អ្នកទូន្មាន ៤:១-១៦

  • ការ​សង្កត់​សង្កិន​អាក្រក់​ជាង​សេចក្ដី​ស្លាប់ (​១​-​៣)

  • ចិត្ត​គំនិត​ត្រឹម​ត្រូវ​ស្ដី​អំពី​ការងារ (​៤​-​៦)

  • ប្រយោជន៍​មក​ពី​ការ​មាន​មិត្ត​ភក្ដិ (​៧​-​១២)

    • ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង (​)

  • ជីវិត​របស់​អ្នក​គ្រប់​គ្រង​អាច​ទៅ​ជា​អសារ​ឥត​ការ (​១៣​-​១៦)

 ខ្ញុំ​ត្រឡប់​មក​គិត​ពិចារណា​អំពី​ការ​សង្កត់​សង្កិន​ទាំង​ប៉ុន្មាន​ដែល​កើត​ឡើង​នៅ​ក្រោម​ថ្ងៃ។ ខ្ញុំ​បាន​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​រង​ការ​សង្កត់​សង្កិន ហើយ​គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ឡើយ+ ព្រោះ​អស់​អ្នក​ដែល​សង្កត់​សង្កិន​ជា​អ្នក​មាន​អំណាច។ ម្ល៉ោះ​ហើយ គ្មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​ពួក​គេ​ទេ។ ២  ដូច្នេះ ខ្ញុំ​បាន​យល់​ថា មនុស្ស​ដែល​ស្លាប់​ទៅ​ប្រសើរ​ជាង​មនុស្ស​ដែល​នៅ​រស់។+ ៣  ប៉ុន្តែ ប្រសើរ​ជាង​ពួក​អ្នក​ទាំង​នោះ​ទៅ​ទៀត គឺ​អ្នក​ដែល​មិន​ទាន់​កើត​មក+ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ទុក្ខ​វេទនា​ផ្សេង​ៗ​នៅ​ក្រោម​ថ្ងៃ។+ ៤  ខ្ញុំ​បាន​យល់​ទៀត​ថា ច្រើន​ដង​ការ​ប្រឹង​ប្រែង​ធ្វើ​ការ​និង​ការ​ខំ​ធ្វើ​ការ​យ៉ាង​ប៉ិន​ប្រសប់ គឺ​កើត​ចេញ​ពី​ការ​ច្រណែន​ឈ្នានីស។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។ ៥  មនុស្ស​ល្ងី​ល្ងើ​ឱប​ដៃ​មិន​ធ្វើ​អ្វី​សោះ ខណៈ​ដែល​រូប​កាយ​របស់​ខ្លួន​កំពុង​វិនាស​ទៅ។+ ៦  បើ​សម្រាក​បន្តិច នោះ​ប្រសើរ​ជាង​ប្រឹង​ធ្វើ​ការ​ហួស​ប្រមាណ ដែល​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+ ៧  ខ្ញុំ​ក៏​បែរ​មក​គិត​ពិចារណា​អំពី​រឿង​មួយ​ទៀត​ដែល​អសារ​ឥត​ការ​នៅ​ក្រោម​ថ្ងៃ​គឺ​៖ ៨  មាន​មនុស្ស​ម្នាក់​ដែល​នៅ​តែ​ឯង គាត់​គ្មាន​មិត្ត​ភក្ដិ គ្មាន​កូន គ្មាន​បង​ប្អូន​ទេ។ ប៉ុន្តែ គាត់​ប្រឹង​ប្រែង​ធ្វើ​ការ​ឥត​ឈប់។ គាត់​មិន​ចេះ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ឡើយ។+ តែ​គាត់​មិន​ដែល​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ខ្ញុំ​ខំ​ធ្វើ​ការ​នឿយ​ហត់​ដើម្បី​អ្នក​ណា? ម្ដេច​បាន​ជា​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​សប្បាយ​ទៅ?›។+ នេះ​ក៏​អសារ​ឥត​ការ​ដូច​គ្នា និង​ជា​ការ​នឿយ​លំបាក​ទទេ​ៗ។+ ៩  មាន​គ្នា​ពីរ​នាក់​ប្រសើរ​ជាង​នៅ​តែ​ឯង+ ព្រោះ​ពីរ​នាក់​ទទួល​រង្វាន់*ដែល​មក​ពី​ការ​នឿយ​ហត់​របស់​ពួក​គេ។ ១០  ប្រសិន​បើ​ម្នាក់​ដួល នោះ​បាន​ម្នាក់​ទៀត​ជួយ​លើក​គាត់​ឡើង។ ចុះ​យ៉ាង​ណា​មនុស្ស​ដែល​នៅ​តែ​ឯង តើ​នឹង​បាន​អ្នក​ណា​ជួយ​លើក​គាត់​ឡើង​ពេល​គាត់​ដួល? ១១  បន្ថែម​ទៅ​ទៀត បើ​ពីរ​នាក់​គេង​នៅ​ជា​មួយ​គ្នា ពួក​គេ​នឹង​បាន​កក់​ក្ដៅ ចុះ​យ៉ាង​ណា​មនុស្ស​ដែល​នៅ​តែ​ឯង តើ​គាត់​អាច​កក់​ក្ដៅ​ដូច​ម្ដេច​បាន? ១២  មនុស្ស​ម្នាក់​អាច​វាយ​ឈ្នះ​អ្នក​ដែល​នៅ​តែ​ឯង តែ​បើ​មាន​ពីរ​នាក់ ពួក​គេ​អាច​ត​ស៊ូ​នឹង​មនុស្ស​ម្នាក់​នោះ​បាន។ ចំណែក​ឯ​ខ្សែ​បី​ធ្លុង នោះ​មិន​ងាយ​ដាច់​ទេ។ ១៣  ប្រសិន​បើ​ជា​ក្មេង​ក្រី​ក្រ​តែ​មាន​ប្រាជ្ញា នោះ​ប្រសើរ​ជាង​ស្ដេច​វ័យ​ចាស់​ដែល​ល្ងី​ល្ងើ+ ហើយ​មិន​ព្រម​ធ្វើ​តាម​ការ​ដាស់​តឿន។+ ១៤  ពី​ព្រោះ​គាត់*ចេញ​មក​ពី​គុក ហើយ​ក្លាយ​ទៅ​ជា​ស្ដេច+ ទោះ​ជា​គាត់​កើត​មក​ក្រ​ខ្សត់​ក្នុង​ពេល​ដែល​ស្ដេច​នោះ​គ្រប់​គ្រង​ក៏​ដោយ។+ ១៥  ខ្ញុំ​បាន​សង្កេត​មើល​អ្វី​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​នៅ​ក្រោម​ថ្ងៃ រួម​ទាំង​ក្មេង​ប្រុស​ដែល​បាន​ឡើង​ស្នង​តំណែង​ជំនួស​អ្នក​មុន​ផង។ ១៦  ទោះ​ជា​មាន​បណ្ដា​រាស្ត្រ​ច្រើន​រាប់​មិន​អស់​គាំទ្រ​គាត់​ក៏​ដោយ តែ​អស់​អ្នក​ដែល​មក​ក្រោយ​នឹង​មិន​ពេញ​ចិត្ត​គាត់​ទេ។+ នេះ​ក៏​អសារ​ឥត​ការ​ដែរ ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។

កំណត់សម្គាល់

ឬ​«​ទទួល​ផល​បាន​ច្រើន​ជាង​»​
ប្រហែល​ជា​សំដៅ​លើ​ក្មេង​ដែល​មាន​ប្រាជ្ញា