អែសរ៉ា ៥:១-១៧

  • ពួក​យូដា​បន្ត​សាង​សង់​វិហារ​ឡើង​វិញ (​១​-​៥)

  • សំបុត្រ​របស់​ថាថិនណាយ​ទៅ​កាន់​ស្ដេច​ដារីយុស (​៦​-​១៧)

 ក្រោយ​មក អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​ហាកាយ+ និង​អ្នក​ប្រកាស​ទំនាយ​ឈ្មោះ​សាការី+ជា​ចៅ​អ៊ីតដូ+ បាន​នាំ​ពាក្យ​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល* ទៅ​ប្រាប់​ពួក​យូដា​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា។ ២  ដូច្នេះ សេរ៉ូបាបិល+ជា​កូន​សាលធាល និង​យេសួរ+ជា​កូន​យេហូសាដាក បាន​ចាប់​ផ្ដើម​សង់​វិហារ​របស់​ព្រះ​ឡើង​វិញ+នៅ​ក្រុង​យេរូសាឡិម។ ពួក​គេ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ។+ ៣  នៅ​ពេល​នោះ ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ* និង​សេថាបូសណាយ ព្រម​ទាំង​គ្នី​គ្នា បាន​ទៅ​ជួប​ពួក​គេ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​សាង​សង់​វិហារ​នេះ និង​សង់​កំពែង​ឡើង​វិញ?​»។ ៤  បន្ទាប់​មក ពួក​គេ​សួរ​ថា​៖ ​«​តើ​ពួក​អ្នក​សាង​សង់​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ?​»។ ៥  លុះ​សួរ​ហើយ ពួក​អ្នក​ទាំង​នោះ​បាន​សរសេរ​សំបុត្រ​រាយ​ការណ៍​ដល់​ស្ដេច​ដារីយុស។ ក្នុង​អំឡុង​ពេល​ពួក​គេ​រង់​ចាំ​ចម្លើយ​ពី​ស្ដេច ពួក​គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​របស់​ពួក​យូដា​ទេ ព្រោះ​ព្រះ​បាន​មើល​ថែ​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​ដែល​ដឹក​នាំ​ការ​សាង​សង់​នោះ។+ ៦  នេះ​ជា​សំបុត្រ​ដែល​ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ និង​ពួក​អភិបាលរង​នៅ​តំបន់​នោះ ព្រម​ទាំង​សេថាបូសណាយ​និង​គ្នី​គ្នា បាន​ផ្ញើ​ទៅ​ស្ដេច​ដារីយុស។ ៧  ពួក​គេ​បាន​សរសេរ​រាយ​ការណ៍​ថា​៖ ​«​សូម​គោរព​ជូន​ស្ដេច​ដារីយុស ​«​សូម​ឲ្យ​ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន! ៨  សូម​ស្ដេច​ជា​ម្ចាស់​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ខេត្ត​យូដា ហើយ​ឃើញ​ថា​ពួក​យូដា​កំពុង​សាង​សង់​វិហារ​របស់​ព្រះ​ដ៏​ឧត្តុង្គឧត្តម។ ពួក​គេ​ប្រើ​ថ្ម​ធំ​ៗ​ដើម្បី​សង់ ហើយ​យក​ឈើ​មក​ស៊ក​ក្នុង​ជញ្ជាំង​ធ្វើ​ជា​ធ្នឹម។ ពួក​គេ​បាន​ធ្វើ​ការ​សាង​សង់​នោះ​យ៉ាង​ស្វាហាប់ ហើយ​ជឿន​ទៅ​មុខ​យ៉ាង​លឿន។ ៩  រួច​យើង​ខ្ញុំ​បាន​សួរ​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​ថា​៖ ‹តើ​អ្នក​ណា​បាន​ចេញ​បញ្ជា​ឲ្យ​អ្នក​រាល់​គ្នា​សាង​សង់​វិហារ និង​សង់​កំពែង​នេះ​ឡើង​វិញ?