អែសរ៉ា ៦:១-២២

  • ដារីយុស​ឲ្យ​គេ​អង្កេត​ស្រាវ​ជ្រាវ​និង​ចេញ​ច្បាប់ (​១​-​១២)

  • វិហារ​បាន​ត្រូវ​សង់​ចប់​សព្វ​គ្រប់ និង​បាន​ត្រូវ​សម្ពោធ (​១៣​-​១៨)

  • ការ​ធ្វើ​ពិធី​បុណ្យ​រំលង (​១៩​-​២២)

 ក្រោយ​មក ស្ដេច​ដារីយុស​បាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ឯកសារ​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ស្ដេច​នៅ​ស្រុក​បាប៊ីឡូន។ ២  គេ​ក៏​បាន​រក​ឃើញ​រមូរ​មួយ​ក្នុង​ប្រាសាទ នា​ក្រុង​អេកបាថាណា នៅ​ខេត្ត​មេឌី។ រមូរ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ៣  ​«​នៅ​ឆ្នាំ​ទី​១​នៃ​រាជ្យ​ស៊ីរូស ស្ដេច​ស៊ីរូស​បាន​ចេញ​បញ្ជា​ស្ដី​អំពី​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម​ថា​៖+ ‹ចូរ​សង់​វិហារ​ព្រះ​ឡើង​វិញ ជា​កន្លែង​ដែល​គេ​ជូន​គ្រឿង​បូជា។ ចូរ​ពង្រឹង​គ្រឹះ​វិហារ​ឲ្យ​មាំ ហើយ​វិហារ​នោះ​ត្រូវ​មាន​កម្ពស់​៦០​ហត្ថ* និង​ទទឹង​៦០​ហត្ថ+ ៤  ហើយ​ត្រូវ​រៀប​ថ្ម​ធំ​ៗ​បី​ជាន់​និង​ឈើ​ធ្នឹម​មួយ​ជាន់។+ រីឯ​ការ​ចំណាយ​ទាំង​អស់ ត្រូវ​បើក​ពី​ឃ្លាំង​ទ្រព្យ​ស្ដេច។+ ៥  ចំណែក​ប្រដាប់​ប្រដា​ធ្វើ​ពី​មាស​ពី​ប្រាក់​ដែល​នេប៊ូក្នេសា​បាន​ប្រមូល​ពី​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម​មក​បាប៊ីឡូន​នោះ+ ចូរ​ឲ្យ​គេ​នាំ​យក​ទៅ​ដាក់​ក្នុង​វិហារ​ព្រះ​នៅ​ក្រុង​យេរូសាឡិម​វិញ›។+ ៦  ​«​ដូច្នេះ ឱ​ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ* និង​ពួក​អភិបាលរង​នៅ​តំបន់​នោះ ព្រម​ទាំង​សេថាបូសណាយ​និង​គ្នី​គ្នា​អើយ!+ ចូរ​អស់​លោក​កុំ​ជ្រៀត​ជ្រែក​នឹង​រឿង​នេះ​ឡើយ។ ៧  ចូរ​កុំ​រា​រាំង​កិច្ចការ​សាង​សង់​វិហារ​នោះ ទុក​ឲ្យ​អភិបាល​ស្រុក​យូដា​និង​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​សង់​វិហារ​ព្រះ​នៅ​ទី​តាំង​ដដែល​វិញ​ទៅ។ ៨  បន្ថែម​ទៅ​ទៀត ខ្ញុំ​បង្គាប់​អស់​លោក​ឲ្យ​ជួយ​ពួក​គេ​ក្នុង​ការ​សាង​សង់​វិហារ​របស់​ព្រះ ដោយ​បើក​ប្រាក់​ពី​ឃ្លាំង​ទ្រព្យ​ស្ដេច+ ជា​ប្រាក់​ពន្ធ​ដែល​ប្រមូល​បាន​ពី​តំបន់​ខាង​នាយ​ទន្លេ យក​ទៅ​ជួយ​ពួក​គេ​ភ្លាម​ៗ​សម្រាប់​បង់​រាល់​ការ​ចំណាយ​ទាំង​អស់ កុំ​ឲ្យ​មាន​ការ​អាក់​ខាន​អ្វី​ឡើយ។+ ៩  សូម​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូសាឡិម​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ គឺ​គោ​ស្ទាវ+ ចៀម​ឈ្មោល+ និង​កូន​ចៀម+ សម្រាប់​ជា​គ្រឿង​បូជា​ដុត​ជូន​ព្រះ​នៃ​ស្ថាន​សួគ៌ ព្រម​ទាំង​ផ្គត់​ផ្គង់​ស្រូវ​សាលី+ អំបិល+ ស្រា​ទំពាំង​បាយ​ជូរ+ និង​ប្រេង+ តាម​សំណូម​ពរ​របស់​ពួក​គេ​កុំ​ឲ្យ​អាក់​ខាន​ឡើយ។ ១០  យ៉ាង​នេះ ពួក​គេ​អាច​ជូន​គ្រឿង​បូជា​ជា​ទៀង​ទាត់​ដល់​ព្រះ​នៃ​ស្ថាន​សួគ៌ ដើម្បី​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​ដើម្បី​ពួក​គេ​អាច​អធិដ្ឋាន​ឲ្យ​ស្ដេច​និង​កូន​ចៅ​ស្ដេច​មាន​សេចក្ដី​សុខ​ចម្រើន។+ ១១  ខ្ញុំ​ក៏​ចេញ​បង្គាប់​ដែរ​ថា​បើ​អ្នក​ណា​ម្នាក់​មិន​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​ទេ ចូរ​ដក​ឈើ​ពី​ផ្ទះ​អ្នក​នោះ​យក​មក​បញ្ឈរ រួច​ព្យួរ​អ្នក​នោះ​នៅ​លើ​ឈើ​នោះ​ទៅ។ រីឯ​ផ្ទះ​របស់​គាត់​ត្រូវ​យក​ទៅ​ធ្វើ​ជា​កន្លែង​បន្ទោរ​បង់*វិញ។ ១២  សូម​ឲ្យ​ព្រះ​ដែល​តាំង​នាម​លោក​នៅ​ទី​នោះ+ ទម្លាក់​ស្ដេច​ណា​ឬ​កាត់​ទោស​បណ្ដា​ជន​ណា​ដែល​បំពាន​លើ​សេចក្ដី​បង្គាប់​នេះ និង​ដែល​ប៉ុន​ប៉ង​បំផ្លាញ​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម។ ខ្ញុំ​ដារីយុស​ជា​អ្នក​ចេញ​បញ្ជា​នេះ ចូរ​ធ្វើ​តាម​បញ្ជា​នេះ​ជា​ដាច់​ខាត​»។ ១៣  បន្ទាប់​មក ថាថិនណាយ​ជា​អភិបាល​នៃ​តំបន់​ខាង​នាយ​ទន្លេ ព្រម​ទាំង​សេថាបូសណាយ+និង​គ្នី​គ្នា ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​ស្ដេច​ដារីយុស​គ្រប់​ជំពូក​ដោយ​មិន​បង្អែ​បង្អង់។ ១៤  ដូច្នេះ ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​បាន​បន្ត​សាង​សង់​វិហារ ហើយ​កិច្ចការ​នោះ​បាន​ជឿន​ទៅ​មុខ​យ៉ាង​លឿន+ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ហាកាយ+ជា​អ្នក​ប្រកាស​ទំនាយ និង​សាការី+ជា​ចៅ​អ៊ីតដូ។ យ៉ាង​នេះ ពួក​គេ​បាន​បង្ហើយ​កិច្ចការ​សាង​សង់​វិហារ​ចប់​សព្វ​គ្រប់ តាម​បង្គាប់​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល+ និង​បង្គាប់​របស់​ស្ដេច​ស៊ីរូស+ ស្ដេច​ដារីយុស+ និង​ស្ដេច​អើថាស៊ើកសេស*+នៃ​ស្រុក​ពើស៊ី។ ១៥  នៅ​ថ្ងៃ​ទី​៣ ខែ​អេដា* ឆ្នាំ​ទី​៦​នៃ​រាជ្យ​ដារីយុស ពួក​គេ​បាន​សង់​វិហារ​ព្រះ​រួច​រាល់។ ១៦  បន្ទាប់​មក ពួក​អ៊ីស្រាអែល ពួក​សង្ឃ និង​ពួក​លេវី+ ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ បាន​ធ្វើ​ពិធី​សម្ពោធន៍​វិហារ​របស់​ព្រះ​ដោយ​សប្បាយ​រីក​រាយ។ ១៧  ក្នុង​ពិធី​សម្ពោធន៍​នោះ ពួក​គេ​បាន​ជូន​គោ​ឈ្មោល​ចំនួន​១០០​ក្បាល ចៀម​ឈ្មោល​ចំនួន​២០០​ក្បាល និង​កូន​ចៀម​ចំនួន​៤០០​ក្បាល។ ពួក​គេ​ក៏​បាន​ជូន​ពពែ​ឈ្មោល​ចំនួន​១២​ក្បាល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ស្រប​តាម​ចំនួន​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ១៨  ពួក​គេ​តែង​តាំង​ពួក​សង្ឃ​តាម​ក្រុម និង​ពួក​លេវី​តាម​ក្រុម ដើម្បី​បំពេញ​កិច្ច​បម្រើ​ជូន​ព្រះ​នៅ​ក្រុង​យេរូសាឡិម+ ស្រប​តាម​ការ​ណែនាំ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ម៉ូសេ។+ ១៩  នៅ​ថ្ងៃ​ទី​១៤ ខែ​ទី​១ បណ្ដា​ជន​ដែល​ធ្លាប់​ធ្វើ​ជា​ឈ្លើយ បាន​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង។+ ២០  ពួក​សង្ឃ​និង​ពួក​លេវី​ទាំង​អស់​បាន​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ+ ហើយ​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​នៅ​ពិធី​បុណ្យ​រំលង​សម្រាប់​បណ្ដា​ជន​ទាំង​អស់​ដែល​ធ្លាប់​ធ្វើ​ជា​ឈ្លើយ សម្រាប់​ពួក​សង្ឃ​ឯ​ទៀត និង​សម្រាប់​ខ្លួន​គេ​ផ្ទាល់។ ២១  រួច​មក ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ​សឹក បាន​បរិភោគ​អាហារ​បុណ្យ​រំលង​ជា​មួយ​នឹង​អស់​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​ពិធីនោះ គឺ​ពួក​អ្នក​ដែល​បាន​បោះ​បង់​ចោល​ការ​ប្រព្រឹត្ត​ដ៏​ស្មោក​គ្រោក​របស់​ជន​ជាតិ​ដទៃ​នៅ​ក្នុង​ស្រុក​នោះ ហើយ​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ ២២  បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ធ្វើ​ពិធី​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ+អស់​រយៈ​ពេល​៧​ថ្ងៃ​ដោយ​សប្បាយ​រីក​រាយ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពួក​គេ​មាន​អំណរ​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អាស៊ីរី* ពេញ​ចិត្ត​នឹង​ពួក​គេ។+ ហេតុ​នេះ ស្ដេច​បាន​ជួយ​គាំទ្រ​ពួក​គេ​ក្នុង​ការ​សាង​សង់​វិហារ​ព្រះ​ដ៏​ពិត​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

កំណត់សម្គាល់

ប្រហែលជា​ស្មើ​នឹង​២៦,៧​ម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ឬ​«​តំបន់​ដែល​កាត់​ទន្លេ​អឺប្រាត​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កន្លែង​ចាក់​សំរាម ឬ​គំនរ​លាមក​»​
គាត់​ជា​អើថាស៊ើកសេស​ទី​១ មិន​មែន​ជា​អើថាស៊ើកសេស​កូម៉ាតា ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​អែស ៤:៧​ទេ
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៥
ឋានៈ​របស់​ដារីយុស​ទី​១​ជា​ស្ដេច​ស្រុក​ពើស៊ី ដែល​គ្រប់​គ្រង​លើ​ទឹក​ដី​ដែល​ធ្លាប់​ជា​ចក្រភព​ពើស៊ី