អែសរ៉ា ៤:១-២៤

  • ការ​ប្រឆាំង​ចំពោះ​ការ​សង់​វិហារ​ឡើង​វិញ (​១​-​៦)

  • ពួក​សត្រូវ​ផ្ញើ​សារ​ប្រាប់​ស្ដេច​អើថាស៊ើកសេស (​៧​-​១៦)

  • ការ​តប​ឆ្លើយ​ពី​អើថាស៊ើកសេស (​១៧​-​២២)

  • ការ​សង់​វិហារ​បាន​ត្រូវ​បង្អាក់ (​២៣, ២៤)

 លុះ​ក្រោយ​មក ពួក​សត្រូវ​របស់​ពួក​យូដា​និង​ពួក​បេនយ៉ាមីន+ បាន​ឮ​ថា​ពួក​អ្នក​ដែល​ជា​ឈ្លើយ​បាន​ត្រឡប់​មក​វិញ+ ហើយ​កំពុង​សាង​សង់​វិហារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ២  ភ្លាម​នោះ ពួក​គេ​ក៏​ទៅ​ជួប​សេរ៉ូបាបិល​និង​ប្រមុខ​គ្រួសារ ហើយ​និយាយ​ថា​៖ ​«​សូម​ឲ្យ​យើង​ចូល​រួម​សាង​សង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ព្រោះ​ពួក​យើង​ក៏​គោរព​ប្រណិប័តន៍​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ+ ហើយ​យើង​បាន​ជូន​គ្រឿង​បូជា​ដល់​លោក តាំង​ពី​គ្រា​ដែល​អេសាហាដិន+ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​នាំ​យើង​មក​នៅ​ទី​នេះ​»។+ ៣  ប៉ុន្តែ សេរ៉ូបាបិល និង​យេសួរ ព្រម​ទាំង​ប្រមុខ​គ្រួសារ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​និយាយ​ទៅ​កាន់​ពួក​គេ​វិញ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​អាច​ចូល​រួម​សង់​វិហារ​នេះ​ជា​មួយ​នឹង​ពួក​យើង​ទេ+ មាន​តែ​ពួក​យើង​ប៉ុណ្ណោះ​ដែល​ត្រូវ​សង់​វិហារ​ជូន​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដូច​ស៊ីរូស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​ចេញ​បង្គាប់​»។+ ៤  រួច​មក ពួក​អ្នក​ស្រុក​នោះ​ចេះ​តែ​នាំ​គ្នា​បំភ័យ​បណ្ដា​ជន​យូដា​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ឈប់​សាង​សង់​ទៀត។+ ៥  ពួក​អ្នក​ស្រុក​បាន​ឲ្យ​ប្រាក់​ដល់ពួក​អាជ្ញាធរ ដើម្បី​ឲ្យ​ពួក​គេ​ទៅ​រា​រាំង​ការ​សាង​សង់​របស់​ពួក​យូដា។+ ពួក​គេ​បាន​ប្រឆាំង តាំង​ពី​រាជ្យ​ស៊ីរូស រហូត​ដល់​រាជ្យ​ដារីយុស+ស្ដេច​ស្រុក​ពើស៊ី។ ៦  នៅ​ដើម​រាជ្យ​ស្ដេច​អាហាស៊ូរុស ពួក​អ្នក​ស្រុក​ទាំង​នោះ​បាន​សរសេរ​សំបុត្រ​ចោទ​ប្រកាន់​អ្នក​ក្រុង​យេរូសាឡិម​និង​អ្នក​ស្រុក​យូដា។ ៧  នៅ​គ្រា​អើថាស៊ើកសេស​ជា​ស្ដេច​ស្រុក​ពើស៊ី​បាន​គ្រប់​គ្រង ប៊ីស្លាម មីតរេដាត តាបបៀល និង​គ្នី​គ្នា​របស់​ពួក​គេ បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ស្ដេច​អើថាស៊ើកសេស។ ពួក​គេ​បាន​បក​ប្រែ​សំបុត្រ​នោះ​ទៅ​ជា​ភាសា​អេរ៉ាម+ ដោយ​ប្រើ​តួ​អក្សរ​អេរ៉ាម។* ៨  *រេហម​ជា​មេ​មន្ត្រី​រាជការ និង​ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​ស្ដេច​អើថាស៊ើកសេស ក្នុង​បំណង​ប្រឆាំង​នឹង​អ្នក​ក្រុង​យេរូសាឡិម។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ខាង​ក្រោម។ ៩  (​សំបុត្រ​នេះ​មក​ពី រេហម​ជា​មេ​មន្ត្រី​រាជការ ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ និង​គ្នី​គ្នា​របស់​ពួក​គេ ពោល​គឺ​អ្នក​សម្រេច​ក្ដី និង​អភិបាលរង លេខាធិការ និង​ពួក​អ្នក​ក្រុង​អេរេក+ ព្រម​ទាំង​ពួក​បាប៊ីឡូន អ្នក​ក្រុង​ស៊ូសា+គឺ​ពួក​អេឡាំ+ ១០  ថែម​ទាំង​ប្រជា​ជាតិ​ឯ​ទៀត​ដែល​ស្ដេច​អាសិនណាបផា​ដ៏​ឧត្តុង្គឧត្តម បាន​ចាប់​ធ្វើ​ជា​ឈ្លើយ​និង​ឲ្យ​រស់​នៅ​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី+ និង​អស់​អ្នក​ដែល​រស់​នៅ​តំបន់​ខាង​នាយ​ទន្លេ។ ១១  នេះ​ជា​សំបុត្រ​ដែល​ពួក​គេ​បាន​ផ្ញើ​ទៅ​ស្ដេច​អើថាស៊ើកសេស​)។ ​«​សូម​គោរព​ជូន​ស្ដេច​អើថាស៊ើកសេស ពី​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក ដែល​រស់​នៅ​តំបន់​ខាង​នាយ​ទន្លេ។ ១២  យើង​ខ្ញុំ​សូម​ជម្រាប​លោក​ថា ជន​ជាតិ​យូដា​ដែល​បាន​ចាក​ចេញ​ពី​ទឹក​ដី​លោក ហើយ​ធ្វើ​ដំណើរ​មក​ឯ​តំបន់​យើង​ខ្ញុំ​នោះ ពួក​គេ​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ហើយ។ ពួក​គេ​កំពុង​សាង​សង់​ក្រុង​របស់​ពួក​គេ​ឡើង​វិញ។ អ្នក​ក្រុង​នោះ​គឺ​ជា​មនុស្ស​ទុច្ចរិត​និង​ពូកែ​បះ​បោរ​ប្រឆាំង។ ឥឡូវ​ពួក​គេ​កំពុង​សង់​កំពែង​ក្រុង+ ព្រម​ទាំង​កំពុង​ដាក់​គ្រឹះ​ឡើង​វិញ។ ១៣  សូម​ស្ដេច​ជ្រាប​ថា បើ​ក្រុង​នេះ​បាន​ត្រូវ​សង់​ឡើង​វិញ ហើយ​កំពែង​បាន​សង់​រួច​រាល់​ហើយ ពួក​គេ​នឹង​មិន​បង់​សួយ​អាករ+និង​ពន្ធ​ផ្លូវ​ជូន​លោក​ទៀត​ឡើយ។ បើ​ដូច្នោះ​មែន នឹង​ខាត​បង់​ប្រាក់​ចំណូល​ចូល​ឃ្លាំង​ទ្រព្យ​របស់​ស្ដេច​ហើយ។ ១៤  ដោយ​សារ​យើង​ខ្ញុំ​បាន​ទទួល​ប្រាក់​ខែ​ពី​វាំង* នោះ​គឺ​មិន​សម​ត្រឹម​ត្រូវ​ឡើយ បើ​យើង​ខ្ញុំ​ឃើញ​ស្ដេច​ខាត​បង់​ប្រយោជន៍ ហើយ​បែរ​ជា​មិន​អើពើ​ទៅ​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​បាន​ផ្ញើ​សារ​នេះ​មក​ជម្រាប​ស្ដេច​ឲ្យ​ជ្រាប​អំពី​រឿង​នេះ។ ១៥  លោក​ម្ចាស់​អាច​ឲ្យ​គេ​ស្រាវ​ជ្រាវ​សៀវភៅ​កំណត់​ហេតុ​របស់​បុព្វ​បុរស​លោក+ នោះ​លោក​នឹង​ឃើញ​ថា​តាំង​ពី​សម័យ​បុរាណ ក្រុង​នេះ​បាន​បះ​បោរ​ប្រឆាំង​នឹង​បណ្ដា​ស្ដេច