អ្នកសម្រេចក្ដី ១២:១-១៥

  • ជម្លោះ​ជា​មួយ​នឹង​កុលសម្ព័ន្ធ​អេប្រាអ៊ីម (​១​-​៧)

    • ការ​សាកល្បង​ឲ្យ​និយាយ​ពាក្យ​ឈីបូលែត (​)

  • អ៊ីបសេន អ៊ីឡន និង​អាប់ដូន​ជា​អ្នក​សម្រេច​ក្ដី (​៨​-​១៥)

១២  កន្លង​ក្រោយ​មក ពួក​បុរស​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ត្រូវ​កោះ​ហៅ​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​ពួក​គេ​ឆ្លង​ទៅ​ក្រុង​សាផូន។* ពួក​គេ​ទៅ​ជួប​យែបថា ហើយ​និយាយ​ថា​៖ ​«​ពេល​ដែល​អ្នក​ឆ្លង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ហៅ​ពួក​យើង​ទៅ​ជា​មួយ​ផង?+ យើង​នឹង​ដុត​ផ្ទះ​របស់​អ្នក ព្រម​ទាំង​ដុត​អ្នក​ដែរ​»។ ២  ប៉ុន្តែ យែបថា​ឆ្លើយ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​និង​បណ្ដា​ជន​របស់​ខ្ញុំ​មាន​ជម្លោះ​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ជន​ជាតិ​អាំម៉ូន។ ខ្ញុំ​បាន​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​មក​ជួយ តែ​អ្នក​រាល់​គ្នា​មិន​បាន​មក​ជួយ​ខ្ញុំ​ទេ។ ៣  ពេល​ខ្ញុំ​មិន​ឃើញ​អ្នក​រាល់​គ្នា​មក​ជួយ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ប្រថុយ​ជីវិត*ចេញ​ច្បាំង​នឹង​ជន​ជាតិ​អាំម៉ូន+ ហើយ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ។ ចុះ​ហេតុ​អ្វី​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​ចង់​មក​ច្បាំង​នឹង​ខ្ញុំ​ដូច្នេះ?​»។ ៤  បន្ទាប់​មក យែបថា​បាន​ប្រមូល​ពួក​បុរស​ស្រុក​គីលាត​ទាំង​អស់+មក​ប្រយុទ្ធ​នឹង​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ពួក​បុរស​ស្រុក​គីលាត​បាន​ប្រយុទ្ធ​ឈ្នះ​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ កុលសម្ព័ន្ធ​អេប្រាអ៊ីម​ធ្លាប់​និយាយ​ឲ្យ​ពួក​គេ​ថា​៖ ​«​ពួក​អ្នក​ស្រុក​គីលាត​នៅ​ទឹក​ដី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​និង​កុលសម្ព័ន្ធ​ម៉ាណាសេ តាម​ពិត​ពួក​ឯង​រាល់​គ្នា​សុទ្ធតែ​ជា​ជន​ភៀស​ខ្លួន​ចេញ​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​»។ ៥  ពួក​អ្នក​ស្រុក​គីលាត​បាន​ចាប់​យក​ទន្លេយ៉ូដាន់​ត្រង់​កន្លែង​ទឹក​រាក់​ៗ​+នៅ​ខាង​មុខ​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ពេល​ពួក​បុរស​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ព្យាយាម​រត់​គេច ពួក​គេ​តែង​តែ​និយាយ​ថា​៖ ​«​ខ្ញុំ​សុំ​ឆ្លង​ទៅ​បន្តិច​»។ ប៉ុន្តែ​រាល់​លើក ពួក​បុរស​ស្រុក​គីលាត​សួរ​ពួក​គេ​ម្នាក់​ៗ​ថា​៖ ​«​តើ​អ្នក​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​ឬ?​»។ ពួក​គេ​ម្នាក់​ៗ​ឆ្លើយ​តប​ថា​៖ ​«​មិន​មែន​ទេ!