អ្នកសម្រេចក្ដី ១១:១-៤០

  • យែបថា​ជា​អ្នក​សម្រេច​ក្ដី​បាន​ត្រូវ​បណ្ដេញ​ចេញ ក្រោយ​មក​បាន​ធ្វើ​ជា​មេ​ដឹក​នាំ (​១​-​១១)

  • យែបថា​វែក​ញែក​ហេតុ​ផល​ជា​មួយ​នឹង​ជន​ជាតិ​អាំម៉ូន (​១២​-​២៨)

  • សម្បថ​របស់​យែបថា។ កូន​ស្រី​របស់​គាត់ (​២៩​-​៤០)

    • កូន​ស្រី​នៅ​លីវ​អស់​មួយ​ជីវិត (​៣៨​-​៤០)

១១  នៅ​គ្រា​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​យែបថា+ ដែល​ជា​អ្នក​ស្រុក​គីលាត និង​ជា​បុរស​អង់អាច​ក្លាហាន​មួយ​រូប គាត់​ជា​កូន​របស់​ស្ត្រី​ពេស្យា​ម្នាក់ ហើយ​ឪពុក​គាត់​ឈ្មោះ​គីលាត។ ២  ប៉ុន្តែ ភរិយា​របស់​គីលាត​ក៏​បាន​បង្កើត​កូន​ប្រុស​ៗ​ឲ្យ​គាត់​ដែរ។ ពេល​កូន​ប្រុស​ៗ​ទាំង​នោះ​ធំ​ឡើង ពួក​គេ​នាំ​គ្នា​បណ្ដេញ​យែបថា ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​ឯង​នឹង​មិន​បាន​មត៌ក​អ្វី​ពី​ឪពុក​របស់​យើង​ឡើយ ព្រោះ​ឯង​ជា​កូន​របស់​ស្រី​ផ្សេង​»។ ៣  ដូច្នេះ យែបថា​ក៏​រត់​ចេញ​ពី​បង​ប្អូន​គាត់ ហើយ​ទៅ​ជ្រក​អាស្រ័យ​នៅ​ស្រុកថូប។ រួច​ពួក​មនុស្ស​គ្មាន​ការងារ​បាន​មក​ចូល​ដៃ​ជា​មួយ​នឹង​យែបថា ហើយ​បាន​ទៅ​តាម​គាត់។ ៤  មួយ​រយៈ​ពេល​ក្រោយ​មក ជន​ជាតិ​អាំម៉ូន​បាន​មក​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ៥  ពេល​ដែល​ជន​ជាតិ​អាំម៉ូន​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ពួក​បុរស​ចាស់​ទុំ​នៅ​ស្រុក​គីលាត​ស្រូត​ដំណើរ​ទៅ​នាំ​យែបថា​ពី​ស្រុកថូប​មក​វិញ។ ៦  ពួក​គេ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​សូម​ត្រឡប់​មក​ធ្វើ​ជា​មេ​បញ្ជាការ​របស់​ពួក​យើង ដើម្បី​ពួក​យើង​អាច​តស៊ូ​នឹង​ជន​ជាតិ​អាំម៉ូន​»។ ៧  ប៉ុន្តែ យែបថា​តប​ទៅ​ពួក​បុរស​ចាស់​ទុំ​ស្រុក​គីលាត​ថា​៖ ​«​តើ​មិន​មែន​ពួក​អ្នក​ទេ​ឬ ដែល​ស្អប់​ខ្ញុំ​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​បណ្ដេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ?+ ចុះ​ឥឡូវ ពេល​ជួប​ទុក្ខ​វេទនា ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​មក​រក​ខ្ញុំ?​»។ ៨  ពួក​គេ​ឆ្លើយ​ថា​៖ ​«​ដោយ​សារ​តែ​យ៉ាង​នោះ​ឯង​បាន​ជា​យើង​មក​រក​អ្នក។ ប្រសិន​បើ​អ្នក​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ពួក​អ្នក​ស្រុក​គីលាត​ទាំង​អស់​»។+ ៩  ម្ល៉ោះ​ហើយ យែបថា​តប​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ពួក​អ្នក​ឲ្យ​ខ្ញុំ​ទៅ​វិញ​ដើម្បី​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ឲ្យ​ច្បាំង​ឈ្នះ​ពួក​គេ នោះ​ខ្ញុំ​ច្បាស់​ជា​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​អ្នក!