ហើយ​នាំ​ឲ្យ​ស្ដេច​ទាំង​នោះ​និង​អាណាខេត្ត​ត្រូវ​អន្តរាយ ថែម​ទាំង​បំបះ​បំបោរ​បណ្ដា​ជន​ឲ្យ​ប្រឆាំង​ទៀត​ផង។ ម្ល៉ោះ​ហើយ​បាន​ជា​ក្រុង​នេះ​បាន​ត្រូវ​បំផ្លាញ​ចោល។+ ១៦  សូម​ស្ដេច​ជ្រាប​ថា បើ​ក្រុង​នេះ​បាន​ត្រូវ​សង់​ឡើង​វិញ ហើយ​កំពែង​បាន​សង់​រួច​រាល់​ហើយ​នោះ លោក​នឹង​មិន​អាច​កាន់​កាប់​នៅ​តំបន់​ខាង​នាយ​ទន្លេ​ទៀត​ទេ​»។+ ១៧  ស្ដេច​ក៏​បាន​ផ្ញើ​សារ​ទៅ​ពួក​គេ​វិញ គឺ​ដល់​រេហម​ជា​មេ​មន្ត្រី​រាជការ និង​ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ ព្រម​ទាំង​គ្នី​គ្នា​របស់​ពួក​គេ ដែល​រស់​នៅ​ក្រុង​សាម៉ារី​និង​តំបន់​ខាង​នាយ​ទន្លេ។ សំបុត្រ​នោះ​មាន​សេចក្ដី​ថា​៖ ​«​ជូន​ចំពោះ​អស់​លោក ១៨  សំបុត្រ​ដែល​អស់​លោក​បាន​ផ្ញើ​មក​ខ្ញុំ​នោះ គេ​បាន​អាន​ឲ្យ​ខ្ញុំ​ស្ដាប់​ហើយ។ ១៩  ខ្ញុំ​បាន​បង្គាប់​ឲ្យ​គេ​ស្រាវ​ជ្រាវ ហើយ​បាន​រក​ឃើញ​ថា តាំង​ពី​សម័យ​បុរាណ ក្រុង​នេះ​បាន​បង្ក​ចលាចល ហើយ​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​បណ្ដា​ស្ដេច​ពិត​មែន។+ ២០  មាន​បណ្ដា​ស្ដេច​ដ៏​ខ្លាំង​ក្លា​បាន​គ្រប់​គ្រង​លើ​ក្រុង​យេរូសាឡិម និង​តំបន់​ខាង​នាយ​ទន្លេ​ទាំង​មូល។ ស្ដេច​ទាំង​នោះ​ក៏​បាន​ទទួល​សួយ​អាករ​និង​ពន្ធ​ផ្លូវ​ពី​តំបន់​ទាំង​នោះ​ដែរ។ ២១  ឥឡូវ ចូរ​អស់​លោក​ចេញ​បញ្ជា​ឲ្យ​ពួក​គេ​បញ្ឈប់​កិច្ចការ​សាង​សង់​នោះ​ទៅ កុំ​ឲ្យ​ពួក​គេ​សាង​សង់​ក្រុង​នោះ​ឡើង​វិញ​ឡើយ លុះ​ត្រា​តែ​ខ្ញុំ​ចេញ​បង្គាប់។ ២២  ចូរ​កុំ​ធ្វេស​ប្រហែស​នឹង​កិច្ចការ​នេះ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ស្ដេច​ខាត​បង់​ប្រយោជន៍​ត​ទៅ​ទៀត​»។+ ២៣  ក្រោយ​ពី​ទទួល​សំបុត្រ​ពី​ស្ដេច​អើថាស៊ើកសេស គេ​ក៏​អាន​ឲ្យ​រេហម​ស្ដាប់ ព្រម​ទាំង​ស៊ីមសាយ​ជា​អ្នក​កត់​ត្រា​ច្បាប់ និង​គ្នី​គ្នា​របស់​ពួក​គេ។ លុះ​ស្ដាប់​រួច ពួក​គេ​ម្នីម្នា​ទៅ​ក្រុង​យេរូសាឡិម ហើយ​ប្រើ​កម្លាំង​បង្ខំ​ជន​ជាតិ​យូដា​ឲ្យ​ឈប់​សាង​សង់។ ២៤  នៅ​ពេល​នោះ ពួក​យូដា​ឈប់​សង់​វិហារ​ព្រះ​ដែល​នៅ​ក្រុង​យេរូសាឡិម​ទៀត។ កិច្ចការ​សាង​សង់​នេះ​ក៏​ត្រូវ​ផ្អាក រហូត​ដល់​ឆ្នាំ​ទី​២​នៃ​រាជ្យ​ដារីយុស​ជា​ស្ដេច​ស្រុក​ពើស៊ី។+

កំណត់សម្គាល់

ប្រហែល​ជា​មាន​ន័យ​ថា​«​បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម រួច​បក​ប្រែ​»​
អែស ៤:៨ ដល់​៦:១៨ ដំបូង​បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម
ន័យ​ត្រង់​«​បរិភោគ​អំបិល​ពី​វាំង​»​