អែសរ៉ា ១:១-១១

  • ស្ដេច​ស៊ីរូស​ចេញ​បង្គាប់​សង់​វិហារ​ឡើង​វិញ (​១​-​៤)

  • ការ​រៀបចំ​សម្រាប់​ការ​ត្រឡប់​មក​វិញ​របស់​ជន​និរទេស​ពី​ក្រុង​បាប៊ីឡូន (​៥​-​១១)

 នៅ​ឆ្នាំ​ទី​១​ក្នុង​រាជ្យ​ស៊ីរូស+ជា​ស្ដេច​ស្រុក​ពើស៊ី ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ចិត្ត​គាត់​ចេញ​សេចក្ដី​ប្រកាស​មួយ​នៅ​ទូ​ទាំង​រាជាណាចក្រ​របស់​គាត់។+ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ប្រសាសន៍​របស់​លោក​តាម​រយៈ​យេរេមា+បាន​ក្លាយ​ជា​ការ​ពិត។ ការ​ប្រកាស​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ២  ​«​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​ប្រគល់​រាជាណាចក្រ​ទាំង​ប៉ុន្មាន​នៅ​ផែនដី+ មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ហើយ​លោក​បាន​បង្គាប់​ខ្ញុំ​ឲ្យ​សង់​វិហារ​មួយ​ជូន​លោក នៅ​ក្រុង​យេរូសាឡិម*+ក្នុង​ស្រុក​យូដា។ ៣  ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ជា​រាស្ត្រ​របស់​លោក ចូរ​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​នៅ​ស្រុក​យូដា​វិញ​ចុះ ដើម្បី​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ ហើយ​សូម​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​ពួក​គេ។ លោក​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​និង​ជា​ព្រះ​ដ៏​ពិត ដែល​ធ្លាប់​មាន​វិហារ​នៅ​ក្រុង​យេរូសាឡិម។* ៤  ទោះ​ជា​ពួក​គេ​រស់​នៅ​ជា​ជន​បរទេស+នៅ​កន្លែង​ណា​ក៏​ដោយ សូម​ឲ្យ​អ្នក​ជិត​ខាង*របស់​ពួក​គេ​ជួយ​ជា​មាស​ប្រាក់ របស់​របរ​ផ្សេង​ៗ និង​សត្វ​នា​នា ព្រម​ទាំង​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​សម្រាប់​វិហារ​របស់​ព្រះ​ពិត+ ដែល​នៅ​ក្រុង​យេរូសាឡិម›​»។ ៥  រួច​មក ប្រមុខ​គ្រួសារ​ពី​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន ពួក​សង្ឃ​និង​ពួក​លេវី ពោល​គឺ​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​បាន​ជំរុញ​ចិត្ត បាន​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​សាង​សង់​វិហារ​របស់​លោក​ឡើង​វិញ។ ៦  ពួក​អ្នក​ជិត​ខាង​បាន​គាំទ្រ​ពួក​គេ​ដោយ​ឲ្យ​ប្រដាប់​ប្រដា​ធ្វើ​ពី​មាស​ប្រាក់ របស់​របរ​ផ្សេង​ៗ និង​សត្វ​នា​នា ព្រម​ទាំង​វត្ថុ​មាន​តម្លៃ និង​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត។ ៧  រីឯ​របស់​របរ​ដែល​នេប៊ូក្នេសា​បាន​ប្រមូល​ពី​វិហារ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម​យក​ទៅ​ដាក់​ក្នុង​វិហារ​ព្រះ​របស់​គាត់ នោះ​ស្ដេច​ស៊ីរូស​ក៏​ប្រគល់​ឲ្យ​មក​វិញ​ទាំង​អស់។+ ៨  ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​ឲ្យ​មីតរេដាត​ជា​មេ​ឃ្លាំង មើល​ការ​ខុស​ត្រូវ​លើ​ការ​បញ្ចេញ​របស់​របរ​ទាំង​នោះ។ មីតរេដាត​ក៏​បាន​ធ្វើ​បញ្ជី​រាយ​ឈ្មោះ​របស់​របរ​ទាំង​នោះ​ឲ្យ​ដល់​សេបាសសា*+ជា​មេ​ដឹក​នាំ​ទឹក​ដី​យូដា។ ៩  របស់​របរ​ទាំង​នោះ​រួម​មាន​៖ ល្អី​មាស​ចំនួន​៣០ ល្អី​ប្រាក់​ចំនួន​១.០០០ និង​ភាជនៈ​បម្រុង​ចំនួន​២៩ ១០  ចាន​គោម​តូច​មាស​ចំនួន​៣០ ចាន​គោម​តូច​ប្រាក់​ចំនួន​៤១០ និង​ប្រដាប់​ប្រដា​ឯ​ទៀត​ចំនួន​១.០០០។ ១១  សរុប​ទៅ​របស់​របរ​ទាំង​អស់​ដែល​ធ្វើ​ពី​មាស​និង​ប្រាក់​មាន​ចំនួន​៥.៤០០។ ពេល​បណ្ដា​ជន+ចេញ​ពី​ស្រុក​បាប៊ីឡូន​ទៅ​ក្រុង​យេរូសាឡិម​វិញ សេបាសសា​បាន​នាំ​យក​របស់​របរ​ទាំង​នោះ​ទៅ​ជា​មួយ​ដែរ។

កំណត់សម្គាល់

សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដែល​ស្ថិត​នៅ​ក្រុង​យេរូសាឡិម​»​
ន័យ​ត្រង់​«​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ពួក​គេ​»​
ប្រហែល​ជា​សំដៅ​លើ​សេរ៉ូបាបិល​នៅ​អែស ២:២; ៣:៨