អែសរ៉ា ៩:១-១៥

  • ជន​ជាតិ​អ៊ីស្រាអែល​រៀប​ការ​ជា​មួយ​នឹង​ជន​ជាតិ​ផ្សេង​ៗ​ (​១​-​៤)

  • អែសរ៉ា​អធិដ្ឋាន​សារភាព​កំហុស (​៥​-​១៥)

 មិន​យូរ​ក្រោយ​ពី​នោះ ពួក​អភិបាល​បាន​ចូល​មក​ជួប​ខ្ញុំ ហើយ​និយាយ​ថា​៖ ​«​ពួក​សង្ឃ ពួក​លេវី និង​បណ្ដា​ជន​អ៊ីស្រាអែល មិន​បាន​ញែក​ខ្លួន​ពី​ជន​ជាតិ​ដទៃ​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ទេ។ ពួក​គេ​ថែម​ទាំង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​តាម​ជន​ជាតិ​ទាំង​នោះ​ដែរ+ គឺ​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​យេប៊ូស ជន​ជាតិ​អាំម៉ូន ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​អេហ្ស៊ីប+ និង​ជន​ជាតិ​អាម៉ូរី។+ ២  ពួក​គេ​និង​កូន​ប្រុស​ៗ​ពួក​គេ​បាន​យក​កូន​ស្រី​ៗ​របស់​ជន​ជាតិ​ទាំង​នោះ មក​ធ្វើ​ជា​ប្រពន្ធ​ទៀត​ផង។+ ហេតុ​នេះ ពូជ​បរិសុទ្ធ+បាន​ត្រូវ​លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​ដទៃ។+ ពួក​មេ​ដឹក​នាំ​និង​ពួក​អ្នក​គ្រប់​គ្រង គឺ​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​មិន​ស្មោះ​ត្រង់​នេះ​មុន​គេ​»។ ៣  ក្រោយ​ពី​ឮ​រឿង​នេះ​ហើយ ខ្ញុំ​បាន​ហែក​អាវ* ហើយ​បោច​សក់ បោច​ពុក​ចង្កា រួច​អង្គុយ​ចុះ​ដោយ​នឹក​ហួស​ចិត្ត​ជា​ខ្លាំង។ ៤  រួច​មក អស់​អ្នក​ដែល​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​បណ្ដាំ​របស់​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ពួក​គេ​ក៏​បាន​នាំ​គ្នា​មក​អង្គុយ​ជុំវិញ​ខ្ញុំ ដោយ​សារ​ពួក​គេ​ឃើញ​ភាព​មិន​ស្មោះ​ត្រង់​របស់​បណ្ដា​ជន។ ខ្ញុំ​នៅ​អង្គុយ​កើត​ទុក្ខ​រហូត​ដល់​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នៅ​ពេល​ល្ងាច។+ ៥  ក្រោយ​ខ្ញុំ​បាន​បន្ទាប​ខ្លួន​ដូច្នោះ​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ទាំង​មាន​អាវ​រហែក រួច​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​នៅ​ពេល​ជូន​គ្រឿង​បូជា​ពី​ស្រូវ​នា​ពេល​ល្ងាច។+ ៦  ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​ខ្ញុំ​អើយ! ខ្ញុំ​ខ្មាស​មិន​ហ៊ាន​ងើប​មុខ​មើល​ទៅ​លោក​ទេ ព្រោះ​កំហុស​របស់​យើង​ខ្ញុំ​មាន​ច្រើន​គរ​លើ​ក្បាល​យើង​ខ្ញុំ​ហើយ។ ឯ​ទោស​របស់​យើង​ខ្ញុំ​ក៏​បាន​គរ​ដល់​មេឃ​ដែរ។+ ៧  តាំង​ពី​គ្រា​បុព្វ​បុរស​របស់​យើង​ខ្ញុំ​រហូត​មក​ដល់​សព្វ​ថ្ងៃ+ យើង​ខ្ញុំ​មាន​ទោស​ធ្ងន់​ណាស់។+ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ប្រគល់​យើង​ខ្ញុំ ស្ដេច​របស់​យើង​ខ្ញុំ និង​បណ្ដា​សង្ឃ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បណ្ដា​ស្ដេច​នៃ​ជន​ជាតិ​ដទៃ។ ស្ដេច​ទាំង​នោះ​បាន​វាយលុក​ស្រុក​យើង​ខ្ញុំ ប្លន់​យើង​ខ្ញុំ+ សម្លាប់​យើង​ខ្ញុំ+ ចាប់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ៨  ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​អើយ! អស់​មួយ​រយៈ លោក​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​យើង​ខ្ញុំ ដោយ​ឲ្យ​រាស្ដ្រ​របស់​លោក​ដែល​នៅ​សេស​សល់​បាន​រួច​ខ្លួន ហើយ​ត្រឡប់​មក​វិញ ថែម​ទាំង​ឲ្យ​យើង​ខ្ញុំ​មាន​កន្លែង​មួយ​ដ៏​ស្ថិតស្ថេរ​ក្នុង​ទី​បរិសុទ្ធ​របស់​លោក​ទៀត​ផង។+ ឱ​ព្រះ​របស់​យើង​ខ្ញុំ​អើយ! លោក​បាន​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ហើយ​បាន​ស្រាក​ស្រាន្ត​បន្តិច​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ៩  ទោះ​ជា​យើង​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​ក្ដី+ លោក​មិន​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ​ទេ។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​យើង​ខ្ញុំ​តាម​រយៈ​បណ្ដា​ស្ដេច​ស្រុក​ពើស៊ី។+ លោក​បាន​ឲ្យ​កម្លាំង​កាយ​ចិត្ត​ជា​ថ្មី ដើម្បី​យើង​អាច​សង់​វិហារ​បាក់​បែក​របស់​លោក​ឡើង​វិញ+ និង​ដើម្បី​ឲ្យ​យើង​នៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ដែល​មាន​កំពែង​ការពារ។ ១០  ​«​ឱ​ព្រះ​របស់​យើង​ខ្ញុំ​អើយ! តើ​យើង​ខ្ញុំ​គួរ​និយាយ​យ៉ាង​ណា​ទៅ? ព្រោះ​យើង​ខ្ញុំ​មិន​បាន​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​ទេ។ ១១  ពី​មុន​លោក​បាន​ប្រាប់​យើង​ខ្ញុំ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ថា​៖ ‹ទឹក​ដី​ដែល​អ្នក​នឹង​ទទួល​ជា​មត៌ក គឺ​ជា​ទឹក​ដី​ដែល​មិន​ស្អាត​បរិសុទ្ធ ដោយ​សារ​បណ្ដា​ជន​ដែល​រស់​នៅ​ទី​នោះ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នៅ​ពេញ​ក្នុង​ស្រុក​នោះ។+ ១២  ដូច្នេះ ចូរ​កុំ​ឲ្យ​កូន​អ្នក​រាល់​គ្នា​រៀប​ការ​ជា​មួយ​នឹង​កូន​របស់​ពួក​គេ​ឡើយ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ឬ​ភាព​ចម្រុង​ចម្រើន​ទេ។+ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជាជាតិ​ខ្លាំង​ក្លា ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផល​ល្អ​ៗ​ពី​ស្រុក​នេះ ថែម​ទាំង​បន្សល់​ទុក​ស្រុក​នោះ​ឲ្យ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ត​រៀង​ទៅ›។ ១៣  រឿង​អាក្រក់​ជា​ច្រើន​បាន​កើត​ឡើង​ចំពោះ​យើង​ខ្ញុំ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​មិន​បាន​ដាក់​ទោស​យើង​ខ្ញុំ​ស្រប​តាម​កំហុស​របស់​យើង​ខ្ញុំ​ទេ។+ លោក​ថែម​ទាំង​បាន​ជួយ​យើង​ខ្ញុំ​ឲ្យ​រួច​ខ្លួន​ទៀត​ផង។+ ១៤  ដូច្នេះ បើ​យើង​ខ្ញុំ​ហ៊ាន​បំពាន​បញ្ញត្តិ​របស់​លោក​ម្ដង​ទៀត ហើយ​ឲ្យ​កូន​យើង​ខ្ញុំ​រៀប​ការ​ជា​មួយ​នឹង​កូន​របស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម+ នោះ​លោក​ច្បាស់​ជា​មាន​សេចក្ដី​ក្រោធ​នឹង​យើង​ខ្ញុំ​ជា​ខ្លាំង ហើយ​លោក​មុខ​ជា​នឹង​បំផ្លាញ​ពួក​យើង​ខ្ញុំ​ឲ្យ​វិនាស​អស់​ទៅ​មិន​ខាន។ ១៥  ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ! លោក​ជា​ព្រះ​ដ៏​សុចរិត+ ហេតុ​នេះ​ហើយ បាន​ជា​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​សេស​សល់​រហូត​ដល់​សព្វ​ថ្ងៃ។ ឥឡូវ​យើង​ខ្ញុំ​សូម​មក​ឈរ​នៅ​ចំពោះ​លោក​ទាំង​មាន​ទោស​ផង ព្រោះ​តាម​ពិត​យើង​គ្មាន​សិទ្ធិ​មក​ឈរ​នៅ​ចំពោះ​លោក​ទេ​»។+

កំណត់សម្គាល់

ន័យ​ត្រង់​«​សម្លៀក​បំពាក់​ក្នុង និង​សម្លៀក​បំពាក់​ក្រៅ​»​