អ្នកសម្រេចក្ដី ១:១-៣៦

  • ជ័យ​ជម្នះ​របស់​យូដា​និង​ស៊ីម្មាន (​១​-​២០)

  • ជន​ជាតិ​យេប៊ូស​នៅ​តែ​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម (​២១)

  • យ៉ូសែប​យក​បាន​ក្រុង​បេតអែល (​២២​-​២៦)

  • ជន​ជាតិ​កាណាន​មិន​បាន​ត្រូវ​បណ្ដេញ​ចេញ​អស់​ទេ (​២៧​-​៣៦)

 ក្រោយ​ពី​យ៉ូស្វេ​ទទួល​មរណភាព+ ជន​ជាតិ​អ៊ីស្រាអែល​បាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖+ ​«​តើ​លោក​នឹង​ឲ្យ​កុលសម្ព័ន្ធ​មួយ​ណា​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​មុន​គេ?​»។ ២  ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ​«​ចូរ​ឲ្យ​កុលសម្ព័ន្ធ​យូដា​ចេញ​ទៅ​ច្បាំង។+ មើល! ខ្ញុំ​នឹង​ប្រគល់*ទឹក​ដី​នោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ​»។ ៣  បន្ទាប់​មក កុលសម្ព័ន្ធ​យូដា​និយាយ​ទៅ​កុលសម្ព័ន្ធ​ស៊ីម្មាន​ជា​បង​ប្អូន​ថា​៖ ​«​សូម​ឡើង​មក​ជា​មួយ​នឹង​ពួក​ខ្ញុំ ដើម្បី​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ក្នុង​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​ខ្ញុំ។+ រួច​ពួក​ខ្ញុំ​នឹង​ទៅ​ជួយ​ពួក​អ្នក​នៅ​ទឹក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​អ្នក​វិញ​»។ ដូច្នេះ កុលសម្ព័ន្ធ​ស៊ីម្មាន​បាន​ទៅ​ជា​មួយ​នឹង​ពួក​គេ។ ៤  ពេល​កុលសម្ព័ន្ធ​យូដា​ឡើង​ទៅ​ច្បាំង ព្រះ​យេហូវ៉ា​បាន​ប្រគល់​ជន​ជាតិ​កាណាន​និង​ជន​ជាតិ​ពេរិស៊ីត​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​គេ។+ ពួក​គេ​បាន​សម្លាប់​មនុស្ស​អស់​១០.០០០​នាក់​នៅ​ប៊ីសាក។ ៥  នៅ​ទី​នោះ ពួក​គេ​បាន​ជួប​អាដូណាយប៊ីសាក រួច​ពួក​គេ​ប្រយុទ្ធ​នឹង​គាត់ ថែម​ទាំង​បាន​ច្បាំង​ឈ្នះ​ជន​ជាតិ​កាណាន+និង​ជន​ជាតិ​ពេរិស៊ីត+ទៀត​ផង។ ៦  ពេល​នោះ អាដូណាយប៊ីសាក​រត់​គេច​ខ្លួន ពួក​គេ​ក៏​ដេញ​តាម ហើយ​ចាប់​គាត់​បាន រួច​កាត់​មេ​ដៃ​និង​មេ​ជើង​របស់​គាត់។ ៧  បន្ទាប់​មក អាដូណាយប៊ីសាក​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​កាត់​មេ​ដៃ​និង​មេ​ជើង​របស់​ស្ដេច​៧០​នាក់ ហើយ​ស្ដេច​ទាំង​នោះ​រើស​អាហារ​ដែល​ជ្រុះ​នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ ព្រះ​បាន​ធ្វើ​ចំពោះ​ខ្ញុំ ដូច​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ស្ដេច​ទាំង​នោះ​ដែរ​»។ ក្រោយ​មក ពួក​គេ​នាំ​គាត់​ទៅ​ក្រុង​យេរូសាឡិម*+ ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ។ ៨  ពួក​បុរស​យូដា​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​យេរូសាឡិម។+ ពួក​គេ​បាន​សម្លាប់​មនុស្ស​ក្នុង​ក្រុង​នោះ ហើយ​ដុត​ក្រុង​នោះ​ចោល។ ៩  បន្ទាប់​មក