អែសរ៉ា ៧:១-២៨

  • អែសរ៉ា​មក​ក្រុង​យេរូសាឡិម (​១​-​១០)

  • សំបុត្រ​របស់​អើថាស៊ើកសេស​ទៅ​កាន់​អែសរ៉ា (​១១​-​២៦)

  • អែសរ៉ា​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា (​២៧, ២៨)

 លុះ​ក្រោយ​មក ក្នុង​រាជ្យ​អើថាស៊ើកសេស+ជា​ស្ដេច​ស្រុក​ពើស៊ី មាន​បុរស​ម្នាក់​ឈ្មោះ​អែសរ៉ា*+ គាត់​ជា​កូន​សេរ៉ាយ៉ា។ សេរ៉ាយ៉ា+ជា​កូន​អាសារៀ។ អាសារៀ​ជា​កូន​ហ៊ីលគីយ៉ា។+ ២  ហ៊ីលគីយ៉ា​ជា​កូន​សាលូម។ សាលូម​ជា​កូន​សេដុក។ សេដុក​ជា​កូន​អាហាយថូប។ ៣  អាហាយថូប​ជា​កូន​អាម៉ារៀ។ អាម៉ារៀ​ជា​កូន​អាសារៀ។+ អាសារៀ​ជា​កូន​មេរ៉ាយ៉ុត។ ៤  មេរ៉ាយ៉ុត​ជា​កូន​សេរ៉ាហ៊ា។ សេរ៉ាហ៊ា​ជា​កូន​អើសាយ។ អើសាយ​ជា​កូន​បូកកាយ។ ៥  បូកកាយ​ជា​កូន​អាប៊ីស៊ូអា។ អាប៊ីស៊ូអា​ជា​កូន​ភីនេហាស។+ ភីនេហាស​ជា​កូន​អេលាសារ។+ អេលាសារ​ជា​កូន​អេរ៉ុន+និង​ជា​សង្ឃ​នាយក។ ៦  អែសរ៉ា​នេះ​ហើយ ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​បាប៊ីឡូន។ គាត់​ជា​អ្នក​ចម្លង​ឯកសារ* ហើយ​មាន​ជំនាញ*ខាង​ច្បាប់​ម៉ូសេ+ ជា​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ផ្ដល់​ឲ្យ។ រីឯ​អ្វី​ៗ​ទាំង​អស់​ដែល​អែសរ៉ា​បាន​ស្នើ​សុំ ស្ដេច​បាន​ឲ្យ​គាត់​គ្រប់​យ៉ាង ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​បាន​ជួយ​គាត់។ ៧  នៅ​ឆ្នាំ​ទី​៧​នៃ​រាជ្យ​អើថាស៊ើកសេស ជន​ជាតិ​អ៊ីស្រាអែល​មួយ​ចំនួន ពួក​សង្ឃ ពួក​លេវី+ ពួក​អ្នក​ចម្រៀង+ ពួក​អ្នក​យាម​ទ្វារ+ និង​ពួក​អ្នក​បម្រើ​នៅ​វិហារ​ព្រះ+ ពួក​គេ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។ ៨  នៅ​ខែ​ទី​៥ ក្នុង​ឆ្នាំ​ដដែល​នោះ អែសរ៉ា​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរូសាឡិម។ ៩  នៅ​ថ្ងៃ​ទី​១ ខែ​ទី​១ គាត់​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្រុក​បាប៊ីឡូន ហើយ​ថ្ងៃ​ទី​១ ខែ​ទី​៥ គាត់​បាន​មក​ដល់​ក្រុង​យេរូសាឡិម ព្រោះ​ព្រះ​របស់​គាត់​បាន​នៅ​ជា​មួយ​នឹង​គាត់។+ ១០  អែសរ៉ា​បាន​ត្រៀម​ចិត្ត*ដើម្បី​រៀន​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ច្បាប់​នោះ+ ព្រម​ទាំង​បង្រៀន​ច្បាប់​និង​ការ​វិនិច្ឆ័យ​របស់​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល។+ ១១  ស្ដេច​អើថាស៊ើកសេស​បាន​សរសេរ​សំបុត្រ​មួយ​ឲ្យ​ដល់​អែសរ៉ា​ជា​សង្ឃ ជា​អ្នក​ចម្លង​ឯកសារ ហើយ​ជា​អ្នក​ជំនាញ​ខាង​ច្បាប់​និង​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ដែល​លោក​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ​៖ ១២  *​«​ខ្ញុំ​អើថាស៊ើកសេស+ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ជូន​ចំពោះ​អែសរ៉ា​ជា​សង្ឃ ជា​អ្នក​ចម្លង*ច្បាប់​របស់​ព្រះ​នៃ​ស្ថាន​សួគ៌ សូម​ឲ្យ​អ្នក​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត។ ឥឡូវ ១៣  ខ្ញុំ​ចេញ​បញ្ជា​ថា អ្នក​ណា​ក៏​ដោយ​ដែល​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​អ្នក​វិញ ចូរ​ឲ្យ​ពួក​គេ​ទៅ​ចុះ គឺ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ដែល​នៅ​ក្នុង​រាជាណាចក្រ​ខ្ញុំ រួម​ទាំង​ពួក​សង្ឃ​និង​ពួក​លេវី។+ ១៤  ខ្ញុំ​និង​ទី​ប្រឹក្សា​៧​នាក់ ចាត់​អ្នក​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ដោយ​នាំ​យក​ច្បាប់​របស់​ព្រះ​នៃ​អ្នក​ទៅ​ជា​មួយ ហើយ​អ្នក​ត្រូវ​ពិនិត្យ​មើល​ថា​តើ​បណ្ដា​ជន​នៅ​ទី​នោះ​កំពុង​ធ្វើ​តាម​ច្បាប់​ព្រះ​ឬ​យ៉ាង​ណា។ ១៥  ចូរ​អ្នក​នាំ​យក​មាស​ប្រាក់ ដែល​ខ្ញុំ​និង​ទី​ប្រឹក្សា​ខ្ញុំ បាន​ជូន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដែល​អាស្រ័យ​នៅ​ក្រុង​យេរូសាឡិម។ ១៦  ចំណែក​ឯ​មាស​ប្រាក់​ដែល​អ្នក​បាន​ទទួល​ពី​បណ្ដា​ខេត្ត​ក្នុង​ស្រុក​បាប៊ីឡូន ព្រម​ទាំង​អំណោយ​ដែល​បណ្ដា​ជន​និង​ពួក​សង្ឃ​បាន​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​សម្រាប់​វិហារ​ព្រះ​ដែល​នៅ​ក្រុង​យេរូសាឡិម​នោះ ចូរ​អ្នក​យក​ទៅ​ជា​មួយ​ផង​ដែរ។+ ១៧  អ្នក​ត្រូវ​យក​ប្រាក់​ទាំង​នេះ​ទៅ​ទិញ​គោ​ឈ្មោល+ ចៀម​ឈ្មោល+ និង​កូន​ចៀម+ជា​ប្រញាប់ ព្រម​ទាំង​ទិញ​ស្រូវ+និង​ស្រា​សម្រាប់​ជូន​ជា​គ្រឿង​បូជា+ជា​មួយ​នឹង​សត្វ​ទាំង​នេះ ហើយ​អ្នក​ត្រូវ​ជូន​គ្រឿង​បូជា​ទាំង​នេះ​នៅ​លើ​ទី​បូជា​នៃ​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម។ ១៨  ​«​ឯ​មាស​ប្រាក់​ដែល​នៅ​សល់ អ្នក​អាច​យក​ទៅ​ប្រើ​ការ​តាម​ដែល​អ្នក​និង​បង​ប្អូន​អ្នក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​នៃ​អ្នក​ចុះ។ ១៩  ចំណែក​ប្រដាប់​ប្រដា​ទាំង​អស់​សម្រាប់​ប្រើ​នៅ​វិហារ​របស់​ព្រះ​នៃ​អ្នក ដែល​គេ​បាន​ប្រគល់​ដល់​អ្នក នោះ​អ្នក​ត្រូវ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ​ក្នុង​ក្រុង​យេរូសាឡិម​វិញ។+ ២០  រីឯ​របស់​របរ​ចាំ​បាច់​ឯ​ទៀត ដែល​អ្នក​ត្រូវ​ជូន​សម្រាប់​វិហារ​របស់​ព្រះ​នៃ​អ្នក ចូរ​បើក​ពី​ឃ្លាំង​ទ្រព្យ​របស់​ស្ដេច​ទៅ។+ ២១  ​«​ខ្ញុំ​ជា​ស្ដេច​អើថាស៊ើកសេស បាន​ចេញ​បញ្ជា​ដល់​មេ​ឃ្លាំង​ទាំង​អស់​នៅ​តំបន់​ខាង​នាយ​ទន្លេ*ថា បើ​អែសរ៉ា+ជា​អ្នក​ចម្លង​ច្បាប់​របស់​ព្រះ​នៃ​ស្ថាន​សួគ៌ ស្នើ​សុំ​អ្វី​ៗ​ក៏​ដោយ ចូរ​បើក​ឲ្យ​គាត់​ភ្លាម ២២  ទោះ​ជា​ឲ្យ​ប្រាក់​ដល់​ទៅ​១០០​ថាលិន* ស្រូវ​សាលី​ដល់​ទៅ​១០០​រង្វាល់* ស្រា​ដល់​ទៅ​១០០​រង្វាល់*+ និង​ប្រេង​ដល់​ទៅ​១០០​រង្វាល់*+ក៏​ដោយ។ ចំពោះ​អំបិល​វិញ+ អាច​បើក​ឲ្យ​ដោយ​គ្មាន​កំណត់​ឡើយ។ ២៣  ចំណែក​ឯ​អ្វី​ៗ​ក៏​ដោយ​ដែល​ព្រះ​នៃ​ស្ថាន​សួគ៌​បាន​បង្គាប់​ឲ្យ​ធ្វើ ស្ដី​អំពី​វិហារ​របស់​លោក ចូរ​ធ្វើ​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ចុះ+ ដើម្បី​កុំ​ឲ្យ​លោក​មាន​សេចក្ដី​ក្រោធ​នឹង​រាជាណាចក្រ​របស់​ស្ដេច​និង​កូន​ចៅ​របស់​គាត់។+ ២៤  បន្ថែម​ទៅ​ទៀត អ្នក​រាល់​គ្នា​មិន​ត្រូវ​ទារ​ពន្ធ+ឬ​ពន្ធ​ផ្លូវ​ពី​ពួក​សង្ឃ ពួក​លេវី អ្នក​លេង​ភ្លេង​និង​អ្នក​ចម្រៀង+ អ្នក​យាម​ទ្វារ អ្នក​បម្រើ​នៅ​វិហារ+ និង​អ្នក​ធ្វើ​ការ​នៅ​វិហារ​របស់​ព្រះ​ឡើយ។ ២៥  ​«​ឯ​អ្នក​វិញ អែសរ៉ា ចូរ​ប្រើ​ប្រាជ្ញា​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ ដើម្បី​តែង​តាំង​ពួក​មន្ត្រី​និង​ចៅ​ក្រម ឲ្យ​វិនិច្ឆ័យ​បណ្ដា​ជន​ទាំង​អស់​ដែល​រស់​នៅ​តំបន់​ខាង​នាយ​ទន្លេ គឺ​ជា​ពួក​អ្នក​ដែល​ស្គាល់​ច្បាប់​របស់​ព្រះ​នៃ​អ្នក​រួច​ហើយ។ ប៉ុន្តែ ចំពោះ​អ្នក​ដែល​មិន​ទាន់​ស្គាល់ ចូរ​អ្នក​បង្ហាត់​បង្រៀន​ពួក​គេ​ផង។+ ២៦  បើ​អ្នក​ណា​ម្នាក់​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​នៃ​អ្នក និង​ច្បាប់​របស់​ស្ដេច​ទេ ចូរ​កាត់​ទោស​អ្នក​នោះ​ភ្លាម​ៗ ទោះ​ដល់​ប្រហារ​ជីវិត និរទេស​ពី​ស្រុក ផាក​ពិន័យ ឬ​ដាក់​គុក​ក្ដី​»។ ២៧  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង ទទួល​ការ​សរសើរ​តម្កើង! គឺ​លោក​ហើយ​ដែល​បាន​ជំរុញ​ចិត្ត​ស្ដេច ដើម្បី​ឲ្យ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម​បាន​ស្អាត​ឡើង​វិញ។+ ២៨  ព្រះ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ តាម​រយៈ​ស្ដេច+និង​ទី​ប្រឹក្សា+របស់​គាត់ ព្រម​ទាំង​ពួក​អភិបាល​ទាំង​ប៉ុន្មាន​ដែល​មាន​អំណាច។ ដោយ​សារ​ព្រះ​យេហូវ៉ា​គាំទ្រ​ខ្ញុំ នោះ​ខ្ញុំ​បាន​តាំង​ចិត្ត​ក្លាហាន ហើយ​ប្រមូល​អ្នក​នាំ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​មួយ​ចំនួន ឲ្យ​ធ្វើ​ដំណើរ​មក​ជា​មួយ​នឹង​ខ្ញុំ​ដែរ។

កំណត់សម្គាល់

មាន​ន័យ​ថា​«​ជំនួយ​»​
ឬ​«​អ្នក​ជំនាញ​ខាង​ច្បាប់​»​
ឬ​«​គាត់​ស្ទាត់​ជំនាញ​ខាង​ចម្លង​»​
ឬ​«​តាំង​ចិត្ត​»​
អែស ៧:១២ ដល់​៧:២៦ ដំបូង​បាន​ត្រូវ​សរសេរ​ជា​ភាសា​អេរ៉ាម
ឬ​«​អ្នក​ជំនាញ​ខាង​ច្បាប់​»​
ឬ​«​តំបន់​ដែល​កាត់​ទន្លេ​អឺប្រាត​»​
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​បាត​»។ មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​បាត​»។ មួយ​បាត​ស្មើ​នឹង​២២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ន័យ​ត្រង់​«​គ័រ​»។ មួយគ័រ​ស្មើ​នឹង​២២០​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