អែសរ៉ា ៨:១-៣៦

  • បញ្ជី​ឈ្មោះ​ពួក​អ្នក​ដែល​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​អែសរ៉ា (​១​-​១៤)

  • ការ​រៀបចំ​សម្រាប់​ធ្វើ​ដំណើរ (​១៥​-​៣០)

  • ការ​ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន ហើយ​ការ​មក​ដល់​ក្រុង​យេរូសាឡិម (​៣១​-​៣៦)

 ក្នុង​រាជ្យ​ស្ដេច​អើថាស៊ើកសេស ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​បាប៊ីឡូន​ជា​មួយ​នឹង​ពួក​ប្រមុខ​គ្រួសារ​និង​បណ្ដា​ជន​មួយ​ចំនួន។ នេះ​ជា​បញ្ជី​រាយ​នាម​តាម​វង្ស​ត្រកូល​របស់​ពួក​គេ​៖+ ២  ពី​កូន​ចៅ​ភីនេហាស+ មាន​គើសោម។ ពី​កូន​ចៅ​អ៊ីតតាម៉ា+ មាន​ដានីយ៉ែល។ ពី​កូន​ចៅ​ដាវីឌ មាន​ហាធូស។ ៣  ពី​កូន​ចៅ​សេកានៀ និង​ពី​កូន​ចៅ​ផារូស មាន​សាការី​និង​ពួក​បុរស​១​៥០​នាក់​មក​ជា​មួយ​គាត់។ ៤  ពី​កូន​ចៅ​ផាហាតម៉ូអាប់+ មាន​អេឡាយហូអ៊ីណាយ​ជា​កូន​សេរ៉ាហ៊ា​និង​ពួក​បុរស​២០០​នាក់​មក​ជា​មួយ​គាត់។ ៥  ពី​កូន​ចៅ​សាធូ+ មាន​សេកានៀ​ជា​កូន​យ៉ាហេសែល​និង​ពួក​បុរស​៣០០​នាក់​មក​ជា​មួយ​គាត់។ ៦  ពី​កូន​ចៅ​អេដិន+ មាន​អ៊ីបេត​ជា​កូន*យ៉ូណាថាន​និង​ពួក​បុរស​៥០​នាក់​មក​ជា​មួយ​គាត់។ ៧  ពី​កូន​ចៅ​អេឡាំ+ មាន​យេសេយ៉ា​ជា​កូន​អាថាលៀ​និង​ពួក​បុរស​៧០​នាក់​មក​ជា​មួយ​គាត់។ ៨  ពី​កូន​ចៅ​សេផាធា+ មាន​សេបបាឌា​ជា​កូន​មីកែល​និង​ពួក​បុរស​៨០​នាក់​មក​ជា​មួយ​គាត់។ ៩  ពី​កូន​ចៅ​យ៉ូអាប់ មាន​អូបាឌា​ជា​កូន​យេហែល​និង​ពួក​បុរស​២១៨​នាក់​មក​ជា​មួយ​គាត់។ ១០  ពី​កូន​ចៅ​បាណាយ មាន​សេឡូមីត​ជា​កូន​យ៉ូសិភា​និង​ពួក​បុរស​១៦០​នាក់​មក​ជា​មួយ​គាត់។ ១១  ពី​កូន​ចៅ​បេបាយ+ មាន​សាការី​ជា​កូន​បេបាយ​និង​ពួក​បុរស​២៨​នាក់​មក​ជា​មួយ​គាត់។ ១២  ពី​កូន​ចៅ​អាសកាត+ មាន​យ៉ូហាណាន​ជា​កូន​ហាក់កាថាន និង​ពួក​បុរស​១១០​នាក់​មក​ជា​មួយ​គាត់។ ១៣  ពី​កូន​ចៅ​អាដូណាយខាម+ ដែល​ជា​អ្នក​ក្រោយ​គេ មាន​អេលីផាលេត យេអែល និង​សិមម៉ាយ៉ា ព្រម​ទាំង​ពួក​បុរស​៦០​នាក់​មក​ជា​មួយ​ពួក​គេ។ ១៤  ពី​កូន​ចៅ​ប៊ីកវ៉ាយ+ មាន​យូថាយ​និង​សាបាត់ ព្រម​ទាំង​ពួក​បុរស​៧០​នាក់​មក​ជា​មួយ​ពួក​គេ។ ១៥  ខ្ញុំ​បាន​ឲ្យ​ពួក​គេ​មក​ជួប​ជុំ​គ្នា​នៅ​ក្បែរ​ទន្លេ​ដែល​ហូរ​ទៅ​អាហាវ៉ា+ ហើយ​បាន​បោះ​ជំរំ​នៅ​ទី​នោះ​អស់​បី​ថ្ងៃ។ ប៉ុន្តែ ពេល​ខ្ញុំ​ពិនិត្យ​មើល​បណ្ដា​ជន​និង​ពួក​សង្ឃ ខ្ញុំ​មិន​ឃើញ​មាន​ពួក​លេវី​មក​ជា​មួយ​ទេ។ ១៦  ដូច្នេះ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​អ្នក​ដឹក​នាំ​ឲ្យ​មក​ជួប គឺ​អេលាស៊ើរ អេរៀល សិមម៉ាយ៉ា អេលណាថាន យ៉ារីប អេលណាថាន ណាថាន់ សាការី និង​មេស៊ូឡាម។ ខ្ញុំ​ក៏​ឲ្យ​គេ​ហៅ​ពួក​អ្នក​បង្ហាត់​បង្រៀន​ឲ្យ​មក​ជួប​ដែរ គឺ​យ៉ូយ៉ារីប​និង​អេលណាថាន។ ១៧  បន្ទាប់​មក ខ្ញុំ​បាន​ចាត់​ពួក​គេ​ឲ្យ​ទៅ​ជួប​អ៊ីតដូ ដែល​ជា​អ្នក​ដឹក​នាំ​នៅ​កន្លែង​មួយ​ហៅ​ថា​កាសិភា។ ខ្ញុំ​បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រាប់​អ៊ីតដូ​និង​បង​ប្អូន​គាត់ ដែល​មក​ពី​កូន​ចៅ​ពួក​អ្នក​បម្រើ​ក្នុង​វិហារ* ឲ្យ​បញ្ជូន​ពួក​អ្នក​បម្រើ​ខ្លះ​ឲ្យ​មក​ធ្វើ​ការ​នៅ​វិហារ​របស់​ព្រះ​នៃ​យើង។ ១៨  ដោយ​សារ​ព្រះ​បាន​ជួយ​យើង ពួក​បុរស​ទាំង​នោះ​បាន​នាំ​សេរេបៀ+ជា​អ្នក​ដែល​ចេះ​ពិចារណា​មក​ជា​មួយ ព្រម​ទាំង​កូន​ចៅ​និង​បង​ប្អូន​គាត់ សរុប​ទៅ​១៨​នាក់។ សេរេបៀ​ជា​កូន​ចៅ​ម៉ាឡាយ។+ ម៉ាឡាយ​ជា​ចៅ​លេវី។ លេវី​ជា​កូន​របស់​អ៊ីស្រាអែល។ ១៩  ពួក​បុរស​ទាំង​នោះ​ក៏​បាន​នាំ​ហាសាបៀ និង​យេសេយ៉ា​ជា​កូន​ចៅ​មេរេរ៉ាយ+មក​ជា​មួយ​ដែរ ព្រម​ទាំង​បង​ប្អូន​របស់​គាត់​និង​កូន​ចៅ​ពួក​គេ សរុប​ទៅ​២០​នាក់។ ២០  ដូច្នេះ ពួក​អ្នក​បម្រើ​នៅ​វិហារ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន​២២០​នាក់។ ពេល​មុន ស្ដេច​ដាវីឌ​និង​ពួក​អភិបាល​បាន​រៀបចំ​ឲ្យ​មាន​ពួក​អ្នក​បម្រើ​ដើម្បី​ជួយ​កិច្ចការ​ពួក​លេវី។ ២១  ពេល​នៅ​ក្បែរ​ទន្លេ​អាហាវ៉ា ខ្ញុំ​បាន​ប្រកាស​ឲ្យ​បណ្ដា​ជន​តម​អាហារ ដើម្បី​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង ហើយ​ដើម្បី​សុំ​ការ​ណែនាំ​ក្នុង​ការ​ធ្វើ​ដំណើរ ព្រម​ទាំង​សុំ​លោក​ឲ្យ​ការពារ​យើង​និង​កូន​ចៅ រួម​ទាំង​ទ្រព្យ​សម្បត្តិ​និង​របស់​របរ​ទាំង​អស់​ដែល​យើង​យក​ទៅ​ជា​មួយ។ ២២  ខ្ញុំ​ខ្មាស​មិន​ហ៊ាន​សុំ​ពល​ទាហាន​និង​ទាហាន​សេះ​ពី​ស្ដេច ឲ្យ​មក​ការពារ​យើង​តាម​ផ្លូវ​ទេ ព្រោះ​យើង​ធ្លាប់​និយាយ​ទៅ​កាន់​ស្ដេច​ថា​៖ ​«​ព្រះ​របស់​យើង​នឹង​ជួយ​មើល​ការពារ​អស់​អ្នក​ដែល​ស្វែង​រក​លោក+ តែ​លោក​មាន​សេចក្ដី​ក្រោធ ហើយ​ប្រើ​កម្លាំង​ខ្លាំង​ក្លា​ទាស់​នឹង​អស់​អ្នក​ដែល​លះ​ចោល​លោក​វិញ​»។+ ២៣  ហេតុ​នេះ យើង​បាន​តម​អាហារ និង​អង្វរ​សុំ​ជំនួយ​ពី​ព្រះ ហើយ​លោក​ក៏​ស្ដាប់​ពាក្យ​អង្វរ​សុំ​របស់​យើង។+ ២៤  ខ្ញុំ​បាន​ជ្រើស​រើស​សង្ឃនាយក​១២​នាក់ គឺ​សេរេបៀ និង​ហាសាបៀ+ រួម​ទាំង​បង​ប្អូន​របស់​ពួក​គេ​១០​នាក់​ទៀត។ ២៥  រួច​មក ខ្ញុំ​បាន​ថ្លឹង​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ផ្សេង​ៗ ហើយ​ប្រគល់​ឲ្យ​ដល់​ពួក​គេ។ របស់​ទាំង​នោះ​គឺ​ជា​អំណោយ​ពី​ស្ដេច ពី​ពួក​ទី​ប្រឹក្សា ពី​ពួក​អភិបាល និង​ពី​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ដែល​ពួក​គេ​បាន​ប្រគល់​ជូន​សម្រាប់​វិហារ​របស់​ព្រះ​នៃ​យើង។+ ២៦  របស់​របរ​ទាំង​នោះ​មាន​ប្រាក់​ទម្ងន់​៦៥០​ថាលិន* មាស​ទម្ងន់​១០០​ថាលិន ប្រដាប់​ប្រដា​ធ្វើ​ពី​ប្រាក់​ចំនួន​១០០​ដែល​មាន​តម្លៃ​ស្មើ​នឹង​២​ថាលិន ២៧  ចាន​គោម​តូច​ធ្វើ​ពី​មាស​ចំនួន​២០​ដែល​មាន​តម្លៃ​ស្មើ​នឹង​១.០០០​ដារីក* និង​ប្រដាប់​ប្រដា​២​ធ្វើ​ពី​ស្ពាន់​សុទ្ធ​ដែល​ខាត់​យ៉ាង​ភ្លឺ​មាន​តម្លៃ​ដូច​មាស។ ២៨  បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​សង្ឃនាយក​ទាំង​នោះ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ និង​ប្រដាប់​ប្រដា​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ។ ឯ​មាស​ប្រាក់​វិញ គឺ​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​ជូន​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា។ ២៩  ដូច្នេះ ចូរ​យក​ចិត្ត​ទុក​ដាក់​ការពារ​របស់​របរ​ទាំង​នេះ រហូត​ដល់​ក្រុង​យេរូសាឡិម។ នៅ​ទី​នោះ អ្នក​ត្រូវ​ថ្លឹង​របស់​របរ​ទាំង​នេះ​នៅ​ចំពោះ​មុខ​ពួក​សង្ឃនាយក ពួក​លេវី និង​ពួក​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​ជន​ជាតិ​អ៊ីស្រាអែល+ នៅ​ក្នុង​បន្ទប់​នៃ​វិហារ​ព្រះ​យេហូវ៉ា​»។ ៣០  លុះ​ស្ដាប់​រួច ពួក​សង្ឃ​និង​ពួក​លេវី​បាន​ទទួល​យក​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​នោះ រួច​ដឹក​ជញ្ជូន​ទៅ​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម។ ៣១  នៅ​ថ្ងៃ​ទី​១២ ខែ​ទី​១+ យើង​បាន​ចាក​ចេញ​ពី​តំបន់​ទន្លេ​អាហាវ៉ា+ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម ដោយ​មាន​ព្រះ​នៅ​ជា​មួយ​នឹង​យើង។ នៅ​តាម​ផ្លូវ ព្រះ​បាន​ជួយ​សង្គ្រោះ​យើង​ពី​ខ្មាំង​សត្រូវ​និង​ពី​ក្រុម​ចោរ​ប្លន់។ ៣២  ទី​បំផុត យើង​បាន​មក​ដល់​ក្រុង​យេរូសាឡិម+ ហើយ​សម្រាក​នៅ​ទី​នោះ​អស់​បី​ថ្ងៃ។ ៣៣  នៅ​ថ្ងៃ​ទី​៤ យើង​បាន​ថ្លឹង​មាស​ប្រាក់​និង​ប្រដាប់​ប្រដា​ទាំង​អស់​ក្នុង​វិហារ​ព្រះ+ ហើយ​ប្រគល់​ឲ្យ​មេរេម៉ត+ជា​កូន​យូរ៉ាយ៉ា​ជា​សង្ឃ។ នៅ​ជា​មួយ​មេរេម៉ត មាន​អេលាសារ​ជា​កូន​ភីនេហាស និង​ពួក​លេវី​ពីរ​នាក់ គឺ​យ៉ូសាបាត+ជា​កូន​យេសួ និង​ណូអាឌា​ជា​កូន​ប៊ីននូអាយ។+ ៣៤  របស់​របរ​ទាំង​អស់​នោះ​បាន​ត្រូវ​រាប់​និង​ថ្លឹង ហើយ​ទម្ងន់​នៃ​របស់​របរ​ទាំង​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​បញ្ជី។ ៣៥  បន្ទាប់​មក បណ្ដា​ជន​ដែល​ធ្លាប់​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន បាន​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល គឺ​គោ​ឈ្មោល​ចំនួន​១២​ក្បាល+សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ថែម​ទាំង​ចៀម​ឈ្មោល​ចំនួន​៩៦​ក្បាល+ កូន​ចៀម​ឈ្មោល​ចំនួន​៧៧​ក្បាល និង​ពពែ​ឈ្មោល​ចំនួន​១២​ក្បាល+ ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ទាំង​អស់​នោះ​ជា​គ្រឿង​បូជា​ដុត។+ ៣៦  ក្រោយ​មក យើង​បាន​ប្រគល់​សេចក្ដី​បង្គាប់​របស់​ស្ដេច+ដល់​ពួក​អភិបាល​ខេត្ត និង​ពួក​អភិបាល​នៅ​តំបន់​ខាង​នាយ​ទន្លេ​អឺប្រាត។+ ម្ល៉ោះ​ហើយ ពួក​គេ​បាន​ជួយ​គាំទ្រ​បណ្ដា​ជន​និង​វិហារ​របស់​ព្រះ​ដ៏​ពិត។+

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល
ឬ​«​នេធីនិម​»។ មើល​និយម​ន័យ​ពាក្យ​«​ពួក​អ្នក​បម្រើ​នៅ​វិហារ​»​
មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤
ដារីក​ជា​កាក់​មាស​របស់​ពើស៊ី។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