អ្នកទូន្មាន ១២:១-១៤

  • ចូរ​នឹក​ចាំ​អំពី​ព្រះ​មុន​ទៅ​ជា​ចាស់ (​១​-​៨)

  • សេចក្ដី​បញ្ចប់​របស់​អ្នក​ទូន្មាន (​៩​-​១៤)

    • សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ប្រៀប​ដូច​ជា​ជន្លួញ (​១១)

    • កោត​ខ្លាច​ព្រះ​ពិត (​១៣)

១២  ដូច្នេះ ចូរ​នឹក​ចាំ​អំពី​ព្រះ​ដ៏​ឧត្ដម​ដែល​បាន​បង្កើត​អ្នក កាល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ+ មុន​ថ្ងៃ​នៃ​ទុក្ខ​លំបាក*មក​ដល់+ និង​មុន​ឆ្នាំ​ដែល​អ្នក​នឹង​និយាយ​ថា​៖ ​«​ខ្ញុំ​អស់​សប្បាយ​ហើយ​»។ ២  មុន​ពេល​ពន្លឺ​នៃ​ដួង​អាទិត្យ ដួង​ខែ និង​ដួង​ផ្កាយ​ងងឹត​ទៅ+ ហើយ​ពពក​ចេញ​មក​វិញ​ក្រោយ​ភ្លៀង​ធំ* ៣  គឺ​មុន​ថ្ងៃ​ដែល​អ្នក​យាម​ផ្ទះ​ញ័រ​ញាក់ បុរស​ខ្លាំង​ក្លា​ឈរ​លែង​ត្រង់ ពួក​ស្ត្រី​ឈប់​កិន​ម្សៅ​ព្រោះ​មាន​គ្នា​តិច និង​មុន​ពេល​ស្រី​ៗ​មើល​ទៅ​ខាង​ក្រៅ​តាម​បង្អួច​ឃើញ​តែ​ភាព​ងងឹត។+ ៤  មុន​ពេល​ទ្វារ​ទៅ​ឯ​ផ្លូវ​ត្រូវ​បិទ សំឡេង​ត្បាល់​កិន​ឮ​តិច​ទៅ​ៗ មុន​ពេល​អ្នក​ក្រោក​ឡើង​កាល​ដែល​ឮ​សំឡេង​សត្វ​ស្លាប និង​មុន​ពេល​កូន​ស្រី​ៗ​ទាំង​អស់​ច្រៀង​មិន​សូវ​ឮ។+ ៥  មុន​ពេល​អ្នក​ភ័យ​ខ្លាច​ទី​ខ្ពស់ ឬ​ព្រួយ​បារម្ភ​អំពី​គ្រោះ​ថ្នាក់​តាម​ផ្លូវ និង​មុន​ពេល​ដើម​អល់ម៉ុន​ចេញ​ផ្កា+ សត្វ​កណ្ដូប​ធ្វើ​ដំណើរ​ទាំង​អូស​ខ្លួន ផ្លែ​ដើម​ខេបផឺ​ប្រេះ​បែក ហើយ​មនុស្ស​ដើរ​ទៅ​ផ្ទះ​ដែល​ពួក​គេ​ត្រូវ​នៅ​យូរ​អង្វែង+ និង​ពួក​អ្នក​យំ​កាន់​ទុក្ខ​ដើរ​ចុះ​ឡើង​តាម​ផ្លូវ។+ ៦  គឺ​មុន​ខ្សែ​ពួរ​ប្រាក់​ត្រូវ​ដក​ចេញ ចាន​គោម​មាស​ត្រូវ​បំបែក ក្អម​នៅ​ប្រភព​ទឹក​ត្រូវ​បំផ្លាញ ហើយ​មុន​រហាត់​ទឹក​នៅ​អណ្ដូង​ត្រូវ​កម្ទេច។ ៧  រួច​ធូលី​ត្រឡប់​ទៅ​ឯ​ដី​ដូច​ដើម​វិញ+ ហើយ​កម្លាំង​ជីវិត​វិល​ទៅ​ឯ​ព្រះ​ពិត​ដែល​ជា​អ្នក​ផ្ដល់​កម្លាំង​ជីវិត។+ ៨  អ្នក​ទូន្មាន​ពោល​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ!+ សុទ្ធ​តែ​អសារ​ឥត​ការ​»។+ ៩  អ្នក​ទូន្មាន​មិន​គ្រាន់​តែ​មាន​ប្រាជ្ញា​ច្រើន​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បន្ត​បង្រៀន​បណ្ដា​ជន​អំពី​អ្វី​ដែល​គាត់​ដឹង​ដែរ។+ គាត់​រំពឹង​គិត​និង​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់ ដើម្បី​ចង​ក្រង​សុភាសិត​ជា​ច្រើន។+ ១០  អ្នក​ទូន្មាន​បាន​ស្វះ​ស្វែង​រក​ពាក្យ​ពេចន៍​ពីរោះ​ៗ​+ ហើយ​ខិត​ខំ​កត់​ទុក​ពាក្យ​ពិត​យ៉ាង​ត្រឹម​ត្រូវ។ ១១  សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ប្រៀប​ដូច​ជា​ជន្លួញ+ ហើយ​សុភាសិត​ដែល​គេ​បាន​ប្រមូល​ទុក ប្រៀប​ដូច​ជា​ដែក​គោល​ដែល​បាន​ត្រូវ​បោះ​យ៉ាង​ជាប់។ គេ​បាន​សម្ដី​ទាំង​នោះ​មក​ពី​គង្វាល​ម្នាក់។ ១២  ប៉ុន្តែ កូន​អើយ ក្រៅ​ពី​អ្វី​ទាំង​នោះ សូម​ប្រយ័ត្ន ព្រោះ​មនុស្ស​រៀប​រៀង​សៀវភៅ​មិន​ចេះ​ចប់​ឡើយ ហើយ​ការ​ព្យាយាម​សិក្សា​សៀវភៅ​ទាំង​នោះ​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ខ្សោះ​កម្លាំង។+ ១៣  ក្រោយ​ពី​បាន​ស្ដាប់​អ្វី​ៗ​ទាំង​អស់​នេះ​រួច​ហើយ សរុប​សេចក្ដី​គឺ​៖ ចូរ​គោរព​កោត​ខ្លាច​ព្រះ​ពិត+ ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​ជា​និច្ច+ ព្រោះ​នេះ​ជា​កាតព្វកិច្ច​ទាំង​មូល​របស់​មនុស្ស។+ ១៤  ព្រោះ​ព្រះ​ពិត​នឹង​វិនិច្ឆ័យ​ការ​ប្រព្រឹត្ត​ទាំង​អស់ រួម​ទាំង​អ្វី​ៗ​ដែល​លាក់​កំបាំង​ផង ដើម្បី​សម្រេច​ថា​ជា​ការ​ល្អ​ឬ​អាក្រក់។+

កំណត់សម្គាល់

ឬ​«​ថ្ងៃ​អន្តរាយ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ត្រឡប់​មក​ព្រម​ជា​មួយ​នឹង​ភ្លៀង​ធំ​»​