្រទល់​ខាង​ត្បូង នឹង​មាន​ប្រវែង​៤.៥០០​ហត្ថ ហើយ​មាន​ខ្លោង​ទ្វារ​បី គឺ​ខ្លោង​ទ្វារ​ស៊ីម្មាន ខ្លោង​ទ្វារ​អ៊ីសាខារ និង​ខ្លោង​ទ្វារ​សេប៊ូឡូន។ ៣៤  ​«​នៅ​ព្រំ​ប្រទល់​ខាង​លិច នឹង​មាន​ប្រវែង​៤.៥០០​ហត្ថ ហើយ​មាន​ខ្លោង​ទ្វារ​បី គឺ​ខ្លោង​ទ្វារ​កាដ ខ្លោង​ទ្វារ​អេស៊ើរ និង​ខ្លោង​ទ្វារ​ណែបថាលី។ ៣៥  ​«​នៅ​ជុំវិញ​ក្រុង​នឹង​មាន​ប្រវែង​១៨.០០០​ហត្ថ។ ចាប់​ពី​ថ្ងៃ​នោះ​ទៅ គេ​នឹង​ហៅ​ក្រុង​នោះ​ថា​ព្រះ​យេហូវ៉ា​ស្ថិត​នៅ​ទី​នោះ​»។+

កំណត់សម្គាល់

ឬ​«​ច្រក​ចូល​ហាម៉ាត​»​
នេះ​សំដៅ​លើ​ប្រវែង​ហត្ថ​វែង។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
នេះ​សំដៅ​លើ​សមុទ្រ​មេឌីទែរ៉ានេ