​»។ ៦  ពេល​ឮ​ដូច​នោះ ពួក​បុរស​ស្រុក​គីលាត​ក៏​ប្រាប់​ពួក​គេ​ម្នាក់​ៗ​ថា​៖ ​«​សូម​និយាយ​ថា​ឈីបូលែត​»។ ប៉ុន្តែ ពួក​គេ​ម្នាក់​ៗ​និយាយ​ថា​៖ ​«​ស៊ីបូលែត​»​ ព្រោះ​ពួក​គេ​ម្នាក់​ៗ​មិន​អាច​ពោល​ពាក្យ​នោះ​បាន​ត្រឹម​ត្រូវ​ទេ។ ដូច្នេះ ពួក​បុរស​ស្រុក​គីលាត​ក៏​ចាប់​ពួក​គេ​ម្នាក់​ៗ ហើយ​សម្លាប់​ចោល​នៅ​ទន្លេយ៉ូដាន់​ត្រង់​កន្លែង​ទឹក​រាក់​ៗ។ ជា​លទ្ធផល នៅ​ពេល​នោះ​មនុស្ស​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ត្រូវ​សម្លាប់​អស់​ចំនួន​៤២.០០០​នាក់។ ៧  យែបថា​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយ:ពេល​៦​ឆ្នាំ។ បន្ទាប់​មក យែបថា​ដែល​ជា​អ្នក​ស្រុក​គីលាត​ក៏​ទទួល​មរណភាព ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​ក្រុង​របស់​គាត់​ក្នុង​ស្រុក​គីលាត។ ៨  បន្ទាប់​ពី​យែបថា អ៊ីបសេន​ពី​ក្រុង​បេថ្លេហិម​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។+ ៩  អ៊ីបសេន​មាន​កូន​ប្រុស​៣០​នាក់​និង​កូន​ស្រី​៣០​នាក់។ គាត់​បាន​លើក​កូន​ស្រី​ៗ​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​ពួក​បុរស​ពី​វង្ស​ត្រកូល​ផ្សេង ហើយ​យក​ស្រី​ៗ​៣០​នាក់​ពី​វង្ស​ត្រកូល​ផ្សេង​ឲ្យ​មក​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​គាត់។ អ៊ីបសេន​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​៧​ឆ្នាំ។ ១០  ក្រោយ​ពី​អ៊ីបសេន​ស្លាប់ គេ​បញ្ចុះ​សព​គាត់​នៅ​ក្រុង​បេថ្លេហិម។ ១១  បន្ទាប់​ពី​អ៊ីបសេន អ៊ីឡន​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ អ៊ីឡន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​អស់​រយៈ​ពេល​១០​ឆ្នាំ។ ១២  លុះ​ក្រោយ​ពី​អ៊ីឡន​ពី​កុលសម្ព័ន្ធ​សេប៊ូឡូន​ស្លាប់​ទៅ សព​របស់​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​អៃយ៉ាឡូន​ក្នុង​ស្រុក​សេប៊ូឡូន។ ១៣  ក្រោយ​មក អាប់ដូន​កូន​ប្រុស​របស់​ហ៊ីឡែល​ជា​អ្នក​ក្រុង​ពីរ៉ាថូន បាន​ទៅ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល។ ១៤  អាប់ដូន​មាន​កូន​ប្រុស​៤០​នាក់ និង​ចៅ​ប្រុស​៣០​នាក់។ កូន​ចៅ​របស់​គាត់​មាន​សត្វ​លា​៧០​ក្បាល​ជា​ជំនិះ។ អាប់ដូន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយ:ពេល​៨​ឆ្នាំ។ ១៥  ក្រោយ​មក អាប់ដូន​កូន​ប្រុស​ហ៊ីឡែល​ជា​អ្នក​ក្រុង​ពីរ៉ាថូន​ទទួល​មរណភាព ហើយ​សព​គាត់​បាន​ត្រូវ​បញ្ចុះ​នៅ​ក្រុង​ពីរ៉ាថូន​ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​អេប្រាអ៊ីម នៅ​លើ​ភ្នំ​របស់​ជន​ជាតិ​អាម៉ាលេក។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ឆ្លង​ទៅ​ទិស​ខាង​ជើង​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​