›។+ ១០  យើង​ខ្ញុំ​ក៏​សួរ​ឈ្មោះ​ពួក​គេ ដើម្បី​យើង​ខ្ញុំ​អាច​រាយ​ការណ៍​ប្រាប់​លោក​ថា​ពួក​អ្នក​ដឹក​នាំ​ក្នុង​ការ​សាង​សង់​នោះ​ជា​អ្នក​ណា​ខ្លះ។ ១១  ​«​ពួក​គេ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ថា​៖ ‹ពួក​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​ស្ថាន​សួគ៌*និង​ផែនដី ពួក​ខ្ញុំ​កំពុង​សាង​សង់​វិហារ​ដែល​ធ្លាប់​មាន​នៅ​សម័យ​មុន ជា​វិហារ​ដែល​ស្ដេច​ដ៏​ឧត្ដម​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​សង់​ពី​មុន។+ ១២  ប៉ុន្តែ បុព្វបុរស​របស់​ពួក​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ​នៃ​ស្ថាន​សួគ៌​មាន​សេចក្ដី​ក្រោធ+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នេប៊ូក្នេសា+ជា​ស្ដេច​ស្រុក​បាប៊ីឡូន។ រួច​ពួក​ខាល់ដេ​ក៏​បាន​បំផ្លាញ​វិហារ​នេះ+ ហើយ​ចាប់​បណ្ដា​ជន​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន។+ ១៣  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ស៊ីរូស​ជា​ស្ដេច​ស្រុក​បាប៊ីឡូន គាត់​បាន​ចេញ​បញ្ជា​ឲ្យ​ពួក​ខ្ញុំ​សង់​វិហារ​របស់​ព្រះ​ឡើង​វិញ។+ ១៤  កាល​ពី​មុន នេប៊ូក្នេសា​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ដែល​ធ្វើ​ពី​មាស​និង​ប្រាក់​ពី​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម ទៅ​ដាក់​ក្នុង​វិហារ​នៅ​ស្រុក​បាប៊ីឡូន។+ ក្រោយ​មក ស្ដេច​ស៊ីរូស​បាន​ប្រគល់​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ឲ្យ​អភិបាល​ម្នាក់​ដែល​គាត់​បាន​តែង​តាំង+ឈ្មោះ​សេបាសសា។*+ ១៥  ស្ដេច​ស៊ីរូស​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​វិញ​ចុះ សម្រាប់​ទុក​ដាក់​ក្នុង​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម ហើយ​សង់​វិហារ​នោះ​ឡើង​វិញ​នៅ​លើ​ទី​តាំង​ដដែល​»។+ ១៦  បន្ទាប់​មក សេបាសសា​បាន​មក​ក្រុង​យេរូសាឡិម ហើយ​ចាប់​ផ្ដើម​ដាក់​គ្រឹះ​វិហារ​របស់​ព្រះ។+ ប៉ុន្តែ តាំង​ពី​ពេល​នោះ​មក​កិច្ចការ​សាង​សង់​មិន​ទាន់​បាន​រួច​រាល់​ទេ›។+ ១៧  ​«​បើ​ស្ដេច​ជា​ម្ចាស់​យល់​ថា​ល្អ សូម​លោក​ឲ្យ​គេ​ស្រាវ​ជ្រាវ​កំណត់​ហេតុ​ក្នុង​ឃ្លាំង​ស្ដេច​នៅ​ស្រុក​បាប៊ីឡូន ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ថា​ស្ដេច​ស៊ីរូស​បាន​ចេញ​បញ្ជា​ឲ្យ​សង់​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម​ឡើង​វិញ+មែន​ឬ​មិន​មែន។ បន្ទាប់​មក សូម​ស្ដេច​មេត្តា​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​វិញ​ផង​»។

កំណត់សម្គាល់

ន័យ​ត្រង់​«​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ជា​ព្រះ​ដែល​ដឹក​នាំ​ពួក​គេ​»​
ឬ​«​តំបន់​ដែល​កាត់​ទន្លេ​អឺប្រាត​»​
ឬ​«​មេឃ​»​
ប្រហែល​ជា​សំដៅ​លើ​សេរ៉ូបាបិល​នៅ​អែស ២:២; ៣:៨