ពួក​បុរស​យូដា​បាន​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ដែល​អាស្រ័យ​នៅ​តំបន់​ភ្នំ តំបន់​ណេកេប និង​តំបន់​សេភីឡា។+ ១០  រួច​ពួក​គេ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​ហេប្រុន (​កាល​ពី​ដើម​ក្រុង​ហេប្រុន​មាន​ឈ្មោះ​ថា ក្រុង​គារីអាតអាបា​) ហើយ​ពួក​គេ​បាន​សម្លាប់​សេសាយ អាហាយមេន និង​តាល់ម៉ាយ។*+ ១១  ពួក​គេ​បាន​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ក្រុង​ដេបៀរ+ (​ពី​មុន​ក្រុង​ដេបៀរ​មាន​ឈ្មោះ​ថា ក្រុង​គារីអាតស៊ីផឺ​)។+ ១២  ក្រោយ​មក កាលែប+និយាយ​ថា​៖ ​«​បើ​អ្នក​ណា​ម្នាក់​អាច​ច្បាំង​ដណ្ដើម​យក​បាន​ក្រុង​គារីអាតស៊ីផឺ នោះ​ខ្ញុំ​នឹង​លើក​អាកសា​កូន​ស្រី​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នោះ​»។+ ១៣  អុតនាល+ជា​កូន​ប្រុស​កេណាស*+ និង​ត្រូវ​ជា​ក្មួយ​របស់​កាលែប បាន​ដណ្ដើម​យក​ក្រុង​នោះ។ ដូច្នេះ កាលែប​បាន​លើក​អាកសា​កូន​ស្រី​គាត់​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អុតនាល។ ១៤  កាល​ដែល​អាកសា​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ប្ដី​របស់​នាង នាង​ក៏​ប្រាប់​ប្ដី​ឲ្យ​សុំ​ដី​មួយ​កន្លែង​ពី​ឪពុក​នាង។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​លា* កាលែប​សួរ​នាង​ថា​៖ ​«​តើ​កូន​ចង់​បាន​អ្វី?​»។ ១៥  នាង​ឆ្លើយ​ថា​៖ ​«​សូម​លោក​ឪពុក​ឲ្យ​ពរ​ខ្ញុំ គឺ​ឲ្យ​កូឡូតម៉េម*ជា​អំណោយ​សម្រាប់​ខ្ញុំ ព្រោះ​ដី​ដែល​លោក​ឪពុក​ឲ្យ​ខ្ញុំ​នៅ​ខាង​ត្បូង*នោះ​ជា​ដី​ស្ងួត​»។ កាលែប​ក៏​ឲ្យ​កូឡូតខាងលើ និង​កូឡូតខាងក្រោម​ទៅ​នាង។ ១៦  រីឯ​ជន​ជាតិ​កែន+ដែល​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​ម៉ូសេ+ និង​មនុស្ស​ក្នុង​កុលសម្ព័ន្ធ​យូដា​បាន​ចេញ​ពី​ក្រុង​ដើម​លម៉ើ+ ទៅ​តំបន់​ស្ងាត់​ជ្រងំ​ស្រុក​យូដា​ដែល​នៅ​ខាង​ត្បូង​ក្រុង​អេរ៉ាត។+ ពួក​គេ​បាន​ចូល​ទៅ​តាំង​លំនៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​នៅ​តំបន់​នោះ។+ ១៧  ប៉ុន្តែ កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​ស៊ីម្មាន​ដែល​ជា​បង​ប្អូន បាន​នាំ​គ្នា​ឡើង​ទៅ​វាយ​ប្រហារ​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​សេផាត ហើយ​បំផ្លាញ​ក្រុង​នោះ​ចោល​ខ្ទេច​ខ្ទី​អស់​គ្មាន​សល់។+ ពួក​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​ក្រុង​ហោម៉ា។*+ ១៨  រួច​មក កុលសម្ព័ន្ធ​យូដា​ចាប់​យក​ក្រុង​កាសា+ ក្រុង​អាសកាឡូន+ និង​ក្រុង​អេក្រុន+ ព្រម​ទាំង​ទឹក​ដី​របស់​ក្រុង​ទាំង​នោះ។ ១៩  ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​កុលសម្ព័ន្ធ​យូដា។ ពួក​គេ​បាន​ចូល​ទៅ​គ្រប់​គ្រង​តំបន់​ភ្នំ តែ​ពួក​គេ​មិន​អាច​បណ្ដេញ​ពួក​អ្នក​ដែល​រស់​នៅ​តាម​វាល​ទំនាប​ចេញ​បាន​ទេ ដោយ​សារ​ពួក​អ្នក​ទាំង​នោះ​មាន​រទេះ​ចម្បាំង​ដែល​មាន​ដែក​វែង​មុត​ស្រួច​ចេញ​ពី​ដុំ​កង់​រទេះ។+ ២០  កុលសម្ព័ន្ធ​យូដា​បាន​ឲ្យ​ក្រុង​ហេប្រុន​ទៅ​កាលែប ដូច​ដែល​ម៉ូសេ​បាន​សន្យា។+ កាលែប​បាន​បណ្ដេញ​កូន​ចៅ​បី​នាក់​របស់​អេណាក់​ចេញ​ពី​ទី​នោះ។+ ២១  ប៉ុន្តែ កុលសម្ព័ន្ធ​បេនយ៉ាមីន​មិន​បាន​បណ្ដេញ​ជន​ជាតិ​យេប៊ូស​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ចេញ​ទេ។ ហេតុ​នេះ ជន​ជាតិ​យេប៊ូស​នៅ​តែ​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​បេនយ៉ាមីន​ក្នុង​ក្រុង​យេរូសាឡិម រហូត​មក​ដល់​សព្វ​ថ្ងៃ។+ ២២  ដំណាល​គ្នា​នោះ កូន​ចៅ​យ៉ូសែប+បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ដើម្បី​ច្បាំង​នឹង​ក្រុង​បេតអែល ហើយ​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ពួក​គេ។+ ២៣  កូន​ចៅ​យ៉ូសែប​បាន​ចាត់​ពួក​បុរស​ខ្លះ​ឲ្យ​ទៅ​ស៊ើបការណ៍​នៅ​ក្រុង​បេតអែល (​កាល​ពី​ដើម​ក្រុង​បេតអែល​មាន​ឈ្មោះ​ថា ក្រុង​លូស​)។+ ២៤  ពេល​ពួក​អ្នក​ស៊ើបការណ៍​ឃើញ​បុរស​ម្នាក់​កំពុង​ចេញ​ពី​ក្រុង ពួក​គេ​និយាយ​ទៅ​បុរស​នោះ​ថា​៖ ​«​សូម​បង្ហាញ​ផ្លូវ​ពួក​យើង ដើម្បី​ពួក​យើង​ចូល​ទៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​យើង​នឹង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​វិញ​»។* ២៥  ដូច្នេះ បុរស​នោះ​ក៏​បង្ហាញ​ផ្លូវ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​នោះ។ ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ក្រុង​នោះ តែ​អនុញ្ញាត​ឲ្យ​បុរស​នោះ​និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។+ ២៦  បុរស​នោះ​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​ហេត ហើយ​សង់​ក្រុង​មួយ​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា​ក្រុង​លូស។ ឈ្មោះ​ក្រុង​នោះ​នៅ​ជាប់​រហូត​ដល់​សព្វ​ថ្ងៃ។ ២៧  កុលសម្ព័ន្ធ​ម៉ាណាសេ​មិន​បាន​ចាប់​យក​ក្រុង​បេតសៀន ក្រុង​ថេអាណាក+ ក្រុង​ដោ ក្រុង​អ៊ីបលាម និង​ក្រុង​មេគីដោ ព្រម​ទាំង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ​ទេ។+ ដូច្នេះ ជន​ជាតិ​កាណាន​តាំង​ចិត្ត​រស់​នៅ​ក្នុង​ទឹក​ដី​នោះ​ត​ទៅ​ទៀត។ ២៨  ពេល​កូន​ចៅ​អ៊ីស្រាអែល​មាន​អំណាច​កាន់​តែ​រឹង​មាំ ពួក​គេ​បង្ខំ​ជន​ជាតិ​កាណាន​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក+ តែ​ពួក​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ឲ្យ​អស់​ពី​ទឹក​ដី​នោះ​ឡើយ។+ ២៩  