​»។ ១០  ពួក​បុរស​ចាស់​ទុំ​ស្រុក​គីលាត​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ធ្វើ​ជា​សាក្សី ប្រសិន​បើ​ពួក​យើង​មិន​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​អ្នក​ទេ សូម​ព្រះ​វិនិច្ឆ័យ​ទោស​ពួក​យើង​ចុះ​»។ ១១  ដូច្នេះ យែបថា​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​ស្រុក​គីលាត ហើយ​ពួក​បណ្ដា​ជន​បាន​លើក​គាត់​ធ្វើ​ជា​មេ​ដឹក​នាំ​និង​ជា​មេ​បញ្ជាការ​របស់​ពួក​គេ។ យែបថា​ក៏​បាន​និយាយ​ពាក្យ​ទាំង​ប៉ុន្មាន​នោះ​ម្ដង​ទៀត​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មីសប៉ា។+ ១២  រួច​មក យែបថា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ជន​ជាតិ​អាំម៉ូន+ថា​៖ ​«​តើ​អ្នក​មាន​រឿង​អ្វី​ជា​មួយ​នឹង​ខ្ញុំ បាន​ជា​អ្នក​មក​វាយ​ប្រហារ​ស្រុក​ខ្ញុំ​ដូច្នេះ?​»។ ១៣  ស្ដេច​ជន​ជាតិ​អាំម៉ូន​ក៏​ប្រាប់​អ្នក​នាំ​សារ​របស់​យែបថា​វិញ​ថា​៖ ​«​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ ពួក​គេ​បាន​ឈ្លានពាន​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ជ្រលង​អើណូន+រហូត​ដល់​ជ្រលង​យ៉ាបុក និង​រហូត​ដល់​ទន្លេយ៉ូដាន់។+ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​ឲ្យ​យើង​វិញ​តាម​សម្រួល​»។ ១៤  ក៏​ប៉ុន្តែ យែបថា​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ស្ដេច​ជន​ជាតិ​អាំម៉ូន​ម្ដង​ទៀត ១៥  ហើយ​ប្រាប់​គាត់​ថា​៖ ​«​យែបថា​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ ‹ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ទន្ទ្រាន​យក​ទឹក​ដី​របស់​ជន​ជាតិ​ម៉ូអាប់+ និង​ទឹក​ដី​របស់​ជន​ជាតិ​អាំម៉ូន​ទេ។+ ១៦  ព្រោះ​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​ធ្វើ​ដំណើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ រហូត​ដល់​សមុទ្រក្រហម+ ហើយ​ទៅ​ដល់​កាដេស។+ ១៧  រួច​មក ជន​ជាតិ​អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ស្រុក​អេដំ+ថា​៖ ​«​សូម​ឲ្យ​យើង​ដើរ​កាត់​ទឹក​ដី​របស់​អ្នក​ផង​»។ ប៉ុន្តែ ស្ដេច​ស្រុក​អេដំ​មិន​យល់​ព្រម​ទេ។ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​ស្ដេច​ស្រុក​ម៉ូអាប់+ដែរ តែ​ស្ដេច​នោះ​មិន​យល់​ព្រម​ដូច​គ្នា។ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​អាស្រ័យ​នៅ​កាដេស​បន្ត​ទៀត។+ ១៨  កាល​ដែល​ពួក​គេ​ដើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ ពួក​គេ​បាន​ដើរ​វាង​ទឹក​ដី​ស្រុក​អេដំ+ និង​ទឹក​ដី​ស្រុក​ម៉ូអាប់។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ខាង​កើត​ស្រុក​ម៉ូអាប់+ រួច​បោះ​ជំរំ​ក្នុង​តំបន់​នៃ​ជ្រលង​អើណូន។ ពួក​គេ​មិន​បាន​ចូល​ក្នុង​ទឹក​ដី​របស់​ស្រុក​ម៉ូអាប់​ទេ+ ព្រោះ​ជ្រលង​អើណូន​ជា​ព្រំ​ប្រទល់​ស្រុក​ម៉ូអាប់។ ១៩  ​«​‹បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ស៊ីហុន​ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហែសបូន ដោយ​ប្រាប់​ថា​៖ ​«​សូម​ឲ្យ​យើង​ដើរ​កាត់​ទឹក​ដី​របស់​អ្នក ទៅ​កន្លែង​របស់​យើង​ផង​»។+ ២០  ប៉ុន្តែ ស៊ីហុន​មិន​ទុក​ចិត្ត​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ដើរ​ឆ្លង​កាត់​តំបន់​របស់​គាត់​ឡើយ។ ដូច្នេះ ស៊ីហុន​ក៏​ប្រមូល​មនុស្ស​ទាំង​អស់​របស់​គាត់​ទៅ​បោះ​ទ័ព​នៅ​ក្រុង​យេហាស រួច​ប្រយុទ្ធ​នឹង​ជន​ជាតិ​អ៊ីស្រាអែល។+ ២១  ពេល​នោះ ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល បាន​ប្រគល់​ស៊ីហុន​និង​មនុស្ស​ទាំង​អស់​របស់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពួក​គេ​ច្បាំង​ឈ្នះ​និង​ចាប់​យក​ទឹក​ដី​ទាំង​មូល​របស់​ជន​ជាតិ​អាម៉ូរី​ដែល​រស់​នៅ​តំបន់​នោះ។+ ២២  ដូច្នេះ ពួក​គេ​បាន​ចាប់​យក​ទឹក​ដី​ទាំង​អស់​របស់​ជន​ជាតិ​អាម៉ូរី ចាប់​ពី​ជ្រលង​អើណូន​រហូត​ដល់​ជ្រលង​យ៉ាបុក និង​ពី​តំបន់​ស្ងាត់​ជ្រងំ​ដល់​ទន្លេយ៉ូដាន់។+ ២៣  ​«​‹ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល លោក​ជា​អ្នក​ដែល​បាន​បណ្ដេញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក។+ ឥឡូវ​នេះ តើ​អ្នក​ចង់​បណ្ដេញ​ពួក​គេ​ចេញ​វិញ​ឬ? ២៤  ចុះ​បើ​ព្រះកេម៉ូស+របស់​អ្នក​ប្រគល់​ទឹក​ដី​ជន​ជាតិ​ណា​មួយ​ឲ្យ​ទៅ​អ្នក តើ​អ្នក​នឹង​មិន​គ្រប់​គ្រង​ទេ​ឬ? ដូច្នេះ ជន​ជាតិ​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​បាន​បណ្ដេញ​ចេញ​ពី​មុខ​យើង នោះ​យើង​ក៏​នឹង​គ្រប់​គ្រង​ទឹក​ដី​របស់​ពួក​គេ​យ៉ាង​ដូច្នោះ​ដែរ។+ ២៥  តើ​អ្នក​មាន​អ្វី​ល្អ​ជាង​បាឡាក់+កូន​ប្រុស​ស៊ីបព័រ ជា​ស្ដេច​ស្រុក​ម៉ូអាប់​ឬ? បាឡាក់​មិន​ធ្លាប់​រក​រឿង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ក៏​មិន​ធ្លាប់​ធ្វើ​សង្គ្រាម​នឹង​ពួក​គេ​ដែរ មែន​ទេ? ២៦  ក្នុង​អំឡុង​៣០០​ឆ្នាំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាស្រ័យ​នៅ​ក្រុង​ហែសបូន និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ+ ហើយ​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ រួម​ទាំង​ក្រុង​ទាំង​ឡាយ​ដែល​នៅ​ជិត​ច្រាំង​ជ្រលង​អើណូន ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ប្រឹង​ប្រែង​យក​ក្រុង​ទាំង​នោះ​មក​វិញ?+ ២៧  រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ឡើយ តែ​អ្នក​បាន​ធ្វើ​ខុស​ដោយ​មក​វាយ​ប្រហារ​ខ្ញុំ។ នៅ​ថ្ងៃ​នេះ សូម​ព្រះ​យេហូវ៉ា​ដែល​ជា​ចៅ​ក្រម​ដ៏​ខ្ពង់​ខ្ពស់+ វិនិច្ឆ័យ​ក្ដី​រវាង​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​ជាតិ​អាំម៉ូន​ផង!›​»។ ២៨  ប៉ុន្តែ ស្ដេច​ជន​ជាតិ​អាំម៉ូន​បដិសេធ​សារ​ដែល​យែបថា​បាន​ផ្ញើ​ឲ្យ​គាត់។ ២៩  ក្រោយ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​យែបថា។+ រួច​គាត់​ធ្វើ​ដំណើរ​កាត់​ស្រុក​គីលាត និង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​ម៉ាណាសេ ទៅ​ក្រុង​មីសពេ​នៃ​ស្រុក​គីលាត។+ បន្ទាប់​មក គាត់​ចេញ​ពី​ទី​នោះ ហើយ​បន្ត​ដំណើរ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន។ ៣០  រួច​មក យែបថា​បាន​ស្បថ+នឹង​ព្រះ​យេហូវ៉ា​ថា​៖ ​«​បើ​លោក​ប្រគល់​ជន​ជាតិ​អាំម៉ូន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ៣១  នោះ​អ្នក​ណា​ក៏​ដោយ​ដែល​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​ខ្ញុំ​មក​ទទួល​ខ្ញុំ ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​សុខ​សាន្ត​ក្រោយ​ពី​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន អ្នក​នោះ​នឹង​ទៅ​ជា​របស់​ព្រះ​យេហូវ៉ា។+ រួច​ខ្ញុំ​នឹង​ជូន​អ្នក​នោះ​ជា​គ្រឿង​បូជា​ដុត​ដល់​លោក​»។*+ ៣២  ដូច្នេះ យែបថា​បាន​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន ហើយ​ព្រះ​យេហូវ៉ា​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គាត់។ ៣៣  គាត់​សម្លាប់​ពួក​គេ​យ៉ាង​ច្រើន​ក្រៃ​លែង ចាប់​ពី​ក្រុង​អារ៉ូអ៊ើរ​រហូត​ដល់​ក្រុង​មីនីត និង​រហូត​ដល់​ក្រុង​អេបិលកេរ៉ាមីម គឺ​គាត់​ច្បាំង​យក​បាន​២០​ក្រុង។ យ៉ាង​នេះ ជន​ជាតិ​អាំម៉ូន​បាន​ធ្វើ​សង្គ្រាម​ចាញ់​ជន​ជាតិ​អ៊ីស្រាអែល។ ៣៤  យែបថា​ក៏​ត្រឡប់​មក​ផ្ទះ​នៅ​ក្រុង​មីសប៉ា​វិញ។+ ពេល​គាត់​មក​ដល់ មើល​ហ្ន៎! កូន​ស្រី​របស់​គាត់​ចេញ​មក​ទទួល​គាត់ ទាំង​វាយ​ស្គរ​ដៃ* និង​រាំ​ផង! នាង​ជា​កូន​ស្រី​តែ​មួយ​គត់​របស់​គាត់។ ក្រៅ​ពី​នាង គាត់​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ។ ៣៥  ពេល​គាត់​ឃើញ​កូន​ស្រី​ចេញ​មក គាត់​ហែក​អាវ ហើយ​និយាយ​ថា​៖ ​«​ឱ​កូន​សម្លាញ់​អើយ! កូន​ធ្វើ​ឲ្យ​ចិត្ត​ពុក​ខ្ទេច​ខ្ទាំ​អស់​ហើយ ព្រោះ​កូន​ហើយ​ជា​អ្នក​ដែល​ពុក​ត្រូវ​បណ្ដេញ​ចេញ។ ពុក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​រួច​ហើយ ពុក​មិន​អាច​លេប​សម្ដី​វិញ​បាន​ទេ​»។+ ៣៦  ប៉ុន្តែ នាង​ពោល​ទៅ​គាត់​ថា​៖ ​«​ពុក​អើយ! បើ​ពុក​បាន​ស្បថ​នឹង​ព្រះ​យេហូវ៉ា​ហើយ សូម​ធ្វើ​តាម​ពាក្យ​សម្បថ​ចុះ+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពុក​ឲ្យ​សង​សឹក​ជន​ជាតិ​អាំម៉ូន​ដែល​ជា​សត្រូវ​របស់​ពុក​»។ ៣៧  នាង​និយាយ​ទៅ​ឪពុក​ថែម​ទៀត​ថា​៖ ​«​តែ​កូន​សុំ​ពុក​មួយ សូម​ទុក​ពេល​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​កូន​ទៅ​ភ្នំ ហើយ​យំ*ជា​មួយ​នឹង​មិត្ត​ភក្ដិ​ស្រី​ៗ​របស់​កូន ព្រោះ​កូន​នឹង​មិន​បាន​រៀប​ការ​ឡើយ​»។ ៣៨  យែបថា​ឆ្លើយ​ទៅ​កូន​ថា​៖ ​«​ទៅ​ចុះ​កូន!​»។ រួច​មក គាត់​ឲ្យ​នាង​ទៅ​ពីរ​ខែ។ ដូច្នេះ នាង​ចេញ​ទៅ​ភ្នំ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ដើម្បី​យំ ព្រោះ​នាង​នឹង​មិន​បាន​រៀប​ការ​ឡើយ។ ៣៩  លុះ​គ្រប់​ពីរ​ខែ​ហើយ នាង​ក៏​ត្រឡប់​មក​ឯ​ឪពុក​វិញ។ បន្ទាប់​មក យែបថា​បាន​ធ្វើ​តាម​ពាក្យ​ដែល​គាត់​បាន​ស្បថ​ស្ដី​អំពី​នាង។+ ដូច្នេះ នាង​នៅ​ក្រមុំ​បរិសុទ្ធ​អស់​មួយ​ជីវិត។* ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​មាន​ទម្លាប់​ដូច​ត​ទៅ​៖ ៤០  ជា​រៀង​រាល់​ឆ្នាំ កូន​ស្រី​ៗ​ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ទៅ​លេង​ដើម្បី​សរសើរ​កូន​ស្រី​យែបថា​ជា​អ្នក​ស្រុក​គីលាត អស់​បួន​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។

កំណត់សម្គាល់

តាម​មើល​ទៅ​ជា​ការ​និយាយ​ក្នុង​ន័យ​ធៀប​ដែល​ជា​ការ​ប្រគល់​ខ្លួន​ដើម្បី​បម្រើ​ព្រះ​អស់​មួយ​ជីវិត
នេះ​ជា​ស្គរ​តូច​មាន​រាង​សំប៉ែត
ន័យ​ត្រង់​«​យំ​ស្ដាយភាព​ក្រមុំ​បរិសុទ្ធ​»​
ន័យ​ត្រង់​«​នាង​មិន​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ម្នាក់​ឡើយ​»​