កុលសម្ព័ន្ធ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​ក្នុង​ក្រុង​គីសឺ​ចេញ​ដែរ។ ហេតុ​នេះ នៅ​តែ​មាន​ជន​ជាតិ​កាណាន​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ក្នុង​ក្រុង​គីសឺ។+ ៣០  កុលសម្ព័ន្ធ​សេប៊ូឡូន​មិន​បាន​បណ្ដេញ​ពួក​អ្នក​ក្រុង​គីត្រុន និង​ពួក​អ្នក​ក្រុង​ណាហាឡូល​ចេញ​ទេ។+ ដូច្នេះ ជន​ជាតិ​កាណាន​បន្ត​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​សេប៊ូឡូន ហើយ​ជន​ជាតិ​កាណាន​បាន​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក។+ ៣១  កុលសម្ព័ន្ធ​អេស៊ើរ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ក្រុង​អាកូរ ពួក​អ្នក​ក្រុង​ស៊ីដូន+ ពួក​អ្នក​ក្រុង​អាឡាប់ ពួក​អ្នក​ក្រុង​អាក់ស៊ីប+ ពួក​អ្នក​ក្រុង​ហេលបា ពួក​អ្នក​ក្រុង​អាផេក+ និង​ពួក​អ្នក​ក្រុង​រេហុប+ចេញ​ឡើយ។ ៣២  ដូច្នេះ កុលសម្ព័ន្ធ​អេស៊ើរ​បន្ត​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កាណាន​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក​ដី​នោះ ពី​ព្រោះ​ពួក​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ទេ។ ៣៣  កុលសម្ព័ន្ធ​ណែបថាលី​មិន​បាន​បណ្ដេញ​ពួក​អ្នក​ក្រុង​បេតសេមែស និង​ពួក​អ្នក​ក្រុង​បេតអាណាត​ចេញ​ទេ។+ កុលសម្ព័ន្ធ​ណែបថាលី​បន្ត​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​កាណាន​ក្នុង​ទឹក​ដី​នោះ។+ ប៉ុន្តែ ពួក​គេ​បាន​តម្រូវ​ឲ្យ​ពួក​អ្នក​ក្រុង​បេតសេមែស និង​ពួក​អ្នក​ក្រុង​បេតអាណាត​ធ្វើ​ការ​យ៉ាង​លំបាក។ ៣៤  ជន​ជាតិ​អាម៉ូរី​មិន​ឲ្យ​កុលសម្ព័ន្ធ​ដាន់​ចុះ​មក​រស់​នៅ​វាល​ទំនាប​ឡើយ។ ដូច្នេះ កុលសម្ព័ន្ធ​ដាន់​ត្រូវ​តែ​រស់​នៅ​ក្នុង​ទឹក​ដី​តំបន់​ភ្នំ​បន្ត​ទៀត។+ ៣៥  ជន​ជាតិ​អាម៉ូរី​បាន​តាំង​ចិត្ត​រស់​នៅ​ភ្នំ​ហេរែស ក្រុង​អៃយ៉ាឡូន+ និង​ក្រុង​ស្អាលប៊ីម​ត​ទៅ​ទៀត។+ ប៉ុន្តែ ពេល​កូន​ចៅ​យ៉ូសែប​មាន​អំណាច​កាន់​តែ​រឹង​មាំ ពួក​គេ​បង្ខំ​ជន​ជាតិ​អាម៉ូរី​ឲ្យ​ធ្វើ​ការ​យ៉ាង​លំបាក។ ៣៦  ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី​លាត​សន្ធឹង​ចាប់​ពី​អាក្រាប៊ីម+ និង​ពី​សេឡា​ឡើង​ទៅ​ដល់​តំបន់​ភ្នំ។

កំណត់សម្គាល់

ឬ​«​បាន​ប្រគល់​»​
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
នេះ​អាច​សំដៅ​លើ​កូន​ចៅ​របស់​សេសាយ អាហាយមេន និង​តាល់ម៉ាយ
ន័យ​ត្រង់​«​កេណាស​ជា​ប្អូន​ប្រុស​កាលែប​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​នាង​ទះ​ដៃ​កាល​ដែល​អង្គុយ​លើ​ខ្នង​លា​»​
មាន​ន័យ​ថា​«​អាង​ទឹក​»​
ឬ​«​ណេកេប​»​
មាន​ន័យ​ថា​«​របស់​ដែល​ត្រូវ​បំផ្លាញ​ចោល​»​
ន័យ​ត្រង់​«​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក​»​